ភ្នំពេញៈ ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល​ ១ ​ថ្ងៃ​នៅ​កម្ពុជា​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក តារ៉ូ កូណូ​ (Taro Kono) ​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​ជំនួយ និង​ឥណទាន​ជាង ៩០ ​លាន​ដុល្លារ​អាមេរិក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ចំ​ខួប​លើក​ទី​ ៦៥ ​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​ កម្ពុជា-ជប៉ុន បើ​ទោះបី​ជា​បណ្ដា​ប្រទេស​លោក​ខាង​លិច​បាន​ព្យួរ​ជំនួយ និង​ថ្កោលទោស​ចំពោះ​ការបង្ក្រាប​ទៅលើ​បក្ស​ប្រឆាំង សង្គម​ស៊ីវិល និង​សារព័ត៌មាន​ឯករាជ្យ ខណៈ​អតីតមន្ត្រី​បក្សប្រឆាំង​រំពឹង​ថា ជប៉ុន​នឹង​ដើរតួនាទី​សំខាន់​ក្នុង​ដំណោះស្រាយ​វិបត្តិ​នយោបាយ​នៅ​កម្ពុជា​។

លោក​ កូណូ បាន​ធ្វើ​ដំណើរ​តាមរយៈ​ជើង​ហោះហើរ​ពិសេស​មក​ដល់​កម្ពុជា​កាលពី​ម៉ោង​ ៩ និង​ ៣០ ​នាទី​ព្រឹក​ថ្ងៃ​អាទិត្យ​មុន​នឹង​ជួបប្រជុំ​លក្ខណៈ​ទ្វេភាគី​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ ប្រាក់ សុខុន នាទី​ស្ដីការ​គណៈរដ្ឋមន្ត្រី​។

លោក​ កូណូ ក៏​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មុន​នឹង​ភាគី​ទាំង​ ២ ​បាន​ធ្វើ​សាក្សី​ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ និង​កំណត់​ហេតុ​ស្ដីពី​ការផ្ដល់​ហិរញ្ញប្បទាន និង​ឥណទាន​សម្បទាន​របស់​រាជរដ្ឋាភិបាល​ជប៉ុន​ដល់​កម្ពុជា​ដែល​មាន​ទំហំ​ទឹកប្រាក់​ជាង​ ៩០ ​លាន​ដុល្លារ​អាមេរិក​ផង​ដែរ​។

កិច្ចព្រមព្រៀង​ទាំង​នោះ​រួមមាន​ទី ១៖ ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៥០០ លាន​យ៉េន ឬ​ប្រហាក់​ប្រហែល​ ៤,៧ ​លាន​ដុល្លារ​អាមេរិក សម្រាប់​អនុវត្ត​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នៅ​កម្ពុជា និង​ទី​ ២៖ ​ឥណទាន​សម្បទាន​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៩ ២១៦ លាន​យ៉េន ឬ​ប្រហាក់​ប្រហែល​ ៨៦ ​លាន​ដុល្លារ​អាមេរិក​សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ខ្សែ​បញ្ជូន និង​ចែកចាយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញ ជំហាន​ទី​ ២​។

លោក អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ក្រោយ​បញ្ចប់​ជំនួប​នៅ​វិមាន​សន្តិភាព​ដោយ​លើកឡើង​ពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច ប៉ុន្តែ​មិន​មាន​ការលើក​ឡើង​ពី​ដំណោះស្រាយ​នយោបាយ​ទេ​។

