ព្រះសីហ​នុៈ ជន​សង្ស័យ​ ៨ នាក់​ ​ក្នុង​ចំណោម​រាប់​រយ​នាក់ ​ដែល​បាន​ប្រមូល​ផ្ដុំគ្នា​យក​ដុំថ្ម​ធំៗ ​និង​ដើម​ឈើ មក​បិទ​ផ្លូវ​ជាតិ​លេខ​ ​៤​ ​និង​បាន​​ប្រើ​អំពើ​ហិង្សា​លើ​សមត្ថ​កិច្ច ​ពេល​ចុះ​អន្ដ​រា​គមន៍​រំដោះ​ផ្លូវ​ ក្នុង​​ភូមិ​ចំណោត​រាម ឃុំ​បិតត្រាំងស្រុក​ព្រៃ​នប់​ ​ត្រូវ​សមត្ថ​កិច្ច​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ព្រះ​សីហនុ​ កាលពីព្រឹក​ម្សិល​មិញ​ ខណៈ​សមត្ថកិច្ច​បាន​កំណត់​មុខ​សញ្ញា​មេខ្លោង​ ​និង​កំពុង​តាម​ស្រាវ​ជ្រាវ​រកអ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត។​

​លោក​ ​លឹម​ ​ប៊ុន​ហេង​ អ្ន​កនាំពាក្យ​សាលា​ដំបូង​ខេត្ដ​ព្រះសីហនុ​ បាន​​ឲ្យ​ដឹង​​កាល​ពី​ម្សិលមិញ​ថា ជន​សង្ស័យ​ទាំង​នោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​​ ក្រោយ​សមត្ថ​កិច្ច​ឃាត់​ខ្លួន ​និង​សាក​សួរ​ពួកគេ។

លោក ​ព្រំ​ ​ប៊ុន្នី ​នាយក​រង​រដ្ឋបាល​ស្រុក​ព្រៃ​ន​ប់​ ដែល​បានដឹកនាំ​កម្លាំង​ចុះ​អនុវត្ដ​លិខិត​បង្គាប់ការ​​ចុះ​រុះ​រើ​ខ្ទម​សាង​សង់​អនាធិប​តេយ្យ​​ស្ថិត​នៅ​ក្នុង​ភូមិ​ចំណោទ​រាម​ ​ឃុំ​បិត​ត្រាំង​ ​ស្រុក​ព្រៃ​នប់​ ​កាល​ពី​សប្ដាហ៍​មុន​ បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​​ពី​ម្សិល​មិញ​ថា​ ​បច្ចុ​ប្បន្ន​សមត្ថកិច្ច​ អាច​គ្រប់​គ្រង​ស្ថាន​ការ​ណ៍​បាន​ហើយ ​មិន​មាន​ពល​រដ្ឋ​ណា​មក​ប្រមូល​ផ្ដុំ​គ្នា​បិទ​ផ្លូវ​ ​និង​សាង​សង់​ខ្ទម​ទៀត​ទេ​ ​ហើយ​សមត្ថ​កិច្ច​កំពុង​ស្រាវ​ជ្រាវ​​រក​ជន​សង្ស័យ​ប្រើ​ហិង្សា​លើ​សមត្ថកិច្ច​ និង​មេខ្លោង​ក្នុង​រឿង​នេះ។​

លោក​​បន្ដ​ថា​៖ ​«​សកម្ម​ភាព​របស់​ពួក​គាត់​ ​យើង​មាន​រូប​ភាព​កា​មេរ៉ា​ចាប់​ជាប់​រួច​អស់​ហើយ​។ ​ឥឡូវ​យើង​កំពុង​តែ​ស្វែង​រក​អ្នក​ដែល​បញ្ជា​ពី​​ក្រោយ​ខ្នង​ យើង​មា​ន​តម្រុយអស់​ហើយ​ ​ប៉ុន្ដែ​យើង​​មិន​ទាន់​អាច​បង្ហាញ​បាន​ទេ»។​

