បាត់ដំបងៈ ជន​ប្រុស-ស្រី​ ៣ ​នាក់​ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​ចាប់​ខ្លួន​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​អាវុធ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ និង​បាន​បញ្ជូនទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​ពី​ម្សិលមិញ ហើយ​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ថ្ងៃនេះ ក្រោយពី​ពួកគេ​បង្ហោះ​រូបភាព​កាំភ្លើង​បាញ់​សត្វ​ទំនើប​ជាច្រើន​ដើម​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​។

លោក​ ហ៊ាង ប៊ុនថា អធិការរង​នគរបាល​ស្រុក​ថ្មគោល​ថ្លែង​ពី​ម្សិលមិញ​ថា ក្រុម​ជនសង្ស័យ​ឈ្មោះ ហឿន ប៉ែល អាយុ​ ៣៨ ​ឆ្នាំ យ៉ូន វិឆ័យ អាយុ​ ១៥ ​ឆ្នាំ និង​ស្ត្រី​ឈ្មោះ​ គឿន កេត អាយុ​ ២៥ ​ឆ្នាំ​។ អ្នក​ទាំង​ ៣ មាន​លំនៅ​ភូមិ​ឆ្កែកូន ឃុំ​គោកឃ្មុំ ស្រុក​ថ្មគោល ត្រូវបាន​ចាប់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​ ២៩ ខែធ្នូ បន្ទាប់ពី​ពួកគេ​បាន​បង្ហោះ​រូបភាព​កាំភ្លើង​បាញ់​សត្វ​ប្រភេទ PCP Airgun ទំនើបៗ​ជាច្រើន​ដើម​នៅក្នុង​ហ្វេសប៊ុក​របស់​ពួកគេ​ក្នុង​ចេតនា​ស្វែងរក​អតិថិជន ដើម្បី​ទិញ-លក់​កាំភ្លើង​ទាំងនោះ​ខុសច្បាប់​។

លោក​ថ្លែងថា​៖ «​កាំភ្លើង​បាញ់សត្វ​ប្រភេទ​ PCP Airgun ១ ​ដើម និង​គ្រាប់កង់​ ៤០០ ​គ្រាប់ ​រួមទាំង​គ្រឿងញៀន Ice Methamphetamine ចំនួន​ ៣០ ​កញ្ចប់​តូច រួមទាំង​សម្ភារ​បម្រើឱ្យ​ការប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​ទៀត​ត្រូវបាន​រឹបអូស​ជា​វត្ថុតាង​»​។

បើតាម​លោក​ ប៊ុន ​ថា ក្នុងអំឡុងពេល​នៃ​ការស៊ើបសួរ​ចម្លើយ​ក្នុង​ជំហាន​បឋម ជនសង្ស័យ​ទាំង​ ៣ បាន​សារភាពថា កាំភ្លើង​បាញ់​សត្វ​ដ៏ទំនើប​នោះ គឺ​ពួកគេ​បាន​បញ្ជា​ទិញ​តាម Online ក្នុងតម្លៃ​ ៨៥០ ​ដុល្លារ ក្នុង​ ១ ​ដើម​ហើយ​វា​ត្រូវបាន​គេ​បញ្ជូនមក​តាម​រថយន្ត​ក្រុង​។

ចំណែក​គ្រឿងញៀន​ គឺ​ពួកគេ​បាន​ទិញ​ពី​ក្រុមកម្មករ​អូស​រទេះ​នៅ​តាម​ច្រកព្រំដែន​ខ្មែរ-ថៃ​ក្នុង​អំឡុងពេល​ពួកគេ​ចេញ​ដើរ​បរបាញ់​សត្វ​នៅតាម​ដងព្រៃ​ជាប់​អូរ​ព្រំដែន​។ នៅ​រសៀល​ថ្ងៃទី​ ៣០ ធ្នូ ជនសង្ស័យ​ទាំង​ ៣ និង​វត្ថុតាង​ត្រូវ​បាន​មន្ត្រីនគរបាល​បញ្ជូន​ទៅកាន់​ស្នងការដ្ឋាន​ខេត្តបាត់ដំបង​ដើម្បី​ចាត់វិធានការ​បន្ត​។

ដោយសារ​សំណុំរឿង​របស់​ជនសង្ស័យ​ទាំង​ ៣ ​មាន​ជាប់​ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ និង​ជួញដូរ​គ្រឿងញៀន​លោក​ ស៊ាន គឹមសាន ស្នងការ​នគរបាល​ខេត្តបាត់ដំបង​បាន​ចាត់​ឱ្យ​លោក​ កុយ ហៀង ស្នងការរង​ទទួលបន្ទុក​បង្ក្រាប​បទ​ល្មើស​គ្រឿងញៀន ចាត់​មន្ត្រី​ជំនាញ​ឱ្យ​ស៊ើបសួរ​ចម្លើយ​ពួកគេ​បន្ថែម​ដើម្បី​ស្រាវជ្រាវ​ស្វែងរក​អ្នកពាក់ព័ន្ធ​ក្នុង​អំពើ​ជួញដូរ​គ្រឿងញៀន​ឆ្លងដែន​។

ទោះយ៉ាងណា​នៅ​ចំពោះ​មុខ​មន្ត្រីនគរបាល​ជនសង្ស័យ​ឈ្មោះ​ ហឿន ប៉ែល បាន​ឆ្លើយ​សារភាពថា គ្រឿងញៀន​ទាំងនោះ​គឺ​ខ្លួន​ទិញ​យក​មក​ទុក​ប្រើប្រាស់​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ មិន​សម្រាប់​ការជួញដូរ​នោះទេ​។ នេះ​បើតាម​លោក​ កុយ ហៀង​។

លោក​ ហៀង ថ្លែងថា​៖ «​ក្រោយ​ស្ដាប់​ចម្លើយ​សារភាព​របស់​ពួកគេ​ក្រុមមន្ត្រី​នគរបាល​បាន​សម្រេច​កសាង​សំណុំរឿង​ចោទប្រកាន់​ពួកគេ​ចំនួន​ ២ ​បទល្មើស គឺ​បទ​ប្រើប្រាស់​ និង​រក្សាទុក​អាវុធ​ខុសច្បាប់ និង​បទប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​»​។

បើតាម​លោក​ ហៀង ​ពួកគេ​នឹងត្រូវ​បញ្ជូន​ទៅ​តុលាការ​ថ្ងៃនេះ​៕