លោក​ថ្លែង​ថា​៖ «​លោក​បាន​គោរព​ជម្រាប​ជូន​សម្ដេច​តេជោ​ពី​គោលបំណង​របស់​ជប៉ុន​គឺ​ធ្វើ​យ៉ាងណា​ជួយ​កម្ពុជា​យើង​ឲ្យ​ក្លាយ​ទៅ​ជា​ប្រទេស​មួយ​មាន​​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០ ក្នុង​ន័យ​នេះ​លោក​បាន​មាន​ប្រសាសន៍​ថា ជប៉ុន​មាន​ចំណាប់​អារម្មណ៍​ជួយ​ដល់​កម្ពុជា​យើង​លើ​វិស័យ ដឹកជញ្ជូន​ដែល​រួមមាន​ការគ្រប់គ្រង​កំពង់ផែ តំបន់​សេដ្ឋកិច្ច​ពិសេស ហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជា​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​ផង​ដែរ​។ ជប៉ុន​នឹង​ជួយ​កម្ពុជា​យើង​លើ​វិស័យ​បណ្ដាញ​អគ្គិសនី​នៅ​ក្នុង​ទីក្រុង​ក៏ដូចជា​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​សន្តិភាព​ក្រោម​ឆត្រ​អង្គការ​សហប្រជាជាតិ​»​។

លោក​បន្ថែម​ថា​៖ «​ជប៉ុន គឺ​មាន​លទ្ធភាព​យ៉ាង​ច្រើន​ក្នុង​ការជួយ​ដល់​កម្ពុជា​យើង ក្នុង​ន័យ​នេះ​លោក​សន្យា​ថា​នឹង​យក​ចិត្ត​ទុកដាក់​ក្នុង​ការ​ជួយ​ដល់​កម្ពុជា​យើង ជា​ការ​ឆ្លើយតប​សម្ដេច​ (​ហ៊ុន សែន​)​ បាន​ថ្លែង​អំណរគុណ និង​បាន​មាន​ប្រសាសន៍​ថា កម្ពុជា​មិន​ភ្លេច​ទេ តួនាទី​ជប៉ុន​ក្នុង​ការជួយ​កម្ពុជា​យើង​ក្នុង​ការ​ស្វែងរក​សន្តិភាព និង​ជួយ​កម្ពុជា​យើង​ក្នុង​ការ​ស្ដារ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ​»​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន (​ស្ដាំ​) និង​លោក Taro Kono (​ឆ្វេង​) រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ពេល​ជួប​ពិភាក្សា​កាលពី​ថ្ងៃ​ម្សិលមិញ​។ AFP

កាលពី​ព្រឹក​ម្សិលមិញ​នេះ​ដែរ​ថ្លែង​នៅ​ចំពោះ​មុខ​តំណាង​កម្មករ​ជាង ​៤៦០០ ​នាក់​មកពី​រោងចក្រ​ចំនួន​ ៤៩ ក្នុង​ខេត្ត​តាកែវ និង​ខេត្ត​កំពង់ស្ពឺ នា​សាល​មហោស្រព កោះពេជ្រ​ក្នុង​រាជធានី​ភ្នំពេញ មុន​ជំនួប​ជាមួយ​សមភាគី​ជប៉ុន លោក​ ហ៊ុន សែន​ អះអាង​ថា ជប៉ុន​នឹង​មិន​ធ្វើ​អ្វី​ដែល​ប៉ះពាល់​ដល់​សន្តិភាព​កម្ពុជា​ឡើយ​។ នេះ​បើ​យោង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​។

លោក​ថ្លែង​ថា​៖ «​ទន្ទឹម​នឹង​ប្រទេស​ជប៉ុន​ជា​មិត្ត​កំពុង​មក​ផ្តល់​ជំនួយ​ដល់​កម្ពុជា ក្រុម​ជន​ខិលខូច​មួយ​ចំនួន​អាច​បំពុល​ព័ត៌មាន​ទៅ​ជា​រឿង​មិន​ល្អ​ដូច​ដែល​ពួកគេ​ធ្លាប់​ធ្វើ​។ បងប្អូន​​ជន​រួមជាតិ​បាន​ដឹង​ហើយ​ថា​ប្រទេស​ជប៉ុន​មិន​ធ្វើ​អ្វី​ប៉ះពាល់​ដល់​សន្តិភាព និង​ការរីកចម្រើន​របស់​កម្ពុជា​ឡើយ​»​។

