សីហនុៈ ជនសង្ស័យ​ដែល​ជា​ជនជាតិ​ចិន​ចំនួន​ ៩ ​នាក់ ​ក្នុង​ចំណោម​ជនសង្ស័យ​ជិត​ ៤០០ ​នាក់​ ដែល​ត្រូវបាន​ឃាត់ខ្លួន​ពី​ក្លិប​កម្សាន្ត​មួយ​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​កាលពី​ថ្ងៃ​សៅរ៍ បន្ទាប់ពី​រកឃើញ​ថា ពួកគេ​មាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ ខណៈ​ដែល​សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​សម្រេច​បិទ​ក្លិប​នោះ​។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​លោក ជួន ណារិន្ទ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ៩ ​នាក់​នោះ​ ត្រូវ​បាន​រកឃើញ​ក្នុងចំណោម​ជនសង្ស័យ​ជិត​ ៤០០ ​នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ក្នុង​ពេល​ឆ្មក់​ចូល​ក្លិប​កម្សាន្ត​មួយ​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ៣០ ខែ​កញ្ញា​។

លោក ណារិន្ទ ​ថ្លែង​ថា​៖ «​បន្ទាប់ពី​បន្ត​នីតិវិធី​រយៈពេល​ ៤៨ ​ម៉ោង​ ជំនាញ​បាន​អនុវត្ត​វិធានការ​ញែក​ចេញ​ម្ចាស់​ទីតាំង​ចែកចាយ ការគ្រប់គ្រង ការបម្រើ​សេវា​ពាក់ព័ន្ធ​នឹង​ការផ្តល់​ទីតាំង​ប្រើប្រាស់​គ្រឿងញៀន​។ យើង​ញែក​ចេញ​បាន​ ៩ ​នាក់ ប្រុស​ ៧ ​ស្រី​ ២ ជា​ជនជាតិ​ចិន បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​»​។

បើតាម​លោក​ ណារិន្ទ ​អ្នក​ដែល​នៅសល់​នឹង​ត្រូវ​ញែក​ឲ្យ​ដាច់​ដោយ​មាន​កិច្ចសហប្រតិបត្តិការ​ជាមួយ​ជំនាញ​ពាក់ព័ន្ធ​មកពី​មន្ទីរ​ប្រឆាំង​គ្រឿងញៀន ក្នុង​នោះ​រកឃើញ​អ្នក​មាន​សារធាតុញៀន​មួយចំនួន និង​មួយចំនួន​ទៀត​ដែល​បាន​ចូល​ទៅលេង​កម្សាន្ត​ធម្មតា​ដោយ​គ្មាន​ពាក់ព័ន្ធ​ក្នុង​ការប្រើប្រាស់​គ្រឿងញៀន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការធានា​ត្រឡប់​ទៅ​ផ្ទះ​វិញ​។

បើតាម​លោក​ស្នងការ​ខេត្ត​ព្រះសីហនុ ដោយ​មាន​ការដឹកនាំ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​ សៀង សុខ និង​ព្រះរាជអាជ្ញារង​លោក​ ពេញ ពិសិដ្ឋ ព្រមទាំង​លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​បាន​សម្រេច​ទៅតាម​ផ្លូវច្បាប់ បិទ​ជា​បណ្តោះអាសន្ន ក្លិបកម្សាន្ត​ដែលមាន​ស្លាក​យីហោ​ភោជនីយដ្ឋាន ស៊ីនខាយសៀនមិន​។

