ភ្នំពេញៈ ជប៉ុនបានពង្រីកកម្ចីរហូតដល់ ២៧០ លានដុល្លារសម្រាប់កម្ពុជា ដើម្បីប្រើប្រាស់ក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ ១៩ និងការស្ដារសេដ្ឋកិច្ចឡើងវិញ ខណៈកម្ពុជានឹងផ្ដោតលើអាទិភាពចំនួន ៥ ក្នុងនាមជាសហប្រធានរៀបចំ «កិច្ចប្រជុំកំពូលមេគង្គសាធារណរដ្ឋកូរ៉េ» នៅឆ្នាំ ២០២១។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសពីថ្ងៃទី ១៣ វិច្ឆិកា។
ប្រទេសក្នុងតំបន់ទន្លេមេគង្គកាលពីថ្ងៃទី ១៣ វិច្ឆិកា បានរៀបចំកិច្ចប្រជុំកំពូលចំនួន ២ គឺ «កិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១២» និង «កិច្ចប្រជុំកំពូលមេគង្គសាធារណរដ្ឋកូរ៉េលើកទី២» ដែលធ្វើឡើងតាមប្រព័ន្ធវីដេអូ។ លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចូលរួមក្នុងកិច្ចប្រជុំនេះតាងនាមតំណាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកំពុងស្ថិតក្នុងការធ្វើចត្តាឡីស័ក។
នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១២ ថ្នាក់ដឹកនាំនៃប្រទេសក្នុងតំបន់មេគង្គដែលមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានស្វាគមន៍ចំពោះគំនិតផ្ដួចផ្ដើមគួរឱ្យកត់សម្គាល់របស់ជប៉ុនដែលក្នុងនោះមានការបង្កើតឥណទានគាំទ្របន្ទាន់ ដើម្បីឆ្លើយតបទៅនឹងវិបត្តិនៃជំងឺរាតត្បាតកូវីដ ១៩ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ ស្ថិតនៅក្រោមឥណទាននេះ ជប៉ុនបានចុះហត្ថលេខាលើលិខិតប្ដូរសារជាមួយកម្ពុជាដោយពង្រីកកម្ចីប្រមាណ ២៧០ លានដុល្លារ។ នេះបើតាមក្រសួងការបរទេស។
កាលពីថ្ងៃទី ២១ ខែតុលា រដ្ឋមន្ត្រីការបរទេសជប៉ុនលោក Motegi Toshimitsu បានបញ្ជាក់ប្រាប់ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជាថា រដ្ឋាភិបាលជប៉ុនផ្ដល់ឥណទានសម្បទានប្រមាណ ២៣៤,៦ លានដុល្លារ ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់គាំទ្រដល់ការឆ្លើយតបបន្ទាន់ទៅនឹងវិបត្តិកូវីដ ១៩។
លោក អូន ព័ន្ធមុនីរ័ត្ន បានទទួលស្គាល់ថា ជប៉ុនបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របសម្រួល និងលើកកម្ពស់ការធ្វើសមាហរណកម្មក្នុងចំណោមយន្តការដែលមានស្រាប់។ លោកសង្ឃឹមថា ជប៉ុននឹងចូលរួមវិភាគទានក្នុងមូលនិធិអភិវឌ្ឍន៍អេម៉ិក (ACMECS) ដែលកម្ពុជាគឺជាប្រធានក្នុងឆ្នាំ ២០២០ នេះ។
ក្រសួងការបរទេសជប៉ុនកាលពីថ្ងៃទី ១៣ វិច្ឆិកា ក៏បានចេញផ្សាយសេចក្ដីថ្លែងការណ៍រួមនៃកិច្ចប្រជុំនេះ ដោយបានបញ្ជាក់ថា ថ្នាក់ដឹកនាំជប៉ុនបានចាប់អារម្មណ៍ក្នុងការគាំទ្រដល់យុទ្ធសាស្ត្រសហប្រតិបត្តិការសេដ្ឋកិច្ចអេម៉ិក។
ដោយឡែកក្នុងកិច្ចប្រជុំកំពូលមេគង្គសាធារណរដ្ឋកូរ៉េ លោក អូន ព័ន្ធមុនីរ័ត្ន បានលើកទឹកចិត្តឱ្យសភាពាណិជ្ជកម្មនៃប្រទេសមេគង្គនីមួយៗសហការជិតស្និទ្ធជាមួយនឹងសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ ដើម្បីឈានដល់ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងប្រទេសទាំង ៦។ នៅឆ្នាំ ២០២១ កម្ពុជានឹងធ្វើជាសហប្រធានកិច្ចប្រជុំនេះជាមួយភាគីកូរ៉េ។
លោកថ្លែងថា៖ «ក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំកំពូលមេគង្គសាធារណរដ្ឋកូរ៉េលើកទី៣ កម្ពុជានឹងផ្ដោតលើអាទិភាពពិសេសចំនួន ៥ រួមមាន ការដាក់បញ្ចូលការអនុវត្តផែនការស្ដារសេដ្ឋកិច្ចថ្នាក់តំបន់ក្រោយវិបត្តិនៃជំងឺរាតត្បាតកូវីដ ១៩ ដោយផ្ដោតលើស្ថិរភាពសេដ្ឋកិច្ច ការស្ដារឡើងវិញនូវជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាជន និងការពង្រឹងការត្រៀមខ្លួនប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនាពេលអនាគត»។
លោកបន្តថា ចំណុចអាទិភាពផ្សេងទៀតរួមមាន៖ «ការជំរុញលំហូរពាណិជ្ជកម្មថ្នាក់តំបន់តាមរយៈការធ្វើពិពិធកម្មពាណិជ្ជកម្ម និងសេរីភាវូបនីយកម្ម ដោយមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដោយប្រកាន់ខ្ជាប់នូវយន្តការពហុភាគី និងសកល ការអភិវឌ្ឍឧស្សាហកម្ម និងទីក្រុងបៃតង និងការកសាងសមត្ថភាព ពិសេសតាមរយៈការលើកកម្ពស់ការសិក្សាតាមប្រព័ន្ធអ៊ីនធឺណិត»។
សាធារណរដ្ឋកូរ៉េបានរួមចំណែកទឹកប្រាក់ចំនួន ១០,៤២ លានដុល្លារ ដល់មូលនិធិកិច្ចសហប្រតិបត្តិការមេគង្គសាធារណរដ្ឋកូរ៉េចាប់ពីឆ្នាំ ២០១៣ មក។ នេះបើតាមក្រសួងការបរទេស។
ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ លោក Moon Jae-in បានថ្លែងក្នុងកិច្ចប្រជុំកំពូលមេគង្គសាធារណរដ្ឋកូរ៉េថា សាធារណរដ្ឋកូរ៉េនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសក្នុងតំបន់មេគង្គ ដើម្បីធានាបាននូវការទទួលបានវ៉ាក់សាំងប្រឆាំងកូវីដ ១៩ ជាសកល និងដោយស្មើភាពគ្នា។ លោកក៏បានស្នើឱ្យដំឡើងឋានៈនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េទៅជា «ដៃគូយុទ្ធសាស្ត្រ»៕