ភ្នំពេញៈ រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់កញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ឥតសំណងប្រមាណ ៤១ លានដុល្លារអាមេរិក តបទៅនឹងសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងចំនួន ៣ គឺគម្រោងធ្វើឲ្យប្រសើរឡើងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប គម្រោងកម្មវិធីអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស និងគម្រោងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនស្ដីពីពិធីចុះហត្ថលេខាលើលិខិតប្ដូរសារស្ដីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ក្រោមអធិបតីភាពលោក ប្រាក់ សុខុន រដ្ឋមន្ដ្រីការបរទេស និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី ៥ ខែមិថុនា។
សេចក្ដីប្រកាសព័ត៌មាននេះឲ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ជំនួយឥតសំណង (ODA) ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់សរុបចំនួន ៤ ៥០១ លានយ៉េនស្មើនឹងប្រមាណ ៤១,៤ លានដុល្លារដែលបានផ្ដល់ដោយរដ្ឋាភិបាលជប៉ុនដល់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់អនុវត្តគម្រោងចំនួន ៣ ដូចជា ទឹកប្រាក់ប្រមាណ ៣,២ លានដុល្លារសម្រាប់គម្រោងអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈកម្មវិធីអាហារូបករណ៍សម្រាប់មន្ត្រីកម្ពុជាវ័យក្មេងដែលមានទេពកោសល្យដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសជប៉ុន។ ទឹកប្រាក់ប្រមាណ ១៩,៨ លានដុល្លារសម្រាប់ការធ្វើឱ្យប្រសើរឡើងនៃមណ្ឌលសុខភាព សម្ភារវេជ្ជសាស្ត្រ និងសេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប និងប្រមាណ ១៨,៤ លានដុល្លារសម្រាប់កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម តាមរយៈការផ្តល់សម្ភារវេជ្ជសាស្ត្រ សម្រាប់ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជា។
លោក ប្រាក់ សុខុន បានថ្លែងក្នុងពិធីចុះហត្ថលេខាលើលិខិតប្ដូរសារផ្ដល់ហិរញ្ញប្បទានឥតសំណងនេះដោយលោកបានរំឭកថាកាលពីថ្ងៃទី ២៤ ខែមីនាឆ្នាំនេះរដ្ឋាភិបាលជប៉ុនបានផ្តល់ហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទានសរុបប្រមាណ ៣១០ លានដុល្លារសម្រាប់ ក- ពង្រីកការផ្គត់ផ្គង់ទឹកនៅក្រុងតាខ្មៅ ខ- ការបោសសម្អាតមីន និងជំនួយសម្រាប់ជនរងគ្រោះដោយសារគ្រាប់មីន គ- កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម និង ឃ- ការធ្វើឲ្យប្រសើរឡើងនៃផ្លូវជាតិលេខ ៥ ផងដែរ។
លោកថ្លែងថា៖ «ខណៈដែលប្រទេសនៅជុំវិញពិភពលោករួមទាំងជប៉ុនផង កំពុងប្រឈមនឹងការលំបាកខ្លាំងផ្នែកសេដ្ឋកិច្ច និងភាពមិនប្រាកដប្រជា ដោយសារឥទ្ធិពលនៃជំងឺរាតត្បាតកូវីដ ១៩ រដ្ឋាភិបាលជប៉ុន នៅតែបន្តប្តេជ្ញាចិត្តគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជា។ ជំនួយដែលបានចុះហត្ថលេខានៅថ្ងៃនេះនឹងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាព និងគុណភាពផ្នែកធនធានមនុស្សរបស់យើងដើម្បីឈានទៅសម្រេចបានពិពិធកម្មសេដ្ឋកិច្ច និងសេចក្តីប្រាថ្នារបស់យើងក្នុងការប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០»។
លោក ប្រាក់ សុខុន ថ្លែងថាក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាលោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានផ្តល់កញ្ចប់ជំនួយអភិវឌ្ឍន៍ផ្លូវការ (ODA) ថ្មីៗទាំងនេះបន្ថែមលើជំនួយសប្បុរសធម៌ដែលបានផ្តល់មកកម្ពុជាតាំងពីដើមទសវត្សរ៍ឆ្នាំ ១៩៩០ មក។
លោកថ្លែងថា៖ «ដោយសារមានការចូលរួមចំណែកមួយផ្នែកធំពីជំនួយអភិវឌ្ឍន៍ផ្លូវការរបស់ជប៉ុន ទើបកម្ពុជាបានអនុវត្តយុទ្ធសាស្ត្រចតុកោណរបស់ខ្លួនប្រកបដោយជោគជ័យហើយបច្ចុប្បន្នបានឈានដល់ដំណាក់កាលទី ៤ និងបានជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជាសម្រេចបានជាង ៧ ភាគរយជារៀងរាល់ឆ្នាំក្នុងរយៈពេល ២១ ឆ្នាំចុងក្រោយនេះ។ យើងខ្ញុំសង្ឃឹមថា កម្ពុជានឹងមានសម្ទុះរឹងមាំ និងងើបឡើងវិញយ៉ាងឆាប់រហ័សពីផលប៉ះពាល់នៃជំងឺកូវីដ១៩»។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បានថ្លែងថា នាពេលបច្ចុប្បន្ននេះ ពិភពលោកកំពុងប្រឈមមុខនឹងការគំរាមកំហែងដែលមិនធ្លាប់មានពីមុននៃជំងឺកូវីដ១៩ហើយកិច្ចសហប្រតិបត្ដិការអន្តរជាតិ គឺមានសារៈសំខាន់មិនអាចខ្វះបាន។ វីរុសឆ្លងនេះក៏ជាការគំរាមកំហែងដល់អាយុជីវិតមនុស្ស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គលម្នាក់ៗដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរ ដល់សេដ្ឋកិច្ចសង្គម។
លោកថ្លែងថា៖ «រហូតមកដល់សព្វថ្ងៃនេះប្រទេសជប៉ុនបានដឹកនាំកិច្ចខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីសម្រេចឲ្យបាននូវការធានារ៉ាប់រងសុខភាពសកល។ ដោយពិចារណាថា ជំងឺកូវីដ១៩កំពុងប៉ះពាល់ដល់បណ្ដាប្រទេសដែលប្រព័ន្ធសុខាភិបាលនៅមានភាពទន់ខ្សោយ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតពីសារៈសំខាន់នៃការពង្រឹងប្រព័ន្ធសុខាភិបាលនៅគ្រប់ប្រទេសទាំងអស់មិនត្រឹមតែវិធានការរោគសញ្ញាប៉ុណ្ណោះទេ។ ការប្ដេជ្ញាចិត្ដរបស់យើង គឺផ្អែកលើគំនិតនេះ និងតម្រូវការរបស់កម្ពុជា»៕