ព្រះសីហនុៈ ជនសង្ស័យជាមេខ្លោង ២ នាក់ ដែលដឹកនាំប្រជាពលរដ្ឋកាប់រុករានដីព្រៃ របស់រដ្ឋក្នុងតំបន់ឧទ្យានជាតិ ព្រះសីហនុ (រាម) ធ្វើជាកម្មសិទ្ធិ ត្រូវបានចៅក្រមស៊ើបអង្កេត នៃសាលាដំបូងខេត្តព្រះសីហនុ បង្គាប់ឲ្យឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តព្រះសីហនុកាលពីល្ងាចថ្ងៃចន្ទ ខណៈដែលសមត្ថកិច្ចក៏កំពុងស៊ើបអង្កេតរកជនសមគំនិត ២ នាក់ទៀតលើករណីនេះដែរ។
លោក លឹម ប៊ុនហេង ព្រះរាជអាជ្ញារងសាលាដំបូងខេត្តព្រះសីហនុ និងជាអ្នកនាំពាក្យ បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃម្សិលមិញថា ក្រោយពីចៅក្រមចំណាយពេលជាច្រើនម៉ោងក្នុងការសួរចម្លើយជនសង្ស័យរួចមក ជនសង្ស័យ ក៏ត្រូវបានចោទប្រកាន់ពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃ។
លោកបានថ្លែងថា៖ «យើងបានចោទប្រកាន់ពួកគាត់ហើយ ពាក់ព័ន្ធនឹងការរុករានកាប់ឆ្ការដីព្រៃរបស់រដ្ឋយកធ្វើជាកម្មសិទិ្ធ និងបទរារាំងមន្រ្ដីអភិរក្សធនធានធម្មជាតិក្នុងការបំពេញភារកិច្ច។ ឥឡូវយើងសម្រេចឃុំខ្លួនពួកគាត់នៅពន្ធនាគារខេត្ដព្រះសីហនុហើយ»។
លោក លឹម ប៊ុនហេង បានឲ្យដឹងថា ពាក់ព័ន្ធនឹងករណីកាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិនេះ ជនជាប់ចោទទាំង ២ នាក់អាចប្រឈមនឹងការជាប់ពន្ធនាគារចាប់ពី ៥-១០ ឆ្នាំ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានបានឲ្យដឹងថា៖ «ក្រៅពីជនជាប់ចោទ២រូបខាងលើ ក៏មានជនសមគំនិត ២ រូបផ្សេងទៀតត្រូវបានសង្ស័យជាជនសមគំនិតក្នុងករណីនេះដែរ ពេលនេះសមត្ថកិច្ចខេត្ដព្រះសីហនុកំពុងបន្ដស៊ើបអង្កេត»។
លោក នេត្រ ភក្រ្ដា បន្ដថា ជនជាប់ចោទជាមេខ្លោង ២ នាក់ ត្រូវបានចៅក្រមស៊ើបអង្កេត នៃសាលាដំបូងខេត្តព្រះសីហនុ ដាក់ឲ្យស្ថិតក្រោមបទចោទពីបទ កាប់គាស់ រុករានដីព្រៃ ឆ្ការ ដុត និងឈូសឆាយដីព្រៃធ្វើជាកម្មសិទ្ធិតាមបញ្ញត្តិមាត្រា ៥៦ ចំណុចទី៤ និងមាត្រា ៦២ ចំណុចទី ១ នៃច្បាប់ ស្តីពីតំបន់ការពារធម្មជាតិ។
បទរារាំងមន្ត្រីរដ្ឋបាលការពារ និងអភិរក្សធនធានធម្មជាតិចុះអនុវត្តតួនាទី និងភារកិច្ច ដែលជាបទល្មើសព្រហ្មទណ្ឌដែលមានចែង និងបញ្ញត្តិតាមមាត្រា ៥៦ ចំណុចទី៣ និងមាត្រា ៦១ ចំណុចទី៧ នៃច្បាប់ស្តីពីតំបន់ការពារធនធានធម្មជាតិ ប្រព្រឹត្ត នៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០១៩ បន្ទាប់ពីបំពានច្បាប់ និងមិនស្តាប់ការណែនាំរបស់សមត្ថកិច្ច។
គួរបញ្ជាក់ថា នៅលើទីតាំងកើតហេតុជាក់ស្ដែង ក្រុមការងារសមត្ថកិច្ចចម្រុះខេត្ដព្រះសីហនុ បានណែនាំឲ្យម្ចាស់សំណង់ខ្ទមអនាធិបតេយ្យ ឈ្មោះ ស៊ឹប ពន្លក និង តាំង កែន បញ្ឈប់សកម្មភាព និងធ្វើការរុះរើសំណង់ខុសច្បាប់នោះចេញវិញដោយខ្លួនឯងប៉ុន្ដែបុរសខាងលើនេះ មិនព្រមសហការជាមួយនឹងក្រុមការងារចម្រុះឡើយ ហើយនៅតែបន្តផ្គើន និងធ្វើសកម្មភាពខុសច្បាប់សាងសង់សំណង់អនាធិបតេយ្យ និងកាប់ទន្ទ្រានព្រៃដដែលទើបសមត្ថកិច្ចសម្រេចឃាត់ខ្លួនតែម្ដង។
ក្រសួងបរិស្ថាន កាលពីថ្ងៃទី ២៣ ខែ មីនា បានព្រមានចំពោះបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលបាន និងកំពុងកាន់កាប់ និងលក់ដូរដីធ្លីនៅក្នុងតំបន់ឧទ្យានជាតិព្រះសីហនុ (រាម) ខេត្តព្រះសីហនុត្រូវបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពល្មើសច្បាប់នេះ។ បើនៅតែបន្តសកម្មភាពទិញលក់ដូរដីធ្លីក្នុងឧទ្យានជាតិនេះដោយខុសច្បាប់ នឹងត្រូវប្រឈមមុខច្បាប់។
តំបន់ឧទ្យានជាតិរាមមានផ្ទៃដីទំហំ ១៥០ ០០០ ហិកតា ត្រូវបានបង្កើតជាឧទ្យានជាតិព្រះសីហនុ (រាម) ដោយព្រះរាជក្រឹត្យកាលពីឆ្នាំ ១៩៩៣ រហូតមកដល់បច្ចុប្បន្ន៕