ភ្នំពេញៈ រដ្ឋាភិបាលជប៉ុនបានប្រកាសផ្តល់ភាគទានថ្មីក្នុងទឹកប្រាក់ជិត ១ លានដុល្លារអាមេរិកបន្ថែមទៀតដល់ភាគីជាតិ និងអន្តរជាតិនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីទ្រទ្រង់ដំណើរការរបស់សាលាក្ដីកូនកាត់មួយនេះ និងបន្ដដំណើរការលើសំណុំរឿងដែលនៅសេសសល់។
តាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ចុះថ្ងៃទី ២ ខែ មីនា ដែលភ្នំពេញប៉ុស្ដិ៍ទើបទទួលបានពីម្សិលមិញបានឲ្យដឹងថា រដ្ឋាភិបាលប្រទេសជប៉ុនបានផ្តល់ភាគទានចំនួន ៩៦០ ០០០ ដុល្លារដល់ភាគីជាតិ និងអន្តរជាតិនៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដើម្បីទ្រទ្រង់ដល់ដំណើរការរបស់សាលាក្ដីខ្មែរក្រហមក៏ដូចជាលើកទឹកចិត្ដឲ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាបន្ដដំណើរការលើសំណុំរឿងដែលនៅសេសសល់ក្នុងរបៀបមួយដែលមានភាពត្រឹមត្រូវ មានប្រសិទ្ធភាព និងឆាប់រហ័ស។
សេចក្ដីប្រកាសព័ត៌មានបន្តថា បើគិតត្រឹមថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២០ ជប៉ុនបានផ្ដល់ជំនួយជាង ៨៨ លានដុល្លារឬ ២៩ ភាគរយនៃប្រាក់ភាគទានសរុបដែលម្ចាស់ជំនួយនានាបានផ្តល់ជូនសាលាក្តី។ ប្រការនេះធ្វើឲ្យប្រទេសជប៉ុនក្លាយជាប្រទេសផ្តល់ជំនួយច្រើនជាងគេដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចាប់តាំងពីពេលបង្កើតតុលាការនេះមក។
លោក ក្រាញ់ តូនី ប្រធានការិយាល័យរដ្ឋបាលស្តីទី និងលោក Knut Rosandhaug អនុប្រធានការិយាល័យរដ្ឋបាលបានថ្លែងរួមគ្នានៅក្នុងសេចក្តីប្រកាសព័ត៌មានថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាសូមអរគុណដល់ការប្តេជ្ញាចិត្តខ្ពស់របស់ប្រទេសជប៉ុន ចំពោះច្បាប់ព្រហ្មទណ្ឌអន្តរជាតិ និងការស្វែងរកយុត្តិធម៌ជូនប្រជាជនកម្ពុជាដូចបានបង្ហាញតាមរយៈការបន្តផ្តល់ការគាំទ្រយ៉ាងធំធេងដល់តុលាការនេះ។
លោកទាំង ២ បានចាត់ទុកថា៖ «ប្រាក់ភាគទានថ្មីរបស់រដ្ឋាភិបាល (ជប៉ុន) នេះមានសារៈសំខាន់ដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាក្នុងការបញ្ចប់អាណត្តិការងាររបស់ខ្លួន ដោយពុំមានការអាក់ខាននៅក្នុងកិច្ចដំណើរការនីតិវិធីតុលាការ»។
លោក នេត្រ ភក្ត្រា អ្នកនាំពាក្យសាលាក្ដីខ្មែរក្រហមបានថ្លែងថា ការផ្តល់ភាគទានថ្មីរបស់រដ្ឋាភិបាលជប៉ុនក្នុងទឹកប្រាក់ជិត ១ លានដុល្លារនេះ «ជួយឲ្យអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាប្រើប្រាស់សម្រាប់ ដំណើរការរបស់សាលាក្តីខ្មែរក្រហមសម្រាប់ឆ្នាំ ២០២០ នេះ»។
តាមរបាយការណ៍សាលាក្ដីខ្មែរក្រហមស្ដីពីគម្រោងវឌ្ឍនភាពចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៩ ដែលភ្នំពេញប៉ុស្ដិ៍ទទួលបានកាលពីម្សិលមិញឲ្យដឹងថា សម្រាប់ឆ្នាំ ២០២០ សាលាក្ដីខ្មែរក្រហមនឹងរៀបចំឲ្យមានព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ គឺទី១- ការរៀបចំបណ្តឹងឧទ្ធរណ៍សង្ខេបក្នុងសំណុំរឿង ០០៤ ។ ទី២- ការដោះស្រាយបណ្តឹងនៅឧទ្ធរណ៍លើដីកាបញ្ចប់ក្នុងសំណុំរឿង ០០៣ ប្រឆាំងនឹងលោក មាស មុត ដោយមានសេចក្តីសម្រេចពីអង្គជំនុំជម្រះ ដើម្បីផ្ញើសំណុំរឿងនេះសម្រាប់កាត់ក្តី ឬបញ្ចប់នីតិវិធី និងទី៣- ការដោះស្រាយបណ្តឹងឧទ្ធរណ៍លើដីកាបញ្ចប់ក្នុងសំណុំរឿង ០០៤ ដោយមានសេចក្តីសម្រេចពីអង្គជំនុំជម្រះ ដើម្បីផ្ញើសំណុំរឿងនេះសម្រាប់កាត់ក្តី ឬបញ្ចប់នីតិវិធីផងដែរ៕