​កំពុង​ស្ថិត​ក្នុង​សភាព​រង​របួស​ត្រង់​ឆ្អឹង​ជំនី​រខាង​ឆ្វេង​ និង​ជើង​ឆ្វេង​ និង​ក្រោយ​ពី​ត្រឡប់​មក​ពី​ព្យា​បាល​របួស​ ​លោក​ ​ប៊ុន្នី ​បាន​សម្ដែង​ការ​សោក​ស្ដាយ ​ដែល​ប្រជា​ពលរដ្ឋ​បាន​នាំ​គ្នា​មក​បង្ក​ភាព​អនា​ធិប​តេយ្យ​ រហូត​បង្ក​ហិង្សា​ដល់​សមត្ថកិច្ច​បែប​នេះ។ ​

លោក​លើក​ឡើង​ថា​៖ ​«​អាជ្ញា​ធរ​យើង​ចេះ​តែ​មាន​ភាព​ទន់​ភ្លន់​ជា​មួយ​គាត់​ ប៉ុន្ដែ​ផ្លូវ​ច្បាប់​គេ​ត្រូវ​តែ​អនុ​វត្ដ​ ​ទោះ​បី​គាត់​ប្រើ​អំពើ​ហិង្សា​លើ​យើង​នោះ​ជា​រឿង​របស់​គាត់ ​ពួក​គាត់​ធ្វើ​អំពើ​អី​នឹង​ទទួល​អំពើ​នោះ​វិញ»។​

​លោក ​ឃាង​ ​ភារម្យ​ អ្នក​នាំ​ពាក្យ​រដ្ឋ​បាល​ខេត្ដ​ព្រះ​សីហនុ​បាន​ថ្លែង​​​កាល​ពី​ម្សិល​មិញ​ថា ​ជន​បង្កភាព​អនា​ធិប​តេយ្យ ​ដោ​យ​សាង​សង់​ខ្ទម​ជា​ច្រើន​ក្នុង​ខេត្ដ​ព្រះ​សីហនុ​នេះ​ រ​ដ្ឋ​បាល​ខេត្ដ​បាន​កំណត់​មុខ​សញ្ញា​មួយ​ចំនួន​រួច​ហើយ ​ដែល​មាន​ទាំង​អ្នក​ខាង​ក្នុង​ខេត្ដ​ ​និង​អ្នក​មក​ពី​មជ្ឈដ្ឋាន​ខាង​ក្រៅ​ខេត្ដ​ផងដែរ។

លោក​បន្ដ​ថា​៖ «​ការ​ងារ​នេះ​ជា​ការងារ​ដែល​សមត្ថ​កិច្ច​កំពុង​ធ្វើការ​ អ៊ីចឹង? ​យើង​មិន​ទាន់​អាច​ធ្វើ​ការ​បក​ស្រាយ​យ៉ាង​ណា​ទេ ​យើង​រង់ចាំ​ទុក​ពេល​វេលា​ឲ្យ​សមត្ថ​កិច្ច​ធ្វើការ​សិន»។

បើ​តាម​លោក​ ភារម្យ​ ​ អ្ន​ក​ខ្លះ​មក​​ពី​ខេត្ត​ផ្សេង​​តែ​ម្នាក់​​ឯង​ ហើយ​បាន​សាង​សង់​​ខ្ទម ​២-៣ ក៏​មាន​ ​និង​ទុក​​ឲ្យ​​អ្នក​ផ្សេង​ទៀត​នៅ​ចាំខ្ទម។​

