ភ្នំពេញៈ ឯកអគ្គរាជទូត​ជប៉ុន​លោក Hidehisa Horinouchi បាន​ជួប​ជាមួយ​តំណាង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ដោយ​ថ្លែង​ជា​ដដែល​អំពី​តម្រូវការ​ឲ្យ​មាន​គណបក្ស​ប្រឆាំង​ច្រើន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​នាពេល​ខាង​មុខ​ «​ដើម្បី​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។

កិច្ច​នួប​នេះ​ធ្វើ​ឡើង​ខណៈ​គណបក្ស​កំពុង​ពិចារណា​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ជាតិ​នា​ខែ​កក្កដា​ខាង​មុខ​ដែល​មាន​លក្ខណៈ​ចម្រូងចម្រាស​ បន្ទាប់ពី​មាន​ការ​រំលាយ​គណបក្ស​សង្គ្រោះជាតិ និង​ការ​ចាប់​លោក​ កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ​ដាក់​ពន្ធនាការ​ពី​បទ​ «​ក្បត់ជាតិ​» ​កាលពី​ឆ្នាំ​មុន​។ ការ​ចុះបញ្ជី​របស់​គណបក្ស​ចូលរួម​បច្ចុប្បន្ន​កំពុង​ស្ថិត​នៅ​ក្នុង​ដំណើរការ​ហើយ​នឹង​បញ្ចប់​នៅ​ថ្ងៃទី​ ១៤ ខែ​ឧសភា​។

លោក Horinouchi បាន​ជួប​ជាមួយ​តំណាង​ជាន់ខ្ពស់​របស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៅ​ទីស្នាក់ការ​គណបក្ស ខណៈ​មន្ត្រី​ប្រឹក្សា​ស្ថានទូត​លោក Hironori Suzuki ថ្លែង​ថា ឯកអគ្គរាជទូត​បាន​បង្ហាញ​ថា​ខ្លួន​នឹង​តាមដាន​ស្ថានភាព​នេះ​ជិតស្និទ្ធ និង​ផ្តល់​ឲ្យ​ភាគី​ពាក់ព័ន្ធ​ក្នុង​ការបោះឆ្នោត​នូវ​ការលើក​ទឹកចិត្ត​ចាំបាច់​។

លោក Suzuki បាន​ថ្លែង​ថា​៖ «​យើង​បង្ហាញ​សារ​របស់​យើង​ថា វា​សំខាន់​សម្រាប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ រួមទាំង​គណបក្ស​កាន់​អំណាច​ និង​គណបក្ស​ប្រឆាំង​ធ្វើ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​រៀបចំ​ការបោះឆ្នោត​ជាតិ​នា​ឆ្នាំនេះ​នៅក្នុង​លក្ខណៈ​ដែល​ឆ្លុះបញ្ចាំង​អំពី​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​»​។

រដ្ឋាភិបាល​ជប៉ុន​បាន​បន្ត​បង្ហាញ​ការគាំទ្រ​របស់​ខ្លួន និង​ការផ្តល់​ថវិកា​សម្រាប់​ការបោះឆ្នោត បើ​ទោះបី​ជា​សហរដ្ឋអាមេរិក​ និង​សហភាព​អឺរ៉ុប​បាន​ដក​ការគាំទ្រ​ហិរញ្ញវត្ថុ​របស់​ខ្លួន​សម្រាប់​ការបោះឆ្នោត​ក៏ដោយ​។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​អាច​ជា​ជម្រើស​មួយ​ក្នុង​ចំណោម​ជម្រើស​ផ្សេងៗ​ជំនួស​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​កាលពី​ដើម​សប្តាហ៍​នេះ​បាន​ដាក់​ចេញ​នូវ​លក្ខខណ្ឌ​ ៤ ​ដែល​ត្រូវការ​សម្រាប់​ខ្លួន​ចុះបញ្ជី​សម្រាប់​ការបោះឆ្នោត​។

លក្ខខណ្ឌ​ទាំងនេះ​រួម​មាន​៖ មិន​មាន​ការរារាំង​សម្រាប់​សកម្មភាព​ដូចជា​ការជួបជុំ​ជាមួយ​អ្នក​គាំទ្រ មិន​មាន​ការបំភិតបំភ័យ​បេក្ខជន​សេរីភាព​ក្នុង​ការ​ចេញផ្សាយ​ជា​សាធារណៈ​អំពី​គោលនយោបាយ​របស់​ខ្លួន​នៅក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​អនុញ្ញាត​ឲ្យ​អ្នក​សង្កេតការណ៍​ជាតិ និង​អន្តរជាតិ​ទាំងអស់​តាមដាន​ការបោះឆ្នោត​។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក យេង វីរៈ បាន​ថ្លែង​ថា គណបក្ស​របស់​លោក​កោតសរសើរ​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ជប៉ុន​ដើម្បី​ធានា​បាន​ថា​ការបោះឆ្នោត​នាពេល​ខាង​មុខ​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​ និង​ជាថ្មី​ម្តង​ទៀត​ចង្អុលបង្ហាញ​លក្ខខណ្ឌ​ទាំង​ ៤ ​ខាង​លើ​ដែល​បាន​បង្ហាញ​ទៅ​ឯកអគ្គរាជទូត​ជប៉ុន​។

