ភ្នំពេញៈ ​ជប៉ុន​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ប្រមាណ​ ៣១០ ​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​ដល់​កម្ពុជា សម្រាប់​គម្រោង​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន​ ៣ ​គម្រោង និង​ឥណទាន​ ២ ​គម្រោង​ដោយ​គម្រោង​ទាំងនេះ​ត្រូវបាន​រដ្ឋាភិបាល​អះអាង​ថា នឹង​ជួយ​ឱ្យ​សេដ្ឋកិច្ចកម្ពុជា​មាន​ការអភិវឌ្ឍ​បន្ថែមទៀត​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ធ្វើ​ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តីពី​ការផ្តល់​ជំនួយ​អភិវឌ្ឍន៍​ជប៉ុន​នៅ​ថ្ងៃទី​ ២៤ ខែ​មីនា​នេះ ខណៈ​ដែល​លិខិត​ប្តូរ​សារ​នេះ​នឹង​ចុះហត្ថលេខា​ដោយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស និង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​។

ក្រសួង​ការបរទេស​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃ​ចន្ទ​ថា ហិរញ្ញប្បទាន​ឥត​សំណង​គឺ​សម្រាប់​អនុវត្ត​គម្រោង​ពង្រីក​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹកស្អាត​ក្នុង​ក្រុង​តាខ្មៅ​ដែលមាន​ទឹកប្រាក់​ប្រមាណ ៣១ ​លាន​ដុល្លារ​អាមេរិក​គម្រោង​សមាហរណកម្ម​ការបោសសម្អាត​មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន​ដែល​មាន​ទឹកប្រាក់​ប្រមាណ ៩ ​លាន​ដុល្លារ​។

គម្រោង​មួយទៀត​គឺ​គម្រោង​កម្មវិធី​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ដែលមាន​ទឹកប្រាក់​ប្រមាណ ២,៧ លាន​ដុល្លារ​។ ក្រសួង​ការបរទេស​បញ្ជាក់​ថា ចំណែកឯ​គម្រោង​ឥណទាន​សម្បទាន​វិញ​គឺ​សម្រាប់​អនុវត្ត​គម្រោង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផ្លូវជាតិ​លេខ​ ៥ ​ដំណាក់កាល​ទី​ ២ ​ពី​ធ្លា​ម្អម​ដល់​បាត់ដំបង និង​ពី​សិរីសោភ័ណ​ដល់​ក្រុង​ប៉ោយប៉ែត​ដែលមាន​ទឹកប្រាក់​ប្រមាណ ១៦១ ​លាន​ដុល្លារ និង​ដំណាក់កាល​ពី​ ៣ ​ចាប់ពី​ព្រែក​ក្តាម​ដល់​ធ្លា​ម្អម​ដែល​មាន​ទឹកប្រាក់​ប្រមាណ ១០៦,៥ ​លាន​ដុល្លារ​។

ក្រសួង​បញ្ជាក់ថា​៖ «​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​ដែល​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​នេះ​នឹង​ជួយ​លើកកម្ពស់​បន្ថែមទៀត​នូវ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​ព្រមទាំង​ពង្រីក​ទំនាក់ទំនង​មិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជាតិ​ទាំង​ ២ ​ផងដែរ​»​។

កាលពី​ថ្ងៃទី​ ២០ ខែមីនា ជប៉ុន​បាន​ចុះហត្ថលេខា​ផ្តល់​ជំនួយ​ឥតសំណង​ជាង ៣១០ ០០០ ដុល្លារ​ សម្រាប់​អនុវត្ត​គម្រោង​ចំនួន​ ៤ ​ក្នុងការ​សាងសង់​បរិក្ខារ​សុខាភិបាល ការស្តារ​ប្រព័ន្ធធារាសាស្ត្រ​ឡើងវិញ និង​ការដំឡើង​ឧបករណ៍​ជំនួយ​ដើម្បី​ផ្តល់​ភាពងាយស្រួល​ដល់​ជន​មាន​ពិការភាព​រាងកាយ​។

ស្ថានទូត​ជប៉ុន​បញ្ជាក់​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​ ២០ ខែ​មីនា​ ថា សម្រាប់​គម្រោង​សាងសង់​អគារ​សម្ភព​ក្នុង​មណ្ឌល​សុខភាព​កំពង់ល្ពៅ ខេត្ត​បាត់ដំបង​ជប៉ុន​ផ្តល់ជំនួយ​ប្រមាណ ៨៦ ០០០ ដុល្លារ​ ដែល​នឹង​ធានា​ឱ្យបាន​នូវ​បរិស្ថាន​សម្រាលកូន​មាន​សុវត្ថិភាព និង​សមស្រប​ជាង​មុន​។ ក្នុង​គម្រោង​សាងសង់​មណ្ឌល​សុខភាព​ល្បាំង​មួយ​ក្នុង​ខេត្តរតនគិរី​ជប៉ុន​ផ្តល់ជំនួយ​ប្រមាណ​ ៩១០០០ ​ដុល្លារ​។

