ភ្នំពេញៈ រាជរដ្ឋាភិបាល​ជប៉ុន​នឹង​ផ្ដល់ជំនួយ​ជា​ឧបករណ៍ សម្ភារ និង​បរិក្ខារ​ពេទ្យ ដែល​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ ១៨ ​លាន​ដុល្លារ​អាមេរិក​ ដល់​ក្រសួងសុខាភិបាល​កម្ពុជា​សម្រាប់​ការប្រយុទ្ធប្រឆាំង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩ និង​ជំនួយ​ហិរញ្ញប្បទាន​ឥត​សំណង​ជិត​ ២៣ លាន​ដុល្លារ​បន្ថែមទៀត សម្រាប់​គាំទ្រ​ដល់​វិស័យ​អប់រំ និង​សុខាភិបាល​នៅ​កម្ពុជា​។ នេះ​បើ​យោងតាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​កាលពី​ម្សិលមិញ​។

សេចក្ដី​ជូន​ដំណឹង​នេះ​បាន​ដកស្រង់​ប្រសាសន៍​របស់​លោក MIKAMI Masahiro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ក្នុង​ជំនួប​ពិភាក្សា​ការងារ​មួយចំនួន​ជាមួយ​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាលពី​ថ្ងៃទី​ ២៧ ខែ​ឧសភា ឆ្នាំ​ ២០២០ ​ថា រាជរដ្ឋាភិបាលជ​ប៉ុន​នឹង​ផ្ដល់ជំនួយ​ជា​ឧបករណ៍ សម្ភារ និង​បរិក្ខារ​ពេទ្យ ដែល​គិត​ជា​ទឹកប្រាក់​សរុប​ប្រមាណ​ ១៨ ​លាន​ដុល្លារ​ដល់​ក្រសួងសុខាភិបាល​សម្រាប់​ការប្រយុទ្ធប្រឆាំង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​១៩​។

លោក Masahiro មានប្រសាសន៍​ថា​៖ «​ជំនួយ​ជា​ឧបករណ៍ សម្ភារ និង​បរិក្ខារ​ពេទ្យ​ទាំងនោះ​នឹង​មកដល់​ក្នុង​ប្រទេស​កម្ពុជា​នាពេល​ឆាប់ៗ​ខាងមុខ​»​។

លោក Masahiro បន្តថា ការផ្ដល់​ជំនួយ​ឧបករណ៍​សម្ភារ និង​បរិក្ខារ​ពេទ្យ​ដល់​ក្រសួងសុខាភិបាល​កម្ពុជា សម្រាប់​ការប្រយុទ្ធប្រឆាំង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ​១៩ នេះ​គឺ​ផ្អែក​តាម​ស្មារតី​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​ ៣ ស្ដីពី​ជំងឺ​កូវីដ​ ១៩ កាលពី​ថ្ងៃទី​ ១៤ ខែ មេសា ឆ្នាំ​ ២០២០ ដែល​រាជរដ្ឋាភិបាល​ជប៉ុន​បាន​បង្ហាញ​ជំហរ​ជួយ​ដល់​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក្នុង​ការប្រយុទ្ធប្រឆាំង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​​ ១៩ ដែល​ក្នុងនោះ​ក៏មាន​កម្ពុជា​ផងដែរ​។ ជាមួយ​គ្នា​នេះ​រាជរដ្ឋាភិបាល​ជប៉ុន​នឹង​បន្ត​ផ្តល់ជំនួយ​បច្ចេកទេស​ហិរញ្ញប្បទាន​ឥត​សំណង​ជាពិសេស ប្រាក់កម្ចី​ឥណទាន​សម្បទាន​ផង​ដែរ សម្រាប់​ជួយ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​ និង​ការស្ដារ​សម្បទា​សេដ្ឋកិច្ច​កម្ពុជា​ឡើងវិញ បន្ទាប់ពី​រងផលប៉ះពាល់​ដោយសារ​ជំងឺ​​កូវីដ​១៩ ។

លោក Masahiro បញ្ជាក់​ទៀត​ថា​៖ «​ក្នុងពេល​ឆាប់ៗ​ខាង​មុខ​នេះ រាជរដ្ឋាភិបាល​ជប៉ុន​គ្រោង​នឹង​បន្ត​ផ្ដល់​នូវ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​គម្រោង​ចំនួន​ ២ ដែល​មាន​ទឹកប្រាក់​សរុប ២២,៧៣ ​លាន​ដុល្លារ​អាមេរិក សម្រាប់​គាំទ្រ​ដល់​វិស័យ​អប់រំ និង​សុខាភិបាល​កម្ពុជា​»​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​សម្ដែង​ការសាទរ​ចំពោះ​ការផ្តល់​ជំនួយ​នេះ ដោយបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ជប៉ុន​ដែល​ជា​និច្ចកាល​បាន​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ប្រទេស​ជាតិ និង​ការរក្សា​បាន​នូវ​សុខសន្តិភាព​ក្នុងសង្គម​៕