ភ្នំពេញៈ ស្ថានទូតជប៉ុនប្រចាំកម្ពុជាផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ ដោយផ្តល់ជាសម្ភារ និងរថយន្តពន្លត់អគ្គិភ័យ ដែលគិតជាទឹកប្រាក់ជាង ២០ ម៉ឺនដុល្លារដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យនៅក្នុងទីក្រុង។
ពិធីចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិនេះបានធ្វើឡើងកាលពីថ្ងៃទី ១៨ ខែមករា រវាងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំ កម្ពុជា និងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃ ១៨ មករាថា ក្រោមជំនួយឥតសំណងប្រមាណ ២២ ម៉ឺនដុល្លារនេះនឹងផ្តល់សន្តិសុខសុវត្ថិភាពបន្ថែមទៀតដល់មនុស្សជាតិជាពិសេសពលរដ្ឋដែលកំពុងរស់នៅក្នុងទីក្រុងភ្នំពេញពាក់ព័ន្ធនឹងការបង្ការ និងការទប់ស្កាត់ជុំវិញគ្រោះអគ្គិភ័យ។ លោកបញ្ជាក់ថា៖ «អរគុណនូវជំនួយដែលបង្ហាញពីទឹកចិត្តសប្បុរសរបស់ប្រជាជនជប៉ុន។ ទឹកចិត្តនេះបានបង្ហាញអំពីការស្រឡាញ់ ការរាប់អាន និងការយកចិត្តទុកដាក់ពីប្រជាជនជប៉ុនមកលើប្រជាជនរស់នៅភ្នំពេញ»។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែងថានៅក្នុងគម្រោងនេះរថយន្តពន្លត់អគ្គិភ័យដែលបំពាក់ដោយកាំជណ្ដើរកម្ពស់ ៤០ ម៉ែត្រចំនួន ១ គ្រឿង ដែលរថយន្តពន្លត់អគ្គិភ័យប្រភេទនេះ គឺជាលើកដំបូងសម្រាប់ដាក់ឱ្យប្រើប្រាស់នៅរាជធានីភ្នំពេញព្រមទាំងរថយន្តពន្លត់អគ្គិភ័យដែលបំពាក់ដោយសារធាតុគីមី ចំនួន ១ គ្រឿង និងរថយន្តបូមទឹកពន្លត់អគ្គិភ័យចំនួន ២ គ្រឿងនឹងត្រូវបានដាក់ឱ្យប្រើប្រាស់នៅក្នុងរាជធានីភ្នំពេញដើម្បីបង្កើនសមត្ថភាពពន្លត់អគ្គិភ័យ។
លោកបន្ថែមថា ជាមួយគ្នានេះកម្មវិធីបណ្តុះបណ្តាលស្តីពីប្រតិបត្តិការ និងការថែរក្សាឧបករណ៍ពន្លត់អគ្គិភ័យនេះក៏នឹងត្រូវបានរួមបញ្ចូលផងដែរ ហើយកម្មវិធីបណ្តុះបណ្តាលនេះនឹងជួយអ្នកពន្លត់អគ្គិភ័យឱ្យឆ្លើយតបចំពោះអគ្គិភ័យនៅក្នុងអគារខ្ពស់ៗ និងឧប្បត្តិហេតុនានាដែលពាក់ព័ន្ធនឹងវត្ថុធាតុដែលមានគ្រោះថ្នាក់ខ្ពស់ដើម្បីឱ្យពួកគេអាចធ្វើសកម្មភាពបានលឿន និងមានប្រសិទ្ធភាពជាងមុន។
លោកបញ្ជាក់ថា៖ «ជំនួយនេះនឹងជួយលើកកម្ពស់សុវត្ថិភាព និងជួយការពារទ្រព្យសម្បត្តិរបស់ប្រជាជនប្រមាណ ៤ សែននាក់ នៅរាជធានីភ្នំពេញក៏ដូចជាភ្ញៀវទេសចរ និងអ្នកជំនួញដែលធ្វើដំណើរមកពីជុំវិញពិភពលោកផងដែរ»។
