ភ្នំពេញៈ ក្នុងរយៈពេលពីរថ្ងៃនៃព្រះរាជពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ១០ នាក់ដែលប៉ុនប៉ងលួចខ្សែក ឬលូកហោប៉ៅ និងបានសង្គ្រោះពិនិត្យព្យាបាលជំងឺពលរដ្ឋដែលដើរកម្សាន្តបានជិត ៦ ពាន់នាក់ខណៈគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសមានការថយចុះនៅពេលដែលសំរាមត្រូវបានគេបោះចោលពាសវាលពាសកាលហើយកម្មករដែលបានបោសសំរាមទម្លាក់ចូលទៅក្នុងទន្លេដែលត្រូវបានថត និងបង្ហោះនៅក្នុងបណ្ដាញសង្គមទទួលរងនូវការរិះគន់យ៉ាងខ្លាំង។
តាមហ្វេសប៊ុករបស់អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេសឱ្យដឹងថាក្នុងរយៈពេលពីរថ្ងៃកម្លាំងមានសមត្ថកិច្ចបានប្រតិបត្តិការជួយសង្គ្រោះពិនិត្យព្យាបាលជំងឺអ្នកចូលរួមពិធីបុណ្យអុំទូកបានចំនួនប្រមាណ ៥៧៣១ នាក់ និងបានបញ្ជូនទៅមន្ទីរពេទ្យចំនួន ២៣ នាក់សង្គ្រោះទូកលិចចំនួន ៤ គ្រឿង និងជួយសង្គ្រោះមនុស្សវង្វេងចំនួន ៤៨ នាក់។ ជាមួយគ្នានោះដែរសមត្ថកិច្ចបង្ក្រាបអំពើល្មើសឃាត់ខ្លួនជនសង្ស័យចំនួន ១០ នាក់ និងចាប់យកវត្ថុតាងមួយចំនួន។

ទាក់ទងនឹងចរាចរណ៍វិញតាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសក្នុងពិធីបុណ្យអុំទូករយៈពេលបីថ្ងៃមានការថយចុះ ៣៨ % បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៥។ របាយការណ៍របស់នាយកដ្ឋានចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិឱ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ ២០១៦ មានចំនួន ៣៤ លើកខណៈឆ្នាំ ២០១៥ មានចំនួន ៥៥ លើកគឺថយចុះ ៣៨%។ ប៉ុន្តែកាលពីឆ្នាំ ២០១៥ មិនមានការប្រារព្ធពិធីបុណ្យអុំទូកទេ។
ប្រធាននាយកដ្ឋាននគរបាលសណ្តាប់ធ្នាប់សាធារណៈនៃក្រសួងមហាផ្ទៃលោក រុន រ័ត្នវាសនា ថ្លែងថាការថយចុះនៃគ្រោះថ្នាក់ចរាចរណ៍ដោយសារប្រជាពលរដ្ឋមួយចំនួនយល់ដឹងច្រើនពីច្បាប់ចរាចរណ៍ខណៈការរៀបចំពិធីបុណ្យអុំទូកឆ្នាំនេះមានភាពប្រសើរ។ លោកបន្តថា៖ «បានន័យថាទាំងការសហការជាមួយអាជ្ញាធរដែនដីក៏ដូចជាមានការចូលរួមគោរពច្បាប់ចរាចរណ៍ពីបងប្អូនប្រជាពលរដ្ឋ ហើយការអនុវត្តច្បាប់ថ្មីមានប្រសិទ្ធភាព»។
