ភ្នំពេញៈ រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu បានលើកឡើងថា ជប៉ុននឹងបើកជើងហោះហើរជាមួយកម្ពុជាឡើងវិញនៅដើមខែក្រោយ សម្រាប់អ្នកដំណើរជាធុរកិច្ច និងអ្នកដំណើរស្នាក់នៅរយៈពេលយូរ ដើម្បីជំរុញដំណើរការសេដ្ឋកិច្ចរវាងប្រទេសទាំង ២។
ការប្រកាសពីគម្រោងបើកជើងហោះហើរឡើងវិញនេះ គឺធ្វើឡើងនៅពេលលោក Motegi បានមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី ២១ និង ២២ សីហា ដើម្បីជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន ដើម្បីពិភាក្សាពីការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំង ២។
ក្រសួងការបរទេសជប៉ុនបានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយថា នៅក្នុងកិច្ចពិភាក្សាជាមួយលោក ហ៊ុន សែន លោក Motegi បានលើកឡើងពីសារៈសំខាន់នៃការបើកដំណើរការ ការធ្វើដំណើររវាងប្រទេសទាំង ២ ជាបណ្ដើរៗឡើងវិញ រួមទាំងអ្នកដំណើរធុរកិច្ចឆ្លងព្រំដែន។
លោក Motegi បញ្ជាក់ថា ប្រទេសជប៉ុន នឹងចាប់ផ្តើមបើកដំណើរការការធ្វើដំណើរសម្រាប់អ្នកស្នាក់នៅនៅដើមខែកញ្ញា ដែលនឹងអនុញ្ញាតឱ្យអ្នកស្នាក់នៅរយៈពេលយូរធ្វើដំណើរចេញចូលប្រទេសទាំង ២ ប៉ុន្តែត្រូវអនុវត្តវិធានការចត្តាឡីស័ក ១៤ ថ្ងៃនៅផ្ទះ ឬតំបន់ដែលបានកំណត់ផ្សេងទៀត។
សេចក្ដីប្រកាសព័ត៌មានលើកឡើងថា៖ «លោករដ្ឋមន្ត្រី Motegi ក៏បានថ្លែងដែរថា ប្រទេសជប៉ុននឹងទទួលយកនិស្សិតអាហារូបករណ៍ពីប្រទេសកម្ពុជា នៅពេលកំណត់ឱ្យបានឆាប់បំផុត»។
ក្រសួងការបរទេសជប៉ុនបន្ថែមថា នៅក្នុងដំណើរទស្សនកិច្ចនេះលោក Motegi ក៏បានលើកឡើងអំពីការបន្តជួយរបស់ជប៉ុន សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងការអភិវឌ្ឍដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជារួមទាំងពិភាក្សាអំពីបញ្ហាក្នុងតំបន់ និងអន្តរជាតិដូចជាបញ្ហាសមុទ្រចិនខាងត្បូង និងបញ្ហានៅប្រទេសកូរ៉េខាងជើង។
ចំណែកលោក ហ៊ុន សែន បានអរគុណរដ្ឋាភិបាលជប៉ុនដែលតែងផ្ដល់ជំនួយដល់កម្ពុជានាពេលកន្លងមក រួមទាំងការជួយពលករ និងនិស្សិតកម្ពុជាដែលកំពុងសិក្សា និងបម្រើការងារនៅឯប្រទេសជប៉ុន។ លោកបន្តថា ការបើកដំណើរការការធ្វើដំណើរទៅវិញទៅមករវាងប្រទេសទាំង ២ ឡើងវិញនាពេលខាងមុខនឹងអាចនាំមកនូវទំនាក់ទំនងកាន់តែខ្លាំងក្លាបន្ថែមទៀត និងជំរុញដំណើរការសេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្មរវាងប្រទេសទាំង ២ ជាបន្តទៀត។
ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បានសរសេរថា៖ «(លោក ហ៊ុន សែន) ស្នើឲ្យមានការហោះហើរឡើងវិញរបស់ក្រុមហ៊ុនអាណា ដែលការហោះហើរនេះនឹងអាចនាំឲ្យការធ្វើដំណើររវាងប្រទេសទាំង ២ មានសភាពការណ៍ធម្មតាឡើងវិញ ជាពិសេសត្រូវអនុវត្តនូវវិធានការមួយចំនួនផងដែរ។ ការហោះហើរឡើងវិញនេះនាំឲ្យមានការកើនឡើងក្នុងទំហំពាណិជ្ជកម្ម និងវិនិយោគផងដែរ»។
បើតាមលោកនាយករដ្ឋមន្ត្រីកាលពីឆ្នាំ ២០១៩ កម្ពុជា-ជប៉ុន មានទំហំពាណិជ្ជកម្មប្រមាណ ២ ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងនោះកម្ពុជានាំចេញទៅជប៉ុន ១,២ ពាន់លានដុល្លារ ហើយជប៉ុននាំចូលមកកម្ពុជាវិញ ០,៨ ពាន់លានដុល្លារ។ ទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន បញ្ជាក់ទៀតថា រដ្ឋមន្ត្រីការបរទេសជប៉ុនក៏បានអបអរប្រទេសកម្ពុជា ដែលបានចាត់វិធានការល្អប្រសើរក្នុងការទប់ស្កាត់ជំងឺកូវីដ ១៩។
ចំណែកក្រសួងការបរទេសកម្ពុជាក៏បានបញ្ជាក់ដែរថា លោក ប្រាក់ សុខុន និងលោក Motegi បានពិភាក្សាអំពីដំណើរការអនុវត្តគម្រោងសំខាន់ៗនៅកម្ពុជារួមទាំងគម្រោងអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុដើម្បីឲ្យកំពង់ផែនេះ ទទួលកប៉ាល់ធំៗចូលចតបាន និងការស្ថាបនាផ្លូវជាតិលេខ ៥ ដែលការអភិវឌ្ឍទាំងនេះនឹងពង្រីកសកម្មភាពវិនិយោគ និងបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ២។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានលើកឡើងថា តាមលទ្ធផលនៃដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុននេះគឺភាគីជប៉ុនមិនបានលើកយកបញ្ហាផ្ទៃក្នុងរបស់កម្ពុជា ទៅពិភាក្សាឡើយ ថ្វីដ្បិតមានការអំពាវនាវពីអង្គការសិទ្ធិមនុស្សអន្តរជាតិ និងអង្គការសង្គមស៊ីវិលនៅកម្ពុជាមួយចំនួនដែលចង់ឱ្យរដ្ឋមន្ត្រីការបរទេសជប៉ុន លើកយករឿងបញ្ហាសិទ្ធិមនុស្ស និងដំណើរការប្រជាធិបតេយ្យនៅកម្ពុជាទៅពិភាក្សាជាមួយថ្នាក់ដឹកនាំកម្ពុជាក្ដី។
លោកថា៖ «ជប៉ុនមានការប្រយ័ត្នប្រយែងណាស់ក្នុងការលើកយកបញ្ហាណាមកពិភាក្សាជាមួយដៃគូ។ ជាពិសេសជាមួយកម្ពុជា។ យើងកម្រឃើញជប៉ុនលើកយកបញ្ហាផ្ទៃក្នុង ឬបញ្ហារសើបមកពិភាក្សាជាមួយថ្នាក់ដឹកនាំកំពូលកម្ពុជាណាស់ គឺមានន័យថា គាត់គោរពអធិបតេយ្យភាពផ្ទៃក្នុងរបស់កម្ពុជាជានិច្ច។ ជប៉ុនមិនដើរតួជាអ្នកនាំពាក្យនាំសម្ដីឱ្យអង្គការណាមួយទៅនិយាយជាមួយថ្នាក់ដឹកនាំនៃប្រទេសនោះទេ ព្រោះមិនមែនជាឥរិយាបថការទូតរបស់ប្រទេសជប៉ុនឡើយ»៕
វីដេអូ៖