ទន្ទឹម​នឹង​នេះ​ដែរ​អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​ សុខ ឥសាន ​បាន​ថ្លែង​ថា​បញ្ហា​នយោបាយ​មិន​ត្រូវ​បាន​លើក​យក​មក​ពិភាក្សា​ទេ ប៉ុន្តែ​លោក លោក Nori Maruyama អ្នក​នាំពាក្យ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ជប៉ុន​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្លែង​ថា​នេះ​គឺជា​ផ្នែក​មួយ​នៃ​កិច្ចប្រជុំ​របស់​ពួកគេ​។

លោក​ថ្លែង​ថា​៖ «​យើង​ក៏​បាន​និយាយ​អំពី​ការបោះឆ្នោត​ផង​ដែរ​។ ដោយ​លោក​ពន្យល់​ថា​ប្រទេស​ជប៉ុន​បាន​ប្តេជ្ញាចិត្ត​ចំពោះ​ការកសាង​ប្រទេស​របស់​កម្ពុជា​ដោយ​ផ្អែកលើ​ការបោះឆ្នោត​ដែល​មាន​លក្ខណៈ​សេរី​ និង​យុត្តិធម៌​។

លោក​បន្តថា យើង​បាន​សហការ​ជាមួយ​កម្ពុជា​ដើម្បី​ឲ្យ​ការកសាង​ប្រទេស​ជាតិ​ឈរ​លើ​លទ្ធិប្រជាធិបតេយ្យ​ហើយ​ជានិច្ចកាល​យើង​តែងតែ​ជួយ​ប្រទេស​កម្ពុជា​ចំពោះ​បញ្ហា​នេះ​។ ដូច្នេះ​ជំហរ​របស់​ជប៉ុន​គឺថា​យើង​ចង់​ឃើញ​ការបោះឆ្នោត​ជាតិ​នេះ​ត្រូវ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ឆ្លុះបញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​។

ប៉ុន្តែ​ទោះ​ជា​យ៉ាងណា​លោក​បាន​កត់សម្គាល់​ថា​ប្រទេស​ជប៉ុន​នឹង​មិន​អត្ថាធិប្បាយ​លើ​បញ្ហា​ផ្ទៃក្នុង​ទេ​ហើយ​បាន​និយាយ​ថា​វា​ជា​សំណួរ​បែប​ទស្សនវិទ្យា​អំពី​អត្ថន័យ​នៃ​ពាក្យ​សេរី​ និង​យុត្តិធម៌​។

លោក Maruyama ដែល​បាន​មក​ប្រទេស​កម្ពុជា​អស់​រយៈពេល​ច្រើន​ឆ្នាំ​រហូត​ដល់​ឆ្នាំ​ ២០០៩ ​នោះ​បាន​ឱ្យ​ដឹង​ថា រហូត​មក​ដល់​ពេលនេះ​ប្រទេស​ជប៉ុន​ទើប​តែ​បាន​សម្រេច​ផ្តល់​ហិប​ឆ្នោត​ដើម្បី​គាំទ្រ​ដល់​ការបោះឆ្នោត​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​នេះ​ប៉ុណ្ណោះ​។

លោក​ថ្លែង​ថា​៖ «​ប៉ុន្តែ​វា​ជា​មាន​ចំនួន​ច្រើន​»​។ យោង​តាម​អ្នក​នាំពាក្យ​បាន​ឲ្យ​ដឹងថា​ប្រទេស​ជប៉ុន​នៅ​មិន​ទាន់​សម្រេច​ចិត្ត​នៅ​ឡើយ​ទេ​ថា​តើ​ត្រូវ​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​មក​ ឬ​ក៏​យ៉ាងណា​នោះ​។

