The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ជន​សម្លាប់​គ្រូព្រោះ​​គំនុំ​ស្នេហា ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​

ជន​សម្លាប់​គ្រូព្រោះ​​គំនុំ​ស្នេហា ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​

Content image - Phnom Penh Post
ជន​សង្ស័យ​បាញ់​សម្លាប់​គ្រូបង្រៀន​ត្រូវ​ចាប់​ខ្លួន​​​។ សហការី

ជន​សម្លាប់​គ្រូព្រោះ​​គំនុំ​ស្នេហា ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​

កំពង់ស្ពឺ: ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ នៅ​ថ្ងៃទី ១០ ខែ​ឧសភា​នេះ នឹង​បញ្ជូន​បុរស​សង្ស័យ​ម្នាក់​ទៅ​សាលា​ដំបូង​ខេត្ត បន្ទាប់​ពី​សមត្ថកិច្ច​ចាប់​ខ្លួន​ កាល​ពី​ថ្ងៃ​ទី ៨ ឧស​ភា​ ពាក់ព័ន្ធ​ករណី​បាញ់​សម្លាប់​បុរ​ស​​ជា​គ្រូបង្រៀន​ម្នាក់​ ពាក់​ព័ន្ធរឿង​គំនុំ​ស្នេហា​ត្រីកោណ។

លោក សោម បូរ៉ា ស្នងការរ​ង​​​ខេត្តកំពង់ស្ពឺ​ទទួលបន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ថ្ងៃម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​បានបញ្ចប់​ការសាកសួរ និង​ធ្វើ​របា​យ​កា​រ​ណ៍​រួចរាល់​ហើយ​ជុំវិញ​ករណី​នេះ។

លោក​បញ្ជាក់​ថា៖ «យើង​បម្រុង​បញ្ជូន​​ទៅ​តុលាការ​ថ្ងៃទី ៩​ ឧសភា​ ប៉ុន្ដែ​​យើង​ធ្វើ​អត់​ទាន់​ទេ ព្រោះ​ភ្លៀង​។ ឥឡូវ​យើង​បញ្ជូន​ទៅ​នៅ​ថ្ងៃទី ១០ ឧសភា​ ពេល​ព្រឹក​វិញ»។

លោក​បន្តថា នៅ​ថ្ងៃទី ៨ ឧសភា​ បុរស​ម្នាក់​ឈ្មោះ ជួន ធា​រី​រាសី អាយុ​ ៣​០​ ឆ្នាំ បាន​លួច​បាញ់ប្រហារ​លើ​បុរស​ម្នាក់​​​ឈ្មោះ ទូច វាសនា ​អាយុ ២៥ ​ឆ្នាំ ជា​គ្រូ​បង្ហាត់កីឡា ​នៅ​អនុវិទ្យា​ល័យ​តាំង​របងស្ថិ​ត​នៅ​ឃុំ​តាំង​របង ស្រុក​ឱរ៉ាល់ ខណៈ​កំពុង​អង្គុយ​ហូប​បាយ​ថ្ងៃត្រង់​ជាមួយ​​គ្រូៗ​ដទៃ​ទៀត។

លោក​បន្ថែមថា ករណីនេះ ផ្តើមចេញពី​រឿង​គំនុំ​ស្នេហា​ត្រីកោណ ខណៈ​ជនរងគ្រោះ​លួច​ទាក់ទង​ស្នេហា​ជាមួយ​​ប្រពន្ធ​របស់ ខ្លួន ហើយ​ថតរូប​បង្ហោះ​លើ​ហ្វេ​សប៊ុក​ទៀត។ បន្ទាប់ពី​រូបគេ​បាន​លែងលះគ្នា​ជាមួយ​ភរិយា​ចំនួន ៥ ខែ​មក​ដោយ​អះអាង​ថា មក​​ពី​ជនរង​គ្រោះ​ញ៉ែ​ប្រពន្ធ​ខ្លួន ទើប​បាន​ជា​នារី​ជា​ប្រពន្ធ​សុំ​លែងលះ​គ្នា។

លោក អ៊ុន ឌី អធិការរង​ ​ស្រុក​ឱ​រ៉ា​ល់ ​ថ្លែង​ថា ក្រោយ​ពី​ឃាត់​ខ្លួន ​លោក​បាន​សាកសួរ​ពី​មូលហេតុ​មួយចំនួន​។ លោក​បន្តថា ជនសង្ស័យ​ឈ្មោះ ជួន ធា​រី​រាសី មុខរបរ​ជាជាង​មាស មាន​ទីលំនៅ​ភូមិ​ទី៤ ឃុំ​ព្រះ​ពន្លា ស្រុក​សេរី​សោភ័ណ ខេត្ត​បន្ទាយ មានជ័យ បានធ្វើ​ដំណើរ​​​រយៈពេល ៣ ថ្ងៃ​តាម​រយៈ​ម៉ូតូ​ក​ញ្ចា​ស់​ ១ គ្រឿង​ ព្រមទាំង​បាន​ទិញ​កាំភ្លើង​ខ្លីម៉ាក កា ៥៤ មួយ​ដើម​ដាក់​ជាប់​ខ្លួន​ដែរ។

លោក​បន្ថែម​ថា លុះ​មកដល់​កន្លែង​កើត​ហេតុ ជន​សង្ស័យ​ បាន​បាញ់​ទៅលើ​ជនរង​គ្រោះ​ទូច វាសនាដួល​ស្លាប់ភ្លាមៗ នៅ​​នឹងកន្លែង ហើយ​ជន​សង្ស័​យ​​ព្យាយាម​រត់គេចខ្លួន ប៉ុន្ដែ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​តែម្ដង។

បន្ទាប់ពី​ឃា​ត់​​ខ្លួន​ជន​នេះ​សារភា​ព​ប្រាប់​សមត្ថកិច្ច​ថា រូបគេ និង​ប្រពន្ធ​មាន​ស្រុកកំណើត​នៅ​ស្រុក​គងពិសី បាន​រៀបការ​តាំងពី​ឆ្នាំ ​២០១៥ ហើយ​គេ​ក៏​ទៅរក​ស៊ី​នៅ​ខេត្ត​បន្ទាយ​មានជ័យ ​យូរៗទើប​មកជួប​ប្រពន្ធ​ម្តង។ រយៈពេល ២ ឆ្នាំនេះ ខ្លួន​​ស៊ើប​​ដឹងថា ប្រពន្ធ​បាន​លួច​ទាក់ទង​ជាមួយ​គ្រូបង្រៀន​រូបនេះទើប​ធ្វើ​ឲ្យ​ឈឺចិត្ត​ខ្លាំងហើ​យ​ក៏​ធ្លាប់​ប្រាប់​ឲ្យ​ឈប់​ទាក់ទង តែ​​គ្រូ​រូប​នេះ​​មិន​ព្រម​បញ្ឈប់​​ថែម​ទាំង​​ថត​ជាមួយ​ប្រពន្ធ​ខ្លួន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​បញ្ឈឺ​ខ្លួន​ទៀត ទើប​​ទ្រាំ​មិនបាន​ក៏​ទិញ​កាំភ្លើង​ពី​ព្រំដែន​កម្ពុជា-ថៃ​ ហើយ​ធ្វើ​ដំណើរ​មករក​ជនរ​ង​គ្រោះ ដើម្បី​បាញ់​សម្លាប់​ចោល​តែម្តង៕

អត្ថបទគួរចាប់អារម្មណ៍