ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu ថ្លែងថា ជប៉ុននឹងគាំទ្រកម្ពុជាក្នុងការកែលម្អបរិស្ថាននៅតាមទីក្រុង និងការចាត់វិធានការចំពោះកាកសំណល់ប្លាស្ទិកក្នុងសមុទ្រព្រមទាំងការកសាងសមត្ថភាពប្រឆាំងអំពើភេរវកម្ម និងគម្រោងផ្ដល់ឥណទានដោះស្រាយវិបត្តិកូវីដផងដែរ។
នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិពីម្សិលមិញ។
ការប្រកាសគាំទ្ររបស់ជប៉ុននេះធ្វើឡើងក្នុងជំនួបពិភាក្សាតាមទូរស័ព្ទរវាងលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបតិ្តការអន្តរជាតិជាមួយលោករដ្ឋមន្ត្រីការបរទេសជប៉ុន Motegi Toshimitsu កាលពីថ្ងៃទី ២១ ខែតុលា។
ក្រៅពីគាំទ្រលើបញ្ហាទាំង ៣ នេះ ជប៉ុនក៏នឹងផ្តល់ឥណទានសម្បទានចំនួន ២៥ ពាន់លានយ៉េន ឬប្រមាណ ២៣៤,៦ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ ១៩។ ជប៉ុនក៏នឹងគាំទ្រកម្ពុជានៅពេលកម្ពុជាធ្វើជាប្រធានប្តូរវេនអាស៊ានក្នុងឆ្នាំ ២០២២ ខាងមុខ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានដដែល។
លោក Motegi Toshimitsu ត្រូវបានតែងតាំងសាជាថ្មីជារដ្ឋមន្ត្រីការបរទេសជប៉ុនកាលពីថ្ងៃទី ១៦ ខែកញ្ញា។ លោកគឺជាមន្ត្រីជាន់ខ្ពស់ទី ១ ដែលបានមកកម្ពុជាកាលពីខែសីហាក្នុងពេលពិភពលោកមានការរាតត្បាតជំងឺកូវីដ ១៩។
បើតាមក្រសួងការបរទេសកម្ពុជាលោក Motegi Toshimitsu បានបញ្ជាក់ជាថ្មីម្តងទៀតនូវឆន្ទៈរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបតិ្តការជាមួយកម្ពុជានៅក្រោមការដឹកនាំរបស់រដ្ឋាភិបាលថ្មីរបស់ជប៉ុន។
ក្រសួងការបរទេសបញ្ជាក់ថា៖ «ទន្ទឹមនេះ ឯកឧត្តម Motegi បានសម្តែងនូវសមានចិត្តជូនចំពោះរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាដែលទទួលរងនូវផលប៉ះពាល់យ៉ាងខ្លាំងដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរ។ ឯកឧត្តមបានមានប្រសាសន៍ថា ជប៉ុនត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយកម្ពុជាក្នុងការដោះស្រាយការលំបាកនេះ»។
លោក ប្រាក់ សុខុន ថ្លែងអំណរគុណដល់ជប៉ុនដែលគាំទ្រដល់កម្ពុជា និងសម្ដែងការរីករាយដែលប្រទេសទាំង ២ កំពុងអនុវត្ត «ច្រកសម្រាប់ការស្នាក់នៅ» សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលលើសពី ១៤ ថ្ងៃ។ លោកសង្ឃឹមថា «ច្រកសម្រាប់ធុរកិច្ច» សម្រាប់អ្នកដំណើរដែលស្នាក់នៅរយៈពេលក្រោម ១៤ ថ្ងៃនឹងអាចអនុវត្តបានក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រសួងការបរទេសបញ្ជាក់ថា៖ «រដ្ឋមន្ត្រីការបរទេសទាំង ២ បានបញ្ជាក់ឡើងវិញនូវបំណងប្រាថ្នារួម និងឆន្ទៈដ៏មុតមាំក្នុងការជំរុញកិច្ចសហប្រតិបតិ្តការរវាងប្រទេសទាំង ២ លើគ្រប់វិស័យឱ្យកាន់តែរឹងមាំថែមទៀតដើម្បីជាប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំង ២»។
