ភ្នំពេញៈ ជនជាប់ចោទ​ម្នាក់​ក្នុង​ចំណោម​ ២ ​នាក់​កាលពី​ម្សិលមិញ​បាន​ស្នើសុំ​ចៅក្រម​សាលាឧទ្ធរណ៍​ឲ្យ​បន្ធូរ​បន្ថយទោស​ពាក់ព័ន្ធ​រឿង​ឃាតកម្ម សម្លាប់​មិត្តភក្តិ​ម្នាក់ ប្លន់​យក​ម៉ូតូ​កាលពី​ឆ្នាំ ២០១៥ នៅ​ភូមិ​ខ្នប់​ដំរី ឃុំ​ដំរិល ស្រុក​អូររាំងឪ ខេត្ត​ត្បូងឃ្មុំ ។

តាម​កំណត់ហេតុ​របស់​សាលាឧទ្ធរណ៍​កាលពី​ថ្ងៃទី​ ១ ​ខែ​មិថុនា ឆ្នាំ​ ២០១៥ ​ជនសង្ស័យ​ឈ្មោះ​ ស៊ិន ប៊ិន និង​ អែម ស្រស់ បាន​ប្រើល្បិច​ល្បួង​ហៅ​ជនរងគ្រោះ​ឈ្មោះ សួន ហ៊ីង ឲ្យ​យក​ម៉ូតូឌុប​ពួកគេ​ទៅ​ផឹក​ស្រាបៀរ​នៅ​ហាង​មួយ​ក្នុង​ស្រុក​ត្បូងឃ្មុំ​។ បន្ទាប់ពី​ផឹក​ជនជាប់ចោទ​ និង​បក្ខពួក​បាន​បបួល​ជនរងគ្រោះ​ទៅ​ច្រៀង​ខារ៉ាអូខេ នៅ​អ្នកលឿង​ជិត​ទី​រួម​ខេត្តព្រៃវែង និង​ផឹក​អស់​ស្រាបៀរ​ ២ ​កេស​ទៀត​។

កំណត់​ហេតុ​បន្តថា បន្ទាប់ពី​ក្រុម​ជនសង្ស័យ​ និង​ជនរងគ្រោះ​ផឹកស្រា​ដល់​ម៉ោង​ប្រហែល​ ១១ ​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល និង​ដោយ​ឃើញ​ជនរងគ្រោះ​មាន​សភាព​ស្រវឹងស្រា​ខ្លាំង​ហើយ​នោះ​ក្រុម​ជនសង្ស័យ​បាន​ល្បួង​ជនរងគ្រោះ​ចេញ​ពី​អ្នកលឿង​មក​ផឹកស៊ី​នៅ​កំពង់ចាម​ម្តងវិញ​។

ប៉ុន្តែ​ពេល​ជិះ​ម៉ូតូ​ទៅដល់​ត្រង់​ម្តុំ​ស្ពាន​មាត់​ឃ្មង់​ក្នុង​ឃុំ​ជីរោទ៍​ទី ២ ស្រុក​ត្បូងឃ្មុំ ជនរងគ្រោះ​បាន​ឈប់​ម៉ូតូ​ជុះនោម ខណៈ​នោះ​ស្រាប់តែ អែម ស្រស់ និង ស៊ិន ប៊ិន ​បាន​យក​ព្រនង់​ឈើ​វាយ​ក្បាល​ជនរងគ្រោះ​ប្រហែល​ ៥ ​ទៅ​ ៦ ​ព្រនង់​បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​តែម្តង​។ ដោយ​ដឹងថា ជនរងគ្រោះ​ស្លាប់​ហើយ​នោះ​ អែម ស្រស់ និង​ ស៊ិន ប៊ិន ​បាននាំគ្នា​អូស​ជនរងគ្រោះ​ពី​ចិញ្ចើមផ្លូវ​ចូលក្នុង​ព្រៃ​ប្រហែល ២៥ ​ម៉ែត្រ​ហើយ​ពួកគេ​ដោះយក​ខ្សែក​មាស​ទម្ងន់​ ៥ ​ជី និង​ចិញ្ចៀនមាស​ ១ ​វង់​រួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ហុងដា ឌ្រីម ធុនសេ ១២៥ ស៊េរី​ឆ្នាំ​ ២០១៣ ជិះ​មក​ស្រុក​អូររាំងឪ​វិញ​។

