ឧត្ដរមានជ័យៈ មនុស្សបីនាក់ក្នុងខេត្តឧត្ដរមានជ័យនឹងត្រូវសាកសួរនៅថ្ងៃនេះពាក់ព័ន្ធនឹងករណី «ឃាតកម្មគិតទុកជាមុន» លើស្រ្តីអាយុ ៦០ ឆ្នាំម្នាក់ដែលត្រូវបានចោទដោយគ្រួសារមួយក្នុងភូមិថាចេះអំពើអាបធ្មប់។ នេះបើតាមនគរបាលបានថ្លែងកាលម្សិលមិញ។
លោក ណែម ណរ អធិការរងនគរបាលស្រុកចុងកាល់បានថ្លែងថា រ៉ែម យឿម ត្រូវបានប្រទះឃើញស្លាប់នៅផ្ទះក្នុងភូមិបន្ទាយជរ ឃុំពង្រ កាលពីយប់ថ្ងៃព្រហស្បតិ៍ដោយមានស្នាមចាក់ជាច្រើនកាំបិតនៅត្រង់ ក ទ្រូង និងពោះ។
លោកបន្តថា៖ «ជនរងគ្រោះត្រូវបានសម្លាប់នៅវេលាម៉ោងប្រមាណ ៨ ទៅ ៩ យប់នៅពេលដែលគាត់ស្នាក់នៅផ្ទះម្នាក់ឯងខណៈប្តីគាត់បានចេញទៅក្រៅដើម្បីព្យាបាលអ្នកភូមិដទៃៗពីព្រោះគាត់ជាគ្រូខ្មែរបុរាណ»។ លោកបានបញ្ជាក់ថាពេលប្តីរបស់អ្នកស្រីត្រឡប់ទៅផ្ទះវិញគាត់បានប្រទះឃើញសាកសពប្រពន្ធរបស់គាត់។
ជនសង្ស័យបីនាក់ដែលត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងឃាតកម្មនេះរួមមាន ហូក សំណាង អាយុ ៥២ ឆ្នាំនិងកូនប្រសាឈ្មោះ សំបាន ប៊ុត អាយុ ២៧ ឆ្នាំ និងកូនប្រុសបង្កើតឈ្មោះ យ៉ាន ដូច អាយុ ២៥ ឆ្នាំ។
បើតាមលោក ណរ បានឲ្យដឹងថាប៉ុន្មានថ្ងៃមុនពេលឃាតកម្មអ្នកស្រី សំណាង បានឈឺបន្ទាប់ពីផឹកស្រាជាមួយអ្នកស្រី យឿម ដែលនាងចោទគាត់ថាបានប្រើអំពើធ្វើឲ្យនាងឈឺ។
លោកបានបន្ថែមថាអ្នកស្រីសំណាង «បានបញ្ជាកូនប្រសាឲ្យសម្លាប់ រ៉ែម យឿម ដោយបានប្រាប់កូនថាបើមិនសម្លាប់ជនរងគ្រោះទេគាត់នឹងជួលអ្នកផ្សេងឲ្យធ្វើរឿងនេះ»។
ពីមុនពេលឃាតកម្ម «យ៉ាន ដូច បានទៅមើលជនរងគ្រោះ និងបានគំរាមសម្លាប់បើគាត់មិនធ្វើឲ្យម្តាយរបស់គាត់ជាវិញ»។
នគរបាលបានចាប់លោក ប៊ុត នៅយប់ថ្ងៃសុក្រខណៈគាត់ព្យាយាមគេចខ្លួននៅក្នុងស្រុកសំរោងខេត្តឧត្ដរមានជ័យ។ អ្នកស្រី សំណាង និងលោក ដូច ត្រូវបានចាប់ខ្លួននៅផ្ទះមួយនាថ្ងៃបន្ទាប់។
អ្នកទាំងបីនឹងត្រូវបញ្ជូនទៅសាលាដំបូងខេត្តនៅថ្ងៃនេះដើម្បីសាកសួរ។
លោក ណរ បានថ្លែងថា៖ «អ្នកភូមិខឹងជនសង្ស័យខ្លាំង។ ពួកគេបានប៉ងវាយប្រហារជនសង្ស័យនៅមុនចាប់ខ្លួនប៉ុន្តែយើងបានព្យាយាមបញ្ឈប់ពួកគេ»។ «ជនសង្ស័យ និងប្តីគាត់គឺជាមនុស្សសុភាពរាបសាហើយអ្នកភូមិចូលចិត្តពួកគេ។ អ្នកភូមិមិនចូលចិត្តរឿងធ្មប់ទេប៉ុន្តែចំពោះ រ៉ែម យឿម វាផ្សេង។ អ្នកភូមិពិតជាអាណិតគាត់ហើយពួកគេជាច្រើនចូលរួមបុណ្យសពអ្នកស្រី។ អ្នកស្រីមិនមែនជាធ្មប់ទេ»។
ការស្លាប់របស់អ្នកស្រី យឿម គឺជាករណីឃាតកម្មពាក់ព័ន្ធនឹងការចោទប្រកាន់អាបធ្មប់លើកទីពីរនៅក្នុងស្រុកនេះគិតត្រឹមពេលនេះក្នុងឆ្នាំនេះ។ នេះបើតាមលោក ណរ។
រឿងដូចគ្នានេះវាក៏កើតឡើងផងដែរនៅក្នុងខេត្តកំពង់ឆ្នាំងដែលបុរសម្នាក់ត្រូវបានកាប់ស្លាប់បន្ទាប់ពីត្រូវបានចោទដោយអ្នកជិតខាងបីនាក់ថាចេះអំពើអាបធ្មប់៕ PS