
ជនដែលត្រូវបានតុលាការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀនជិត ១០ គីឡូក្រាម។ រូបថត នគរបាលខេត្តស្វាយរៀង
ស្វាយរៀងៈ ជនសង្ស័យ ៣ នាក់ ក្នុងចំណោម ៤ នាក់ ត្រូវបានសាលាដំបូងខេត្តស្វាយរៀង ចោទប្រកាន់និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារខេត្តនៅថ្ងៃទី ១៥ ខែធ្នូ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ហេរ៉ូអីុនដឹកតាមម៉ូតូ ជិត ១០ គីឡូក្រាម។
លោក ទេព ផល្លា អ្នកនាំពាក្យតុលាការខេត្តស្វាយរៀង បានថ្លែងនៅថ្ងៃទី ១៥ ខែធ្នូថា ជនទាំង ៣ ដែលត្រូវឃុំខ្លួននោះទី១ ឈ្មោះ កាវ គ័រវ៉ៃ ភេទប្រុសអាយុ ៥៩ ឆ្នាំ ជនជាតិចិន ទី២ ឈ្មោះ ង្វៀង យ៉ានហាយ ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិវៀតណាម និងទី៣ ឈ្មោះ តាម សុធាណា ភេទប្រុស អាយុ ២៨ ឆ្នាំ ជនជាតិវៀតណាម។
បើតាមលោក ផល្លា ព្រះរាជអាជ្ញាបានចោទប្រកាន់ ហើយចៅក្រមបានសម្រេចឃុំខ្លួនជនទាំង ៣ ពីបទជួញដូរគ្រឿងញៀន តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួពិនិត្យគ្រឿងញៀន។
លោកថ្លែងថា៖ «ការសម្រេចឃុំខ្លួនបណ្តោះអាសន្នហ្នឹង មានរយៈពេលប៉ុន្មាន មានចែងនៅក្នុងក្រមនីតិវិធីព្រហ្មទណ្ឌ ខ្ញុំមិនហ៊ានបញ្ជាក់ពីទោសរបស់ពួកគេទេ ដោយសារនេះជានីតិវិធីរបស់តុលាការ» ។
តាមមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២០ ឆ្នាំ ទៅ ៣០ ឆ្នាំ ឬអស់មួយជីវិត និងផ្តន្ទាទោសពិន័យជាប្រាក់ ៤០ លានរៀល ទៅ ១០០ លានរៀល ក្នុងករណីដែលប្រព្រឹត្តបទល្មើសជួញដូរគ្រឿងញៀនប្រភេទ ម័រហ្វីន ហេរ៉ូអីុន ឬកូកាអីុន មានបរិមាណសុទ្ធចាប់ពី ៨០ ក្រាមឡើងទៅ។
លោក ស្រី វត្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានឲ្យដឹងថា សមត្ថកិច្ចអាវុធហត្ថខេត្តស្វាយរៀងចាប់បានថ្នាំញៀននៅថ្ងៃទី ៧ ខែធ្ នូខណៈពេលដែលជនសង្ស័យបានឃើញ សមត្ថកិច្ចហើយផ្តួលម៉ូតូរត់គេចខ្លួន ស្ថិតនៅភូមិប្រសូត្រ១ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប។
បើតាមលោក វត្ថា ក្រោយពេលចាប់បានគ្រឿងញៀនកម្លាំងអាវុធហត្ថបានធ្វើការស្រាវជ្រាវចាប់បាន ជនសង្ស័យជាបន្តបន្ទាប់ ដែលក្នុងនោះមានបីនាក់ត្រូវចាប់បានកាលពីថ្ងៃទី ៨ ខែធ្នូ នៅក្នុងអគារអូឡាំព្យា ស្ថិតនៅផ្លូវ ២១៧ ភូមិលេខ ៧ សង្កាត់វាលវង់ ខណ្ឌ ៧ មករា រាជធានីភ្នំពេញ បន្ទាប់មកទៀត នៅថ្ងៃទី ១១ ខែធ្នូ ទើបចាប់បានម្នាក់ទៀតនៅក្រុងបាវិត។
លោកថ្លែងថា៖ «ពេលប្រតិបត្តិការយើងត្រូវឃាត់ខ្លួនទាំងអស់ឲ្យបានសិន ទើបយើងយកមកសួរនាំក្រោយពេលសួរនាំតាមនីតិវិធីចប់ ទើបបញ្ជូនទៅតុលាការ។ ក្នុងចំណោមមនុស្ស ៤ នាក់ ត្រូវបញ្ជូនទៅតុលាការ មានប្រុស ៣ នាក់ និងស្រីម្នាក់»។
លោកបញ្ជាក់ថា ក្រោយមកជនសង្ស័យឈ្មោះ ចឹង ធីវី ភេទស្រី អាយុ ២៩ ឆ្នាំ ជនជាតិវៀតណាមត្រូវតុលាការដោះលែង ព្រោះគ្មានពាក់ព័ន្ធករណីគ្រឿងញៀន។
បើតាមលោកស្រី វត្ថា វត្ថុតាងដែលដកហូតបានមានគ្រឿងញៀន ប្រភេទ ហេរ៉ូអីុន ជិត ១០ គីឡូក្រាម រួមនឹងវត្ថុតាងផ្សេងៗ ទៀតដូចជាជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀនប្រាក់ដុល្លារ ប្រាក់អឺរូ ប្រាក់សិង្ហបុរី ប្រាក់ចិន និងប៉ាស្ព័រចំនួន៤៕