ភ្នំពេញៈ អាជ្ញាធរជាតិអប្សរាបានអនុញ្ញាតឲ្យគ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាប្រចាំប្រទេសជប៉ុន TAISHUKAN (តៃស៊ូកាន់) យកអត្ថបទសិក្សារបស់កម្ពុជា ដែលនិយាយអំពីបណ្តាញផ្លូវក្នុងសម័យអង្គរទៅប្រែសម្រួលបោះពុម្ពផ្សាយក្នុងសៀវភៅសិក្សាអប់រំថ្មីរបស់ជប៉ុន បន្ទាប់ពីស្ថាប័ននេះបានស្នើសុំកាលពីចុងខែកក្កដា។
អត្ថបទដែលគ្រឹះស្ថាន TAI-SHUKAN របស់ជប៉ុនបានស្នើយកទៅបកប្រែ និងបោះពុម្ពនេះគឺជាលទ្ធផលនៃការស្រាវជ្រាវដែលបានផ្សព្វផ្សាយនៅប្រទេសសិង្ហបុរីកាលពីឆ្នាំ ២០១៦ ដោយមានចំណងជើងជាភាសាអង់គ្លេសថា «From Living Angkor Road Project to Cultural Relationship Study in Mainland Southeast Asia Research Center: Cross Culture and Cross Border ឬប្រែសម្រួលជាភាសាខ្មែរមានន័យថា «ពីបណ្ដាញផ្លូវសម័យអង្គរទៅកាន់ទំនាក់ទំនងវប្បធម៌ក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោក៖ គម្រោងស្រាវជ្រាវទំនាក់ទំនងវប្បធម៌ និងការអភិវឌ្ឍឆ្លងព្រំដែន»។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃអង្គារថាគ្រឹះស្ថានអប់រំជប៉ុន TAISHUKAN បានស្នើមកកាន់សហប្រធាននៃគម្រោងស្រាវជ្រាវផ្លូវបុរាណសម័យអង្គរដែលមានលោកបណ្ឌិត Surat Lertlum សហនិពន្ធភាគីថៃ និងលោក អ៊ឹម សុខរិទ្ធី សហនិពន្ធភាគីអាជ្ញាធរជាតិអប្សរា ហើយត្រូវបានអគ្គនាយកអាជ្ញាធរជាតិអប្សរាយល់ព្រម និងជំរុញឲ្យមានការផ្សព្វផ្សាយការអប់រំបែបនេះឲ្យកាន់តែទូលំទូលាយ។
លោក ឡុង កុសល បញ្ជាក់ថានេះគឺជាមុខមាត់របស់កម្ពុជាដែលត្រូវបានគ្រឹះស្ថានជប៉ុនមួយនេះស្នើសុំឯកសារដាក់បញ្ចូលក្នុងកម្មវិធីសិក្សារបស់ពួកគេជាលើកដំបូង។ លោកបញ្ជាក់ថា៖ «នេះគឺជាការចូលរួមចំណែកមួយ ដើម្បីបង្កើននូវចំណេះដឹងទូទៅមិនត្រឹមតែសម្រាប់កម្ពុជាយើងនោះទេ គឺសម្រាប់ទូទៅឲ្យគេយល់ដឹងអំពីប្រវត្ថិសាស្ត្ររបស់កម្ពុជា»។
ជារៀងរាល់ឆ្នាំគ្រឹះស្ថានបោះពុម្ពផ្សាយ TAISHUKAN តែងធ្វើបច្ចុប្បន្នភាពបន្ថែមលើអត្ថបទស្រាវជ្រាវថ្មីៗសម្រាប់វិស័យអប់រំនៅប្រទេសជប៉ុន។ អត្ថបទដែលស្ថាប័ននេះជ្រើសរើសជាអត្ថបទស្រាវជ្រាវបែបវិទ្យាសាស្ដ្រគឺត្រូវមានលក្ខណៈត្រឹមត្រូវពិតប្រាកដ ហើយផ្តល់ចំណេះដឹងជាទូទៅដល់មនុស្សក្នុងតំបន់។ សម្រាប់អត្ថបទស្រាវជ្រាវផ្លូវបុរាណនេះក៏មានការទទួលស្គាល់ដោយសាកលវិទ្យាល័យ ក្យូតូ ដ៏ល្បីល្បាញរបស់ជប៉ុនផងដែរ ដែលធ្វើឲ្យគ្រឹះស្ថានបោះពុម្ពនេះមានទំនុកចិត្តនឹងជ្រើសរើសយកដាក់បញ្ចូលក្នុងកម្មវិធីអប់រំនៅប្រទេសរីកចម្រើនមួយនេះ។ នេះបើតាមអាជ្ញាធរជាតិអប្សរា។
