មណ្ឌលគិរីៈ ក្រុមជនសង្ស័យ ៣ នាក់ ដែលដើរលួចលុយនៅតាមកន្លែងវីងវេរលុយត្រូវសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្តមណ្ឌលគិរីថ្ងៃនេះ ក្រោយពីសាកសួរចម្លើយរួចរាល់ហើយកាលពីម្សិលមិញ។ នេះបើតាមលោក សូ សុវណ្ណ ស្នងការរងទទួលផែនព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបញ្ជាក់ពីម្សិលមិញ។
លោក សូ សុវណ្ណ ប្រាប់ថាក្រុមជនសង្ស័យ ៣ នាក់ ដែលដើរលួចលុយនៅកន្លែងវីងវេរលុយ សមត្ថកិច្ចបានសាកសួរចប់ហើយកាលពីថ្ងៃទី ១១ មិថុនា ហើយត្រូវបញ្ជូនទៅសាលាដំបូងខេត្តមណ្ឌលគិរីនៅថ្ងៃទី ១២ មិថុនា នេះ។
លោកថ្លែងថា៖ «ពួកគេទាំង ៣ នាក់ ខ្ញុំបញ្ជូនទៅតុលាការខេត្តនៅព្រឹកស្អែកនេះ [ព្រឹកថ្ងៃនេះ] ហើយ។ ចំពោះការសម្រេចចោទប្រកាន់យ៉ាងណានោះ ជាសមត្ថកិច្ចរបស់តុលាការ»។
នគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃបានធ្វើកំណត់ហេតុ និងបញ្ជូនក្រុមចោរដើរបន្លំលួចលុយតាមកន្លែងវីងវេរលុយទៅស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីកាលពីថ្ងៃទី ១០ មិថុនា បន្ទាប់ពីតាមចាប់ខ្លួនបាន ៣ នាក់នៅថ្ងៃទី ៨ ខែមិថុនា ក្រោយពីពួកគេរត់គេចខ្លួនទៅខេត្តស្ទឹងត្រែង។ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃប្រាប់ពីថ្ងៃទី ១០ មិថុនា ថា ជនសង្ស័យទាំង ៣ នាក់ ឈ្មោះ ហូ ណាវីន អាយុ ៣៧ ឆ្នាំ ផាន់ រ័ត្ន អាយុ ៤២ ឆ្នាំ និង ពេត ឃុន អាយុ ៣៥ ឆ្នាំ។ ពួកគេប្រព្រឹត្តបទល្មើសជាក់ស្តែងដោយបានបន្លំលួចលុយពីកន្លែងទូវីងនៅខេត្តមណ្ឌលគិរី។
លោកប្រាប់តាមចម្លើយជនសង្ស័យថា មុនចាប់ខ្លួនថ្ងៃទី ៨ មិថុនា នៅខេត្តមណ្ឌលគិរី ពួកគេបានចូលទៅកន្លែងវីងវេរលុយ ១ កន្លែង ហើយប្រើល្បិចឲ្យគ្នាគេខ្លះធ្វើជាអ្នកផ្ញើលុយ។ រីឯបក្ខពួកគេខ្លះទៀតបានបន្លំចូលក្នុងទូវីងលួចបានលុយ ៥ ៥០០ ដុល្លារ និងលុយខ្មែរ ២៤ លានរៀល។ លោកប្រាប់ថា៖ «ពួកគេប្រព្រឹត្តនៅមណ្ឌលគិរី។ ហេតុដូច្នេះហើយបើក្រុមជនសង្ស័យប្រព្រឹត្តបទល្មើសជាក់ស្តែងនៅខេត្តណាគឺយើងប្រគល់ឲ្យខេត្តនោះវិញ»។
លោកបន្តថា មុនមានការចាប់ខ្លួនក្រុមជនសង្ស័យខាងនាយកដ្ឋានព្រហ្មទណ្ឌបានទទួលព័ត៌មានពីមណ្ឌលគិរីថា ក្រុមជនសង្ស័យបានធ្វើសកម្មភាពបន្លំចូលលួចលុយក្នុងទូវីងវេរលុយ ១ កន្លែងនៅខេត្តមណ្ឌលគិរី ហើយបានរត់គេចខ្លួនពីខេត្តមណ្ឌលគិរី។ បន្ទាប់ពីទទួលព័ត៌មានភ្លាម កម្លាំងសមត្ថកិច្ចបានចេញស្ទាក់ក្រុមជនសង្ស័យតាមការផ្តល់ព័ត៌មានពីសមត្ថកិច្ចខេត្តមណ្ឌលគិរី។ ប៉ុន្តែក្រុមជនល្មើសបានគេចខ្លួនទៅខេត្តស្ទឹងត្រែងវិញ ហើយសមត្ថកិច្ចតាមចាប់ពួកគេដល់ខេត្តស្ទឹងត្រែងដោយមានការសហការជាមួយស្នងការនគរបាលខេត្តស្ទឹងត្រែង និងសម្របសម្រួលផ្លូវច្បាប់ពីអយ្យការអមសាលាដំបូងខេត្តស្ទឹងត្រែងផង។
លោក ជាវ វិបុល ថ្លែងថា៖ «គ្នាគេមានទាំងអស់ ៦ នាក់ តែខាងខ្ញុំចាប់បាន ៣ នាក់ យកមកនាយកដ្ឋានខ្ញុំ ហើយខ្ញុំបានសាកសួរពួកគេចប់ហើយ។ ដូច្នេះខ្ញុំត្រូវបញ្ជូនពួកគេទៅខេត្តមណ្ឌលគិរីវិញ ដើម្បីឲ្យខាងខេត្តចាត់ចែងបន្ត»៕