
ភ្នំពេញៈ ឥឡូវនេះ កម្ពុជាកំពុងជួបប្រទះករណីជំងឺគ្រុនផ្តាសាយបក្សី H5N1 ច្រើនបំផុត ដោយរាប់ទាំងបុរសនៅខេត្តកំពង់ចាមម្នាក់ អាយុ ៣៥ ឆ្នាំ បានក្លាយជាករណីទី ៩ ហើយជាបុរសទី ៨ ដែលបានស្លាប់ ដោយសារជំងឺគ្រុនផ្តាសាយបក្សីនៅដើមឆ្នាំនេះ។
លោក ធឿន ឌឿន មកពីស្រុកស្ទឹងត្រង់ បានស្លាប់ នៅវេលាម៉ោង ១១ យប់ ថ្ងៃចន្ទ ប៉ុន្តែ គេជឿជាក់ថា លោកបានឆ្លងមេរោគ H5N1 ជិត សប្តាហ៍មុន កាលពីថ្ងៃទី ៦ ខែកុម្ភៈ បន្ទាប់ពីគាត់ បានបរិភោគទាពីរក្បាល ដែលឆ្លងមេរោគនេះ។
គាត់បានទៅគ្លីនិកក្នុងស្រុក ពេលមានជំងឺគ្រុនក្តៅ និងក្អក កាលពីថ្ងៃទី១៣ ខែកុម្ភៈ ជាកន្លែងដែលគាត់ត្រូវបានផ្ទេរភ្លាមៗ តាមរថយន្តសាមុយទៅមន្ទីរពេទ្យខេត្ត ហើយដាក់ក្នុងបន្ទប់ដាច់ដោយឡែក។ ស្ថានភាពសុខភាពរបស់គាត់កាន់តែចុះខ្សោយ ដោយសារឆ្លងជំងឺបន្ទាប់បន្សំ ហើយកាលពីថ្ងៃសុក្រ សប្តាហ៍មុន គាត់ត្រូវបានផ្ទេរមកមន្ទីរពេទ្យកាល់ម៉ែត ជាកន្លែងដែលគាត់ស្លាប់បាត់បង់ជីវិត។
លោក គឹម សូភីរុណ ប្រធានមន្ទីរសុខាភិបាលខេត្ត កំពង់ចាម បានឲ្យដឹងថា លទ្ធផលដែលបានបញ្ជូនទៅកូរ៉េបានបញ្ជាក់កាលពីថ្ងៃសៅរ៍ថា បុរសម្នាក់នេះមានជំងឺគ្រុនផ្តាសាយបក្សី H5N1។ លោក បញ្ជាក់ថា នៅពេលដែលគាត់ទៅដល់មន្ទីរពេទ្យកាល់ម៉ែត គាត់ស្ថិតក្នុងស្ថានភាពមិនអាចសង្គ្រោះបានទេ។
ក្រុមឆ្លើយតប រហ័សមួយ ត្រូវបានបញ្ជូនទៅភូមិភ្លាមៗ បន្ទាប់ពីធ្វើរោគវិនិច្ឆ័យឃើញថា បុរសនេះ មានជំងឺគ្រុនផ្តាសាយបក្សី ហើយសត្វមាន់ ទាជាង ៣០០ ក្បាល ត្រូវបានសម្លាប់។
ចំនួនករណីឆ្លងជំងឺគ្រុនផ្តាសាយបក្សីខ្ពស់ បំផុតលើកមុនគឺក្នុងឆ្នាំ២០១១ ដែលមានមនុស្ស ៨ នាក់ស្លាប់ក្នុងចំណោមករណីទាំងអស់ ៨ ប៉ុន្តែ ឆ្នាំនេះ លើសមួយករណី ដោយករណីទាំង ៩ កើតឡើង ចាប់តាំងពីចុងខែមករា។
ករណីស្លាប់មុននេះគឺក្មេងប្រុសអាយុ ២ ឆ្នាំ ក្នុងខេត្តកំពត ដែលស្លាប់បាត់បង់ជីវិតកាលពីសប្តាហ៍មុន។
លោក លី សុវណ្ណ អនុប្រធាននាយកដ្ឋានទប់ស្កាត់ជំងឺឆ្លងនៃក្រសួងសុខាភិបាល បានថ្លែងថា លោកព្រួយបារម្ភអំពីការរាលដាលយ៉ាងឆាប់រហ័សនូវជំងឺនេះ ក្នុងរយៈពេលតិចជាង ២ ខែ ហើយថា អ្នកជំងឺចុងក្រោយគ្មានការយកចិត្តទុកដាក់ក្នុងការជូនដំណឹង អាជ្ញាធរឲ្យបានឆាប់ទេ។