លោក អ៊ឹម សុខរិទ្ធី សហប្រធាននៃគម្រោងស្រាវជ្រាវអត្ថបទនេះបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថាគម្រោងស្រាវជ្រាវផ្លូវបុរាណសម័យអង្គរបានចាប់ផ្តើមតាំងពីឆ្នាំ ២០០៥ ដែលជាគម្រោងស្រាវជ្រាវឆ្លងប្រទេស។
លោកបន្តថា ក្នុងគម្រោងនេះ អ្នកស្រាវជ្រាវបានរកឃើញស្លាកស្នាមជាច្រើនពីបណ្ដាញគមនាគមន៍សម័យអង្គរដែលមានវិសាលភាពធំធេងជាបណ្ដាញគមនាគមន៍ភ្ជាប់ពីអង្គរទៅភិមាយ និងរហូតដល់ឈូងសមុទ្រចិន។
ជាមួយគ្នានោះការស្រាវជ្រាវនេះក៏ប្រទះឃើញស្លាកស្នាមនៃសាលាដំណាក់ស្ពានបុរាណជាច្រើនកន្លែងទៀតតាមបណ្ដោយផ្លូវនេះផងដែរ ដែលបង្ហាញថា ក្នុងសម័យនោះកម្ពុជាមិនមែនពឹងផ្អែកទាំងស្រុងក្នុងវិស័យកសិកម្មតែមួយមុខនោះទេ ប៉ុន្តែក៏មានការធ្វើជំនួញមានលក្ខណៈផុសផុលផងដែរ ជាពិសេសជាមួយប្រទេសចិន និងពួកប្រទេសលោកខាងលិចតាមរយៈបណ្តាញផ្លូវ ដែលបានរកឃើញ។
លោកបញ្ជាក់ថា៖ «ទាំងនេះហើយគឺជាបំណងរបស់អ្នកស្រាវជ្រាវ បើយើងរកឃើញហើយមិនផ្សព្វផ្សាយជាផ្លែផ្កា វាខុស។ ដូច្នេះការផ្សព្វផ្សាយបន្តនេះ ជាធម្មតាទេយើងអាចធ្វើបានដែលអ្នកចាស់ ត្រូវតែបង្រៀនអ្នកក្រោយ ហើយបង្រៀនអ្នកក្រោយៗទៀត»។
បើតាមលោក អ៊ឹម សុខរិទ្ធី លទ្ធផលនៃការស្រាវជ្រាវនេះកន្លងទៅក៏ត្រូវបានអ្នកស្រាវជ្រាវកម្ពុជា និងថៃយកទៅផ្សព្វផ្សាយតាមរយៈការបង្រៀនសិស្សនៅតាមប្រទេសរៀងៗខ្លួនផងដែរ ដោយប្រទេសទាំង ២ បានបង្រៀនសិស្សអំពីប្រវត្តិសាស្ត្រ និងវប្បធម៌ ព្រមទាំងបុរាណវិទ្យាដែលកើតអំពីការស្រាវជ្រាវប្រកបដោយវិទ្យាសាស្ត្រដែលមានមរតកវប្បធម៌មកពីឫសគល់តែមួយផងដែរ។
តាមភ័ស្តុតាងនៃការស្រាវជ្រាវនៃគម្រោងសហការនេះ វិសាលភាពនៃចក្រភពខ្មែរបានគ្របដណ្តប់ស្ទើរតែពេញអាស៊ីអាគ្នេយ៍ដីគោក។ រាជធានីបំពាក់ដោយហេដ្ឋារចនាសម្ព័ន្ធទឹក អប់រំសុខាភិបាលបណ្តាញគមនាគមន៍ខ្វាត់ខ្វែង សំណង់រដ្ឋបាល សំណង់សាសនា និងសំណង់សាធារណៈផ្សេងៗ។ បណ្តាញផ្លូវតភ្ជាប់ពីមណ្ឌលរដ្ឋបាលសេដ្ឋកិច្ច និងនយោបាយទៅកាន់ខេត្តខណ្ឌនានាព្រមទាំងតភ្ជាប់ទៅនគរជិតខាងផង។ តាមបណ្តោយផ្លូវគមនាគមន៍តែងមានសាលាសំណាក់ ស្រះទឹក និងមន្ទីរព្យាបាលរោគ សម្រាប់អ្នកដំណើរ និងអ្នកស្រុកជិតខាង។ នេះបើតាមការផ្សព្វផ្សាយរបស់អាជ្ញាធរជាតិអប្សរា។
បើតាម លោក អ៊ឹម សុខរិទ្ធី គ្រឹះស្ថានបោះពុម្ពសៀវភៅសិក្សាប្រចាំប្រទេសជប៉ុន TAISHUKAN (តៃស៊ូកាន់) នឹងដកស្រង់នូវអត្ថបទដែលបានរកឃើញដែលមានប្រមាណ ២០ ទំព័រនេះដោយធ្វើការបកប្រែជាភាសាជប៉ុន ហើយនឹងដាក់បញ្ចូលក្នុងសៀវភៅសិក្សាសម្រាប់ឆ្នាំសិក្សាថ្មីរបស់ជប៉ុនខាងមុខនេះ៕