​លោក​បន្ដ​ថា​៖ ​«​ជាក់​ស្ដែង​យើង​បាន​ចុះទៅ​រុះ​រើ​ជាង​ ៦០០ ខ្ទម​ ​កាល​ពី​ថ្ងៃ ​១៧​-​១៩​ ​សប្ដា​ហ៍​មុ​ន​នេះ​។​ ​ពួក​គេ​​សាង​សង់​​ខ្ទម​​​បណ្ដោះ​អាសន្ន​ ស្ថិត​ក្នុង​ភាពអនា​ធិប​តេយ្យ​ ទន្រ្ទាន​យក​ដី​ពលរដ្ឋ​ដទៃ ដែល​មាន​ប័ណ្ណ​កម្មសិទ្ធិ​ស្រប​ច្បាប់​​រួច​ហើយ»។​

​លោក​​ប​ន្ត​ថា ​ខ្ទម​ទាំង​​នេះ​ភាគ​ច្រើន​ ប្រជា​ពល​រដ្ឋ​បាន​មក​លួច​សាង​សង់​នៅ​ពេល​យប់​ ដែល​មាន​ផែន​ការ​រួច​ជា​ស្រេច​ ​ដោយ​ក្នុង​ពេល​តែ​ ១ យប់​អាច​សាង​សង់​បាន​រាប់​រយ​ខ្ទម។

អ្នក​ស្រី​ ​សេង​ ​សុភី ​ដែល​អះ​អាង​ថា​ ​ជា​ពល​រដ្ឋ​រស់​នៅ​ក្នុង​ស្រុក​ព្រៃ​នប់​ ដែល​​បាន​ចូល​រួម​សកម្ម​ភាព​ត​វ៉ារឿង​ដីធ្លី​នេះ​ បាន​​និយាយ​​ថា​ ​អ្នក​ស្រី​មាន​ដី​​នៅ​​ទី​តាំង​ខាង​លើ​​នោះ​ដែរ​ដោយ​បាន​ទិញ​​​តាំង​ពី​ជាង ​១ ឆ្នាំ​មុន​ក្នុង​ទំហំ​ដី​ក្បាល​ ២០ ​គុណ​នឹង​ ៣០​ ម៉ែត្រ​ ​ប៉ុន្ដែ​​​អ្នក​ស្រី​បាន​លក់ដី​នោះ​​ ​ទៅ​ឲ្យ​​ប្រជា​ពលរដ្ឋ​ដទៃ​ទៀត​អស់​ពាក់​កណ្ដាល​ នៅ​សល់​តែ​ពាក់​កណ្ដាល​ប៉ុណ្ណោះ។

អ្នក​ស្រី​​បន្ដ​ថា៖ ​«ខ្ញុំ​លក់​ឲ្យ​ប្រជា​ពលរដ្ឋ​នៅ​ខេត្ដ​ព្រះ​សី​ហនុ​នេះ ​អស់​ពាក់​កណ្ដាល​ ​ណា​មួ​យ​ដើម្បី​ឲ្យ​ពលរដ្ឋ​គាត់​នៅ​ជួយ​មើល​ផ្ទះ​មើល​ដី​ខ្ញុំ​ផង​។ ​ដី​នេះ​ខ្ញុំ​ទើប​តែ​ទិញ​ពី​គេ​បាន​ជាង​ ១ ឆ្នាំ​ទេ (២០១៨)​។​ ​ខ្ញុំ​ទិញ​ត​ពី​ប្រជា​ពល​រដ្ឋ​ដែល​ប្រាប់​ថា ​ដី​នេះ​គេ​សម្បទាន​ឲ្យ ​ដែល​ថា​ជា​ដី​ដែល​សម្រាប់​ចែក​ឲ្យ​ទាហាន»។​

​អ្នក​ស្រី​បន្ដ​៖​ «​អ្ន​ក​លក់​នោះ​បាន​អះអាង​ខ្លួន​គាត់​ថា​ ​ជា​ទាហាន​ ​គាត់​បាន​មក​ពុះ​ដី​នោះ​លក់​ឱ្យ​ប្រជា​ពល​រដ្ឋ ហើយ​ការទិញ​នេះ ​មាន​ការ​ដឹងឮ​តែ​ប្រ​ជា​ពលរដ្ឋ​អ្នក​ទិញ​ ​និង​អ្នក​លក់​ប៉ុណ្ណោះ»។​

