ភ្នំពេញ: រាជរដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​សរុប​ជិត ២៣០​ ​លាន​ដុល្លារ​អាមេរិក​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ទិញ​សម្ភារ​សម្រាប់​ការពារ​សន្តិសុខ​ក្នុង​ព្រឹត្តិការណ៍​ធំៗ និង​ដើម្បី​ជួយ​ទប់ស្កាត់​ការរីករាលដាល​ជំងឺ​កូវីដ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​កាលពី​ថ្ងៃទី​ ៦ ខែវិច្ឆិកា​បាន​ឲ្យ​ដឹងថា ឆ្លើយតប​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា​ក៏​ដូចជា​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព​ និង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ ២ រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន ៣០០ ​លាន​យ៉េន​ស្មើ​ នឹង​ប្រមាណ ២,៧ លាន​ដុល្លារ​ និង​ឥណទាន​សម្បទាន​ ២៥ ​ប៊ីលានយ៉េន​ស្មើ​នឹង​ប្រមាណ ២២៧ លាន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។

ហិរញ្ញប្បទាន​ឥត​សំណង​គឺ​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ដោយ​ផ្ដល់​ជូនទៅ​អគ្គស្នងការ​នគរបាល​ជាតិ និង​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ទិញ​សម្ភារ​រួមមាន យានយន្ត​សម្រាប់​ការពារ​សន្តិសុខ ដើម្បី​ទុក​ការពារ​ក្បួន​គណៈប្រតិភូ និង​ម៉ាស៊ីន​ត្រួតពិនិត្យ​កាំរស្មី​អ៊ិច​សម្រាប់​ប្រើប្រាស់​នៅតាម​ព្រំដែន​គោក​។

សេចក្តី​ប្រកាស​បន្តថា សម្ភារ​ទាំងនេះ​នឹង​ជួយ​ការពារ​សន្តិសុខ​ដល់​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ​ដូចជា​សន្និសីទ​អន្ដរជាតិ​នាពេល​ខាងមុខ​ជាដើម​។ ចំពោះ​ឥណទាន​សម្បទាន​សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​ជំងឺ​កូវីដ​ ១៩ គឺ​នឹង​ជួយ​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​នេះ រក្សា​លំនឹង​និង​ភាពសកម្ម​នៃ​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម​ និង​ការពារ​កិច្ច​គាំពារ​សង្គម​។

ឥណទាន​នេះ​ គឺ​បន្ថែម​ពីលើ​ហិរញ្ញប្បទាន​ឥត​សំណង​ ៥ ​ពាន់​លាន​យ៉េន​ (​ប្រមាណ ៤៥ ​លាន​ដុល្លារ​) ដើម្បី​ឆ្លើយតប​ទៅនឹង​ជំងឺ​កូវីដ​ ១៩ តាមរយៈ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្ត​សៀមរាប ការផ្តល់​ឧបករណ៍​វេជ្ជសាស្ត្រ​នៅ​ទូទាំង​ប្រទេស​ និង​ជំនួយ​បច្ចេកទេស​ជាដើម​។

ការប្រកាស​ព័ត៌មាន​នេះ​ធ្វើ​ឡើង​បន្ទាប់ពី​មាន​កម្មវិធី​ចុះហត្ថលេខា​ផ្លូវការ​រវាង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ៦ ខែ​វិច្ឆិកា​នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​។

