សៀមរាប/ព្រះវិហារៈ សមត្ថកិច្ចនគរបាលស្រុកសូទ្រនិគមបានបញ្ជូនជនសង្ស័យម្នាក់ទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប នារសៀលថ្ងៃទី ២១ មេសា បន្ទាប់ពីយកកាំបិតប័ុងតោកាប់លើបងនិងប្អូនស្រីបង្កើតចំនួន ២ នាក់ស្លាប់ ក្នុងរឿងទំនាស់ព្រំដីកាលពីល្ងាចថ្ងៃទី ២០ ខែ មេសា នៅភូមិដំរីកូន ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ខណៈបុរសម្នាក់ទៀតកំពុងត្រូវបានតាមចាប់ខ្លួនពាក់ព័ន្ធការសម្លាប់ប្រពន្ធនៅខេត្តព្រះវិហារ។
លោក ទិត ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាបប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា ជនសង្ស័យឈ្មោះ វ៉ូ វន អាយុ ៤៣ ឆ្នាំ ដែលកាប់ស្រ្តីរងគ្រោះឈ្មោះ វ៉ូ ខឹម អាយុ ៤៩ ឆ្នាំ ត្រូវជាបងជនសង្ស័យ និងឈ្មោះ វ៉ូ ឃុត អាយុ ៤២ ឆ្នាំ ត្រូវជាប្អូននោះ ត្រូវចាប់បញ្ជូនមកស្នងការរដ្ឋាននគរបាលខេត្តដើម្បីបន្តនីតិវិធីស៊ើបសួរបន្តទៀត។
លោកប្រាប់ថា៖ «ជននោះសមត្ថកិច្ចស្រុកកំពុងធ្វើកំណត់ហេតុតាមនីតិវិធី ហើយនៅពេលគេធ្វើកំណត់ហេតុរួចរាល់ ទើបបញ្ជូនជនសង្ស័យមកស្នងការដ្ឋាននគរបាលខេត្ត»។
លោក ទេព ចាន់ណា អធិការស្រុកសូទ្រនិគមប្រាប់ពីម្សិលមិញដែរថាជនសង្ស័យឈ្មោះ វ៉ូ វន រូបនេះបានបង្កបទល្មើសកាប់លើបងស្រីបង្កើតរបស់ខ្លួន ហើយជាបទល្មើសជាក់ស្តែង។
លោកថា៖ «នៅពេលដែលខ្ញុំស៊ើបសួរគាត់រួចខ្ញុំនឹងបញ្ជូនគាត់ទៅស្នងការដ្ឋានខេត្តបន្តទៀតហើយ»។
លោក ណារ៉ុង ប្រាប់តាមសម្តីសាក្សីថា នៅថ្ងៃទី ២០ មេសា នៅភូមិសាស្រ្តក្នុងភូមិ-ឃុំខាងលើមានទំនាស់ព្រំដីរវាងជនសង្ស័យនិងស្រ្តីរងគ្រោះដែលពួកគេសុទ្ធតែជាបងប្អូនបង្កើតនឹងគ្នា។ ពេលជជែកប្រហែលជាមិនចុះសម្រុងនឹងគ្នាស្រាប់តែភាគីជនសង្ស័យបានយកកាំបិតទៅកាប់លើបងប្អូនស្រីរបស់ខ្លួនជាច្រើនកាំបិតបណ្តាលឲ្យស្លាប់ទាំង ២ នាក់ តែម្តងទៅ។
លោកថា៖ «រឿងទំនាស់គ្នានេះកើតពីរឿងព្រំដីនៅជិតខាងគ្នាហើយជនសង្ស័យប្រើកាំបិតបុ័ងតោកាប់ស្រ្តីរងគ្រោះ។ ក្រោយបង្កហេតុជនសង្ស័យមិនបានរត់គេចខ្លួនទៅណាទេ»។
ដោយឡែកនៅស្រុករវៀងក្នុងខេត្តព្រះវិហារឯណោះវិញ ក៏មានករណីប្តីវាយសម្លាប់ប្រពន្ធដែរ ហើយខណៈនេះកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋានគរបាលខេត្តព្រះវិហារកំពុងស្រាវជ្រាវចាប់ខ្លួនជនសង្ស័យ។
លោក ព្រំ ស៊ីថា អធិការរងនគរបាលស្រុករវៀងប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនសង្ស័យឈ្មោះជុំ ជន អាយុ ៣០ ឆ្នាំ រីឯស្រ្តីរងគ្រោះឈ្មោះ សៀប សៀង ហៅ ម៉ៅ អាយុ ២៩ ឆ្នាំ មានកូនប្រុសតូចៗ ២ នាក់ ក្នុងបន្ទុកម្នាក់អាយុ ៦ ឆ្នាំ និងម្នាក់អាយុ ៥ ឆ្នាំ។
លោកបញ្ជាក់ថា៖ «សមត្ថកិច្ចរបស់ខ្ញុំកំពុងតាមចាប់ខ្លួនជនសង្ស័យព្រោះក្រោយបង្កហេតុគេបានរត់គេចខ្លួន។ ព្រោះជនសង្ស័យបានសម្លាប់ស្រ្តីរងគ្រោះនៅកន្លែងស្ងាត់ហើយបើតាមសាច់ញាតិបំភ្លឺប្រាប់ខ្ញុំថា រឿងនេះមិនមែនកើតពីរឿងប្រចណ្ឌដែរ»។
លោក ស៊ីថា ប្រាប់តាមសម្តីសាច់ញាតិស្រ្តីរងគ្រោះថា ជនសង្ស័យធ្លាប់សេពគ្រឿងញៀនរហូតដល់ក្រុមគ្រួសារយកទៅដាក់នៅមណ្ឌលបន្សាបគ្រឿងញៀនខេត្តព្រះវិហារទៀតផង ហើយដោយមានក្តីអាណិតប្តីស្រ្តីរងគ្រោះនិងម្តាយរបស់ជនសង្ស័យបានទៅយកជនសង្ស័យពីមណ្ឌលបន្សាបគ្រឿងញៀនវិញ។
នៅថ្ងៃកើតហេតុទី ១៩ មេសា ជនសង្ស័យបានបើកម៉ូតូ ១ គ្រឿង ឌុបស្រ្តីរងគ្រោះដោយមានទាំងកូនប្រុស ២ នាក់ ទៅជាមួយផងដើម្បីទៅមើលចម្ការស្វាយចន្ទី។ ពេលទៅដល់ចម្ការស្វាយចន្ទី ខណៈស្រ្តីរងគ្រោះកំពុងអង្គុយស្រាប់តែជនសង្ស័យយកចបជីកវាយក្បាលជាច្រើនចបជីកបណ្តាលឲ្យដួលស្លាប់នៅកន្លែងកើតហេតុ។
លោកប្រាប់ថា បន្ទាប់ពីវាយសម្លាប់ប្រពន្ធហើយជនសង្ស័យបានបើកម៉ូតូជិះគេចខ្លួនបាត់ដោយទុកកូនឲ្យនៅជាមួយសពម្តាយតែពួកគេបាននាំគ្នារត់មកភូមិ ប្រាប់អ្នកភូមិទើបដឹង៕