ស្ថានទូត​ជប៉ុន​បញ្ជាក់ថា​៖ «​ប្រជាជន​ប្រមាណ ៣ ៥០០ ​នាក់​ ក្នុង​តំបន់​គ្របដណ្តប់​នឹង​ទទួល​បាន​សេវា​វេជ្ជសាស្ត្រ​ដែល​ល្អប្រសើរ​ជាង​មុន ហើយ​មណ្ឌល​សុខភាព​នឹង​ផ្គត់ផ្គង់​សេវា​វេជ្ជសាស្ត្រ​ដែលមាន​គុណភាព​ទៅដល់​អ្នកជំងឺ​របស់​ពួកគេ​»​។

ស្ថានទូត​ជប៉ុន​ប្រកាស​ទៀតថា ចំពោះ​គម្រោង​ស្តារ​ឡើងវិញ​នូវ​ប្រព័ន្ធធារាសាស្ត្រ​ពញាលាង ខេត្តព្រៃវែង ជប៉ុន​ផ្តល់​ជំនួយ​ចំនួន​ប្រមាណ​ ៨៩ ០០០ ​ដុល្លារ​។ ប្រជាជន​ក្នុង​តំបន់​ជាង​ ១ ០០០ ​នាក់​ នឹង​ទទួល​បាន​ប្រយោជន៍​ពី​គម្រោង​នេះ​តាមរយៈ​ការបង្កើន​ផលិតកម្ម​ដំណាំ​ស្រូវ​ហើយ​ទំនប់​ដែល​ត្រូវបាន​ស្តារឡើងវិញ​នឹង​រួមចំណែក​ដល់​ការដឹកជញ្ជូន​ដំណាំ​កសិកម្ម​បាន​ដោយ​ងាយស្រួល​នៅក្នុង​តំបន់​គម្រោង​។

ស្ថានទូត​ជប៉ុន​បន្តថា សម្រាប់​គម្រោង​ដំឡើង​ឧបករណ៍​នៅ​សមាគម​ជំនួយ និង​ជំនួយ​សង្គ្រោះ​រទេះរុញ​សម្រាប់​អភិវឌ្ឍន៍ (​សរសអ​) ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​ជន​មាន​ពិការភាព​រាងកាយ​នៅ​កម្ពុជា ជប៉ុន​ផ្តល់​ជំនួយ​ប្រមាណ​ ៤៨ ០០០ ​ដុល្លារ​។ មនុស្ស​ជាង ៧០០ ​នាក់​ នឹង​ទទួលបាន​ឧបករណ៍​ជំនួយ​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នេះ​ថា រហូត​មក​ដល់​ពេលនេះ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ផ្តល់​ជំនួយ​ជាង​ ៦០០ ​គម្រោង​តាមរយៈ​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ (KUSANONE)​។ គម្រោង​ទាំងនេះ​បាន​ចូលរួម​ចំណែក​ដោយផ្ទាល់​ក្នុង​ការលើកកម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាពលរដ្ឋ​នៅ​ថ្នាក់មូលដ្ឋាន​នៅ​កម្ពុជា​។

លោក​ថ្លែងថា​៖ «​ប្រទេស​កម្ពុជា​បាននិង​កំពុង​មាន​ការអភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស​។ ទោះ​ជា​យ៉ាងណា​ក៏ដោយ​ខ្ញុំ​ក៏​ទទួលស្គាល់​ថា នៅតែ​មាន​បញ្ហា​ប្រឈម​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​ដើម្បី​លើកកម្ពស់​គុណភាព​ជីវភាព​របស់​ប្រជាជន​។ ប្រទេស​ជប៉ុន​នឹង​បន្ត​ចូលរួមចំណែក​ក្នុង​ការដោះស្រាយ​បញ្ហា​ប្រឈម​ទាំងនោះ​តាមរយៈ​ក្របខ័ណ្ឌ​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​ផ្សេងៗ​រួមទាំង KUSANONE»​។

កាលពី​ថ្ងៃទី​ ១៩ ខែមីនា​ ជប៉ុន​បាន​ផ្តល់​ជំនួយ​ឥតសំណង​ចំនួន​ប្រមាណ ៤០០ ០០០ ​ដុល្លារ​សម្រាប់​ការសាងសង់​អគារសិក្សា​ក្នុង​ខេត្ត​ចំនួន​ ៣ ​គឺ រតនគិរី ក្រចេះ និង​មណ្ឌលគិរី ព្រមទាំង​ការសាងសង់​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ក្នុង​ភូមិ​រាំងខ្វាវ ខេត្តពោធិ៍សាត់​៕