ភ្នំពេញៈ សាលា​ដំបូង​រាជធានី​ភ្នំពេញ ​បាន​សម្រេច​ចោទ​ប្រកាន់ ​និង​ឃុំខ្លួន​ជន​សង្ស័យ ​២ នាក់ ​ពី​បទ​ឆបោក ​បន្ទាប់​ពី​ពួក​គេ​បាន​ក្លែងបន្លំ​ជា​សាច់​ញាតិ​មន្ត្រី​ជាន់​ខ្ពស់​នៃ​ព្រឹទ្ធសភា​ម្នាក់ ​ដោយ​បាន​បោកប្រាស់​យក​ប្រាក់​រាប់​ម៉ឺន​ដុល្លារ ពី​ជន​រងគ្រោះ​ប្រមាណ ​១០០ នាក់ ជា​ថ្នូរ​ជួយ​រត់ការ​ចូល​បម្រើ​ការ​ក្នុង​ក្រប​ខ័ណ្ឌ​កងទ័ព។

ជន​សង្ស័យ​ទាំង ២ នាក់ ​ត្រូវ​បាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​បញ្ជូន​ទៅ​តុលាការ​ កាល​ពី​ថ្ងៃ​អង្គារ​ បន្ទាប់​ពី​ត្រូវ​បាន​ឃាត់​ខ្លួន​ជា​បន្តបន្ទាប់​ ដោយ​ជន​សង្ស័យ​ទី១ មាន​ឈ្មោះ​ថា ប៊ិន ឡាច ​ហៅ​ វ៉ែន សារ៉ាត់ ​ភេទ​ប្រុស ​អាយុ ៥៧ ឆ្នាំ ​ត្រូវ​បាន​ឃាត់​ខ្លួន ​កាល​ពី​ថ្ងៃទី ៩ ​ខែ សីហា ​នៅ​ចំណុច​ភោជនីយដ្ឋាន​ ណាន ​ជីង​ សង្កាត់​មិត្តភាព​ ខណ្ឌ ​៧មករា។ ចំណែក​ជន​សង្ស័យ​ទី២ មាន​ឈ្មោះ តុប គឹមហុង ​ហៅ​ យឹម ឈុនហុង ភេទ​ប្រុស ៤៦ ឆ្នាំ​ ដោយ​ត្រូវ​បាន​ឃាត់​ខ្លួន ​កាល​ពី​ព្រឹក​ថ្ងៃទី ១២ ​ខែ សីហា ​ត្រង់​ចំណុច​ទល់មុខ​ភោជនីយដ្ឋាន​ព្រឹក​ថ្មី​ល្ងាច​ស្រស់​ ផ្លូវ ​១១៥ ​កែង ​២៧៤ សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧មករា។ នេះ​បើ​តាម​របាយការណ៍​របស់​កង​រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ។

លោក ​គុជ គឹមឡុង ​អ្នក​នាំពាក្យ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រាប់​តាម​ប្រព័ន្ធ​តេឡេក្រាម​ពី​ម្សិលមិញ​ថា៖ ​«​កិច្ចការ​ហ្នឹង​ តំណាង​អយ្យការ​ យើង​បាន​ចោទ​ប្រកាន់​ពី​បទ​ឆបោក​ហើយ។ ​ចៅ​ក្រម​ស៊ើបសួរ​បាន​សម្រេច​ឃុំ​ខ្លួន​ហើយ»​។

