
ភ្នំពេញៈ លោក ប៉ូច យួនលី ដែលហាក់បានដឹងមុនថា លោកនឹងត្រូវស្លាប់ហើយលោកបានកត់ត្រារឿងរ៉ាវទុករហូតទាល់តែអស់ទំព័រសៀវភៅ១៦០ទំព័រ។
ក្នុងសៀវភៅដាក់កងអតីតគ្រូបង្រៀនរូបនេះរាយនាមអ្នកដែលលោកស្គាល់ខណៈពួកគេស្លាប់ម្នាក់ម្តងៗ។ លោករៀបរាប់ពីភាពភ័យរន្ធត់ដែលកើតឡើងជុំវិញលោកនៅក្នុងខេត្តកំពង់ឆ្នាំង ជាកន្លែងដែលខ្មែរក្រហមសម្លាប់សមាជិកគ្រួសារលោកយ៉ាងច្រើន បន្ទាប់ពីទីក្រុងភ្នំពេញដួលរលំ។ លោកក៏កត់ត្រាពីប្រវតិ្តផ្ទាល់ខ្លួនដ៏ខ្លីមួយ ដោយរៀបរាប់ពីស្រឡាយក្នុងគ្រួសារ។ លើក្របមានរូបគ្រួសាររីករាយមួយដែលកំពុងហែលទឹកបឹងជាទំព័រដើមដែលមិនស៊ីគ្នានឹងភាពអស់សង្ឃឹមនិងការតស៊ូដែលរៀបរាប់នៅទំព័រក្នុងនៃសៀវភៅនេះឡើយ។
លោកសរសេរមុនត្រូវចាប់ខ្លួននៅដើមខែសីហាឆ្នាំ១៩៧៦ ថា ៖ «អ្នករាល់គ្នាធ្វើការដូចសត្វធាតុ ដូចម៉ាស៊ីន ហើយពុំមានក្តីសង្ឃឹមសម្រាប់អនាគតទេ»។ ខ្មែរក្រហមបានរកឃើញរូបថតគាត់ពេលធ្វើដំណើរទៅសហរដ្ឋអាមេរិក។
លោក យួនលី ប្រគល់សៀវភៅនេះទៅឲ្យកូនពេលគេដឹកគាត់តាមរទេះទៅឃុំបន្ទាប់ពីរស់នៅជាង១ឆ្នាំ ក្រោមការឃ្លាំមើលពីទាហានខ្មែរក្រហម។ពួកគេលាក់សៀវភៅក្នុងបង្វិចខោអាវ។ ពេលនៅជាប់ឃុំ លោក យួនលី អត់អាហាររហូតស្លាប់។ សៀវភៅនេះស្ថិតក្នុងដៃគ្រួសារ ៣៥ ឆ្នាំ។
អ្នកស្រី ប៉ូច វិសិដ្ឋនារី អាយុ៥០ឆ្នាំ កូនស្រីលោកយួនលី ថ្លែងថា៖«មានប្រវតិ្តគ្រួសារព្រឹត្តិការណ៍និងអ្វីៗដែលកើតឡើងចំពោះយើងនិងអ្វីៗដែលគាត់ដឹង។ គាត់ជាគ្រូបង្រៀន ដូច្នេះ ខ្ញុំគិតថា បើសិនគាត់មានសៀវភៅនិងមានពេលច្រើន គាត់នឹងសរសេរបន្តច្រើនទៀត»។
ក្រុមគ្រួសារលោក យួនលី បានបរិច្ចាគអត្ថបទដ៏កម្រនេះទៅឲ្យមជ្ឈមណ្ឌលឯកសារកម្ពុជា ពីថ្ងៃសុក្រមុន ដើម្បីអាចរក្សាសៀវភៅនេះបានកាន់តែល្អ។
ការកត់ត្រាក្នុងសៀវភៅជារឿងក្លាហានមួយប្រឆាំងនឹងរបបខ្មែរក្រហម។ ខ្មែរក្រហមចាត់ទុកការសរសេរជាជីវិតរបស់អភិជន។ គ្រូបង្រៀននិងវណ្ណៈដែលមានការអប់រំក្លាយជាគោលដៅនេះដែលមនុស្សជាច្រើនលាក់ប្រវត្តិខ្លួន។
ការសរសេរមិនបំផ្លាញចោលតែទាំងអស់ទេ។ កម្មាភិបាលពិតជាបានកត់ត្រាលើការណាត់ជួបនិងកម្មវិធីពេលខ្លះគេសរសេរសំបុត្រស្នេហានិងគំនិតផ្ទាល់ខ្លួន។
