ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន កាល​ពីម្សិល​មិញ បាន​សម្រេច​ផ្ដល់​ថវិកា​ប្រមាណ ៥២៩ ​០៦​៨ ដុល្លារអាមេរិក​បន្ថែម​ទៀតដ​ល់​អង្គការ​សន្ដិ​ស្ម័គ្រ​ចិត្ដ (SVA) ក្រោម​គម្រោង​អង្គការ​ក្រៅ​រដ្ឋា​ភិបាល​ជប៉ុន សម្រាប់​ផ្ដល់ជូន​គម្រោង​សាលា​មត្ដេយ្យ​សិក្សា​ធន​ធាន​គំរូ​ផ្ដោត​លើ​បណ្ណាល័យ​ក្នុង​ខេត្ត​បាត់ដំបង។

តាម​រយៈ​សេច​ក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​ជប៉ុន​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​កាលពីម្សិល​មិញ​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល​ជប៉ុន​ បាន​ឯកភាព​ផ្ដល់​ថវិកាដល់​អង្គការ​សន្ដិ​ស្ម័គ្រចិត្ដ​នេះ ក្រោម​គម្រោង​​ជំនួយ​ឥត​សំណង​​។ នៅ​ក្នុង​គម្រោង​នេះ អង្គការ​ស​ន្ដិ​ស្ម័គ្រ​ចិត្ដ​ នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ នូវ​គុណ​ភាព​នៃ​ការ​អប់រំ​កុមារ​តូច​ តាម​រយៈ​ការ​បង្កើត​សាលា​មត្ដេយ្យ​គំរូ​បំពាក់​ដោយ​បណ្ណាល័យ​ និង​ការ​បង្កើន​សមត្ថភាព​គ្រូ​មត្ដេ​យ្យសិក្សា​ និង​បណ្ណារក្ស​នៅ​ក្នុង​ក្រុង​បាត់​ដំបង។ ​

គម្រោង​នេះ កុមារ​ប្រមាណ ៤៥០ នាក់ នៅ​សាលា​មត្ដេយ្យ​សិក្សា​ធន​ធាន​ក្រុង​បាត់​ដំបង​ នឹង​អា​ច​ទទួលបាន​នូវ​បរិ​យា​កាស​ល្អ​ប្រ​សើរ​ ហើយ​កុមារ​ប្រមាណ​ ១០ ០០​០ នាក់ នៅ​ខេត្ដ​បាត់​ដំបង​ត្រូវ​បាន​រំពឹង​ថា នឹង​ទទួល​បាន​ការ​អប់រំ​កាន់​តែ​ល្អ​ប្រសើរ​។

លោក HORINOUCHI Hide​hisa ឯកអគ្គ​រាជ​ទូត​​ជប៉ុន​ប្រចាំ​កម្ពុជា ថ្លែង​ថា៖ «អង្គការ​នេះ នឹង​បង្កើត​សាលាមត្ដេយ្យ​គំរូ​ បំពាក់​ដោយ​បណ្ណា​ល័យលើក​កម្ពស់​ការ​អាន​សៀវ​ភៅ​ ក្នុង​ការ​អប់រំ​កុមារ​តូច​ និង​បង្កើន​សមត្ថភាព​គ្រូ​បង្រៀន​ នៅ​សាលា​មត្ដេយ្យ​ ក្នុង​ខេត្ដ​បាត់​ដំបង​ ដើម្បី​កែ​លម្អ​គុណភាព​ នៃ​ការ​អប់រំ​កុមារ​តូច និង​អភិវឌ្ឍ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ សម្រាប់​កុមារតូច​​»។

លោក​បន្ថែម​៖ «តាម​រយៈ​គម្រោង​នេះ​ ខ្ញុំ​សង្ឃឹមថា សកម្មភាព​របស់​បណ្ណាល័យ​ នឹង​រីក​ចម្រើន​នៅ​ទូទាំង​ខេត្ដ​ហើយ​ការ​អប់​រំ​កុមារ​​តូច​ក្នុង​ខេត្ដ​បាត់​ដំបង​នឹង​អភិវឌ្ឍកាន់​តែ​ខ្លាំង»។

បើ​តាមស្ថាន​ទូត​ជប៉ុន ​ចាប់​តាំង​ពីឆ្នាំ​ ២០០២ មក រដ្ឋា​​ភិបាល​ជប៉ុនបាន​ផ្ដល់​ថវិកា​ជាង ៣៥ លាន​ដុល្លារ​​ហើយ​ ដល់​​គម្រោង​ចំនួន​ ១១​៤ គម្រោ​ង ដែល​ផ្ដោត​សំខាន់​ទៅ​លើ​វិស័​យ​​អប់រំ​ នៅ​កម្រិត​មូល​ដ្ឋានវិស័យ​សុខា​ភិបាល វិស័យ​កសិកម្ម​ និ​ង​សកម្មភាព​បោស​សម្អាត​មីន។

លោក KASE Takashi នាយក​អង្គការ​សន្ដិ​ស្ម័គ្រ​ចិត្ដ​ប្រចាំ​កម្ពុជាបាន​ប្ដេជ្ញាថា អង្គការ​របស់​លោកសម្រេច​បាន​នូវ​គុណ​ភាព​នៃ​ការ​អប់រំ​កុមារ​តូចតាម​រយៈ​ការ​សាង​សង់​អគា​​រ​​មតេ្តយ្យសិក្សា និង​ការ​លើកកម្ពស់​សកម្មភាព​បណ្ណាល័យ​​​ នៅ​សាលា​មត្ដេយ្យសិក្សា​ធនធាន​ក្រុង​បាត់​ដំបង។

លោក​ថា​៖ ​«បច្ចុប្បន្ន​ចំនួន​សិស្ស​មត្ដេយ្យ​សិក្សា​ជាមធ្យម​ក្នុង​ថ្នាក់​រៀន​នីមួយៗមាន​ច្រើន​ជាង ៥០ នា​ក់ ឈាន​ទៅ​ដល់​លើស ២ ដង​នៃ​ស្តង់​ដា​ដែល​ក្រសួង​អប់រំ បា​ន​​កំណត់។ ដោយ​មិន​មាន​ជម្រើ​ស​​គ្រូ​ជួប​ការ​លំបា​ក​ក្នុង​ការ​បង្រៀន​​សិស្ស​ក្នុង​ថ្នាក់​រៀន​ចង្អៀត ហើ​យ​គ្រូ​ និង​សិស្ស​លំបាកធ្វើ​សកម្ម​ភាព​ក្នុង​ថ្នាក់»៕