លោក​ ឆាយ គឹមខឿន អ្នក​នាំពាក្យ​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា រដ្ឋាភិបាល​ជប៉ុន​នឹង​ផ្តល់ជំនួយ​ជា​សម្ភារ​ដូចជា​រថយន្ត​សម្រាប់​ការពារ​សន្តិសុខ និង​រថយន្ត​ដឹកនាំ​ក្បួន​ប្រតិភូ ដើម្បី​ទុក​ការពារ​គណៈប្រតិភូ​ក្នុង​ព្រឹត្តិការណ៍​ធំៗ ក៏ដូចជា​សន្និសីទ​អន្ដរជាតិ​នាពេល​ខាងមុខ​។ លើសពីនេះ ក៏មាន​ម៉ាស៊ីន​ត្រួតពិនិត្យ​កាំរស្មី​អ៊ិច​មួយចំនួន សម្រាប់​ប្រើប្រាស់​នៅតាម​ច្រក​ព្រំដែន​គោក​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​អត់​ចាំ​ចំនួន​សម្ភារ​ទាំងអស់​ហ្នឹង​ច្បាស់​ទេ ប៉ុន្ដែ​រថយន្ត​ប្រហែល​ ២០ ​គ្រឿង​។ សម្ភារ និង​រថយន្ត​ដែលជា​ជំនួយ​របស់​ជប៉ុន​ទាំងអស់​នេះ​នឹង​មកដល់​កម្ពុជា​នៅ​អំឡុង​ពាក់កណ្ដាល​ឆ្នាំ​ ២០២១»​។

លោកស្រី ឱ វណ្ណឌីន អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​ថ្លែង​ពី​ម្សិលមិញ​ថា ក្រសួង​សុខាភិបាល​មាន​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយ​ប្រទេស​ជប៉ុន​ដែល​កន្លងមក ជប៉ុន​បាន​ជួយ​លើ​ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សុខាភិបាល​នៅ​រាជធានី​ភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន​។ «​រយ:ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ក្រសួង​បានស្នើ​សុំ​ជប៉ុន​តាមរយ:​អង្គការ JICA ពិនិត្យ​ក្នុង​ការជួយ​ជួសជុល និង​សាងសង់​មន្ទីរពេទ្យ​ខេត្ត​សៀមរាប​។ ដូច្នេះ​ការសម្រេចចិត្ត​របស់​ជប៉ុន​នាពេល​នេះ​គឺ​ស្របពេល​ដែល​យើង​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩ ជា​ផ្នែក​មួយ​ក្នុង​ការជួយ​បង្កើន​សមត្ថភាព​មន្ទីរពេទ្យ​ឲ្យ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ថែមទៀត ដើម្បី​ដោះស្រាយ​នូវ​តម្រូវការ​ប្រើប្រាស់​សេវា​របស់​ប្រជាជន​ទូទៅ​»​។ បើតាម​លោកស្រី វណ្ណឌីន បច្ចុប្បន្ន​មាន​អ្នកជំងឺ​ច្រើន​លើស​ពី​ចំនួន​គ្រែ​ដែល​មន្ទីរពេទ្យ​មាន​។

លោក ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តសៀមរាប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា មន្ទីរសុខាភិបាល​ខេត្តសៀមរាប​បាន​ទទួល​សម្ភារ​មួយចំនួន ដែល​ទាក់ទង​វិស័យ​សុខាភិបាល និង​សាងសង់​អគារ​វះកាត់​ និង​អគារ​សង្គ្រោះបន្ទាន់​នៃ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។

លោក​បញ្ជាក់ថា​៖ «​គម្រោង​នេះ ខ្ញុំ​បាន​ដាក់​សំណើ​ទៅ​យូរ​ឆ្នាំ​ដែរ​ហើយ ប៉ុន្ដែ​ភាគី​ជប៉ុន​ទើបតែ​សម្រេច​ផ្ដល់ជូន ព្រោះ​ពួកគាត់​ត្រូវ​មក​ធ្វើការ​សិក្សា​ជាច្រើន​ដំណាក់កាល​។ ជំនួយ​នេះ​នឹង​ជួយ​ដល់​វិស័យ​សុខាភិបាល​ខេត្តសៀមរាប​បាន​ច្រើន ព្រោះ​យើង​ទទួល​បាន​អគារ និង​បរិក្ខារ​ពេទ្យ​មួយទៀត​បំពាក់​ក្នុង​អគារ​ដែរ​»៕