​លោក​ ​ហួត​ សុខ​ឃី​ ពល​រដ្ឋ​តវ៉ា​បិទ​ផ្លូវ​ក្នុង​ស្រុក​ព្រៃ​នប់​ និង​កំពុង​រង់ចាំ​ជួប​សាច់​ញាតិ​ដែល​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​លើ​ករណី​ហិង្សា​លើ​សមត្ថ​កិច្ច​នៅ​មុខ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ដ​ព្រះ​សី​ហនុ ​បាន​លើក​ឡើង​ថា​ លោក​បាន​ទិញ​ដី​នៅ​ទី​តាំង​កើត​ហេតុ​ខាង​លើ​នៅ​មុន​ចូល​ឆ្នាំ​ខ្មែរ​នេះ ​ក្នុង​តម្លៃ​ប្រមាណ​ ​៥០០​ ​ដុល្លារ​អាមេ​រិក​ ក្នុង​ ១ ប្លង់​ ក្បាល​ដី ១០ ​ម៉ែត្រ​​ ​បណ្ដោយ ៣០ ម៉ែត្រ។​

​លោក​បាន​បន្ដ​ថា​៖ «​ខ្ញុំ​អ្ន​ក​នៅ​ភូមិ​អណ្ដូង​ថ្ម​ ស្រុក​ព្រៃ​នប់​ ដីនេះ​យើង​មិន​បាន​មក​ចាប់​យក​អីដូ​ច​គេទេ​ ប៉ុន្ដែ​យើង​មក​ទិញ​តៗ​គ្នា​ក្នុង​តម្លៃ​ថោកៗ​ ​ក្បាល​ ១០​ ម៉ែត្រ​ ​បណ្ដោយ ​៣​០ ម៉ែត្រ។​ ផ្ទះ​ខ្ញុំ​ត្រូវ​សមត្ថ​កិច្ច​វាយ​កម្ចេច​ចោល​អស់​ហើយ​ ​ផ្ទះ​នេះ ​ខ្ញុំ​ធ្វើ​អស់​ជាង​ ​៣០០ ​ដុល្លារ​ ​ធ្វើ​ពី​ឈើ​ប្រក់​ដំបូល​ស័ង្កសី»។​

​អ្ន​ក​ស្រី​ ​ជៀប​ សុធារី​ ​តំណាង​សមា​គមសិទ្ធិ​មនុស្ស​អាដ​ហុក​ប្រចាំ​ខេត្ដ​ព្រះ​សីហ​នុ​ ដែល​បាន​ចុះ​អង្កេត​សកម្ម​ភាព​ប្រជា​ពលរដ្ឋ​អនា​ធិប​តេយ្យ​ក្នុង​ព្រឹត្ដិ​ការណ៍​បិទ​ផ្លូវ​ជាតិ​លេខ​ ៤ កាល​ពី​​សប្ដា​ហ៍​មុន​នេះ​ដែរ​បាន​ឲ្យ​ដឹ​ង​ថា​ ជន​ដែល​ចូល​មក​ទន្ទ្រាន​ដី​នេះ​ ​ភាគ​ច្រើន​មក​ពី​ខេត្ដ​ផ្សេង​ ​ប្រ​ជា​ជន​នៅ​ក្នុង​ខេត្ដ​មាន​ចំនួន​តិចតួច។

