ភ្នំពេញ: អាជ្ញាធរ​ខណ្ឌដូនពេញ នៅ​ថ្ងៃទី ១៦ ខែ​ មិថុនា​ បាន​​ចាប់​បញ្ជូន​ជន​​អនាថា និង​ជន​ញៀន​គ្រឿងញៀន​ចំនួន ៣៣​ នាក់​​ ដែល​ចាប់​ប្រមូល​ពី​តាម​ដង​ផ្លូវ​នានាយក​ទៅ​​មន្ទីរ​សង្គម​​កិច្ច អតីត យុទ្ធជននិង​យុវនីតិ​សម្ប​ទា​រាជធានី​ភ្នំពេញ ដើម្បី​ព្យាបា​ល និង​ធ្វើ​ការអប់រំ បណ្ដុះ​បណ្ដាល​​ជំនាញ។

លោក យស យុ​ទ្ធី អភិបាលរង​ខណ្ឌ​ដូន​ពេញ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍ កាលពី​ម្សិលមិញ​ថា ជនអនាថា និង​ជន​ញៀន​គ្រឿ​ង​​ញៀន​ចំនួន ៣៣ នាក់ ក្នុង​នោះ​ស្ដ្រី ៧ នាក់ និង​កុមារ​ ២ នាក់ ត្រូវបាន​លោក​ដឹកនាំ​កម្លាំង​ចម្រុះ​ខណ្ឌដូនពេញ បាន​​ចាប់​ប្រមូល​​នៅក្នុង​មូលដ្ឋាន ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ ព្រោះ​កន្លង​មក ពួកគេ​តែងតែ​ដើរ​សុំទាន​តាម​ហាងនិង​ទីប្រ​ជុំជន​នានា​ក្នុង​ក្រុង​ភ្នំពេញ។

លោក​បន្ត​ថា ពួកគាត់​មួយចំនួនបានធ្វើ​ឲ្យ​ខូច​សណ្ដាប់ធ្នាប់​នៅតាម​ទីសាធារណៈ​ក្នុង​ក្រុងដោយមាន​អ្នកខ្លះ​បាន​ដេក​លើ​បង់ ឬ​លើ​សួនច្បារ​ចាប់ពី​ព្រឹក​រហូតដល់​យប់ អ្នកខ្លះ​ដើរ​សុំទាន​តាម​ហាង ភោ​ជនី​យដ្ឋា​ន តាម​វត្ត​អារាម និង​ទីប្រជុំជន​នានា។ ក្នុងនោះ ក៏មាន​អ្នក​សេពគ្រឿង​ញៀន ដើរ​បង្កបញ្ហា​នៅ​​តាម​ទី​សាធារណៈ និង​ដើរ​បន្ទោ​បង់​ពាស​វាល​ពាស​កាល​ផងដែរ។

លោក​បញ្ជាក់​ថា​៖ «កន្លង​មក​ យើង​បាន​ដើរ​ប្រមូល​គាត់​ជាច្រើនលើក​មក​ហើយ ប៉ុន្ដែ​មិនដឹង​យ៉ាង​ម៉េច​ទេ គាត់​ចេះតែ​ត្រ​ឡ​ប់​មកវិញ។ យើង​ប្រមូល​គាត់​នេះ គឺ​ចង់​បង្រៀន​គាត់​ ពី​បំ​ណិ​ន​ជីវិត គឺ​រៀន​ជំនាញ ជាង​ជួសជុល អប់រំ ណែនាំ​ជាច្រើន​វិធី​ទៀត បើសិន​អ្នក​នៅមាន​ស្មារតី​ល្អ យើង​ក៏​រក​ការងារ​ឲ្យ​គាត់​ធ្វើ​ដែរ»។

លោក យុ​ទ្ធី បន្ថែម​ថា ខណៈដែល​ពួកគាត់​កំពុង​ស្នាក់​នៅ​មន្ទីរ​សង្គមកិច្ច ​រាជធានី​ភ្នំ​ពេ​ញ​នោះ ក្រុមមន្ត្រី​ជំនាញ​ នឹងធ្វើ​ការ​ព្យា​​បាល បន្សាប​គ្រឿង​ញៀន និង​ពិនិត្យ​សុខភាព​ជូន​ពួកគាត់​ជាប្រចាំ។

លោក​បន្ត​ថា​៖ «មិន​ត្រឹមតែ​ពួក​គា​​ត់​​ដែល​ខ្ញុំ​ប្រមូលបាន​ហ្នឹង​ទេ សូម្បីតែ​ជនរងគ្រោះ​ដទៃទៀត ដែល​គាត់​មាន​បញ្ហា​ញៀន​ថ្នាំ​នេះ គឺអាច​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោម​ការគ្រប់គ្រង​រប​ស់​មន្ទីរ​សង្គម​កិ​ច្ច​យើង​ហ្នឹង​ក៏បាន​ដែរ»។