លោក​ អេង ឆៃអ៊ាង អតីត​អនុប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ថ្លែង​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ពី​ក្រៅ​ប្រទេស​មក​ថា ជំនួយ​របស់​រដ្ឋាភិបាល​ជប៉ុន​មក​កម្ពុជា​ នៅពេល​នេះ​មិនមែន​ជា​ចំណុច​​អវិជ្ជមាន​សម្រាប់​ដំណោះស្រាយ​នយោបាយ​កម្ពុជា​នោះ​ទេ តែ​វា​ជា​ការ​លើក​ទឹកចិត្ត​ឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ពិចារណា​ឡើង​វិញ​។

លោក​ថ្លែង​ថា​៖ «​ខ្ញុំ​មិន​ភ្ញាក់ផ្អើល​ទេ ចំពោះ​នយោបាយ​ជប៉ុន ព្រោះ​នយោបាយ​ជប៉ុន​តាំងពី​ដើម​មក​គឺ​មាន​ភាព​ទន់ភ្លន់ គឺ​ជប៉ុន​មិន​ធ្វើ​អ្វី​ដែល​ក្ឌុង​ក្ឌាំង​ទេ ហើយ​ក៏​មិន​មាន​ប្រតិកម្ម​ស្អី​ដែល​ធ្វើឲ្យ​រដ្ឋាភិបាល​លោក​ ហ៊ុន សែន មិន​សប្បាយ​ចិត្ត​ដែរ អ៊ីចឹង​និយាយ​ឲ្យ​ស្រួល​ស្ដាប់​ទៅ​ជប៉ុន​គេ​ប្រើ​នយោបាយ​ត្រជាក់​ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​ខ្មែរ​តាំងពី​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុង​ប៉ារីស​មក ខុស​ពី​នយោបាយ​ប្រទេស​លោក​ខាង​លិច​»​។

លោក​ថា​សម្រាប់​ជំនួយ​ដែល​ជប៉ុន​ផ្តល់​ឲ្យ​កម្ពុជា ដោយសារ​ជប៉ុន​ធ្លាប់​សន្យា បើ​កាលណា​សន្យា​ហើយ​គឺ​ជប៉ុន​ត្រូវ​តែ​គោរព​កិច្ចសន្យា​ដោយ​គេ​មិន​អាច​ផ្តាច់​ការសន្យា​ហ្នឹង​ទេ ព្រោះ​គេ​ច្រើន​តែ​ប្រើ​នយោបាយ​ទន់ភ្លន់ ប៉ុន្តែ​លោក​ជឿជាក់​ថា​ជប៉ុន​ច្បាស់​ជា​គ្មាន​ការសន្យា​ថ្មី​ណា​មួយ​ទៀត​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​យល់ឃើញ​ថា​ជប៉ុន​គាត់​មិន​ប្រើប្រាស់​ខ្សែតី​ទេ គាត់​ចង់​ប្រើប្រាស់​ការ៉ុត​ដើម្បី​ផ្តល់​ការលើក​ទឹកចិត្ត​ដល់​រដ្ឋាភិបាល​លោក​ ហ៊ុន សែន ដើម្បី​ឲ្យ​វិល​មក​រក​ដំណោះស្រាយ​រួម​ជាមួយ​ខ្មែរ និង​ខ្មែរ​។ សម្រាប់​ជប៉ុន​ខ្ញុំ​ថា​ជា​ភាព​វិជ្ជមាន ព្រោះ​ទន្ទឹម​នឹង​ការ​ផ្តល់​ជំនួយ ជប៉ុន​មិនមែន​ដូច​ចិន​ទេ ចិន​ផ្តល់​ជំនួយ​គ្មាន​លក្ខខណ្ឌ​ទេ តែ​ជប៉ុន​គេ​ប្រើប្រាស់​របៀប​ជា​ការ​ផ្តល់​​រង្វាន់​ជា​ការ​លើក​ទឹកចិត្ត​។ ខ្ញុំ​យល់​ឃើញ​ថា​បើ​លោក​ ហ៊ុន សែន មិន​ចូលរួម ឬ​ជជែក​ដើម្បី​ដំណោះស្រាយ​ខ្មែរ​ទេ ខ្ញុំ​ជឿជាក់​ថា​ការបោះឆ្នោត​ខាង​មុខ​នេះ​ជប៉ុន​ក៏​មិន​ចូលរួម​ទទួល​ស្គាល់​ដែរ​»​។

