ភ្នំពេញៈ ជប៉ុននឹងផ្តល់ជំនួយឥតសំណងជិត ៣០០០ លានយ៉េន (ជិត ២៦ លានដុល្លារ) បន្ថែមទៀតដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់នៅភ្នំពេញ ខណៈដែលតំបន់មួយចំនួននៃរាជធានីតែងតែត្រូវទឹកជន់លិចនៅពេលដែលមានភ្លៀងខ្លាំងម្តងៗ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកាលពីថ្ងៃពុធលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងលោក មិកាមិ ម៉ាសហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជានឹងចុះហត្ថលេខាលើឯកសារផ្តល់ជំនួយឥតសំណងនៅថ្ងៃព្រហស្បតិ៍នេះ។ តាមរយៈជំនួយនេះ ជប៉ុននឹងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងបឹងជើងឯកដែលស្ថិតនៅខាងត្បូងរាជធានីភ្នំពេញ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ជំនួយរបស់ជប៉ុននេះនឹងរួមចំណែកដ៏សំខាន់ដល់ការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា»។
លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសមិនអាចបញ្ជាក់បន្ថែមបានទេពីម្សិលមិញដោយលោកប្រាប់ថា លោកជាប់រវល់បំពេញបេសកកម្មការងារនៅក្រៅប្រទេស។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ក្នុងការងារគម្រោងក្នុងក្របខ័ណ្ឌរាជធានីភ្នំពេញ សាលារាជធានីត្រូវតែអនុវត្តគម្រោងនេះបន្ទាប់ពីមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ផ្សេងៗពីស្ថាប័នរាជរដ្ឋាភិបាលក្នុងក្របខ័ណ្ឌក្រសួងណាមួយក្នុងនាមរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោកបញ្ជាក់ថាក្នុងការអនុវត្តការងារប្រព័ន្ធបង្ហូរទឹកកខ្វក់គឺត្រូវរៀបចំការចម្រោះតាមបទដ្ឋានមុននឹងបង្ហូរទៅកាន់ទីតាំងណាមួយ ឧទាហរណ៍ ដូចជាចូលទៅទនេ្ល ឬបឹងបួរផ្សេងៗដែលជាគោលដៅចុងក្រោយដើម្បីធ្វើឱ្យប្រព្រឹត្តកម្មទឹកកខ្វក់ដកសារជាតិពុលនៅក្នុងលក្ខណៈបច្ចេកទេស។ «ធម្មតា កាលណាយើងដកវា (សារជាតិពុល) ទៅវាល្អការងារបរិស្ថាន»។
លោក យ៉ង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍ និងសន្តិភាពបានស្វាគមន៍ចំពោះការយកចិត្តទុកដាក់របស់ជប៉ុនដែលតែងតែគិតគូរផ្តល់ជំនួយដល់កម្ពុជា។ ប្រព័ន្ធប្រឡាយមេបង្ហូរទឹកសម្អុយជាច្រើននៅភ្នំពេញត្រូវបានជួយអស់ពីចិត្តពីថ្លើមពីសំណាក់ជប៉ុន។ នេះជាការរីករាយមួយ ពីព្រោះសព្វថ្ងៃភ្នំពេញជួបវិបត្តិធំផងដែរក្នុងការបង្ហូរទឹកដែលធ្វើឱ្យមានការកកស្ទះហើយធ្វើឱ្យលិចលង់រាជធានីនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្តងៗ។
លោក គិមអេង បន្តថាការស្ទះប្រព័ន្ធបង្ហូរទឹកដែលធ្វើឲ្យមានការជន់លិចពេលមានភ្លៀងខ្លាំងម្តងៗគឺដោយសារតែបឹងបួមួយចំនួននៅភ្នំពេញជាទូទៅត្រូវបានលុប ហើយប្រព័ន្ធប្រឡាយបង្ហូរទឹកខ្លះត្រូវបានចាក់លុបយកដីសង់ផ្ទះល្វែង។
ប្រឡាយខ្លះទៀតត្រូវបានបង្រួមឱ្យកាន់តែតូចដូចជានៅម្តុំលូ ៥ ជាដើម។ «អ៊ីចឹងយើងអត់អាចអាងតែជប៉ុនមកជួយទេ ត្រូវតែយើងខិតខំការពារបឹង ឬក៏ប្រឡាយបង្ហូរទឹកធម្មជាតិកុំឱ្យលុបវា។ រក្សាវា ហើយពង្រីកវាឱ្យអាចទឹកហូរបានស្រួល។ យើងដឹងហើយថា ជំនួយគឺគេជួយមួយចំណែកដើម្បីជួយបំពេញសមត្ថភាព ឬក៏ភាពខ្វះខាតរបស់យើង។ អ៊ីចឹង គេមិនអាចមកធ្វើឱ្យយើង ១០០ ភាគរយ ឬក៏ ៨០ ភាគរយអ៊ីចឹងទេ។ ប្រសិនបើយើងបន្តលុបបឹងធម្មជាតិនៅក្នុងរាជធានីភ្នំពេញបន្តទៀតក្តីកង្វល់កាន់តែធំហើយ។ យើងអាចនឹងជួបវិបត្តិធំក្នុងការលិចលង់នូវទឹកសម្អុយ។ យើងឃើញហើយ នៅពេលភ្លៀងម្តងៗទឹកខ្មៅចេញពីលូ»៕