ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនសម្រេចផ្តល់ជំនួយឥតសំណងក្នុងទឹកប្រាក់ចំនួន ៣ លានដុល្លារអាមេរិក សម្រាប់គម្រោងទប់ស្កាត់បញ្ហាសំណល់ប្លាស្ទិកសមុទ្រនៅកម្ពុជាដើម្បីលើកកម្ពស់ និងគាំទ្រដល់វដ្ដនៃការផលិត គ្រប់គ្រង ប្រើប្រាស់ និងបោះចោលប្លាស្ទិកនៅកម្ពុជាប្រកបដោយប្រសិទ្ធភាព។
តាមសេចក្ដីប្រកាសព័ត៌មានក្រោយពិធីចុះហត្ថលេខារវាងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា និងលោក នីក ប៊ែរេសហ្វត អ្នកតំណាងនិវេសនដ្ឋាន យូអិនឌីភី ប្រចាំកម្ពុជាកាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឱ្យដឹងថា គម្រោងនេះនឹងត្រូវអនុវត្តដោយក្រសួងបរិស្ថានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និង UNDP។
រីឯវត្ថុបំណងនៃការផ្ដល់ជំនួយនេះ គឺដើម្បីទប់ស្កាត់ និងកាត់បន្ថយឱ្យបានជាអតិបរមានូវការបំពុលដោយសំណល់ប្លាស្ទិកលើដី និងក្នុងសមុទ្រតាមរយៈការជំរុញឱ្យមានការអនុវត្តតាមគោលការណ៍ 4Rs (កុំប្រើ-Refuse កាត់បន្ថយ Reduce ប្រើឡើងវិញ-Reuse និងកែច្នៃយកមកប្រើប្រាស់-Recycle)។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងក្នុងពិធីនោះថា ការបំពុលប្លាស្ទិកតាមសមុទ្របានក្លាយជាវិបត្តិបរិស្ថានដ៏ធំបំផុតមួយក្នុងពិភពលោក។ ក្នុងកិច្ចប្រជុំកំពូលប្រទេស G20 នៅទីក្រុងអូសាកាកាលពីឆ្នាំមុន រដ្ឋាភិបាលជប៉ុនបានប្រកាសអនុវត្តគំនិតផ្ដួចផ្ដើមថ្មីមួយដើម្បីជំរុញឱ្យមានវិធានការប្រឆាំងការបំពុលប្លាស្ទិកតាមសមុទ្រ ប្រកបដោយប្រសិទ្ធភាព។
លោកបន្តថា កំណើនសំណល់ប្លាស្ទិកបានក្លាយជាបញ្ហាប្រឈមធំមួយក្នុងចំណោមបញ្ហាធំៗជាងគេក្នុងពិភពលោកបច្ចុប្បន្ន ខណៈវាកើនដល់ ៨,៣ ពាន់លានតោន។ ជារៀងរាល់ឆ្នាំមានប្លាស្ទិក ១៣ លានតោនហូរចូលក្នុង សមុទ្រដែលស្មើនឹងការចាក់សំរាម ១ ឡានពេញរៀងរាល់ ១ នាទីម្ដង។ សំណល់ប្លាស្ទិកប្រមាណ ៩០% ដែលហូរចូលសមុទ្រ មានប្រភពពីទន្លេធំៗចំនួន ១០ ក្នុងនោះក៏មានទន្លេមេគង្គមួយផងដែរ។
លោកបញ្ជាក់ទៀតថា បញ្ហាធំជាងគេគឺថង់ប្លាស្ទិកមិនងាយរលាយក្នុងដីឡើយ ហើយបន្តវត្តមានលើភពផែនដីរាប់រយឆ្នាំទៅមុខទៀត។ ដោយឡែកនៅក្នុងសមុទ្រវិញគឺមានថនិកសត្វ ត្រី និងបក្សីជាង ១ លានក្បាលបានគ្រោះថ្នាក់ ដោយសារលេបប្លាស្ទិកចូលពោះ ឬត្រូវរុំជាប់ជាមួយវត្ថុធ្វើពីប្លាស្ទិក។ រីឯបក្សី និងត្រីជាង ៩០% មានកម្ទេចប្លាស្ទិកក្នុងពោះរបស់វា ហើយសារធាតុគីមីពុលទាំងនេះក៏បន្តចូលមកក្នុងរបបអាហារ និងក្នុងរាងកាយរបស់មនុស្ស។
លោកបន្ថែមថា បច្ចុប្បន្ននេះមានប្រទេស និងទីក្រុងជាង ១០០ ដែលមានទាំងកម្ពុជាផង កំពុងដាក់ឱ្យអនុវត្តវិធានការថ្មីៗជុំវិញសំណល់ប្លាស្ទិកនេះ។ នៅកម្ពុជាតាំងពីឆ្នាំ ២០១៨ មករាជរដ្ឋាភិបាលកម្ពុជាបានជំរុញឱ្យអនុវត្តតាមក្របខ័ណ្ឌ 4Rs នេះ។
បើតាមលោក មិកាមិ ម៉ាសាហ៊ី គម្រោងថ្មីនេះនឹងរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីបង្កើនការយល់ដឹង និងកាត់បន្ថយសំណល់ប្លាស្ទិក ពិសេសនៅតាមតំបន់ដូចជា សៀមរាប ព្រះសីហនុ ភ្នំពេញ កែប កំពត និងកោះកុង។ «យើងជឿជាក់ថាជំនួយនេះអាចចូលរួមចំណែកដល់បរិស្ថានរស់នៅក្នុងទីក្រុងនៃប្រទេសកម្ពុជា និងជួយការពារការបំពុលសមុទ្រពីសំណល់ប្លាស្ទិកបន្ថែមទៀត...»។
លោក នីក ប៊ែរេសហ្វត បានលើកឡើងថា ការប្រយុទ្ធនឹងការបំពុលប្លាស្ទិក គឺជាការកិច្ចការដ៏សែនពិបាកមួយ។ ប៉ុន្តែគម្រោងនេះនឹងនាំមកនូវការផ្លាស់ប្តូរ និងបង្ហាញឱ្យឃើញពីអានុភាពនៃការងាកទៅរកសេដ្ឋកិច្ចវិលជុំបែបបៃតង។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងដែរថា ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិកឱ្យមានប្រសិទ្ធភាព ទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នា។ តាមគម្រោងនេះអាចបង្ហាញឱ្យឃើញពីឧត្តមានុវត្តន៍នៃអន្តរាគមន៍កាត់បន្ថយប្លាស្ទិកដែលអាចជួយឱ្យប្រទេសនៅអាស៊ានយកគំរូតាមកម្ពុជា។
លោកបានបញ្ជាក់ថា៖ «កម្ពុជានឹងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតក្នុងការថែរក្សាបរិស្ថាននៅតាមតំបន់ឆ្នេរសមុទ្រឱ្យល្អស្អាត...»៕