
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយកាលពីថ្ងៃទី ១៥ មករា។ រូបថត ស្ថានទូតជប៉ុនប្រចាំកម្ពុជា
ភ្នំពេញៈ ថវិកាជិត ២០ ម៉ឺនដុល្លារអាមេរិក ត្រូវបានរដ្ឋាភិបាលជប៉ុនផ្តល់ដល់ខេត្តចំនួន ២ សម្រាប់ការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបំពង់ខ្នាតតូច និងសាងសង់អគារសិក្សាក្រោមគម្រោងជំនួយឧបត្ថម្ភឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) កាលពីសប្តាហ៍មុន។
ជប៉ុនផ្តល់ថវិកាចំនួន ១៨៧ ៦៨២ ដុល្លារអាមេរិក ទៅដល់គម្រោងទាំង ២ ដែលគម្រោងទី១ សម្រាប់កសាងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតបំពង់ខ្នាតតូចនៅកោះពាមរាំង ក្នុងខេត្តព្រៃវែង និងគម្រោងទី២ សម្រាប់ការសាងសង់អគារសិក្សានៅអនុវិទ្យាល័យខ្យងក្នុងស្រុកជ័យសែន ខេត្តព្រះវិហារ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាថ្លែងពីថ្ងៃទី ១៥ មករា ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយសម្រាប់គម្រោងទ្រង់ទ្រាយតូចសនិ្តសុខមនុស្សជាតិថាក្នុងគម្រោងទី១ សម្រាប់សមាគមទឹកកម្ពុជា រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៩៦ ៧៧៥ ដុល្លារអាមេរិក ដើម្បីធានាការទទួលបានទឹកស្អាត និងសេវាកម្មអនាម័យគ្រប់គ្រងដោយសុវត្ថិភាព តាមរយៈការសាងសង់ប្រព័ន្ធផ្គត់ផ្គង់ទឹក និងការដំឡើងបណ្តាញចែកចាយទឹកនៅកោះពាមរាំង ខេត្តព្រៃវែង។
លោកថ្លែងថា៖ «យើងរំពឹងថា ប្រជាជនប្រមាណ ១ ៣០០ នាក់ នឹងអាចទទួលបានទឹកស្អាតប្រើប្រាស់ និងមានតម្លៃសមរម្យ តាមរយៈគម្រោងនេះ។ ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា គម្រោងនេះនឹងនាំទៅរកអនាម័យល្អប្រសើរ និងការកែលម្អជីវភាពរស់នៅរបស់ពួកគាត់»។
ចំពោះគម្រោងទី២ ជប៉ុនបានផ្តល់ថវិកាចំនួន ៩០ ៩០៧ ដុល្លារអាមេរិក សម្រាប់ការសាងសង់អគារសិក្សា ១ ខ្នង ៥ បន្ទប់សិក្សា និង ៤ បន្ទប់ទឹក កន្លែងលាងដៃ ១ និង ធុងស្តុកទឹក ១ នៅអនុវិទ្យាល័យខ្យង ខេត្តព្រះវិហារ។ គម្រោងទី ២ នេះលោកមិកាមិ ម៉ាសាហ៊ីរ៉ូ រំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដល់សិស្សចំនួន ២១០ នាក់ និងគ្រូ ៩ នាក់ តាមរយៈការលើកកម្ពស់គុណភាពអប់រំ និង បរិយាកាសសិក្សារៀនសូត្រក៏ដូចជាចូលរួមចំណែកដល់ការធំលូតលាស់ប្រកបដោយសុខភាពល្អរបស់សិស្សផងដែរ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតជប៉ុនកាលពីចុងសប្តាហ៍ ចាប់តាំងពីឆ្នាំ ១៩៩១ បន្ថែមលើគម្រោងឥណទាននិង ជំនួយឥតសំណងខ្នាតធំ រដ្ឋាភិបាលជប៉ុនបាននិងកំពុងអនុវត្តកម្មវិធី KUSANONE នៅកម្ពុជាដើម្បីជួយដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលក្នុងការអនុវត្តគម្រោងរបស់ពួកគាត់។ ក្នុងរយៈពេល ៣០ ឆ្នាំចុងក្រោយនេះ ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា បានចូលរួមចំណែកក្នុងគម្រោងជាង ៦០០ តាមរយៈជំនួយឥតសំណង KUSANONE ។
កាលពីថ្ងៃទី ១៣ មករា ស្ថានទូតជប៉ុនប្រចាំកម្ពុជាក៏បានផ្តល់ថវិកាជាង ១៨០ ០០០ ដុល្លារអាមេរិក ដល់អង្គការមូលនិធិជប៉ុន PHJ សម្រាប់ការពង្រឹងការថែទាំសុខភាពសហគមន៍ក្នុងខេត្តកំពង់ចាម។ លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែងនៅក្នុងពិធីនោះថា សម្រាប់គម្រោងដែលអនុវត្តដោយអង្គការ PHJ នេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ១៨២ ០៣៥ ដុល្លារអាមេរិក។
កម្មវិធីជំនួយឥតសំណងសម្រាប់គម្រោង អង្គការក្រៅរដ្ឋាភិបាលជប៉ុន ចាប់ផ្តើមនៅកម្ពុជាតាំងពីឆ្នាំ ២០០២។ តាំងពីនោះ ជប៉ុនផ្តល់ថវិកាជាង ៤១ លានដុល្លារអាមេរិក ដល់គម្រោង ១៣១ ដែលផ្តោតលើវិស័យអប់រំនៅកម្រិតបឋមសិក្សា វិស័យសុខាភិបាល វិស័យកសិកម្ម និងបោសសម្អាតមីននៅកម្ពុជា៕