លោកស្រី Kubo Tomoko លេខាទី ១ នៃស្ថានទូតជប៉ុនប្រចាំកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ពីម្សិលមិញថា ជំនួយរបស់ជប៉ុនសម្រាប់កែលម្អបរិស្ថានគឺដើម្បីលើកកម្ពស់ការប្រើប្រាស់ប្លាស្ទិកដោយចីរភាព និងគ្រប់គ្រងឱ្យមានប្រសិទ្ធភាព។
លោកស្រីថ្លែងថា៖ «គម្រោងនេះនឹងបង្កើតនូវគោលនយោបាយ និងបញ្ញត្ដិលើកកម្ពស់ការយល់ដឹង និងគាំទ្រការកាត់បន្ថយសំណល់ប្លាស្ទិក ព្រមទាំងការណែនាំ និងការលើកកម្ពស់ដល់បច្ចេកវិទ្យាថ្មីដូចជាការប្រើឡើងវិញ និងការជ្រើសរើសយកវត្ថុផ្សេងជំនួសប្លាស្ទិក»។
ពាក់ព័ន្ធនឹងការបណ្ដុះបណ្ដាលសមត្ថភាពប្រឆាំងនឹងអំពើភេរវកម្មលោកស្រី Kubo Tomoko បានឱ្យដឹងថា ជប៉ុននឹងផ្ដល់នូវសម្ភារមួយចំនួនសម្រាប់កិច្ចការសន្តិសុខ និងប្រឆាំងអំពើភេរវកម្ម។ ព័ត៌មានលម្អិតអំពីកិច្ចការទាំងនេះនឹងត្រូវសម្របសម្រួលរវាងរដ្ឋាភិបាលជប៉ុន និងរដ្ឋាភិបាលកម្ពុជាហើយនឹងបញ្ចេញនៅពេលក្រោយ។
ពាក់ព័ន្ធនឹងការគាំទ្ររបស់ជប៉ុនលើការកែលម្អបរិស្ថាននេះលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថានបានអរគុណ និងស្វាគមន៍ចំពោះព័ត៌មាននេះ។
លោកថា៖ «ក្រោមជំនួយគាំទ្ររបស់ជប៉ុន កម្ពុជាជឿជាក់ថានឹងធ្វើឱ្យបរិស្ថាននៅតាមទីក្រុង និងទីប្រជុំជនរួមនឹងនៅតាមសហគមន៍នានាមានអនាម័យល្អស្អាត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងអនុវត្តផែនការសកម្មភាពផ្សេងៗដើម្បីកែលម្អបរិស្ថានក្នុងនោះផ្តោតលើការគ្រប់គ្រងគុណភាពខ្យល់ គុណភាពទឹក ការគ្រប់គ្រងសំណល់សំរាម និងការគ្រប់គ្រងការប្រើប្រាស់ប្លាស្ទិក និងការផ្សព្វផ្សាយអប់រំដើម្បីបណ្តុះស្មារតីឱ្យពលរដ្ឋស្រឡាញ់បរិស្ថាន និងផ្លាស់ប្តូរឥរិយាបថពលរដ្ឋឱ្យគិតគូរ និងចូលរួមសម្អាតអនាម័យបរិស្ថានកាន់តែប្រសើរជាងមុន»។
បើតាមលោក ភក្ត្រា ក្នុង ១ ថ្ងៃកម្ពុជាមានសំរាមចំនួនជាង ១ ម៉ឺនតោន ក្នុងនោះនៅរាជធានីភ្នំពេញមានចន្លោះពី ២ ៧០០ ទៅ ៣ ០០០ តោន។ ក្នុងចំណោមសំរាមទាំងនេះមាន ៦៥ ភាគរយជាសំណល់សរីរាង្គ ប្រមាណ ២០ ភាគរយជាសំណល់ប្លាស្ទិក និងនៅសល់ជាសំណល់រឹង។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវនៅរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងថា ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុនមិនដែលមានភាពរកាំរកូសជាមួយគ្នាទេ ទាំងទិដ្ឋភាពនយោបាយ និងប្រវត្តិសាស្ត្រ និងសេដ្ឋកិច្ច។ លោកយល់ថា កម្ចីដែលជប៉ុនផ្ដល់នេះមានភាពចាំបាច់សម្រាប់កម្ពុជាក្នុងការអភិវឌ្ឍប្រទេសលើវិស័យផ្សេងៗ ដែលប៉ះពាល់ពីកូវីដ ១៩។
លោកថ្លែងថា៖ «ខ្ញុំយល់ឃើញថា អ្វីដែលជប៉ុនធ្វើគឺជប៉ុនបានកំណត់គោលដៅ និងគោលនយោបាយរបស់ខ្លួនជាក់លាក់ បំពេញតួនាទីក្នុងនាមជាដៃគូពាណិជ្ជកម្មផង ការសម្របសម្រួលផង និងក្នុងនាមមនុស្សធម៌ផង»៕