ប៉ុន្តែ លោក​ស្រី មុំ ចាន់​ដា​នី ប្រធាន​មន្ទីរ​សង្គម​កិច្ច អតីតយុទ្ធ​ជននិង​យុវនី​​តិ​សម្បទា​រាជធានី​ភ្នំ​ពេញ បាន​ថ្លែង​​ពី​ម្សិល​មិញ​ថាលោកស្រី​មិន​ទាន់​បា​ន​ទទួល​ជនអនាថា និង​ជន​ញៀន​គ្រឿង​ញៀន​ចំនួន ៣៣ នាក់​ នៅឡើយ​ទេ ដោ​យ​រង់ចាំ​សាកសួរ​មន្ត្រី​ដែល​ទទួល​បន្ទុក​ផ្នែក​ការងារ​នេះ​សិន។ «ខ្ញុំ​អត់​ដឹង​ផងមិន​ដឹង​ថា អាជ្ញាធរ​គាត់​បញ្ជូន​​មក​ពេល​ណា?»។

លោក ស៊ឹង សែន​ករុណា អ្នកនាំពា​ក្យ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក បាន​ថ្លែងថា ប្រជា​ពលរដ្ឋ​មាន​សិទ្ធិ​រស់រៀន​មានជីវិត​ប្រកប​ដោយ​មាន​តម្លៃ និង​សេចក្ដី​ថ្លៃ​ថ្នូរ ហើយ​ក្នុងនាម​រដ្ឋាភិ​បាល ត្រូវ​តែ​ធានា​ការ​គោរព ការពារ និង​ការយក​ចិត្ត​ទុក​ដាក់​ជាមួយ​ពួកគាត់។

លោក​បន្តថា លោក​គាំទ្រ​ឲ្យ​មានការ​រៀបចំ​សណ្ដាប់ធ្នាប់​សាធារណៈ​បែបនេះ ប៉ុន្ដែ​នៅពេល​យក​ពួកគាត់​ទៅ​ទុក​នៅ​កន្លែង​​ណា​ក៏ដោយ ត្រូវតែ​យកចិត្ត​ទុកដាក់​ខ្ពស់ ក្នុងការ​ថែរក្សា​ពួកគាត់​ឲ្យ​បាន​ត្រឹមត្រូវ។ បើ​ពួកគាត់​មាន​ជំងឺ ត្រូវមាន​សេវា​ព្យាបាល​ឲ្យ​គាត់ បង្រៀន​ជំនាញ អប់រំ ណែនាំ និង​ជួយ​រក​ការងារ​ឲ្យ​ធ្វើ ដើម្បី​ធានាថា ពេល​ពួកគាត់​ចេញមក​វិញ អាច​គ្រប់គ្រង​ជីវិត​ខ្លួន​គាត់​បាន​ល្អនិង​ក្លាយជា​មនុស្ស​ល្អ​ក្នុង​សង្គម។

លោកបាន​​បញ្ជាក់​ថា​៖ «បើ​យើង​ចាប់គាត់​ យកទៅដាក់​មណ្ឌល គឺ​មណ្ឌល​នោះ ត្រូវតែ​ផ្ដល់​ភាពកក់ក្ដៅ​ដល់​គាត់ បើសិនជា​ក្មេង​មិនដែល​បាន​រៀនសូត្រ ត្រូវ​ឲ្យ​គាត់​រៀន អ្នក​ញៀន​ថ្នាំ ត្រូវ​ព្យាបាល​បន្សាប​គ្រឿង​ញៀន​ពី​ខ្លួន​​របស់​គាត់ បើ​អ្នកមាន​ជំងឺ​ប្រចាំកាយ ត្រូវមាន​សេវា​ព្យាបាល​ពួក​គាត់។ អ៊ីចឹង គឺ​ត្រូវ​ធានា​សុខុមាលភាព​ពួក​គាត់​ទាំង​អស់ហ្នឹង គឺ​មិន​មែន​ចាប់​មនុស្ស​យក​ទៅ​ដាក់​ចោល បង្ខាំង ចង់​អ្នកណា​ធ្វើ​អ្វី​ក៏​ធ្វើ​ទៅនោះ​ទេ​ គឺ​មិន​មែន​អ៊ីចឹង គឺ​ត្រូវ​ថែ​គាត់​ឲ្យ​បាន​ត្រឹមត្រូវ»៕