ភ្នំពេញៈ មុនពេល​ចាកចេញ​ដោយ​ត្រូវ​ចប់​អាណតិ្ត ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក​ ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ​ (Hidehisa Horinouchi) ​បាន​ផ្ញើ​សារ​ជូន​ប្រជាជន​កម្ពុជា​ដោយ​បញ្ជាក់ថា ប្រទេស​កម្ពុជា​រក្សា​បាន​នូវ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​គឺ​ ៧ ​ភាគរយ​ ជា​រៀងរាល់​ឆ្នាំ​ដូច​អ្វី​ដែល​រដ្ឋាភិបាល​តែងតែ​អះអាង ហើយ​ថា ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​ក៏​បាន​បោះជំហាន​ទៅ​មុខ​យ៉ាង​ខ្លាំង​ផងដែរ​។

យោងតាម​ហ្វេសប៊ុក​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ២៣ សីហា លោក​ ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ ថ្លែង​ថា​ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី ការវិនិយោគ​ផ្ទាល់ និង​ការផ្លាស់ប្តូរ​ការបំពេញ​ទស្សនកិច្ច​ផ្សេងៗ​មាន​កំណើន​ខ្ពស់​គួរ​ឲ្យ​កត់សម្គាល់​។

លោក​បញ្ជាក់​ថា​៖ «​ខ្ញុំ​ក៏បាន​ចូលរួម​ពិធី​សម្ពោធ​ផ្សេងៗ​នៃ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ជប៉ុន​ដែល​ជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ប្រទេស​យើង​ទាំង​ ២ ដូចជា​ការជួសជុល​ស្ពាន​ជ្រោយចង្វារ​ជាដើម​។ ចំណែក​ទំនាក់ទំនង​ក្នុង​វិស័យ​នយោបាយ​វិញ ខ្ញុំ​មានភ័ព្វ​សំណាង​ដែល​បាន​ចូលរួម​កិច្ចប្រជុំ​កំពូល​ជប៉ុន-កម្ពុជា​រវាង​ឯកឧត្តម​នាយករដ្ឋមន្ត្រី​ (​ជប៉ុន​) ​អាបេ និង​សម្តេច​តេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំនួន​ ៣ ​លើក​ក្នុង​រយៈពេល​ ៣ ​ឆ្នាំ​កន្លង​ទៅ​នេះ​»​។

ឯកអគ្គរាជទូត​រូប​នេះ​បន្ត​ទៀត​ថា​ប្រទេស​ជប៉ុន​បាន និង​កំពុង​ចូលរួម​ចំណែក​លើក​កម្ពស់​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ហើយ​បាន​បន្ត​ផ្តល់​ជំនួយ​ដល់​កំណែទម្រង់​ការបោះឆ្នោត​ផងដែរ​។ ប្រទេស​ជប៉ុន​ក៏​បាន​អញ្ជើញ​យុវជន​កម្ពុជា​ដែល​ចាប់​អារម្មណ៍​រឿង​នយោបាយ​ទៅ​ឈ្វេងយល់​បទពិសោធ​នៅ​ប្រទេស​ជប៉ុន​។

លោក​បន្ថែម​ថា​៖ «​រាជធានី​ភ្នំពេញ​នឹង​ប្រែ​មុខមាត់​ថ្មី​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ជាមួយ​នឹង​ព្រលាន​យន្តហោះ​ថ្មី អគារ​ខ្ពស់ៗ​ជាច្រើន​ព្រមទាំង​ប្រព័ន្ធ​ដឹកជញ្ជូន​សាធារណៈ​ថ្មី​»​។

លោក​ ផៃ ស៊ីផាន អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ថ្ងៃ​ទី​ ២៥ សីហា​ថា លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ បាន​ធ្វើ​ទំនាក់ទំនង​ការទូត​ជាមួយ​កម្ពុជា​ប្រកប​ដោយ​វិជ្ជាជីវៈ​នៅក្នុង​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ដោយ​បង្ហាញ​ពី​មិត្ត​មួយ​ដ៏រឹងមាំ និង​បម្រើ​ផលប្រយោជន៍​ប្រទេស​ទាំង​ ២​។

