កំពតៈ ជនសង្ស័យ ៦ នាក់ត្រូវបានសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់ពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់បុរសម្នាក់ នៅភូមិព្រៃពាយ ឃុំត្រពាំងភ្លាំង ស្រុកឈូកខេត្តកំពត បន្ទាប់ពីពលរដ្ឋប្រទះសាកសពកាលពីថ្ងៃទី ៣១ មករា ខណៈពេលនេះសមត្ថកិច្ចកំពុងសាកសួរពួកគេនៅស្នងការដ្ឋាននគរបាលខេត្តកំពត។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពតប្រាប់កាលពីម្សិលមិញថា ជនរងគ្រោះក្នុងអំពើឃាតកម្មនេះ ឈ្មោះ អ៊ួន វណ្ណា អាយុ ៤៨ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ។ រីឯជនសង្ស័យមាន ៦ នាក់ ត្រូវបានសមត្ថកិច្ចរបស់លោកស្រាវជ្រាវចាប់ខ្លួនបានជាបន្តបន្ទាប់តាំងពីថ្ងៃទី ១ ដល់ថ្ងៃទី ២ កុម្ភៈ ហើយឥឡូវកំពុងសាកសួរបន្តទៀតនៅស្នងការដ្ឋាននគរបាលខេត្តកំពត។
លោកថា៖ «ឈ្មោះក្រុមជនសង្ស័យទាំងនេះខ្ញុំមិនទាន់អាចប្រាប់បានទេព្រោះស្ថិតក្នុងការ ស៊ើបអង្កេតបន្តទៀត និងកំពុងបន្តនីតិវិធីសាកសួរពួកគេនៅឡើយ»។
លោក ហែម ឃ្នី នាយប៉ុស្តិ៍នគរបាល ឃុំត្រពាំងភ្លាំង ប្រាប់ដែរថា ជនរងគ្រោះត្រូវបានពលរដ្ឋប្រទះឃើញកាលថ្ងៃទី ៣១ មករា ហើយបានរាយការណ៍ប្រាប់សមត្ថកិច្ចនៅពេលយប់នៅថ្ងៃដដែល។
លោកបញ្ជាក់ថា៖ «កន្លែងកើតហេតុនៅតំបន់ដាច់ស្រយាលចម្ងាយពីប៉ុស្តិ៍ខ្ញុំទៅប្រហែល ៣០ គីឡូម៉ែត្រឯណោះហើយទម្រាំទៅដល់ម៉ោង ១ រំលងអាធ្រាត្រទៅហើយ។ ឃាតកម្មនេះខ្ញុំមិនដឹងថា រវាងជនរងគ្រោះ និងក្រុមជនសង្ស័យមានគំនុំគ្នាមកពីរឿងទំនាស់ដីធ្លីឬយ៉ាងណាទេ ព្រោះខ្ញុំទើបឡើងកាន់ប៉ុស្តិ៍ត្រពាំងភ្លាំង។ដូច្នេះខ្ញុំមិនដឹងពីប្រវត្តិនៃទំនាស់នេះទេ»។
ទោះយ៉ាងណា បើតាមមន្រ្តីនគរបាលនៃស្នងការដ្នាននគរបាលខេត្តម្នាក់សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ជនរងគ្រោះត្រូវក្រុមជនសង្ស័យព្រួតគ្នាវាយនឹងដំបងបែកក្បាលនៅផ្នែកក្រោយ និងកាប់ដោយកាំបិតរយះបបូរមាត់ខាងឆ្វេង។
មន្រ្តីនគរបាលដដែលបានប្រាប់ដែរថា ក្រុមជនសង្ស័យសារភាពថា ជនរងគ្រោះ ត្រូវបានសម្លាប់នៅព្រឹកថ្ងៃទី ៣១ ខែមករា បន្ទាប់មកទើបមានពលរដ្ឋប្រទះឃើញសាកសព។
លោកថា ជនរងគ្រោះទៅធ្វើចម្ការនៅទីតាំងដីខាងលើក្នុងព្រៃជ្រៅដែលជាតំបន់ដីមានទំនាស់គ្នាជាមួយក្រុមជនសង្ស័យខណៈវិវាទដីនោះនៅពុំទាន់មានដំណោះស្រាយពីអាជ្ញាធរខេត្តកំពតនៅឡើយ៕