ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា រដ្ឋាភិបាល​ជប៉ុន និង​មូលនិធិ​សហ​ប្រជា​ជាតិ​ដើម្បី​កុមារ (Unicef) បាន​ប្រកាស​ផ្សព្វផ្សាយ​គម្រោង​បង្ការ និង​ឆ្លើយ​តប​នឹង​អំពើ​ហិង្សា​លើ​កុមារ ក្នុង​ប្រទេស​ កម្ពុជា ក្នុង​ការ​ពន្លឿន​ចំណាត់​ការ ដើម្បី​បញ្ចប់​រាល់​គ្រប់​ទម្រង់ នៃ​អំពើ​ហិង្សា​លើ​កុមារ។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួមមួយ​កាល​ពី​ម្សិលមិញ។

សេចក្ដីប្រកាស​រួម​នេះ​ឲ្យ​ដឹងថា​ក្រោម​កិច្ច​គាំទ្រ​ថវិកា​ពី​ជំនួយ​អភិវឌ្ឍ​ផ្លូវការ​របស់​ប្រទេស​ជប៉ុន ដែល​មាន​ទឹក​ប្រាក់​សរុប​ចំនួន ២ លាន​ដុល្លារ​អាមេរិក​គម្រោង​នេះ នឹង​ជួយ​បង្កើន​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​ពន្លឿន​ការ​អនុវត្ដ​ផែនការ សកម្មភាព ដើម្បី​ទប់​ស្កាត់ និង​ឆ្លើយ​តប ចំពោះ​អំពើ​ហិង្សា​លើ​កុមារ ឆ្នាំ ២០១៧-២០២១ ពង្រីក​អន្ដរាគមន៍​សំខាន់ៗ សាក​ល្បង​វិធានការ​ច្នៃ​ប្រឌិត​ថ្មីៗ និង​អនុវត្ដ​ក្របខ័ណ្ឌ INSPIRE ដែល​ជា​កម្រង​យុទ្ធសាស្ដ្រ ៧ ចំណុច ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ​ប្រកប​ដោយ​ប្រសិទ្ធភាព។

បើតាម​សេចក្ដីប្រកាស​ព័​ត៌មាន​នេះ​កម្ពុជា មាន​កុមារ​ជាង​ពាក់កណ្ដាល​ក្នុង​ចំណោម​កុមារ​ទាំង​អស់​បាន​ទទួល​រង​អំពើ​ហិង្សា​យ៉ាង​ហោច​ណាស់​ក្នុង​មួយ​ទម្រង់ មុន​ពេល​ពួកគេ​ឈាន​ដល់​អាយុ ១៨ ឆ្នាំ។ សេចក្ដី​ប្រកាស​បញ្ជាក់​ថា៖ «បើ​ទោះបី​ជា​មាន​បញ្ហា​ធ្ងន់ធ្ងរ​ជាច្រើន ទាក់ទង​នឹង​កិច្ច​ការពារ​ដែល​កុមារ​បាន​ជួប​ប្រទះ​ក៏ដោយ​ក៏​ប្រព័ន្ធ​កិច្ច​គាំពារ​កុមារ​របស់​កម្ពុជា​ភាគ​ច្រើន​មិន​ទទួល​បាន​មូលនិធិ​គាំទ្រ​គ្រប់គ្រាន់​ឡើយ»។

លោក វង សូត រដ្ឋមន្ដ្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា ថ្លែង​នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ផ្ដល់​ជំនួយ​នេះ​នៅ​ក្រសួង​ពី​ម្សិលមិញ​ថា ដើម្បី​រួម​ចំណែក​ដល់​ការ​សម្រេច​ឲ្យ​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​និរន្ដរភាព ក្រសួង​សង្គមកិច្ច កំពុង​ដឹកនាំ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​នៅ​ថ្នាក់​ជាតិ ដើម្បី​ពង្រឹង​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ។

លោក​បន្ដថា៖ «ការ​បង្កើត​ឲ្យ​មាននូវ​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​មួយ​ដែល​មាន​ការ​សម្រប​សម្រួល​ទូទាំង​ប្រទេស ព្រម​ជាមួយ​បុគ្គលិក​មាន​ជំនាញ និង​សមត្ថភាព នឹង​ជួយ​ដល់​កុមារ​ដែល​បាន​ទទួល​រង​អំពើ​ហិង្សា​ការ​កេង​ប្រវ័ញ្ច​និង​ការ​រំលោភ​បំពាន ឲ្យ​ទទួល​បាន​ការ​ថែទាំ និង​កិច្ច​គាំទ្រ ដែល​ពួកគេ​ត្រូវការ​ព្រម​ទាំង​ជួយ​បង្ការ​អំពើ​ហិង្សា​នៅ​ពេល​អនាគត»។