នាយកវិទ្យាស្ថានសុវត្ថិភាពចរាចរណ៍លោក អ៊ា ចរិយា ថ្លែងថាវាជារឿងធម្មតាសម្រាប់គ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះមានការថយចុះដោយសារឆ្នាំមុនមិនមានពិធីបុណ្យអុំទូក។ លោកថា៖ «អ៊ីចឹងបើយើងប្រៀបធៀបគឺត្រូវតែថយចុះព្រោះអីឆ្នាំមុនមិនមានពិធីបុណ្យអុំទូកតែបើកាលណាមានពិធីអុំទូកគឺឃើញមានចរាចរណ៍ពីខេត្តមកភ្នំពេញ ឬពីភ្នំពេញទៅតាមបណ្តាខេត្តច្រើនហើយពេលនោះកត្តាគ្រោះថ្នាក់ក៏មានច្រើនអ៊ីចឹងបើប្រៀបធៀបពីឆ្នាំនេះទៅឆ្នាំមុនត្រូវតែធ្លាក់ចុះជារឿងធម្មតា»។ លោកសង្កត់ធ្ងន់ថាការគោរពច្បាប់ចរាចរណ៍នៅតែជាបញ្ហាធំនៅកម្ពុជាដោយសារពលរដ្ឋភាគច្រើននៅតែអត់មានការគោរពច្បាប់ដូចជាការបើកបរលើសល្បឿនកំណត់ ស្ថានភាពស្រវឹង ជិះបញ្រា្ចស់ ប្រជែងដោយមិនប្រុងប្រយ័ត្ន។
ជាមួយគ្នានេះការបោះចោលសំរាមពាសវាលពាសកាលពីសំណាក់អ្នកមកដើរកម្សាន្តនៅក្នុងពិធីបុណ្យបានធ្វើឲ្យមានបរិស្ថានមិនល្អនៅក្នុងបរិវេណនៃពិធីបុណ្យអុំទូកក្នុងរយៈពេល ៣ ថ្ងៃកន្លងមកនេះ។ ទាំងនៅក្នុងទឹកទន្លេនៅតាមច្រាំងទន្លេ និងនៅតាមទីកន្លែងផ្សេងៗទៀតគឺសំរាមត្រូវបានគេបោះចោលពាសវាលពាសកាល។ កាលពីម្សិលមិញមានវីដេអូឃ្លីបមួយត្រូវបានគេបង្ហោះនៅតាមបណ្តាញសង្គមហ្វេសប៊ុកដែលកម្មករបានបោសសំរាមទម្លាក់ចូលទៅក្នុងទន្លេ។ ការបោសសំរាមទម្លាក់ចូលទៅក្នុងទន្លេធ្វើឲ្យទឹកទន្លេកខ្វក់នេះបានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងចំពោះក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី និង ស្ថាប័នពាក់ព័ន្ធដែលទទួលខុសត្រូវក្នុងការប្រមូលសំរាម។ លើសពីនេះក៏មានការរិះគន់ចំពោះប្រជាពលរដ្ឋដែលបោះចោលសំរាមពាសវាលពាសកាលនេះផងដែរ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក មាន ចាន់យ៉ាដា ថ្លែងថាចំនួនបរិមាណសំរាមកើនឡើងតាមចំនួនមនុស្សចូលរួមគឺជាក់ស្តែងពិធីបុណ្យថ្ងៃទី ២ បរិមាណសំរាមមានការកើនឡើងជាងថ្ងៃទី ១ ហើយកម្លាំងសម្អាតមានចំនួន ១៧០០ នាក់មកពីខាងក្រុមហ៊ុនស៊ីនទ្រី និងកម្លាំង ២៩០ នាក់មកពីខាងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
លោកថា៖ «យើងមានកម្លាំងជាង ១៧០០ នាក់មកពីខាងក្រុមហ៊ុនស៊ីនទ្រី និង ២៩០ នាក់មកពីអង្គភាពមន្ទីរសាធារណការក្នុងការសម្អាតសំរាមអំឡុងព្រះរាជពិធីបុណ្យអុំទូក»។ ទាក់ទិនទៅនឹងវីដេអូដែលបង្ហាញពីកម្មករបោសសំរាមទម្លាក់ចូលក្នុងទន្លេលោក ចាន់យ៉ាដា បានបដិសេធធ្វើអធិប្បាយលម្អិតដោយលោកគ្រាន់តែថ្លែងថាករណីខ្លះមានការខ្វះចន្លោះតែអង្គភាពទាំងមូលភាគីពាក់ព័ន្ធខិតខំរៀបចំពិធីបុណ្យដោយសម្អាតទីធ្លា និងអនាម័យធ្វើយ៉ាងណាឲ្យបានល្អ។
យោងតាមតារាងទិន្នន័យសំរាមរបស់ក្រុមហ៊ុនស៊ីនទ្រីដែលប្រមូលពីតាមបណ្តាខណ្ឌទាំង ១២ ក្នុងរាជធានីភ្នំពេញនៅក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូកគឺនៅថ្ងៃទី ១ ក្នុងខណ្ឌដូនពេញក្រុមហ៊ុនស៊ីនទ្រីប្រមូលសំរាមបានចំនួន ១៨៣,៨១ តោនខណៈថ្ងៃទី ២ ប្រមូលបានចំនួន ២៥១,៣៦ តោន។