​អ្នក​ស្រី​បន្ដ​ថា​៖ «​យើង​មិន​សូវ​ស្គាល់​ពួក​គាត់​ទេ ​(​អ្នក​ចូល​មក​ទន្រ្ទាន​ដី​)​ ហើយ​បើ​តាម​ខ្ញុំ​សួរ​ពលរដ្ឋ​ដែល​គាត់​រស់​នៅ​តំបន់​នោះ ​បាន​ប្រាប់​ថា​ ​ក្រុម​ប្រ​ជា​ពល​រដ្ឋ​នេះ​ មក​ម្ដង​លើក​គ្នា ១ ឡាន​តួរីស​ក៏​មាន​ដែរ​ ដែល​មក​ពី​ខេត្ដ​ផ្សេង​ៗ​គ្នា​ ហើយ​ការ​មក​ទន្ទ្រាន​នេះ ​គឺ​មាន​ការ​រៀប​ចំ​ទុក​មុន​រួច​ស្រេច​ហើយ»។​

​លោក​ ​យូរ​ ​វាស​នា ​តំ​ណាង​សម្ព័ន្ធ​សហ​គមន៍​កសិករ​កម្ពុជា ​(CCFC)​ ក្នុង​ខេត្ដ​ព្រះ​សីហ​នុ​ បាន​ឲ្យ​ដឹង​ថា សកម្ម​ភាព​បិទ​ផ្លូវ​ ​និង​សាង​សង់​ខ្ទម​អនា​ធិប​តេយ្យ​របស់​ប្រជា​ពលរដ្ឋ​បាន​ស្ងប់​ស្ងាត់​ទៅ​វិញ​ហើយ ​បន្ទាប់​ពី​មាន​ការ​អន្ដ​រា​គម​ន៍​ ​និង​ឃាត់​ខ្លួន​ប្រ​ជា​ពល​រដ្ឋ​ចំនួន​ ​៨ ​នាក់​រួច​មក។​ ​

​លោក​បាន​ថ្លែង​ថា​៖ ​«​ពួក​ខ្ញុំ​ដែល​នៅ​ខេត្ដ​ព្រះ​សី​ហនុ​នេះ​តែម្ដង​ មិន​មាន​ប៉ះពាល់​ជា​មួយ​ក្រុម​នេះ​ទេ ​ក្រុម​នេះ​ជា​ក្រុម​ផ្សេង។​ ​ពួក​យើង​ធ្វើ​ការងារ​តែ​ច្បាស់​លាស់​ ​ចំណែក​ពួក​គាត់​មិន​ច្បាស់​លាស់​ អត់​ធ្វើ​ការងារ​ជា​មួយ​ទេ ​ខ្លាច​គេ​លាប​ពណ៌​ដែរ​ ​និយាយ​រួម​សហ​គមន៍​យើង​ មិន​ទទួល​ស្គាល់​ពួក​គាត់​ទេ​ ព្រោះ​យើង​មើល​ឃើញ​សកម្ម​ភាព​របស់​ពួក​គាត់ ​ការ​តស៊ូ​មតិ​របស់​ពួក​គាត់​ ​និង​ការ​ចូល​កាន់​កាប់​ដីធ្លី​ខុស​ពី​ពួក​យើង។​ ​ពួក​គាត់​មិន​ដឹង​ប្រវត្ដិ​ច្បាស់​លាស់​ ​ហើយ​រប៉ាត់​រប៉ាយ»។​

​បើ​តាម​លោក​ ​វាស​នា ​ក្រុម​ប្រជា​ពលរដ្ឋ​អនា​ធិប​តេយ្យ​នេះ​ អាច​នឹង​មាន​មេខ្លោង​នៅ​ពី​ក្រោយ​ខ្នង​ដែល​មាន​ទ្រព្យ​ធន​ ​និង​អំ​ណាច​បញ្ជា​ឲ្យ​បង្កសកម្ម​ភាព​នេះ​ឡើង។​

