ភ្នំពេញៈ ជន​ ៥ ​នាក់​ក្នុង​នោះ​មាន​ជនជាតិ​ចិន​ម្នាក់​ដែល​សង្ស័យ​ជា​មេខ្លោង​រកស៊ី​ជួល​ស្ត្រី​ខ្មែរ​ឲ្យ​ពពោះ​ជំនួស​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​កាលពី​ម្សិលមិញ ខណៈ​ស្ត្រី​ដែល​ស៊ីឈ្នួល​ពពោះ​ជំនួស​ចំនួន ៣៣ នាក់​ត្រូវ​បាន​បញ្ជូន​យក​ទៅ​ថែទាំ​នៅ​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​។

កាលពី​ថ្ងៃទី​ ២១ ខែ​មិថុនា​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​ផ្ទះ​មួយ​នៅក្នុង​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ​ដោយ​បាន​ធ្វើការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន ៣៨ នាក់​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន ៣៣ នាក់​ដែល​សុទ្ធ​តែ​មាន​ផ្ទៃពោះ ដោយសារ​តែ​ស៊ីឈ្នួល​ពពោះ​ជំនួស និង ៥ ​នាក់​ទៀត​ត្រូវ​បាន​សង្ស័យ​ថា​គឺជា​មេខ្លោង​ដែល​ជា​អ្នក​រកស៊ី​ជួល​ស្ត្រី​ទាំងនោះ​ឲ្យ​ពពោះ​ជំនួស​។

លោក​ កែវ ធា ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំង ៥ នាក់​ត្រូវ​បាន​សាកសួរ​ដោយ​ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​រាជធានី​កាលពី​ម្សិលមិញ​។

លោក ធា ថ្លែង​ថា​៖ «​យើង​បាន​បញ្ជូន​មនុស្ស​ ៥ ​នាក់​ទៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​។ ខ្ញុំ​បាន​ឮ​ការរាយការណ៍ អំពី​ការមិន​ទាន់​ចោទប្រកាន់​មនុស្ស​ទាំងនោះ​»​។ លោក​បន្ថែម​ថា ស្ត្រី​ចំនួន ៣៣ នាក់​ដែល​ត្រូវ​បាន​រកឃើញ​ថា​កំពុង​មាន​ផ្ទៃពោះ​ដោយសារ​តែ​ការ​ស៊ីឈ្នួល​ពពោះ​ជំនួស​ត្រូវ​តែ​ទទួល​ខុសត្រូវ​ចំពោះ​កូន​នៅក្នុង​ផ្ទៃ​របស់​ពួកគេ​នៅពេល​ដែល​កូន​នោះ​កើត​។

លោក​និយាយ​ថា​៖ «​កូន​កើត​ពី​ពោះ​របស់​ស្ត្រី​ទាំង​នោះ ដូច្នេះ​ពួកគេ​ត្រូវ​តែ​មើល​ថែរក្សា​។ កូន​ទាំង​នោះ​ជា​កូន​របស់​ពួកគេ​។ ខ្ញុំ​បាន​បញ្ជូន​ពួកគេ​ទៅ​មន្ទីរ​សង្គមកិច្ច​រួច​ហើយ​»​។

ជនសង្ស័យ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ម្សិលមិញ​។ ផា លីណា

លោក ធា បន្ថែម​ថា​ស្ត្រី​ទាំងនោះ​អាច​នឹង​ត្រូវ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់ ប្រសិន​បើ​ពួកគេ​ត្រូវ​បាន​រកឃើញ​ថា​បាន​យកប្រាក់ និង​បោះបង់​កូន​របស់​ពួកគេ​ទៅ​ឲ្យ​អ្នក​ដទៃ​។ «​ពួកគេ​ត្រូវ​បាន​ជួល​សម្រាប់​ការជួល​ស្បូន​។ រដ្ឋាភិបាល​បាន​ចេញ​សេចក្តី​ណែនាំ​រួច​ហើយ​មិន​ឲ្យ​ធ្វើ​ដូច្នេះ​ម្តង​ទៀត​ពួកគេ​ចង់​បាន​ប្រាក់​។ ហេតុ​ដូច្នេះ​តាម​ច្បាប់​កូន​ដែល​កើត​ពី​ស្បូន​ណា​មួយ កូន​នោះ​ជា​របស់​អ្នក​នោះ​។ ដូច្នេះ​កូននោះ​គឺជា​កូន​របស់​ពួកគេ​ហើយ​ប្រសិន​បើ​នៅ​ពេល​កូន​នោះ​កើត ហើយ​ស្ត្រី​ទាំង​នោះ​យក​កូន​នោះ​ទៅ​ឲ្យ​អ្នក​ដទៃ ហើយ​យក​ប្រាក់​ដើម្បី​បោះបង់​កូន ដូច្នេះ​ពួកគេ​អាច​ត្រូវ​ផ្តន្ទាទោស​ទៅ​តាម​ច្បាប់​។ ពួកគេ​បំពាន​អ្វី​ដែល​អាជ្ញាធរ​ហាមប្រាម​។ ឥឡូវ​នេះ​ករណី​នេះ​កំពុង​កើតឡើង ដូច្នេះ​ពួកគេ​ត្រូវតែ​ទទួល​ខុសត្រូវ​»​។

លោកស្រី មុំ ចាន់ដានី ប្រធាន​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា ស្ត្រី​ទាំង​នោះ​កំពុង​ស្ថិត​នៅក្រោម​ការ​ថែទាំ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​។ «​ស្ត្រី​ទាំង​នោះ​ឥឡូវ​នេះ​មាន​សុវត្ថិភាព​...​អង្គការ​មើលថែ​ពួកគេ​»​។

លោក លី សុផាន់ណា អ្នក​នាំពាក្យ​សាលាដំបូង​រាជធានី​មិន​អាច​ទាក់ទង​សុំ​អធិប្បាយ​បាន​ទេ​កាលពី​យប់​មិញ​៕ PS