ខណៈ​គណបក្ស​បាន​ចុះ​បញ្ជី​បេក្ខជន​នៅក្នុង​ខេត្ត​ទាំង​ ២៥ ​ខេត្ត​លោក វីរៈ បាន​ថ្លែង​ថា គណបក្ស​នឹង​ធ្វើ​សេចក្តី​សម្រេច​នៅ​ថ្ងៃ​អាទិត្យ​អំពី​ថា​តើ​ដាក់​ពាក្យ​សុំ​ចុះបញ្ជី​គណបក្ស​របស់​ខ្លួន​ឬ​អត់​?

លោក​ យ៉េង វីរៈ បាន​ថ្លែង​ថា​៖ «​គណៈកម្មាធិការ​នឹង​ជួបប្រជុំ ហើយ​យើង​នឹង​ធ្វើ​សេចក្តី​សម្រេច​។ ប្រសិន​បើ​យើង​សម្រេច​ចូលរួម យើង​នឹង​ដាក់​បញ្ជី​នៅ​ថ្ងៃទី​ ៧ ខែ​ឧសភា​»​។

ខណៈ​មាន​ការ​ផ្តោត​ទៅ​លើ​គណៈបក្ស​តូចៗ​ដែល​ចុះ​បញ្ជី​សម្រាប់​ការបោះឆ្នោត គណបក្ស​ភ្លើង​ទៀន​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ប្រកាស​ថា​គណបក្ស​នឹង​មិន​ចូលរួម​នៅក្នុង​ការបោះឆ្នោត​ទេ​ដោយសារ​ការបោះឆ្នោត​នោះ​នឹង​មិន​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌​។

យូ ស៊ាងហេង (Yu Seangheng) អគ្គលេខាធិការ​គណបក្ស​ភ្លើងទៀន​បាន​ថ្លែង​ថា​៖ «​យើង​ចង់​ឲ្យ​មាន​ការ​ពិភាក្សា​ និង​ការចរចា​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា និង​កែលម្អ​ស្ថានភាព​នយោបាយ​»​។

គណបក្ស​តូចៗ​ចំនួន​ ២ ​គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ និង​គណបក្ស​មាតុភូមិ​យើង ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ផង​ដែរ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ថ្កោលទោស​សេចក្តី​សម្រេច​របស់​លោក សម រង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ចេញ​ខិត្តប័ណ្ណ​អំពាវនាវ​ឲ្យ​មាន​ការ​ធ្វើ​ពហិការ​ការ​បោះឆ្នោត​។

មេដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​និរទេស​ដោយ​ខ្លួនឯង​រូប​នេះ​បាន​សុំ​ឲ្យ​អ្នក​គាំទ្រ​បោះពុម្ព​ខិត្តប័ណ្ណ​ចែកចាយ​ដល់​ពលរដ្ឋ​ប្រាប់​កុំ​ឲ្យ​ទៅ​បោះឆ្នោត ដោយ​បណ្តាល​ឲ្យ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត​និយាយ​ថា វា​បំពាន​ទៅ​លើ​ច្បាប់​ស្តីពី​ការបោះឆ្នោត ហើយ​អាច​នឹង​នាំ​ឲ្យ​មាន​ចំណាត់ការ​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​លោក សម រង្ស៊ី​។

សមាជិក​នៃ​អតីត​គណបក្ស​ប្រឆាំង​ម្នាក់​ក៏​បាន​ប្រកាស​ត្រៀម​ខ្លួន​បោះពុម្ព​ខិត្តប័ណ្ណ​ឲ្យ​បាន​ ១០ ​ម៉ឺន​សន្លឹក​ចែកជូន​ពលរដ្ឋ​មុន​ឱសានវាទ​នៃ​ការចុះឈ្មោះ​គណបក្ស​នយោបាយ​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​នឹង​ត្រូវ​បញ្ចប់​ថ្ងៃទី​ ១៤ ​ឧសភា បើ​គ្មាន​បក្ស​សង្គ្រោះ​ជាតិ​៕