លោក​ថ្លែងថា​៖ «​លោក​បាន​ជួយ​សម្រួល​តាំងពី​វិស័យ​វប្បធម៌​រហូត​ដល់​វិស័យ​យុវជន ហើយ​លោក​មាន​ភាពស្និទ្ធស្នាល​ជាមួយ​នឹង​ប្រជាពលរដ្ឋ​កម្ពុជា ។ ភាពស្និទ្ធស្នាល​នេះ​ធ្វើឲ្យ​រឹតតែ​លើក​ទឹកចិត្ត​ដែល​បន្ទាប់ពី​ថ្នាក់ដឹកនាំ​កំពូល​របស់​កម្ពុជា-ជប៉ុន ដែល​មាន​ភាពជិតស្និទ្ធ ហើយ​សហប្រតិបត្តិការ​គ្នា​ដ៏ល្អ​»​។

ក្នុង​ជំនួប​ជាមួយ​លោក​ឯកអគ្គរាជទូត​រូប​នេះ​កាលពី​ថ្ងៃទី​ ១៣ ខែ​សីហា​លោក​ ហ៊ុន សែន បាន​ថ្លែង​ថា​នៅ​ឆ្នាំ​​ ២០១៨ ការនាំចេញ​របស់​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​មាន​ទំហំ​ទឹកប្រាក់​ប្រមាណ​ ១៦០០ ​លាន​ដុល្លារ​អាមេរិក​។ ក្នុង​ឆ្នាំ​ ២០១៩ ត្រឹមតែ​​ ៥ ​ខែ​ប៉ុណ្ណោះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​ដែល​នាំចេញ​ទៅកាន់​ប្រទេស​ជប៉ុន​បាន​កើនឡើង​ដល់​ ១៧០០ ​លាន​ដុល្លារ​អាមេរិក​។

លោក​ ហ៊ុន សែន អះអាង​ថា​៖ «​នេះ​គឺជា​ជោគជ័យ​ដ៏ធំ​នៅក្នុង​បេសកកម្ម​ការទូត​របស់​ឯកឧត្តម​ឯកអគ្គរាជទូត​ក្នុងការ​ពង្រឹង​ទំនាក់ទំនង ហើយ​ជំរុញ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២»​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណិ្ឌត្យ​សភា​កម្ពុជា និង​ជា​អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​ទំនាក់ទំនង​កម្ពុជា-ជប៉ុន​មាន​លក្ខណៈ​ល្អប្រសើរ​ដោយសារ​ជា​ឥរិយាបថ​ការងារ​ផ្ទាល់​របស់​ឯកអគ្គរាជទូត​ដែល​ផុត​អាណត្តិ​រូបនេះ និង​គោលនយោបាយ​ការបរទេស​របស់​ប្រទេស​ជប៉ុន​ផ្ទាល់​ផង​។ ថ្នាក់ដឹកនាំ​កម្ពុជា​ទាំង​ជាន់ខ្ពស់ និង​ជាន់​ទាប គោរព​នូវ​គោលការណ៍​របស់​ជប៉ុន​ដែល​ប្រកាន់​នូវ​គោលការណ៍​មួយ​ «​មិន​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​»​។ ការជួយ​របស់​ជប៉ុន​គឺ​ជួយ​ជា​លក្ខណៈ​បច្ចេកទេស​សុទ្ធសាធ​ដែល​មិន​មាន​លក្ខខណ្ឌ​ឱ្យ​កម្ពុជា​ធ្វើ​តាម​ការចង់បាន​របស់​ជប៉ុន​នោះ​ទេ​។

