ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយជាថវិកាចំនួន ២ លានដុល្លារ ដល់កម្មវិធីស្បៀងអាហារពិភពលោក ដើម្បីកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់ ទៅលើសន្តិសុខស្បៀងរបស់ពលរដ្ឋ និងសហគមន៍រងគ្រោះដោយសារទឹកជំនន់នៅកម្ពុជា។
កិច្ចព្រមព្រៀងផ្តល់ជំនួយនេះត្រូវបានចុះហត្ថលេខាកាលពីម្សិលមិញរវាង លោក MIKAMI Masahiro ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី Claire CONAN តំណាង និងជានាយិកាប្រចាំប្រទេសនៃកម្មវិធីស្បៀងអាហារពិភពលោក ក្រោមអធិបតីភាព លោក ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប)។
លោក ង៉ាន់ ចំរើន ថ្លែងថា ប្រទេសកម្ពុជាបានរងឥទ្ធិពលពីគ្រោះទឹកជំនន់ កាលពីខែតុលា ឆ្នាំ ២០២០ និងបានធ្វើឱ្យប៉ះពាល់ដល់ពលរដ្ឋជាច្រើននៅខេត្តមួយចំនួនដែលក្នុងនោះបានប៉ះពាល់យ៉ាងខ្លាំងដល់ផ្ទះសំបែង ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរបស់ប្រជាពលរដ្ឋ។
លោកថ្លែងថា តាមរយៈគម្រោងនេះ កម្មវិធីស្បៀងអាហារពិភពលោកនឹងសហការយ៉ាងជិតស្និទ្ធជាមួយ គ.ជ.អ.ប និងដៃគូនានាដើម្បីធ្វើការវាយតម្លៃគ្រប់ជ្រុងជ្រោយទៅលើសន្តិសុខស្បៀង និងអាហារូបត្ថម្ភក្នុងតំបន់រងគ្រោះដោយទឹកជំនន់។
លោកបន្តថា៖ «(គម្រោងនេះ) គាំទ្រដល់ការស្តារសហគមន៍ឡើងវិញតាមរយៈការស្តារហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត និងការពង្រឹងសមត្ថភាពធ្វើផែនការ និងចំណេះដឹងមូលដ្ឋានស្តីពីសន្តិសុខស្បៀង ការត្រៀមបង្ការ និងការកាត់បន្ថយគ្រោះមហន្តរាយដែលគម្រោងនេះបានកំណត់គោលដៅនៅក្នុងឃុំចំនួន ១៦ ក្នុងខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង និងកំពង់ធំ»។
លោក Mikami Masahiro ថ្លែងថា កាលពីឆ្នាំ ២០២០ កម្ពុជា បានទទួលរងនូវភ្លៀងធ្លាក់យ៉ាងខ្លាំងជាបន្តបន្ទាប់ ដែលប៉ះពាល់ដល់ប្រជាជនមួយចំនួនធំ ក៏ដូចជាបង្កឱ្យមានការបាត់បង់ជីវិត និងរងការខូចខាតផ្នែករូបវន្តទៅលើទ្រព្យសម្បត្តិជាច្រើនផងដែរ។ លោកថ្លែងថា៖ «ខ្ញុំមានក្ដីសង្ឃឹមដោយស្មោះថា គម្រោងនេះនឹងកាត់បន្ថយផលប៉ះពាល់ទៅលើសន្តិសុខស្បៀងរបស់ក្រុមគ្រួសារ និងសហគមន៍ដែលរងគ្រោះដោយទឹកជំនន់»។
