
ជប៉ុនផ្ដល់ជំនួយជិត ២៩ ម៉ឺនដុល្លារ ដល់អង្គភាពចំនួន ៣ ដើម្បីអនុវត្តគម្រាងឱ្យប្រសើរ សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ)។ រូបថត ស្ថានទូតជប៉ុននៅកម្ពុជា
ភ្នំពេញៈ រាជរដ្ឋាភិបាលរបស់ជប៉ុនបានសម្រេចផ្តល់ថវិកាជិត ២៩ ម៉ឺនដុល្លារអាមេរិកដែលជាជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដល់អង្គភាពចំនួន ៣ ផ្សេងគ្នានៅកម្ពុជាសម្រាប់យកមកអនុវត្តគម្រោងនៅក្នុងអង្គភាពទាំងនោះឱ្យបានកាន់តែប្រសើរឡើង។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនកាលពីម្សិលមិញបានឱ្យដឹងថាថវិកាសរុបចំនួន ២៨៨ ៤៧៣ ដុល្លារអាមេរិក ត្រូវបានផ្តល់ជូនអង្គភាពចំនួន ៣ ក្នុងនោះមាន ការិយាល័យស្រុកប្រតិបត្តិព្រៃកប្បាស អង្គការគ្រួសារថ្មី និងអង្គការសុខភាពត្រចៀកនៅកម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន ៣។
បើតាមសេចក្ដីប្រកាសនេះគម្រោងទី១ គឺសម្រាប់ការិយាល័យស្រុកប្រតិបត្តិព្រៃកប្បាសដែលត្រូវបំពាក់ឧបករណ៍ពេទ្យនៅមន្ទីរពេទ្យបង្អែកអង្គរបុរីខេត្តតាកែវ ដែលមានថវិកាចំនួន ៨៧ ៩០០ ដុល្លារអាមេរិក ដោយគម្រោងនេះមានម៉ាស៊ីនកាំរស្មីអ៊ិច ១ គ្រឿង ម៉ាស៊ីនថតឆ្លុះអេកូ ១ គ្រឿង និងម៉ាស៊ីនភ្លើង ១ គ្រឿង។ បច្ចុប្បន្ននេះមន្ទីរពេទ្យគឺមិនមានលទ្ធភាពក្នុងការធ្វើរោគវិនិច្ឆ័យអ្នកជំងឺឱ្យបានគ្រប់គ្រាន់ ដោយសារតែកង្វះឧបករណ៍។ តាមរយៈជំនួយនេះ អ្នកជំងឺប្រមាណ ១ ៥០០ នាក់ នឹងទទួលបានសេវាវេជ្ជសាស្ត្រដែលមានភាពប្រសើរឡើងជារៀងរាល់ឆ្នាំ។
ចំពោះគម្រោងទី២ សម្រាប់អង្គការគ្រួសារថ្មីជាគម្រោងដែលត្រូវបំពាក់ម៉ាស៊ីនបោះពុម្ពអក្សរប្រៃយ៍ចំនួន ៤ និងឧបករណ៍ថតសំឡេងចំនួន ៤ នៅសាលាពិសេសនារាជធានី-ភ្នំពេញ និងខេត្តចំនួន ៣ រួមមានខេត្តកំពង់ចាម ខេត្តសៀមរាប និងខេត្តបាត់ដំបងមានថវិកាជំនួនចំនួន ៩៦ ៧២៦ ដុល្លារអាមេរិក។ គម្រោងនេះត្រូវបានរំពឹងថានឹងជួយដល់សិស្ស និងគ្រូជាង ២១០ នាក់ តាមរយៈការកែលម្អបរិយាកាសសិក្សា។
ចំណែកគម្រោងទី៣ គឺសម្រាប់អង្គការសុខភាពត្រចៀកនៅកម្ពុជាដែលត្រូវដំឡើងឧបករណ៍សម្រាប់ធ្វើរោគវិនិច្ឆ័យការស្តាប់ឮ និងពង្រឹងសេវាព្យាបាលការទំនាក់ទំនងសម្រាប់កុមារនៅភ្នំពេញ និងតាមគ្លីនិកចល័តរបស់អង្គការនេះនៅក្នុងខេត្តចំនួន ៦ ផ្សេងទៀត ដែលមានថវិកាចំនួន ១០៣ ៨៤៧ ដុល្លារអាមេរិក។ គម្រោងនេះមានគោលបំណងដើម្បីធានានូវការស្តាប់ និងការស្តារនីតិសម្បទាផ្នែកវេជ្ជសាស្ត្រឱ្យកាន់តែប្រសើរឡើង។ ជាលទ្ធផលមនុស្សជាង ៤ ៥០០ នាក់ដែលនឹងមកគ្លីនិក ហើយអ្នកជំងឺ ៣ ០០០ នាក់នៅគ្លីនិកចល័តនឹងទទួលបានអត្ថប្រយោជន៍ពីគម្រោងនេះ។
ពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនេះស្ថិតក្រោមអធិបតីលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំកម្ពុជា។ នៅក្នុងពិធីនោះលោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា ចាប់តាំងពីឆ្នាំ ១៩៩១ បន្ថែមលើគម្រោងឥណទានសម្បទាន និងជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធី KUSANONE នៅកម្ពុជាដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមានសេចក្តីសោមនស្សរីករាយដែលសង្កេតឃើញថានាពេលថ្មីៗនេះប្រទេសកម្ពុជា បាននិងកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំក៏ទទួលស្គាល់ថា នៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយដើម្បីលើកកម្ពស់គុណភាពជីវភាពរបស់ប្រជាជន»។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានបន្ថែមថា ប្រទេសជប៉ុននឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះតាមរយៈក្របខ័ណ្ឌសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ផ្សេងៗរួមទាំងគម្រោង «គូសាណូណិ»។
ក្នុងរយៈពេល ២៩ ឆ្នាំចុងក្រោយនេះស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជាបាន និងកំពុងផ្តល់ជំនួយច្រើនជាង ៦០០ គម្រោងតាមរយៈជំនួយឥតសំណង KUSANONE៕