លោក ឆាយ គឹមខឿន អ្នកនាំពាក្យ អគ្គស្នងការ​នគរបាលជាតិ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការបង្ក្រាប​ក្លិប​កម្សាន្ត​លួច​បើក​ខារ៉ាអូខេ និង​ម៉ាស្សា​បម្រើ​សេវា​ផ្លូវភេទ​ក្នុង​ខេត្ត​ព្រះសីហនុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មនុស្ស​សរុប​ចំនួន​ ៣៧៥ ​នាក់​ក្នុងនោះ​មាន​នារី​ម៉ាស្សា​ និង​បម្រើ​ផ្លូវភេទ​ព្រមទាំង​ភ្ញៀវ​ចូលទៅ​កម្សាន្ត​។ អ្នកពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ចំនួន ៥២ ​នាក់ (​ចិន ៤២ ​នាក់ និង​វៀតណាម​ ១០ ​នាក់​) ​ក្នុងនោះ​អ្នកជួញដូរ​ និង​សម្រួល​ឱ្យប្រើ​ប្រាស់​គ្រឿងញៀន​មាន​ចំនួន​ ៩ ​នាក់​ ជា​ជនជាតិ​ចិន​ត្រូវ​បាន​បញ្ជូន​ទៅ​តុលាការ​។

ចំណែក​វត្ថុតាង​ដែល​ត្រូវ​សមត្ថកិច្ច​ដកហូត​មាន​សារធាតុញៀន​ចំនួន​ជាង ១២ ​គីឡូក្រាម និង​ឧបករណ៍​សម្ភារ​ប្រើប្រាស់​មួយចំនួន​រួមទាំង​ដកហូត​អាវុធ​ចំនួន​ ៣ ​ដើម (​អាវុធខ្លី​ ២ ​ដើម និង​វែង​ ១ ​ដើម​) ​និង​គ្រាប់កាំភ្លើង​ចំនួន​ ១០២ ​គ្រាប់​។

អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជា​ជនបរទេស​សរុប​ចំនួន​ ៧៦ ​នាក់ ​ត្រូវ​ស្នើសុំ​បណ្តេញចេញ​ដែល​ក្នុងនោះ​មាន​ ៣៣ ​នាក់​ជា​ជនជាតិ​ចិន​ និង​ ១០ នាក់​ជា​ជនជាតិ​វៀតណាម​ក្រៅពី​នេះ​មាន​នារី​ម៉ាស្សា​បម្រើសេវា​ផ្លូវភេទ​ចំនួន ៣៣ ​នាក់ (​ជនជាតិ​ចិន ២៤ ​នាក់ និង​វៀតណាម ៩​ នាក់​)​។

លោក​ គឹមខឿន បញ្ជាក់​ថា ក្រៅពីនោះ​ចំពោះ​អ្នក​មិន​ពាក់ព័ន្ធ​គ្រឿងញៀន​ដែលមាន​បុគ្គលិក កម្មករ និង​អ្នក​ចូល​ទៅលេង​កម្សាន្ត​ត្រូវ​បាន​ធ្វើការ​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​រួច​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ​វិញ ចំណែក​អ្នកប្រើប្រាស់​គ្រឿងញៀន​ជា​ជនជាតិ​ខ្មែរ​ត្រូវ​បញ្ជូន​ទៅ​មណ្ឌល​អប់រំ ព្យាបាល បន្សាប និង​ស្តារនីតិសម្បទា​។

បើ​តាម​អ្នកនាំពាក្យ​អគ្គស្នងការ​នគរបាលជាតិ​មក​ដល់​ថ្ងៃទី​ ៤ ខែ​តុលា សមត្ថកិច្ច​កំពុង​បន្ត​ស្រាវជ្រាវ​រក​ប្រភព​អាវុធ​ដែល​ផ្តល់ឱ្យ​ជនល្មើស ស្វែងរក​ចាប់ខ្លួន​យក​មក​ផ្តន្ទាទោស​តាមច្បាប់ និង​បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​ក្នុង​ និង​ក្រៅប្រទេស ដើម្បី​រក​ប្រភព​ផ្គត់ផ្គង់​សារធាតុ​ញៀន និង​បក្ខពួក​មេខ្លោង​។

អ្នកនាំពាក្យ​សាលាដំបូង​ខេត្ត​ព្រះសីហនុ​លោក​ លឹម ប៊ុនហេង មិនអាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​៕