លោក​ជឿថា​ជប៉ុន​នឹង​លើក​យក​បញ្ហា​នយោបាយ​កម្ពុជា​មក​ជជែក​ជាមួយ​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជា​លក្ខណៈ​ការទូត​សម្ងាត់​ណា​មួយ​ជាក់​ជា​មិន​ខាន ដោយ​លើក​ឧទាហរណ៍​ករណី​ដំណើរ​ទស្សនកិច្ច​របស់​ទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ជប៉ុន​កាលពី​ខែ​មុន​ដែល​គាំទ្រ​ឲ្យ​មាន​ដំណោះស្រាយ​នយោបាយ​។

លោក​សង្កត់​ធ្ងន់​ថា​៖ «​ខ្ញុំ​ជឿជាក់​ថា​ច្បាស់​តែ​និយាយ តែ​គេ​ប្រើប្រាស់​ការទូត គេ​មិន​ធ្វើ​ក្ឌុងក្ឌាំង​ជា​សាធារណៈ​នោះ​ទេ​។ ខ្ញុំ​ជឿជាក់​បែប​នេះ គឺ​ធម្មតា​ទីប្រឹក្សា​របស់​នាយករដ្ឋមន្ត្រី​ ស៊ិនហ្សូ អាបេ មក​ [​គេ​និយាយ​] ​អ៊ីចឹង​រដ្ឋមន្ត្រី​ការបរទេស​គេ​ក៏​នឹង​និយាយ​រឿង​ហ្នឹង​ដែរ​»​។

លោកស្រី Celine Pajon, អ្នក​ជំនាញ​អំពី​ជប៉ុន​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​បារាំង​ (FIIR) ​ថ្លែង​ថា​៖ «​សម្រាប់​ទស្សនៈ​ខ្ញុំ​ដែល​ថា​ ជប៉ុន​នឹង​ដាក់​សម្ពាធ​លើ​កម្ពុជា​តាមរយៈ​ការ​កាត់​ជំនួយ វា​គឺជា​រឿង​មិន​ទំនង​។ វិធីសាស្ត្រ​របស់​ជប៉ុន​ដើម្បី​លើក​កម្ពស់​ការទូត​នៅ​បរទេស​គឺ​អំពាវនាវ​ឲ្យ​មាន​ការ​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ច្រើន​ឡើង ប៉ុន្តែ​បន្ត​ជាមួយ​ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ច ដូចជា​ការលើក​ទឹកចិត្ត​សម្រាប់​ប្រទេស​អ្នក​ទទួល​ជំនួយ លុះត្រា​តែ​ទទួល​រង​ការដាក់​សម្ពាធ​ខ្លាំងក្លា​ពី​សហរដ្ឋអាមេរិក​»​។

លោកស្រី​ថ្លែង​ថា​៖ «​ពួកគេ​កម្រ​ប្រើ​ទណ្ឌកម្ម​ណាស់ ជាពិសេស​ប្រសិន​បើ​ប្រទេស​ទទួល​ជំនួយ​នោះ​ជា​យុទ្ធសាស្ត្រ​សម្រាប់​ផលប្រយោជន៍​របស់​ពួកគេ ដូចជា​ប្រទេស​កម្ពុជា​។ ជប៉ុន​ធ្លាប់​ជា​ម្ចាស់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ទី​ ១ ​របស់​កម្ពុជា​ ប៉ុន្តែ​សព្វថ្ងៃ​ចិន​បាន​វ៉ា​ដាច់​តួនាទី​នេះ​»៕ NS