ភ្នំពេញៈ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន ជនសង្ស័យ​ ២ ​នាក់​ពាក់ព័ន្ធ​ករណី​ព្រួត​គ្នា​វាយសម្លាប់​បុរស​ម្នាក់ នៅ​សង្កាត់​បឹងទំពុន​ ១ ក្នុង​ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ប៉ុន្មាន​ម៉ោង ក្រោយពី​ជន​ទាំង​ ២ ​នាក់​នេះ​ធ្វើ​សកម្មភាព កាលពី​វេលា​ម៉ោងជាង​ ១ ​រំលង​អធ្រាត្រ​ឈាន​ថ្ងៃទី​ ២៥ ​ឧសភា​។

លោក​វរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ​ស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​ ២៥ ​ឧសភា​ថា ជនសង្ស័យ​ឈ្មោះ កែវ យិនភី ភេទ​ប្រុស អាយុ ២៧ ​ឆ្នាំ ជា​អ្នករត់​ម៉ូតូ​កង់បី​ស្នាក់នៅ​ភូមិ​ត្នោតជ្រំ ៣ សង្កាត់​បឹងទំពុន ២ និង​ឈ្មោះ រ៉េត បញ្ញា ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ​ រស់នៅក្នុង​ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ​។

រីឯ​បុរសរងគ្រោះ​ឈ្មោះ ម៉ុក អង្គារស្មី អាយុ​ ៣៥ ​ឆ្នាំ​មាន​លំនៅ​ក្នុង​ភូមិ​បុរីកម្មករ សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី-ភ្នំពេញ​។

លោក សុខសីហា បាន​បញ្ជាក់ថា​៖ «​សមត្ថកិច្ច​យើង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ ២ ​នាក់​នោះបាន​ហើយ ហើយ​ករណី​វាយ​សម្លាប់​បុរសរងគ្រោះ​នោះ គឺ​ជនសង្ស័យ​ឆ្លើយថា ជា​រឿង​គំនុំ​»​។

ពាក់ព័ន្ធ​ករណីនេះ​ដែរ បើតាម​លោក ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​នៅ​រសៀល​ថ្ងៃទី​ ២៥ ​ឧសភា​ថា ការឃាត់ខ្លួន​ជនសង្ស័យ​ទាំង​ ២ ​នាក់​គឺ​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ​របស់លោក​សហការ​ជាមួយ​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី-ភ្នំពេញ​។

លោក​បន្តថា បន្ទាប់ពី​ករណីនេះ​សមត្ថកិច្ច​ជំនាញ​បាន​ស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព ដែល​បំពាក់​នៅ​ជុំវិញ​កន្លែង​កើតហេតុ​។ តាមរយៈ​ការពិនិត្យ​ក្នុង​កាមេរ៉ា​សុវត្ថិភាព​នោះ​បង្ហាញ​ឱ្យ​ឃើញថា ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ម៉ោងជាង​ ១ ​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​ ២៥ ឧសភា ហើយ​ជនសង្ស័យ​មាន​គ្នា​ ២ ​នាក់​។

ជនសង្ស័យ​បាន​បើក​ម៉ូតូ​កង់បី​ដេញ​វាយ​ជនរងគ្រោះ និង​មាន​ការវាយ​ប្រតាយប្រតប់​គ្នា​ផង​។ នៅពេលនោះ​ក្រុម​ជនសង្ស័យ​បាន​យក​ដំ​ថ្ម​ជើង​ឆត្រ​វាយ​ក្បាល​ជនរងគ្រោះ​បែក​រួច​ក៏​យក​ដែក​វាយបំបាក់​ជើង​ម្ខាងទៀត​ហើយ​ក៏​នាំគ្នា​ជិះ​ម៉ូតូ​កង់បី​គេចខ្លួនបាត់​។

លោក​ថ្លែងថា​៖ «​យើង​ពិនិត្យ​តាម​កាមេរ៉ា​សុវត្ថិភាព​បាន​តម្រុយ រួចមក​គឺ​សមត្ថកិច្ច​យើង​បាន​បើក​ការស្រាវជ្រាវ និង​ឃាត់ខ្លួន​ពួកគេ​បាន​ ២ ​នាក់ ដែល​ជា​ជនដៃដល់​ក្រោយ​បង្កហេតុ​ប៉ុន្មាន​ម៉ោង​»​។

បើតាម​លោក វេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន ជា​គ្រូពេទ្យ​ឯកទេស ផ្នែក​ធ្វើ​កោសល្យវិច័យ​សាកសព​នៃ​ក្រសួង​សុខាភិបាល​បាន​ប្រាប់ ​ភ្នំពេញ ​ប៉ុស្តិ៍ បន្ទាប់ពី​ចេញពី​ធ្វើ​កោសល្យវិច័យ​សាកសព​បុរសរងគ្រោះ​នៅ​ព្រឹក​ថ្ងៃទី​ ២៥ ​ឧសភា​ថា សាកសព​ជនរងគ្រោះ​ឈ្មោះ​ ម៉ុក អង្គារស្មី នៅមុន​ពេល​លោក​ចូលទៅ​ពិនិត្យ​ត្រូវបាន​គ្រូពេទ្យ​ឯកទេស​ផ្នែក​ជំងឺ​កូវីដ​ ១៩ មក​ពិនិត្យ​ឃើញ​ថា គ្មាន​មេរោគ​កូវីដ​ទើប​អនុញ្ញាត​ឱ្យ​លោក​ចូលទៅ​ធ្វើ​កោសល្យវិច័យ​ជា​ក្រោយ​។

លោក​បញ្ជាក់ថា ជា​លទ្ធផល​ឃើញថា ផ្នែក​ក្បាល​ខាងក្រោយ​បាន​ប៉ះទង្គិច​នឹង​វត្ថុ​រឹង​ធ្ងន់ធ្ងរ​ហើម​ខ្លាំង និង​មាន​បាក់ជើង​ខាងឆ្វេង​ម្ខាង​ទៀតផង​។ ក្រោយពី​នគរបាល​ជំនាញ​ពិនិត្យ និង​ក្រោយពី​លោក​ធ្វើ​កោសល្យវិច័យ​រួចមក​ក៏​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​យក​ទៅ​ធ្វើ​បុណ្យ​តាម​ប្រពៃណី​៕