បន្ទាប់ពី​មាន​គេ​ប្រទះឃើញ​សាកសព​ជនរងគ្រោះ​សមត្ថកិច្ច​បាន​ស្រាវជ្រាវ​រយៈពេល​ ១៥ ​ថ្ងៃ ទើប​ចាប់​បាន​ឈ្មោះ ស៊ិន ប៊ិន និង​ក្រោយមក​សមត្ថកិច្ច​បាន​ទៅតាម​ចាប់ អែម ស្រស់ ដល់​ផ្ទះ ប៉ុន្តែ​ជននេះ​បាន​រត់​គេច​ខ្លួន​បាត់ នៅសល់​តែ​ម៉ូតូ​របស់​ជនរងគ្រោះ​។

សំណុំ​រឿងនេះ​ត្រូវបាន​សាលាដំបូង​ខេត្ត​កំពង់ចាម​កាលពី​ថ្ងៃទី​ ២៩ ​វិច្ឆិកា​ឆ្នាំ​ ២០១៥ ផ្តន្ទាទោស ស៊ិន ប៊ិន និង អែម ស្រស់ ឲ្យ​ជាប់ពន្ធនាគារ​ម្នាក់ៗ​ ២០ ​ឆ្នាំ ក្រោម​ការចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​មរណភាព​ជនរងគ្រោះ និង​បង្គាប់​ឲ្យ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ជន​ អែម ស្រស់​។

ស៊ិន ប៊ិន បាន​ឆ្លើយ​ប្រាប់​ចៅក្រម​នៅក្នុង​បន្ទប់​សវនាការ​ពី​ម្សិលមិញ​ថា រូបគេ​ពិតជា​បាន​បបួល​ជនរងគ្រោះ​ទៅ​ផឹកស៊ី​មែន​តែ​រូបគេ​មិន​បាន​សម្លាប់​ជនរងគ្រោះ​ទេ គឺ អែម ស្រស់ ជា​អ្នក​សម្លាប់​។ ជនជាប់ចោទ​ថា​៖ «​ខ្ញុំ​ឃើញ​ឈ្មោះ​ អែម ស្រស់ ​វាយ​ជនរងគ្រោះ​ហើយ​ខ្ញុំ​បាន​ឃាត់​ដែរ​តែ​អែម ស្រស់ ឆ្លើយថា កុំ​ចេះ​។ ខ្ញុំ​ស្នើសុំ​ដល់​តុលាការ​ជួយ​បន្ថយទោស​ដល់​ខ្ញុំ​ផង​»​។

ទោះយ៉ាងណា​លោកស្រី ទីវ គឹមកល្យាណ តំណាង​មហាអយ្យការ​បាន​សួរ​ទៅ​ជន​ជាប់ចោទ​ថា លោក​បានឃើញ​សកម្មភាព​ឈ្មោះ​ អែម ស្រស់ វាយសម្លាប់​ជនរងគ្រោះ ហេតុអ្វី​បាន​ជា​លោក​មិន​ឃាត់ ដើម្បី​បង្អាក់​សកម្មភាព​នោះ​? ករណី​នេះ​បើ​លោក​មិនមែន​ជា​បក្ខពួក អែម ស្រស់ ទេនោះ ប្រហែល​ អែម ស្រស់ សម្លាប់​លោក​ចោល​ដែរ​ហើយ​។ លោកស្រី​ថា​៖ «​ធម្មតា​គេ​មិន​ទុក​សាក្សី​ដែល​បាន​ឃើញ​ហេតុការណ៍​ទេ បើ​ទុក​គេ​ខ្លាច​សាក្សី​នោះ​ប្រាប់​នគរបាល​»​។

លោក មេធាវី​ការពារ​សិទ្ធិ​ឲ្យ​ជនជាប់ចោទ​បាន​សន្និដ្ឋាន​ថា កូនក្តី​របស់​លោក​បាន​សារភាព​អស់ហើយ ដូច្នេះ​សូម​តុលាការ​បន្ធូរ​បន្ថយទោស​ដល់​គាត់​ផង​។

ប៉ុន្តែ​លោកស្រី ទីវ គឹមកល្យាណ សន្និដ្ឋាន​ថា បើ​ពិនិត្យ​លើ​អង្គហេតុ​បង្ហាញថា ជន ស៊ិន ប៊ិន ពិត​ជា​បាន​ចូលរួម​សម្លាប់​ជនរងគ្រោះ​មែន​។ ដូច្នេះ​លោកស្រី​សូម​រក្សា​សាលក្រម​របស់​សាលាដំបូង​ខេត្ត​កំពង់ចាម​នៅ​ដដែល​។

ក្រោយ​ជំនុំជម្រះ​លោក ស៊ិន វិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ថ្លែងថា សាលដីកា​នេះ​ប្រកាស​ថ្ងៃទី​ ៨ មិថុនា​៕