លោក វង សូត លើកឡើងថា ទន្ទឹមនឹង​ការអភិវឌ្ឍ​សកល​ភាវូបនីយ​កម្ម និង​បច្ចេកវិទ្យា បញ្ហា​ជាច្រើន​បាន​និង​កំពុង​ប្រឈម​សម្រាប់​ប្រទេស​អភិវឌ្ឍន៍ និង​ប្រទេស​កំពុង​អភិវឌ្ឍន៍​នោះ​គឺ «បញ្ហា​អំពើ​ហិង្សា​លើ​កុមារ»។ «អំពើ​ហិង្សា​លើ​កុមារ គឺជា​សកម្មភាព​ដែល​មិន​អាច​អត់​ឱន​បាន ទោះ​នៅ​ក្នុង​រូបភាព​ណា​ក៏ដោយ ព្រោះ​ថា អំពើ​ហិង្សា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​របស់​កុមារ សីលធម៌​សង្គម សេចក្ដី​ថ្លៃថ្នូរ និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​នាពេល​អនាគត»។

បើតាម​លោក វង សូត​កម្ពុជា​បានក្លាយ​ជា​ប្រទេស​ឈានមុខ​ក្នុង​បណ្ដា​ប្រទេស​អាស៊ាន​ដែល​បាន​ធ្វើ​ការ​អង្កេត សិក្សា​ស្រាវជ្រាវ ពី​ស្ថានភាព​អំពើ​ហិង្សា​លើ​កុមារ ដែល​មាន​លក្ខណៈ​វិទ្យាសាស្ដ្រ ក្នុង​ការ​កំណត់​ពី​ទំហំ វិសាល​ភាព ការ​ផ្ដល់​ភ័ស្ថុតាង​ជាក់​លាក់​នៃ​អំពើ​ហិង្សា​លើ​កុមា​រទាំង​ផ្លូវភេទ ផ្លូវកាយ និង​ផ្លូវ​ចិត្ដ ដែល​កុមារ​បាន​ជួប​ប្រទះ និង​កំពុង​ប្រឈម។

លោក Hidehisa HORINOUCHI ឯកអគ្គរាជទូតជប៉ុន​ប្រចាំ​កម្ពុជា បាន​ទទួល​ស្គាល់​ថា​កិច្ច​ការពារ​កុមារ គឺជា​វិស័យ​អាទិភាព​មួយ។ លោក​ថា រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្ប​ទាន​ឥត​សំណង​ជា​ទឹក​ប្រាក់​ចំនួន ២ លាន​ដុល្លារ​អាមេរិក ដល់​អង្គការ​យូនីសេហ្វ ដើម្បី​គាំទ្រ​ដល់​ក្រសួង​ពាក់​ព័ន្ធ​ក្នុង​ការ​អនុវត្ដ​សកម្មភាព​កិច្ច​ការពារ​កុមារ។ «ខ្ញុំ​ជឿ​ជាក់​ថា ហិរញ្ញប្ប​ទាន​ឥត​សំណង​នេះ មាន​សារៈ​ប្រយោជន៍​សម្រាប់​ការ​អភិវឌ្ឍ​មួយ​ដ៏​ល្អ​ដល់​ស្មារតី​កុមារ​ជាច្រើន ដែល​ពួកគេ​នឹង​រួម​ចំណែក​អភិវឌ្ឍ​អនាគត​របស់​ប្រទេស ​កម្ពុជា» ។

លោកស្រី Natascha Paddison ប្រធានស្ដីទី​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ថ្លែង​ថា គម្រោង​នេះ នឹង​បន្ដ​ពង្រឹង​សមត្ថភាព​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ឲ្យ​មាន​ប្រព័ន្ធ​កិច្ច​ការពារ​កុមារ​មួយ​ដែល​ដំណើរ​ការ​និង​សម្រប​សម្រួល​ល្អ ដើម្បី​អាច​បង្ការ និង​ឆ្លើយ​តប ទៅ​នឹង​អំពើ​ហិង្សា​លើ​កុមារ​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព។

«ជា​លទ្ធផល កុមារ​ងាយ​រង​គ្រោះ​ជាង ១ លាន​នាក់ នឹង​ទទួល​បាន​កិច្ច​ការពារ​កាន់​តែ​ប្រសើរ​ដើម្បី​ចៀស​ផុត​ពី​អំពើ​ហិង្សា​តាមរយៈ​ក្របខ័ណ្ឌ​ស្ថាប័ន​និង​ក្របខ័ណ្ឌ​ច្បាប់​ដែល​ល្អ​ជាង​មុន។ ការ​អនុវត្ដ​គម្រោង​នេះ​ប្រកប​ដោយ​ជោគជ័យ​នោះ​នឹង​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ក្លាយជា​ប្រទេស​ឈាន​មុខ​គេ ក្នុង​តំបន់​សម្រាប់​ការ​ប្រយុទ្ធ​ប្រឆាំង​ដើម្បី​បញ្ចប់​អំពើ​ហិង្សា​លើ​កុមារ»៕