លោក​ថ្លែង​ថា​៖ «​បើ​យើង​មើល​ទំហំ​ពាណិជ្ជកម្ម​ក៏​ដូចជា​ក្នុង​វិស័យ​អប់រំ​ ឬ​ក៏​ទិដ្ឋភាព​ប្រវត្តិសាស្ត្រ​នៃ​ប្រទេស​ទាំង​ ២ ​ហ្នឹង​គឺ​ល្អ​ជា​ទូទៅ​។ សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ​គឺ​គេ​ឱ្យ​តម្លៃ​ខ្ពស់​នៃ​ចំណង​ទំនាក់ទំនង​ការទូត​នៃ​កម្ពុជា-​ជប៉ុន មិន​តែ​ក្រោម​ការដឹកនាំ​របស់​ឯកអគ្គ​រាជទូត​បច្ចុប្បន្ន​ជិត​ផុត​អាណត្តិ​ហ្នឹង​ទេ។ ឯកអគ្គរាជទូត​មុនៗ​ក៏​គេ​តែងតែ​មាន​ទស្សនៈ​វិជ្ជមាន​ខ្លាំង​ចំពោះ​ប្រទេស​ ជប៉ុន ចំពោះ​ប្រជាជន​ជប៉ុន ហើយ​ជាពិសេស​ការទទួល​ខុសត្រូវ​ខ្ពស់​របស់​ប្រទេស​ជប៉ុន​» ។

លោក មាស នី អ្នកវិភាគ​នយោបាយ​ថ្លែង​ថា​ក្នុង​វិបត្តិ​នយោបាយ​កម្ពុជា​បច្ចុប្បន្ន​ជប៉ុន​ហាក់​ដូចជា នៅ​ទ្រឹង​មិន​និយាយ ហើយ​គ្រាន់តែ​យូរៗ​ម្តង លើក​ពី​ការព្រួយបារម្ភ​ទៅ​លើ​ការដើរ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​។ ជប៉ុន​មើល​ទៅ​ហាក់ដូចជា មិន​មាន​ឥទ្ធិពល​អ្វី​ធំដុំ​ទេ​នៅពេល​នេះ​ដោយសារ​ជប៉ុន​រកស៊ី​ជាមួយ​កម្ពុជា​ ប៉ុន្តែ​ជប៉ុន​ល្អ​បើ​ប្រៀបធៀប​ជាមួយ​ចិន ។

លោក​ថា​៖ «​បើ​យើង​មើល​វត្តមាន​តួនាទី​របស់​ជប៉ុន​ក្នុង​ប្រទេស​ខ្មែរ​យើង ជប៉ុន​គឺជា​ប្រទេស​ដែល​បាន​ផ្តល់​ជំនួយ​ទាំង​កម្ចី​ទាំង​ជំនួយ​អភិវឌ្ឍន៍​ផ្សេងៗ​ទី ​២ ​បន្ទាប់ពី​ចិន​។ ក្នុង​ហ្នឹង​ក៏​យើង​ឃើញថា ទោះបី​ជា​ជំនួយ​ហ្នឹង​បាន​មក​ដល់​កម្ពុជាច្រើន​ក៏ដោយ ក៏​ប៉ុន្តែ​ជប៉ុន​ក៏​ខ្ញុំ​គិតថា ក៏​បាន​ផលចំណេញ​ច្រើន​ពី​កម្ពុជា​ដែរ​។ ដូច​យើង​ដឹង​ហើយ​កម្ពុជា​ប្រើ​ឡាន​ប្រើ​អី​ពី​ប្រទេស​ជប៉ុន​។ ការប្រើប្រាស់​ទាំងអស់​ហ្នឹង​វា​ទាក់ទង​នឹង​ការ​នាំចូល​គ្រឿងបន្លាស់​អី​ផង​។ បើ​យើង​គុណ ចែក បូក ដក ទៅ យើង​គិតថា ជប៉ុន​នៅ​តែ​មាន​ប្រៀប​ចំណេញ​មកលើ​ប្រទេស​កម្ពុជា​»​។

លោក ហ៊ីដេហ៊ីសា ហូរីណូអ៊ុជិ នឹង​ចាកចេញ​ពី​ប្រទេស​កម្ពុជា​នៅ​សប្តាហ៍​នេះ​។ លោក​បាន​បំពេញ​ការងារ​ជា​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​រយៈពេល​ជិត​​ ៣ ​ឆ្នាំ​មក​ហើយ​ចាប់​តាំងពី​ឆ្នាំ​ ២០១៦៕