តាម​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ អះអាង​ថា ​ជន​សង្ស័យ ​បាន​សារភាពថា​ ពួក​គេ​បាន​ប្តូរ​ឈ្មោះ ​តុប គឹមហុង ​ទៅ​ជា​ឈ្មោះ ​យឹម គឹមហុង ​ដោយ​កុហក​ជន​រងគ្រោះ​ថា​ ជា​បងប្អូន​ជីដូន​មួយ​របស់​លោក យឹម លាង ​ដែល​មាន​តំណែង​ជា​នាយករង​ខុទ្ទកាល័យ​ប្រធាន​ព្រឹទ្ធសភា ​លោក ​សាយ ឈុំ។ ក្នុង​នោះ​ក៏​បាន​កុហក​ជន​រងគ្រោះ​ផ្សេង​ទៀត​ថា ​នៅ​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ​លោក ​យឹម លាង ​នឹង​ទៅ​កាន់​អគ្គ​នាយកដ្ឋាន​​វិស្វកម្ម ​ហើយ​បង្កើត​នាយកដ្ឋាន​ថ្មី​ចំនួន ៦ ​ត្រូវ​ការ​ជ្រើសរើស​បុគ្គលិក​ចំនួន ​៣០០ នាក់​ ហើយ​អាច​បញ្ចូល​ក្របខ័ណ្ឌ​បាន។

កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ​បាន​បញ្ជាក់​ក្នុង​របាយការណ៍​របស់​ខ្លួន​ថា​៖ «ពួក​គេ​បាន​ធ្វើ​សកម្មភាព​បែប​នេះ​ ឆបោក​ប្រាក់​ពី​ជន​រងគ្រោះ សរុប​ប្រមាណ ​១០០ នាក់​ហើយ។ តែ​ពុំ​មាន​ជន​រងគ្រោះ​ណា​ម្នាក់​បាន​ចូល​ក្របខ័ណ្ឌ​ឡើយ ​រហូត​មាន​ជន​រងគ្រោះ​ម្នាក់​មាន​ការ​សង្ស័យ​ ក៏​ប្តឹង​មក​កងរាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឲ្យ​ជួយ​ធ្វើ​ការ​ស្រាវជ្រាវ​ រហូត​ឈាន​ដល់​ធ្វើ​ការ​ឃាត់​ខ្លួន​ជន​សង្ស័យ​តែ​ម្តង»។

តាម​ការ​អះអាង​ ការ​រត់​ការ​ចូល​ក្របខ័ណ្ឌ​កង​ទ័ព គឺ​ត្រូវ​ចំណាយ​ប្រាក់​ទៅ​តាម​ឋានន្តរស័ក្តិ ​ក្នុង​នោះ​ថ្នាក់​វរសេនីយ៍ ​តម្លៃ​ ៥ ៥០០ ដុល្លារ​ ទៅ ៦ ០០០ ​ដុល្លារ។ ថ្នាក់​អនុសេនីយ៍ឯក​ តម្លៃ ៤ ៥០០ ដុល្លារ ​ទៅ ៥ ០០០ ​ដុល្លារ។ ថ្នាក់​អនុសេនីយ៍ទោ តម្លៃ ​៣ ៥០០ ដុល្លារ ​ទៅ ៤ ០០០ ​ដុល្លារ។ ថ្នាក់​អនុសេនីយ៍ត្រី ​តម្លៃ ២ ០០០ ដុល្លារ ​ទៅ ២ ៥០០ ​ដុល្លារ ​និង​ថ្នាក់​ពលទាហាន ​តម្លៃ ៧០០ ដុល្លារ ​ទៅ ១ ០០០ ​ដុល្លារ។

លោក ​យឹម លាង ​ដែល​ជន​សង្ស័យ​បាន​ប្រើ​ឈ្មោះ​លោក​ដើម្បី​បោកប្រាស់​ប្រជាពលរដ្ឋ​នេះ ​មិន​អាច​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ។ ប៉ុន្តែ​លោក ​ម៉ម ប៊ុននាង ​អ្នក​នាំពាក្យ​ព្រឹទ្ធសភា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​រឿង​នេះ​មិន​ពាក់ព័ន្ធ​នឹង​ស្ថាប័ន​ព្រឹទ្ធសភា​នោះ​ទេ ព្រោះ​វា​គឺ​ជា​រឿង​បុគ្គល។ ជន​សង្ស័យ​ទាំង​នោះ ​បាន​ប្រើ​ឈ្មោះ​ថ្នាក់​ដឹកនាំ ដើម្បី​ប្រព្រឹត្ត​ទង្វើ​បែប​នេះ ​សមត្ថកិច្ច​ត្រូវ​តែ​មាន​វិធានការ​ឲ្យ​បាន​តឹងរ៉ឹង ​និង​ធ្ងន់ធ្ងរ​បំផុត​ដល់​ពួក​គេ ​ដោយ​មិន​ត្រូវ​ឲ្យ​រួច​ខ្លួន​នោះ​ឡើយ។