លោ​ក​បញ្ជាក់​ថា​៖ «​យើង​ស៊ើប​ដែរ​មិន​មែន​យើង​មិន​ស៊ើប​ទេ។​ ​យើង​ដឹង​តែ​យើង​មិន​ហ៊ាន​បញ្ចេញ​​ព័ត៌​មាន​ទេ​ ដោយ​សារ​អត់​ច្បាស់​លាស់ ​ហើយ​​យើង​មិន​ចង់​ពាក់​ព័ន្ធ​តែ​ម្ដង។​ ប៉ុន្ដែ​អាច​មាន​អ្នក​នៅ​ភ្នំពេញ​ ​និង​មាន​អាជ្ញាធរ​ខេត្ដ​យើង​ដែរ»។

​លោក​ ​ស្រេង​ ​វ៉ាន់​លី​ ​មន្រ្ដី​​សម្រប​សម្រួល​អង្គ​ការ​លីកា​ដូ ​(Licadho)​ ប្រចាំ​ខេត្ត​ព្រះសី​ហនុ​ ថ្លែង​ថា ​លោក​មិន​អាច​បក​ស្រាយ​ជុំវិញ​ស្ថាន​ភាព​ប្រជា​ពលរដ្ឋ​ដែល​មក​ទន្រ្ទាន​ដី​សាង​សង់ខ្ទម​នោះ​បាន​​ទេ​ ព្រោះ​មិន​បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ផ្ទាល់។​ ​

​ប៉ុន្ដែ​លោក​បាន​លើក​ឡើង​ថា​​៖ ​«​ការ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ដីធ្លី​នេះ​ គឺ​មិន​អាច​ដោះ​ស្រាយ​តាម​រយៈ​​​​ការ​ប្រើ​ប្រាស់​កម្លាំង​តប​ត​គ្នា​ទេ​ ​គឺ​ត្រូវ​ដោះ​ស្រាយ​ដោយ​ការ​ជជែក​គ្នា​ដើម្បី​ស្វែង​រក​ដំណោះស្រាយ»។​

លោក​ ​សឿង​ ​សារ៉ន​ ​នាយកប្រតិ​បត្តិ​នៃ​អង្គ​ការ​សមា​គម​ធាង​ត្នោត​ សុំ​មិន​បក​ស្រាយ​ជុំវិញ​ករណី​នេះ​ ដោយលោក​​បញ្ជាក់​ថា​ មិន​បាន​ធ្វើ​ការងារ​លើ​ខេត្ដ​ព្រះសីហនុ។

​ទាក់​ទង​នឹង​ការ​ប៉ះ​ទង្គិច​​គ្នា​រហូត​ដល់​មាន​ការ​ប្រព្រឹត្ដ​ហិង្សា​តប​ត​នេះ​ ស្នង​ការ​នគរ​បាល​ខេត្ត​ព្រះ​សីហ​នុ ​លោក ជួន​ ​ណារិន្ទ​ ​បាន​ថ្លែង​ប្រាប់​ភ្នំ​ពេញប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុ​ន​ថា​ លោក​មិន​បាន​ដឹក​នាំ​កងកម្លាំង​ទៅ​បង្ក្រា​ប​ការ​សាង​សង់​ខ្ទម​ទេ​ ​ប៉ុន្ដែ​បាន​ដឹក​នាំ​កង កម្លាំង​សមត្ថ​កិច្ច​ខេត្ដ​ដើម្បី​រំដោះ​ផ្លូវ​ជាតិ​លេខ​​ ៤​ ដែល​ជន​មួយ​ចំនួន​បាន​ធ្វើ​ទង្វើ​ខុស​ច្បាប់​ ​បិទ​ផ្លូវ​សាធារ​ណៈ ​និង​បាន​​ប្រព្រឹត្ដ​អំពើ​ហិង្សា​លើ​សមត្ថកិច្ច​ដែល​កំពុង​អនុវត្ដ​ច្បាប់។​