លោកស្រី Claire CONAN ថ្លែងថា ក្នុងអំឡុងពេល ១ ទសវត្សរ៍កន្លងមកនេះ ប្រទេសកម្ពុជា បានរងផលប៉ះពាល់ដោយសារទឹកជំនន់ធ្ងន់ធ្ងរចំនួន ៤ លើក។ លើកចុងក្រោយបង្អស់នៅក្នុងខែតុលាឆ្នាំ ២០២០ ដែលទឹកជំនន់បានបង្កឱ្យពលរដ្ឋចំនួន ១៤ ២៩៩ គ្រួសារ ផ្លាស់ប្ដូរទីលំនៅ និងប៉ះពាល់ដោយផ្ទាល់ទៅលើពលរដ្ឋចំនួន ១៧៦ ០០០ គ្រួសារ (ជិត ៨០ ម៉ឺននាក់) ក្នុងខេត្តចំនួន ១៤។ លំនៅឋាន ហេដ្ឋារចនាសម្ព័ន្ធ និងដីកសិកម្មរងការជន់លិច និងខូចខាតយ៉ាងដំណំ។
លោកស្រីថ្លែងថា៖ «យើងខ្ញុំសូមថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន ដែលបានគាំទ្រដល់កិច្ចការកាត់បន្ថយផលប៉ះពាល់ដោយសារទឹកជំនន់កាលពីឆ្នាំមុន។ ជំនួយនេះមានសារៈសំខាន់ណាស់សម្រាប់ក្រុមគ្រួសារងាយរងគ្រោះដែលរស់នៅក្នុងសហគមន៍ដែលងាយជន់លិចដោយទឹកជំនន់ ដែលប៉ះពាល់ទៅលើជីវភាព និងប្រព័ន្ធស្បៀងរបស់ពួកគាត់ហើយជំនួយនេះនឹងជួយការពារពួកគាត់ពីវិបត្តិនាពេលអនាគត»។
យោងតាមសេចក្ដីប្រកាសព័ត៌មានរួមកាលពីម្សិលមិញប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ទី ១៦ ក្នុងចំណោមប្រទេសទាំង ១៨១ នៅក្នុងសន្ទស្សន៍ហានិភ័យពិភពលោកឆ្នាំ ២០២០ ដែលកំណត់ទៅលើភាពងាយរងគ្រោះខ្ពស់ដោយសារគ្រោះមហន្តរាយធម្មជាតិ។ វិបត្តិផ្នែកអាកាសធាតុ ដូចជាទឹកជំនន់ និងគ្រោះរាំងស្ងួតកើតមានជាញឹកញាប់នៅតាមសហគមន៍ហើយកំណើន និងកម្រិតនៃគ្រោះមហន្តរាយនេះទំនងជានឹងកើនឡើងនាពេលអនាគតដោយសារឥទ្ធិពលនៃការផ្លាស់ប្តូរអាកាសធាតុ និងការបាត់បង់ធនធានធម្មជាតិ។
នៅឆ្នាំ ២០១៩ ប្រទេសជប៉ុនបានចូលរួមវិភាគទានចំនួន ២,៧ លានដុល្លារអាមេរិកដល់កម្មវិធីស្បៀងអាហារពិភពលោកដើម្បីលើកកម្ពស់កសាងភាពធន់របស់សហគមន៍នៅកម្ពុជាដើម្បីទប់ទល់នឹងវិបត្តិ និងកសាងសមត្ថភាពស្ថាប័នក្នុងការត្រៀមលក្ខណៈទប់ទល់នឹងគ្រោះអាសន្ន។
តាមរយៈជំនួយគាំទ្រនេះបានបង្កើតនូវសមិទ្ធផលចំនួន ៣ គឺ ទី១- ការសាងសង់មជ្ឈមណ្ឌលជម្លៀសពីទឹកជំនន់ចំនួន ៦ នៅក្នុងខេត្តចំនួន ៣ ដែលងាយរងគ្រោះដោយទឹកជំនន់ ទី២- ការពង្រឹងផែនការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅថ្នាក់ជាតិថ្នាក់ក្រោមជាតិ និងថ្នាក់សហគមន៍ និង ទី៣- ការលើកកម្ពស់ការចាត់វិធានការទាន់ពេលវេលាតាមរយៈប្រព័ន្ធប្រកាសអាសន្នជាមុន៕