អ្នកមកលេងពិធីបុណ្យអុំទូកម្នាក់មកពីខេត្តកំពង់ស្ពឺលោក យ៉ាន សម បានឲ្យដឹងថាឆ្នាំនេះលោកសង្កេតឃើញថាអនាម័យសំរាមប្រមូលបានទាន់ពេលវេលាគឺស្អាតជាងឆ្នាំមុនៗតែយ៉ាងណាក៏ដោយក៏នៅតែមានសំរាមពាសវាលពាសកាលដដែល។ «គឺអ្នកចូលរួមបោះចោលពាសវាលពាសកាលដដែល»។
បើតាមការបង្ហោះរបស់មន្ទីរសាធារណការសំរាមបានកើនឡើងទ្វេដងសម្រាប់ថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក។
កម្លាំងអង្គភាពសួនច្បារ និងរុក្ខជាតិនៃមន្ទីរសាធារណការរាជធានីភ្នំពេញបានឲ្យដឹងថាការបោសសម្អាតសំរាមនៅតាមសួនច្បារនានាបានចាប់ផ្តើមពីម៉ោង ១១ យប់ និងបានបព្ចាប់ម៉ោង ៦ និង ៣០ នាទីព្រឹក។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារ និងរុក្ខជាតិបានឲ្យដឹងថាសម្រាប់ថ្ងៃទី ២ នៃព្រះរាជពិធីបុណ្យអុំទូក អង្គភាពសួនច្បារ និងក្រុមហ៊ុន ស៊ីន ទ្រី ដែលមានកម្លាំងជិត ៦០០ នាក់ និងរថយន្ត ៥៦ គ្រឿងក្នុងនោះអង្គភាពរបស់លោកមានចំនួន ២៩០ នាក់កម្មករសម្រាប់បោសមានចំនួន ១៧៧ នាក់រថយន្ត ៧ គ្រឿងអ្នកបើកបរ ១០ នាក់កម្មករសម្អាតបង្គន់ ៣០ នាក់ និងសន្តិសុខសួនច្បារមានចំនួន ២០ នាក់ផងដែរ។ លោកបន្តថាក្រោយចប់ពិធីសង្កេតឃើញថាសំរាមនៅតែជាបញ្ហាចោទដែលប្រជាពលរដ្ឋមួយចំនួនបោះចោលគ្រប់ទីកន្លែង។ លោកបន្តថាកម្មករបានធ្វើការបោសសម្អាត និងប្រមូលសំរាមចាប់ពីម៉ោង ១២ យប់ដល់ម៉ោង ៨ ព្រឹកនៅលើសួនច្បារ និងទីសាធារណៈនានាបានស្អាត។
ចំណែកលោក ខៀវ វុទ្ធី តំណាងក្រុមហ៊ុនស៊ីនទ្រីបានឲ្យដឹងថាក្នុងអំឡុងពិធីបុណ្យអុំទូក ក្រុមហ៊ុនស៊ីនទ្រីបង្កើនកម្មករជាង ៦០០ នាក់ក្នុងនោះកម្មកររយៈពេលវែងគឺទទួលបាន ៣ ម៉ឺនបន្ថែមក្នុងមួយថ្ងៃនិង ២០០ នាក់ដែលជាកម្មកររយៈពេលខ្លីគឺទទួលបាន ១១ ម៉ឺនក្នុងរយៈពេល ៣ ថ្ងៃនៃពិធី។ លោកថាកម្មករដែលបោសសំរាមទម្លាក់ចូលក្នុងទន្លេតាមដែលគេឃើញក្នុងវីដេអូដែលគេបង្ហោះតាម Facebook មិនមែនជាកម្មកររបស់ក្រុមហ៊ុនស៊ីនទ្រីនោះទេ។ «យើងបង្កើនកម្មករសម្អាតដើម្បីឲ្យទាន់ការបោសសម្អាតក្នុងថ្ងៃបុណ្យអុំទូក»។
នៅក្នុងពិធីបុណ្យអុំទូកថ្ងៃទី ៣ ដែលជាថ្ងៃចុងក្រោយកាលពីម្សិលមិញគេសង្កេតឃើញមានអ្នកមកដើរលេងកម្សាន្តមានចំនួនច្រើនជាងថ្ងៃទី ១ និងថ្ងៃទី ២ ប៉ុន្តែបើប្រៀបធៀបទៅនឹងពិធីបុណ្យអុំទូកកាលពីលើកមុនៗគឺមានចំនួនតិចជាងច្រើនខណៈដែលអ្នកភ្នំពេញជាច្រើនបានទៅលេងតាមខេត្ត៕