​លោក​បាន​បន្ដ​ថា​៖ «​ក្នុង​នាម​សមត្ថ​កិច្ច​ ក្នុង​នាម​ជា​អ្នក​អនុ​វត្ដ​ច្បាប់​ ត្រូវ​តែ​មក​វែក​ផ្លូវ ​ជញ្ជូន​ដំុថ្ម​ដែល​ពួក​គាត់​ (ពល​រ​ដ្ឋ​បិទ​ផ្លូវ​)​ ​មក​កាន់​កាប់​ផ្លូវ​ជាតិ​ជា​ផ្លូវ​សាធារ​ណៈ ​ជា​ផ្លូវ​របស់​រដ្ឋ​ ជា​ផ្លូវ​របស់​ប្រជា​ពល​រដ្ឋ​ គឺ​ពួក​គាត់​ខុស​ច្បាប់​ ទើប​យើង​អង្វ​រ​ក​គាត់ ​និង​រើ​ដំុថ្ម​ចេ​ញ ​ដើម្បី​ឱ្យ​មាន​ចរា​ចរណ៍​ទៅ​វិញ​ទៅ​មក​ឡើង​វិញ ​ប៉ុន្ដែ​ពេល​នោះ​ពួក​គាត់​មាន​​ការ​ញុះ​ញង់​មក​ប្រើ​អំពើ​ហិង្សា​មក​លើ​សមត្ថ​កិច្ច​ដែល​កំពុង​អនុវត្ដ​សណ្ដាប់​ធ្នាប់​សាធារ​ណៈ​ ​នេះ​ជា​អំពើ​មួយ​ខុស​ច្បាប់​ផ្ទួន»។

​លោក​ស្នង​ការ​បាន​ឱ្យ​ដឹង​ថា​៖​ «​ពេល​នេះ​ពួក​គាត់​មាន​ការ​ស្ងប់​ស្ងាត់​ ប្រហែល​ជា​ពួក​គាត់​យល់​​ចំពោះ​ទង្វើរ​បស់​គាត់​នេះ​គឺ​ខុស​ច្បាប់​ទាំង​ស្រុង។ ​ខ្ញុំ​សូម​ឲ្យ​ពួក​គាត់​បញ្ឈប់​ទៅ​ ទង្វើ ខុស​ច្បាប់​​​​នេះ​ ងាក​មក​រក​ផ្លូវ​ចរចាតាម​ផ្លូវ​ច្បាប់​ទៅ ​ក្នុង​នាម​គណៈ​បញ្ជាការ​ឯក​ភាព​ខេត្ដ​ យើង​មិន​អាច​ឱ្យ​ជន​ណា​មួយ​មក​ បង្កអុក​ឡុក​ និង​អសន្ដិ​សុខ​នៅ​តំបន់​ណា​មួយ​លើ​ផ្លូវ​សាធារ​ណៈ​របស់​ខេត្ដ​ព្រះសីហនុ​ទេ»។​

​កម្លាំង​គណៈ​បញ្ជា​ការ​ឯកភាព​ស្រុក​ព្រៃ​នប់​ដឹក​នាំ​ដោយ​លោក​ ​ព្រំ​ ​ប៊ុន្នី​ ​នាយក​រង​រដ្ឋបាល​ស្រុក ចុះ​អនុ​វត្ត​លិខិត​បង្គាប់​ការ​លេខ​ ០៨២​/​ ល​ប​ក​ ​ថ្ងៃ​ទី​ ១​៧​ ​ខែ​ មេសា ​ឆ្នាំ​ ២​០១៩ ​ចុះ​ហត្ថ​លេខា​ដោ​យ​លោ​ក​ សរ​ កក្ក​ដា អភិ​បាល​ស្រុក​ព្រៃ​នប់​ ​និង​យោង​តាម​ពាក្យ​បណ្តឹង​របស់​ឈ្មោះ ​ញឹម​ ​យន់​ស្រី​ម​ ឈ្មោះ​ ឆាយ​ ណយ ​និង​​ឈ្មោះ ​កើត សុ​ធារ៉ា​ ​(​ជា​ម្ចាស់​កម្ម​សិទ្ធិ​ដី​ស្រប​ច្បាប់​)​ ​កម្លាំង​បាន​ចាប់​ផ្ដើម​​ធ្វើ​ការ​រុះ​រើ​ខ្ទម​អនា​ធិប​តេយ្យ​​ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ក្នុ​ង​ភូមិ​ចំណោទ​រាម​ ​ឃុំ​បិតត្រាំង​ ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះសីហនុ។​