លោក ឆាំង យុ នាយកប្រតិបតិ្តនៃមជ្ឈមណ្ឌលឯកសារកម្ពុជា ថ្លែងថា លោកបានប្រមូលសៀវភៅជាង៥០០ក្បាលពីកម្មាភិបាលប៉ុន្តែថា មានសៀវភៅ ៤ ឬ ៥ ក្បាលជារបស់ជនរងគ្រោះដែលនៅសល់ពីរបបខ្មែរក្រហម។ ប្អូនស្រីលោក ឆាំង យុ បានលាក់សៀវភៅកំណត់ត្រានៅក្រោមគ្រែ ក្នុងខេត្តបន្ទាយមានជ័យ រហូតម្តាយឲ្យនាងបំផ្លាញវាចោល។
សៀវភៅក្រាស់ៗ មានតិចតួចណាស់ដូច្នេះការបរិច្ចាគនេះធ្វើឲ្យលោកមានការភ្ញាក់ផ្អើល។ លោក ប៉ូច សុភ័ណ ស្វាមីអ្នកស្រី នារី ប្រគល់សៀវភៅនេះឲ្យលោក ឆាំង យុ ពេលបញ្ចាំងខ្សែភាពយន្តឯកសារថ្ងៃទី៣១ ខែឧសភា ដោយសួរថាតើ មជ្ឈមណ្ឌលចង់រក្សាសៀវភៅនេះឬទេ?
លោកថ្លែងក្នុងបទសម្ភាសថ្មីមួយនៅការិយាល័យលោកថា ៖ «ពេលខ្ញុំឃើញសៀវភៅនេះ ចិត្តរបស់ខ្ញុំញាប់ញ័រ»។
ក្នុងអ៊ីមែលផ្ញើទៅលោក សុភ័ណ ប៉ុន្មានម៉ោងបន្ទាប់ពីការបរិច្ចាគ លោក ឆាំង យុ ចាត់ទុកសៀវភៅនេះថា «ជាការចងចាំប្រទេសជាតិរបស់ប្រជាជនកម្ពុជាគ្រប់គ្នា» ហើយថា លោកនឹង«រក្សាសៀវភៅនេះក្នុងបណ្ណសារ សម្រាប់មនុស្សជាច្រើននិងសម្រាប់កូនខ្មែរដើម្បីសិក្សាពីចំណុចសំខាន់នៃប្រវតិ្តសាស្រ្តរបស់យើង»។
លោក ឆាំង យុ មានផែនការបកប្រែសៀវភៅនេះពីភាសាខ្មែរទៅអង់គ្លេសតែមិនបានប្រាប់ថា នៅពេលណាទេ។
លោក យុ ក៏កំពុងតែអានសៀវភៅនេះ ដែលរៀបរាប់អំពី ជីវប្រវតិ្តផ្ទាល់ខ្លួន ពីព្រឹត្តការណ៍តូចៗ។ កាលបរិច្ឆេទនៃសៀវភៅ១៦០ទំព័រនេះ ចាប់ពីទីក្រុងភ្នំពេញដួលរលំក្នុងខែមេសាឆ្នាំ១៩៧៥ រហូតរដូវក្តៅឆ្នាំ១៩៧៦ ។
អ្នកស្រី នារី មានបងប្អូន៩នាក់ ក្នុងនោះបីនាក់ស្លាប់ក្នុងរបបខ្មែរក្រហម។ ប្អូនប្រុសម្នាក់ត្រូវគេសម្លាប់ក្នុងព្រៃបន្ទាប់ពីលួចជ្រូកមកហូប។ ម្តាយគាត់នៅមានជីវិតរហូតសព្វថ្ងៃនេះ។
បញ្ហារបស់ឪពុកគាត់ចាប់ផ្តើមនៅពេលគាត់ឈឺ ហើយពុំមានរបបអាហារនិងថ្នាំពេទ្យ បន្ទាប់ពីខ្មែរក្រហមរកឃើញរូបថតគាត់ត្រូវជាប់គុកនៅកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំងជាកន្លែងគាត់ស្លាប់នៅទីនោះហើយគាត់តែងតែទៅគោរពវិញ្ញាណក្ខន្ធឪពុក។
មេដឹកនាំចាស់ៗ ពីរ-បីនាក់ដែលធ្វើបាបគ្រួសារអ្នកស្រីក្នុងខេត្តកំពង់ឆ្នាំង រស់នៅទីនោះដល់សព្វថ្ងៃនេះ ប៉ុន្តែគាត់ចង់ទុកឲ្យរដ្ឋអំណាចដោះស្រាយ៕ TK