តាកែវ៖ បុរស ៣ នាក់​ ត្រូវ​បាន​តុលាការ​ខេត្ត​តាកែវ​សម្រេច​ចោទ​ប្រកាន់ និង​បញ្ជូន​ទៅ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត នៅ​ថ្ងៃទី​ ២០ ខែ​មេសា ក្រោយ​ពី​កម្លាំង​កង​រាជអាវុធហត្ថ​ខេត្ត​តាកែវ ចាប់​ខ្លួន​កាល​ពី​ថ្ងៃទី ១៧ ខែ​មេសា ខណៈ​ជន​ទាំង ៣ នាក់ កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿង​ញៀន​នៅ​ភូមិ​អង្គបក្សី ឃុំ​ជាងទង ស្រុក​ត្រាំកក់។

មន្ត្រី​អះអាង​ថា បទល្មើស​គ្រឿង​ញៀន​មាន​ការ​ថយចុះ អំឡុង​ពេល​បិទ​ខ្ទប់​រាជធានី-ខេត្ត ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​កូវីដ។

លោក ង៉ែត ចាន់ធី មេ​បញ្ជាការ​រង​កង​រាជអាវុធហត្ថ​ខេត្ត​តាកែវ ទទួល​ការងារ​បង្ក្រាប​គ្រឿង​ញៀន​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២១ មេសា​ថា ជន​សង្ស័យ​ទាំង ៣ មាន​ឈ្មោះ សេន រតនៈ អាយុ ៣៨ ឆ្នាំ ឈ្មោះ ស្ងួន ចំរើន អាយុ ២៨ ឆ្នាំ និង​នាក់ រឿន អាយុ ២៨ ឆ្នាំ។

លោក​ថ្លែង​ថា៖ «ជន​ទាំង ៣ នាក់​នេះ ត្រូវ​បាន​លោក​ចៅ​ក្រម ហុង សុងហ៊ាង ចេញ​ដី​កា​​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ខេត្ត តាម​បទ​ចោទ​មាត្រា ៤០ និង​មាត្រា ៤៥ ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន»។

លោក​ប្រាប់​ថា នៅ​វេលា​ម៉ោង​ជាង ១ រសៀល​ថ្ងៃទី ១៧ មេសា គឺ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​របស់​កង​រាជអាវុធហត្ថ​ខេត្ត សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ស្រុក​ត្រាំកក់ ដែល​មាន​ការ​សម្របសម្រួល​ផ្លូវ​ច្បាប់​ពី​លោក​ព្រះរាជ​អាជ្ញា​សាលា​ដំបូង​ខេត្ត លោក ជីវ ចាន់តារា បាន​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿង​ញៀន នៅ​ចំណុច​ភូមិ​អង្គបក្សី ឃុំ​ជាង​ទង ស្រុក​ត្រាំកក់ ដោយ​ឃាត់​ខ្លួន​ជន​ទាំង ៣ នាក់​ ដូច​មាន​ឈ្មោះ​ខាង​លើ ខណៈ​ពួក​គេ​កំពុង​ជួញដូរ​គ្រឿង​ញៀន។

ចំពោះ​វត្ថុតាង ដែល​សមត្ថកិច្ច​ដក​ហូត​បាន​ពី​ជនសង្ស័យ​រួម​មាន ម្សៅ​ថ្នាំ​មេតំហ្វេតាមីន ចំនួន ១៧៤ ៧០ ក្រាម ទូរស័ព្ទ​ចំនួន ៥ គ្រឿង ពិល​អេឡិចត្រូនិក ចំនួន ២ គ្រឿង ម៉ូតូ​ចំនួន ២ គ្រឿង និង​សម្ភារ​សម្រាប់​វេច​ខ្ចប់​គ្រឿង​ញៀន​មួយ​ចំនួន​ទៀត។

ពាក់ព័ន្ធ​គ្រឿងញៀន​នេះ​ដែរ លោក មាស វីរិទ្ធ អគ្គលេខាធិការ​នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ញៀន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅ​ថ្ងៃទី ២១ មេសា ថា នៅ​អំឡុង​ពេល​នៃ​ការ​រឹត​បន្តឹង និង​ការ​អនុវត្ត​វិធានការ​បិទ​ខ្ទប់ ដើម្បី​ទប់​ស្កាត់​ការ​រីក​រាលដាល​ជំងឺ​កូវីដ ១៩ គឺ​សមត្ថកិច្ច​បាន​អនុវត្ត​ព្រម​គ្នា ទាំង​ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន ទាំង​ការ​អនុវត្ត​បទ​បញ្ជា​បិទ​ខ្ទប់​មិន​ឲ្យ​មាន​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ។

លោក​ថា បញ្ហា​បទល្មើស​គ្រឿង​ញៀន​ដែល​សមត្ថកិច្ច​បង្ក្រាប​បាន​ក្នុង​អំឡុង​ពេល​នេះ ដោយសារ​ជន​ដែល​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀន ពួក​គេ​ញៀន​ហើយ​អត់​មិន​បាន ក៏​ចេញ​មក​រក​ទិញ​គ្រឿង​ញៀន។ ដូច្នេះ​ទើប​​គេ​ឃើញ​ការ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​នៅ​តែ​កើត​មាន។

លោក​បញ្ជាក់​ថា៖ «អំឡុង​ពេល​នេះ បញ្ហា​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​មាន​ការ​ថយចុះ។ គ្រឿង​ញៀន​ដែល​ឈ្មួញ​ចេញ​មក​ធ្វើ​សកម្មភាព​សុទ្ធ​តែ​គ្រឿងញៀន​ដែល​នៅ​សេសសល់​ក្នុង​ស្រុក»៕