លោកបានបន្ថែមថា៖ «ខ្ញុំសូមជូនដំណឹង និងអំពាវនាវម្តងទៀត ដល់ប្រជាជនទាំងមូល ប្រសិនបើអ្នកឈឺ ឬមានសត្វបក្សីងាប់ អ្នកត្រូវរាយការណ៍ប្រាប់អាជ្ញាធរក្នុងស្រុក ហើយកុំប៉ះ ឬបរិភោគសត្វបក្សីទាំងនោះ។ ម្យ៉ាងទៀត អ្នកត្រូវប្រាប់កូនចៅឲ្យនៅឆ្ងាយពីសត្វបក្សី»។
លោក សុវណ្ណ បានលើកឡើងថា អាជ្ញាធរកំពុងបង្កើតការឆ្លើយតបរបស់ខ្លួន ដោយពងឹ្រងការតាមដាន និងយុទ្ធនាការទំនាក់ទំនង។
លោក Sonny Krishnan នៃអង្គការសុខភាពពិភពលោក បានថ្លែងថា យើងកំពុងឃ្លាំមើលស្ថានការណ៍យ៉ាងយកចិត្តទុកដាក់។ លោកបានមានប្រសាសន៍ថា៖«នៅពេលនេះ ពុំមានការឆ្លងមេរោគ H5N1 ពីមនុស្សទៅមនុស្សទេ ហើយជំងឺនៅតែឆ្លងមានកម្រិតពីសត្វមាន់ទាទៅមនុស្ស។ ប៉ុន្តែ យើងកំពុងតាមដានយ៉ាងដិតដល់នៅថ្នាក់ភូមិ និងសហគមន៍»។
លោកបានបន្ថែមទៀតថា មន្រ្តីបានអនុញ្ញាតឲ្យបង្កើតការផ្សព្វផ្សាយអប់រំតាមវិទ្យុ និងទូរទស្សន៍ រហូតដល់ចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ លោកបានឲ្យដឹងទៀតថា៖«ក្នុងការស៊ើបអង្កេតរបស់យើង មានចលនាសត្វមាន់ទាកាន់តែខ្លាំងឡើង ក្នុងអំឡុងពេលចូលឆ្នាំថ្មីតាមចន្ទគតិ ហើយយើងរំពឹងថានឹងមានចលនាសត្វមាន់ទាកាន់តែខ្លាំងមួយ ទៀត ក្នុងអំឡុងចូលឆ្នាំថ្មី ប្រពៃណីខ្មែរ»។
ទន្ទឹមនឹងនេះ អាជ្ញាធរចត្តាឡីស័ក(ត្រួតពិនិត្យតាមព្រំដែន)របស់ចិន បានពង្រឹងវិធានការពិនិត្យជំងឺគ្រុនផ្តាសាយលើមនុស្ស និងទំនិញដែលនាំចូលទៅប្រទេសចិន ពីប្រទេសកម្ពុជា។
សេចក្តី ជូនដំណឹងមួយ នៅលើគេហទំព័ររបស់រដ្ឋបាលទូទៅពិនិត្យគុណភាព ត្រួតពិនិត្យ និងចត្តាឡីស័ករបស់ចិន បានឲ្យដឹងថា ប្រជាជនវិលត្រឡប់ពីកម្ពុជា ដែលមានរោគសញ្ញាមេរោគ H5N1 គួរជូនដំណឹងមន្រ្តីអន្តោប្រវេសន៍ ភ្លាមៗ នឹងមានការត្រួតពិនិត្យសីតុណ្ហភាពលើអ្នកដំណើរ ហើយទំនិញ វ៉ាលិស និងកញ្ចប់ពីកម្ពុជា នឹងត្រូវសម្លាប់មេរោគសិន មុនពេលត្រូវអនុញ្ញាតឲ្យចូលក្នុងប្រទេសចិន។ សេចក្តីជូនដំណឹងបានបន្តថា៖ «វិធានការទាំងនេះ គឺដើម្បីបង្ការការរីករាលដាលនៃជំងឺគ្រុនផ្តាសាយបក្សីចូលមកចិន និងការពារជនជាតិចិនដែលចូល និងចាកចេញពីកម្ពុជា»។
វិធានការនេះ អាចនឹងចូលជាធរមានសម្រាប់រយៈពេល ៣ ខែ៕ TK