​ក្នុង​ការ​អនុ​វត្ត​រុះ​រើ​ខ្ទម​អនា​ធិប​តេយ្យ​ខា​ង​លើ​ ​ជា​លទ្ធ​ផល​ម្ចាស់​ដី​ប្រើ​កម្លាំង​កម្មក​រ ​ភាគី​ម្ចាស់ដី​បាន​រុះ​រើ​ខ្ទម​អនា​ធិបតេយ្យ​សរុប​ចំនួន​ ​៦៣០ ខ្ទម។​

​ក្នុង​ការ​ចុះ​អនុ​វត្ត​នោះ​ ​ក៏​មាន​ក្រុម​ប្រ​ជា​ពល​រដ្ឋ​ប្រមាណ​ជា​ ២០០​ នាក់​ ​បាន​ធ្វើ​ការ​ត​វ៉ា​បិទ​ផ្លូវ​ជាតិ​លេខ​ ៤ ត្រង់​ចំណុច​ភូមិ​បិត​ត្រាំង​ ​ស្រុក​ព្រៃ​នប់​ ​ខេត្ត​ព្រះ​សីហ​នុ​ ​តែ​ត្រូវ​បាន​កម្លាំង​ចម្រុះ​ធ្វើ​ការ​បំបែក​វិញ។​

​ក្នុង​ការ​ចុះ​អនុ​វត្ដ​​នេះ​កម្លាំង​នគរ​បាល​ស្រុក​ចំនួន​ ​៤​ រូប​ ​និង​កម្លាំង​ប្រជា​ការពា​រ​ ២ ​រូប​ រង របួស​ដោយ​អំពើ​ហិង្សា ត្រូវ​ពល​រ​ដ្ឋ​គប់​ត្រូវ​នឹង​ដុំ​ថ្ម​ ​ពេល​កំពុង​ចុះ​អន្ត​រាគ​ម​ន៍​បើក​ផ្លូវ​ជាតិ​លេខ​ ៤​ ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​ ១​៩​ ​ខែ​មេសា​នេះ។​​

ទោះ​ជាយ៉ាង​ណា​ក៏ដោយ អ្នក​ស្រី​ ជៀប​ សុធារី​ ពី​អង្គ​ការ​អាដ​ហុក ថ្លែង​ថា៖ «អត់​គាំ​ទ្រ​ទេ​ ព្រោះ​រឿង​មក​ចាប់​ដី​ខុស​ច្បាប់​ ខ្ញុំ​មិន​គាំ​ទ្រ​សកម្ម​ភាព​អនាធិបតេយ្យ​ ដើរ​ចាប់​ដី​គេ​ទេ​។ វា​ធ្វើ​ឲ្យ​មាន​បញ្ហា​ចលា​ចល​។​ ​បើ​ពួកគាត់​អត់​ដី ​គួរ​ធ្វើ​នីតិ​វិធី​សុំដី​សង្គមកិច្ច​សម្រាប់​ពល​រដ្ឋ​ក្រី​ក្រ។​ សម័យ​នេះ​ ខ្ញុំ​មិន​គាំ​ទ្រ​ទេ តែ​សុំ​ឲ្យ​មាន​ការ​ស្រាវ​ជ្រាវ​រក​អ្នក​បំផុស​បំផុល​ ឲ្យ​អ្នក​ល្ងង់​ខ្លៅ​​ទៅ​ចាប់​ដី​។​ បើ​គ្មាន​អ្នក​ដឹក​នាំ​ ក៏​មិន​ហ៊ាន​ដែរ»៕ ​