លោក​បញ្ជាក់ថា​៖ «​បុគ្គល​ហ្នឹង​បាន​ចោទ​គាត់ (លោក ​យឹម លាង) ​ហើយ​ខាង​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ ​ហើយ​អត់​មាន​ទេ គឺ​បុគ្គល​ហ្នឹង ​ដើរ​យក​កេរ្តិ៍​ឈ្មោះ ​ឬ​នាម​ថ្នាក់​ដឹកនាំ​មួយ​គំនរ។ តាម​ពិត​ឯកឧត្តម ​(យឹម លាង) ​គាត់​មិន​ដែល​ធ្វើ​រឿង​អ៊ីចឹង​ទេ ខ្ញុំ​សុខ​ចិត្ត​ធានា​អះអាង​ថា ​គាត់​ត្រឹមត្រូវ​ណាស់ ​គាត់​អត់​ធ្វើ​អ្វី​មួយ​ឲ្យ​ប៉ះពាល់​ដល់​ស្ថាប័ន​ព្រឹទ្ធសភា​ទេ​។ លោក​អត់​ដឹង​ទេ ​បើ​សិន​ជា​ដឹង​ក៏​លោក​ទៅ​ផ្តល់​ចម្លើយ​ទៅ​ខាង​សមត្ថកិច្ច​ហើយ។ ខ្ញុំ​សូម​ការពារ​ឯកឧត្តម ​យឹម​ លាង ​មិន​ប្រព្រឹត្ត​អ៊ីចឹង​ទេ»។

លោក ​ព្រាប កុល​ នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ​បាន​និយាយ​ថា ​ការ​បោកប្រាស់​ប្រភេទ​នេះ ​ជា​បទល្មើស​ជាក់​ស្តែង​ តែ​មនុស្ស​នៅ​តែ​ធ្លាក់​ក្នុង​ការ​បោកប្រាស់​នេះ។ ពី​ព្រោះ វា​គឺ​ជា​ទម្លាប់​ទូទៅ​ ទៅ​ហើយ​ ខណៈ​មន្ត្រី​មួយ​ចំនួន​ក៏​ប្រើប្រាស់​ទម្លាប់​នេះ ​នៅ​ពេល​ពួកគេ​ទទួល​សំណូក​ជា​ថ្នូរ​នឹង​ការ​ផ្តល់​តួនាទី​ក្នុង​ក្រប​ខ័ណ្ឌ​ណា​មួយ​​ឲ្យ​នរណា​ម្នាក់​។

លោក​បញ្ជាក់​ថា​៖ «ដូច្នេះ​គេ​មិន​អាច​បែង​ចែក​ពី​ភាព​ខុស​គ្នា​ចំពោះ​វា​បាន​ទេ ​រវាង​ការ​បោក​​ប្រាស់ ​ឬ​ជា​ទម្លាប់​ធម្មតា។ វា​គឺ​ជា​រឿង​ដែល​ល្អ ​នៅ​ពេល​មាន​គេ​រាយការណ៍​នូវ​អ្វី​ដែល​ពួក​គេ​ឃើញ ឬឮ​អំពី​សកម្មភាព​បែប​នេះ​រួច​ហើយ​អាជ្ញាធរ​ត្រូវ​ចាប់​ខ្លួន​អ្នក​ប្រព្រឹត្ត​សកម្មភាព​បែប​នេះ»៕