ភ្នំពេញៈ នគរបាល​នៃ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិ​​​​ជន ​នឹង​បញ្ជូន​ជនសង្ស័យ​ប្រុសស្រី ​៣​ នាក់ ពាក់​ព័ន្ធ​ការបើក​សេវាកម្ម​ផ្លូវ​ភេទ​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​នៅថ្ងៃ​ទី ៣១ ​កក្កដា​ នេះ ​ខណៈ​នារី​រងគ្រោះ​ ៤ នាក់​ ត្រូវ​ប្រគល់​ទៅ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​បន្ទាប់ពី​ចាប់ខ្លួន​ នៅ​ទី​តាំង​ម៉ាស្សា​មួយ​កន្លែង ​ក្នុង​សង្កាត់​បឹងសាឡាង​ ខណ្ឌទួល​គោក​ កាល​ពី​ថ្ងៃ​ទី ២៩ កក្កដា។

លោក​ ជីវ ​ផល្លី ​ប្រធាន​នាយកដ្ឋាន​ប្រឆាំង​ការជួញដូរ​មនុស្ស ​និង​ការពារ​អនីតិជន ​នៃ​ក្រសួង​មហាផ្ទៃ​ ប្រាប់​ពី​ម្សិល​មិញ​ថា​ ករណី​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ ៣ នាក់ ​ដែល​ជា​ម្ចាស់​ទីតាំង​ម៉ាស្សា​នោះ​ត្រូវ​ចាប់បញ្ជូន​ទៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ​នៅ​ថ្ងៃទី​ ៣១ ​កក្កដា​នេះ​ហើយ។ ប៉ុន្តែ ​លោក​សុំ​មិនប្រាប់​ឈ្មោះ​ជនសង្ស័យ​ប្រុស​ស្រី​ទាំង ៣ ​នាក់​នោះ​ទេ​ ដោយ​លោកថា ​នេះ​ជា​កិច្ចការ​របស់​សមត្ថកិច្ច។

លោក​បន្ត​ថា​៖ «ជ​នសង្ស័យ​ទាំង​ ៣ ​នាក់​នេះ​ខាង​នាយកដ្ឋាន​ខ្ញុំ​បញ្ជូន​ពួកគេ​ទៅ​តុលាការ​នៅ​ថ្ងៃ​ស្អែក ​(ថ្ងៃនេះ)​ ហើយ​ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់»។

លោក​បន្ត​ថា ​មាន​នារី​រងគ្រោះ​អាយុ​ ១៧ ​ឆ្នាំ ​ចំនួន ​៣ ​នាក់​ ជា​អនីតិជន ​និង​ស្រ្តី​អាយុ​ពេញ​វ័យ​ម្នាក់។ ​ពួកគេ​ត្រូវ​បាន​ខាង​នាយកដ្ឋាន​ប្រឆាំងការ​ជួញដូរ​មនុស្ស​​ប្រគល់​ទៅឲ្យ​មន្ទីរ​សង្គមកិច្ច​រាជធានី​ភ្នំពេញ​ហើយ​។ រីឯ​ខាង​មន្ទីរ​សង្គម​កិច្ច​នឹង​បញ្ជូន​ពួកគេ​បន្ត​ទៅ​មណ្ឌល​គាំពារ​ណា​មួយ​ទៀត​ដើម្បី​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​ពួកគេ។

លោក​ប្រាប់​ថា​ ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ម៉ាស្សានេះ ​កម្លាំង​សមត្ថកិច្ច​របស់​លោក​សហការ​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន​ដែល​ធ្វើ​ឡើង​ នៅ​វេលា​ម៉ោង​ ៧ ​កន្លះ ​យប់​ថ្ងៃ​ទី​ ២៩ ​កក្កដា​ នៅ​ចំណុច​ផ្លូវ​លេខ​ ១៦៤ ​ក្នុង​ភូមិ​ ១៣ ​សង្កាត់​បឹង​សាឡាង​ ខណ្ឌ​ទួល​គោក​ រាជ​ធានី​ភ្នំពេញ។​ ចំពោះ​វត្ថុតាង​ក្នុង​ការឆែកឆេរ​នោះ​សមត្ថកិច្ច​បានរ​ក​ឃើញ​ស្រោម​អនាម័យ​ប្រើ​រួច ​និង​មិន​ទាន់​ប្រើ​មួយ​ចំនួន​ សៀវភៅ​កត់​ត្រា​អំពី​ចំណូល​ចំនួន​ ២ ក្បាល​ រួម​នឹង​ឯកសារ​ខ្ចី​លុយ​មួយចំនួន​ និង​លិខិត​ឆ្លងដែន​របស់​ជន​ជាតិ​ចិន​ចំនួន​ ១ ក្បាល​ទៀត​ផង។

លោក​បានបន្ថែម​ថា ​ក្រៅ​ពី​នោះ ​កម្លាំង​សមត្ថកិច្ច​បានបន្ត​ចុះ​ទៅ​ឆែកឆេរ​នៅក្នុ​ង​បន្ទប់​ក្រោម​ដីស្ថិត​នៅផ្ទះ​ទីតាំង​ម៉ាស្សា​នោះ​ដោយ​បាន​រកឃើញ​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត។​ ដូច្នេះ​ហើយ​លោក​បាន​សហការ​ជាមួយ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ ដើម្បី​ត្រួត​ពិនិត្យ​មើល​ ដោយបាន​ហៅ​មនុស្ស​ ដែល​ឃាត់​ខ្លួន​បាន​ទាំងអស់​យក​មក​ពិនិត្យ​ទឹក​នោម​ទៀត​ដើម្បី​រក​សារធាតុ​ញៀន។​

លោក​បញ្ជាក់ថា​៖ «​ចំពោះ​លិខិត​ឆ្លង​ដែន​ ១​ ក្បាល​នោះ​ យើង​មិន​ទាន់​កំណត់​ច្បាស់​ថា​យ៉ាងណា​នៅ​ឡើយ​ទេ ​រង់ចាំ​ការ​ស្រាវ​ជ្រាវ​បន្ត​ទៀត»៕