ភ្នំពេញៈ ​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​បានផ្តល់​ជំនួយឥតសំណង​ជា​គ្រឿងចក្រ​ចំនួន​ ១៥ ​គ្រឿង​ដែល​គិត​ជា​ថវិកា​ស្មើនឹង​ ៥០០ ​លាន​យ៉េន ឬ​ប្រមាណ​ ៤,៥ ​លាន​ដុល្លារ​ដល់​កម្ពុជា ដើម្បី​យកទៅ​ប្រើប្រាស់​ក្នុង​គម្រោង​សាងសង់ និង​ស្ដារឡើងវិញ​លើ​ផ្លូវ​អាទិភាព​ដែល​រង​ការខូចខាត​។

ពិធី​ប្រគល់ និង​ទទួល​គ្រឿងចក្រ​ទាំងនេះ​​បានធ្វើ​ឡើង​កាលពី​ម្សិលមិញ​នៅ​អង្គភាព​ស្ថាបនា​ផ្លូវថ្នល់​ក្នុង​រាជធានី​ភ្នំពេញ​ក្រោម​អធិបតីភាព លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​លោក Mikami Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​។

ថ្លែង​នៅក្នុង​ពិធី​នោះ​លោក ស៊ុន ចាន់ថុល បាន​លើកឡើង​ថា រដ្ឋាភិបាល​ជប៉ុន​ជានិច្ចកាល​តែង​ជួយឧបត្ថម្ភ​គាំទ្រ​ជា​ស្មារតី បច្ចេកទេស ឥណទាន កម្ចី​សម្បទាន និង​បាន​ផ្ដល់នូវ​ជំនួយ​ឥតសំណង​ជា​បន្តបន្ទាប់ សម្រាប់​ការសាងសង់ ស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ ស្ពាន​សំខាន់ៗ​ជាច្រើន​កន្លែង និង​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​។ ​ជំនួយ​ទាំងនេះ​បាន​​ជួយ​សម្រួល​ដល់​ចរាចរណ៍​ដឹកជញ្ជូន​នៅ​កម្ពុជា​សំដៅ​រួមចំណែក​ជំរុញ​កំណើនសេដ្ឋកិច្ច អភិវឌ្ឍ​សង្គម និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាជន​កម្ពុជា​។

លោក​បាន​ថ្លែងថា​៖ «​យើង​អាច​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន កំពង់ផែ ជាដើម​នេះ​គឺ​ដោយសារ​ប្រទេស​ជាតិ​យើង​មាន​សុខសន្តិភាព​ក្រោម​ការដឹកនាំ​ដ៏ឆ្លាតវៃ​របស់​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន​។ បើ​គ្មាន​សុខសន្ដិភាព យើង​គ្មាន​ឱកាស​មក​ជួបជុំ​គ្នា​នៅ​កន្លែង​នេះ​ដើម្បី​ទទួល​អំណោយ មកពី​ប្រទេស​ជប៉ុន​នូវ​គ្រឿងចក្រ​ចំនួន​ ១៥ ​គ្រឿង​​យក​មក​សាងសង់​ជួសជុល​ផ្លូវថ្នល់​នៅក្នុង​ប្រទេស​កម្ពុជា​យើង​នោះទេ​»​។

លោក Mikami Masahiro ​បាន​ថ្លែង​ក្នុង​ពិធី​នោះដែរ​ថា បច្ចុប្បន្ន​នេះ​ប្រទេស​កម្ពុជា​កំពុង​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ស្រប​ពេល​ដែល​ចំនួន​រថយន្ត​ដឹកទំនិញ និង​រថយន្ត​ដឹក​អ្នកដំណើរ​ក៏​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​ដែរ​។

ថ្មីៗ​នេះ​ប្រទេស​ជប៉ុន​បាន​ផ្ដល់​ជំនួយ​សម្រាប់ធ្វើ​ឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​ ១ ​ក្រោម​ជំនួយឥតសំណង និង​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​នូវ​ផ្លូវជាតិ​លេខ​ ៥ តាមរយៈ​កម្ចី​ជា​ប្រាក់​យ៉េន​។