ស្របពេលដែលកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ ត្រូវបានចុះអនុស្សរណៈនៃការយោគយល់គ្នារវាងកងកម្លាំងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ និងក្រុមហ៊ុន Safety Sakura Service Co. Ltd. ក៏ត្រូវបានធ្វើឡើងផងដែរក្នុងគោលបំណងសម្រេចឱ្យបាននូវការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យ និងជួយសង្គ្រោះរបស់កងកម្លាំងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ កងកម្លាំងពន្លត់អគ្គិភ័យកម្ពុជា និងក្រុមហ៊ុន Safety Sakura Service Co., Ltd. នឹងសហការគ្នាក្នុងគោលបំណងពង្រឹងទំនាក់ទំនង និងសមត្ថភាពបន្ថែមទៀតស្របតាមអនុស្សរណៈនៃការយោគយល់គ្នានេះ។ នេះបើតាមការលើកឡើងរបស់លោក មិកាមិ ម៉ាសាហ៊ីរ៉ូ។
លោក សន ជ័យ ប្រធានអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាបានលើកឡើងថា កន្លងទៅស្ថានភាពជារួមក្នុងការបង្ការពន្លត់អគ្គិភ័យនៅភ្នំពេញ ឬបណ្តាខេត្តគឺឃើញមានតួអង្គជាច្រើនដែលចេញពីខាងមន្ត្រីប៉ូលិសផង និងមន្ត្រីទាហានផង។ លោកមើលឃើញថា លទ្ធផលដែលជនរងគ្រោះទទួលបានគឺហាក់មិនទទួលបានការជួយសង្គ្រោះដែលល្អប្រសើរនោះទេ ព្រោះការជួយសង្គ្រោះភាគច្រើនគឺទទួលបានលទ្ធផលតិចតួច ហើយផ្ទុយទៅវិញការខូចខាតទ្រព្យសម្បត្តិពលរដ្ឋ គឺធ្ងន់ធ្ងរ។
លោកបានបញ្ជាក់ថា៖ «យើងឃើញថា យន្តការ និងរបៀបឆ្លើយតបការពន្លត់អគ្គិភ័យនៅមានបញ្ហាច្រើនណាស់ ដែលត្រូវកែលម្អ ជាពិសេសនៅពេលមានភ្លើងឆេះផ្ទះ ឬអគ្គិភ័យហ្នឹង មធ្យោបាយជួយជនរងគ្រោះ មធ្យោបាយពន្លត់ភ្លាមៗ ហើយនិងធនធានដែលត្រូវប្រើគឺខ្វះទឹក ខ្វះអីមានរថយន្តច្រើនដែលខ្វះសមត្ថភាពពន្លត់។ ចុងក្រោយលិចឮពាក្យដដែលៗ គឺជនរងគ្រោះត្រូវបង់លុយ ដើម្បីទទួលបានការជួយសង្គ្រោះ ខណៈផ្លូវច្បាប់មិនតម្រូវឱ្យជនរងគ្រោះត្រូវបង់លុយនោះទេ»។
ជុំវិញជំនួយ និងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យនេះលោក សន ជ័យ រំពឹងថា រដ្ឋាភិបាល និងដៃគូអភិវឌ្ឍនឹងស្វែងរកមធ្យោបាយផ្សេងៗដើម្បីកែលម្អប្រព័ន្ធនៃការជួយសង្គ្រោះនេះ ឱ្យទទួលបានកម្រិតខ្ពស់ និងកាត់បន្ថយហានិភ័យដែលជនរងគ្រោះបានជួបប្រទះដូចជា ការខាតបង់ទ្រព្យសម្បត្តិ និងអាយុជីវិត៕
វីដេអូ៖