ភ្នំពេញៈ មន្រ្តីយោធាបានឲ្យដឹងថា កាលពីព្រឹកថ្ងៃអាទិត្យ អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនជាតិថៃចំនួនពីរនាក់បន្ទាប់ពីពួកគេបានឆ្លងដែនចូលជ្រៅមកក្នុងទឹកដីកម្ពុជា ដើម្បីធ្វើការបរបាញ់សត្វព្រៃ។
លោក ព្រាប ធឿត មន្រ្តីព័ត៌មាននៃកងយោធពលខេមរភូមិន្ទប្រចាំនៅ ខេត្តព្រះវិហារ បានថ្លែងឲ្យដឹងថា បុរសជនជាតិថៃពីរនាក់ត្រូវបានឃាត់ខ្លួននៅម៉ោងប្រហែល ៨ និង ៥០ នាទីនៅតំបន់ ណងធឹម ខាងជើងប្រាសាទព្រះវិហារ ខណៈពួកគេឆ្លងដែនមកធ្វើការបរបាញ់សត្វ ដោយកងកម្លាំងកម្ពុជា រឹបអូសបានកាំភ្លើងវែងពីរដើមផងពីអ្នកទាំងពីរ។
យោងតាមលោក ព្រាប ធឿត បានឲ្យដឹងថា បុរសជនជាតិថៃពីរនាក់នោះម្នាក់ឈ្មោះ Sin La អាយុ ៥៧ឆ្នាំ និងម្នាក់ឈ្មោះ Thak Vin អាយុ ៣៩ឆ្នាំ មកពី ខេត្តស៊ីសាកេត ហើយមន្រ្តីយោធាបានប្រគល់ពួកគេទៅឲ្យប៉ុស្តិ៍នគរបាលមូលដ្ឋាននៅ ជាំក្សាន្ត ដើម្បីសាកសួរថា តើត្រូវចាត់វិធានការផ្លូវច្បាប់ប្រឆាំងពួកគេឬយ៉ាងណា?។
លោកឧត្តមសេនីយ៍ ផាត់ សុផេន ប្រធានការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ ប្រចាំនៅ ខេត្តព្រះវិហារ បានថ្លែងបញ្ជាក់ពីការចាប់ខ្លួនបុរសថៃទាំងពីរនាក់ថា នគរបាលមូលដ្ឋាននៅ ស្រុកជាំក្សាន្ត កំពុងចាត់ការលើបញ្ហានេះ។
លោកឧត្តមសេនីយ៍ ស៊ី គីរី ស្នងការនគរបាល ខេត្តព្រះវិហារ បានថ្លែងថា នគរបាលមូលដ្ឋានបានសាកសួរពួកគេអំពីការឆ្លងដែនខុសច្បាប់ ហើយពួកគេបានសារភាពថា មកបរបាញ់សត្វដោយមិនដឹងពីតំបន់ឆ្លងកាត់ព្រំដែនទេ។
លោក ស៊ី គីរី បានប្រាប់ថា អាជ្ញាធរកម្ពុជានឹងមិនចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងពួកគេទេ ព្រោះពួកគេគឺជាជនស៊ីវិល ហើយមិនដឹងពីតំបន់ព្រំដែនទេ ដូច្នេះ ពួកគេបានទាក់ទងអាជ្ញាធរថៃឲ្យយកពួកគេទៅស្រុកវិញ។
លោក គីរី ថ្លែងថា៖ «អាជ្ញាធរនឹងដោះលែងពួកគេនៅពេលអាជ្ញាធរថៃមកយកពួកគេ។ យើងមិនចាត់វិធានការផ្លូវច្បាប់លើពួកគេ ដោយសារយើងជាមិត្តជិតខាងគ្នា»។
លោក ឡោ ចាន់ អ្នកសម្របសម្រួលសមាគម អាដហុក នៅ ខេត្តព្រះវិហារ បានថ្លែងថា ខាងអាជ្ញាធរកម្ពុជាមិនដែលបាញ់លើពលរដ្ឋថៃដែលឆ្លងកាត់ព្រំដែនខុសច្បាប់ ផ្ទុយពីអាជ្ញាធរថៃដែលតែងតែបាញ់មកលើជនកម្ពុជាពេលឆ្លងកាត់ព្រំដែនទៅកាប់ឈើ ឬបរបាញ់។
លោកបានបន្ថែមថា៖ «ខ្ញុំអង្កេតឃើញថា អាជ្ញាធរកម្ពុជាមិនដែលចាត់វិធានការមកលើពលរដ្ឋថៃ ដែលចូលមកកម្ពុជាខុសច្បាប់ទេ។ ផ្ទុយទៅវិញកងទ័ពថៃ មិនដែលអត់ឱនឲ្យពលរដ្ឋខ្មែរឡើយ»៕