លោក​ឯកអគ្គរាជទូត​រូបនេះ​បាន​បញ្ជាក់ថា​៖ «​គ្រឿងចក្រ​សាងសង់​ដែល​បានផ្ដល់​ជូន​នា​ថ្ងៃនេះ​នឹង​អាច​កាត់បន្ថយ​រយៈពេល​នៃ​ការជួសជុល និង​រក្សា​អាយុកាល​ផ្លូវថ្នល់​ឱ្យ​បាន​យូរអង្វែង​ផងដែរ​។

ខ្ញុំ​សង្ឃឹមថា គ្រឿងចក្រ​សាងសង់​នេះ​​នឹងមាន​សារៈសំខាន់​សម្រាប់​ការរក្សា​ស្ថានភាព​ល្អ​របស់​ថ្នល់​នៅ​កម្ពុជា​នាពេល​អនាគត​...​គ្រឿងចក្រ​សាងសង់​ទាំងនេះ​នឹងចូលរួម​ចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​កម្ពុជា នាពេល​អនាគត និង​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​យើង​ទាំង​ ២ ​បន្ថែមទៀត​»​។

បើតាម​លោក ស៊ុន ចាន់ថុល ចាប់ពី​ឆ្នាំ​ ១៩៩៣ មកទល់​បច្ចុប្បន្ន ជប៉ុន​​បានផ្ដល់​ជំនួយ​ឥតសំណង​ព្រមទាំង​ហិរញ្ញប្បទាន​ដ៏ច្រើន​សន្ធឹកសន្ធាប់​​សម្រាប់​ការស្ដារ និង​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​គន្លឹះ​ក្នុងទិសដៅ​ជំរុញ​កំណើន​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​កម្ពុជា​ចំពោះ​វិស័យ​សាធារណការ និង​ដឹកជញ្ជូន​។

ជប៉ុន​បានផ្ដល់​ហិរញ្ញប្បទាន សម្បទាន ជា​ជំនួយ​ឥតសំណង​សម្រាប់​ស្ដារ សាងសង់​ផ្លូវ​ចំនួន​ ៣ ​ខ្សែ​មាន​ផ្លូវជាតិ​លេខ​ ១ លេខ​ ៦ និង​ផ្លូវជាតិ​លេខ​ ៧ មាន​ប្រវែង​សរុប​ ២៥៤ ​គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ​ ១៨៩ ​លាន​ដុល្លារ​។ ស្ពាន​ធំៗ​ដែល​បាន​សាងសង់​រួច រួមមាន ស្ពាន​គីហ្សូណា ស្ពាន​ត្សឹបាសា ដែល​ចំណាយ​ថវិកា​ប្រមាណ ១៨៦ ​លាន​ដុល្លារ និង​ជួសជុល​ស្ពាន​ជ្រោយចង្វារ​ប្រវែង សរុប​ ១០៨០ ​ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ ៣០ ​លាន​ដុល្លារ​។

លោក​រដ្ឋមន្ដ្រី​បាន​បញ្ជាក់ថា បច្ចុប្បន្ន ជប៉ុន កំពុងតែ​ផ្ដល់​ជំនួយឥតសំណង​សម្រាប់​គម្រោង​សាងសង់​ស្ពាន​ឡើងវិញ​នៅ​តំបន់​ប្រឈម​ទឹកជំនន់​មាន​ស្ពាន ចំនួន​ ៧ ដែល​ស្ថិតក្នុង​ខេត្ដ​ព្រៃវែង និង​ខេត្តក្រចេះ​ដោយ​ប្រើ​ថវិកា​ប្រមាណ ៣៥ ​លាន​ដុល្លារ​។ ​ផ្លូវជាតិ​លេខ​ ៥ ​ប្រវែង​ប្រមាណ​ ៣៦០ ​គីឡូម៉ែត្រ​បាន និង​កំពុង​សាងសង់ គឺជា​ឥណទាន​សម្បទាន​ពី​​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ទំហំ​ថវិកា​ប្រមាណ​ ៥០០ ​លាន​ដុល្លារ​។ ​ក្រៅពីនេះ​ជប៉ុន​ក៏​​កំពុង​ជួយ​សិក្សា​សាងសង់​កំពង់ផែ​ទឹកជ្រៅ​ជម្រៅ​ ១៤,៥ ​ម៉ែត្រ​នៅ​ក្រុង​ព្រះសីហនុ​ផងដែរ ដើម្បីឱ្យ​នាវា​ធំៗ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​អាច​ចូល​ចត​បាន​៕