ភ្នំពេញៈ កិច្ចសន្ទនាស្ដីពីសិទ្ធិមនុស្សកម្ពុជា-ជប៉ុន លើកទី១០ ដែលរៀបចំដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាកាលពីម្សិលមិញ ភាគីជប៉ុនបានលើកឡើងពីការរំលាយបក្សសង្ក្រោះជាតិ ករណីចាប់ខ្លួនលោក កឹម សុខា ឃាតកម្មលើលោក កែម ឡី សិទ្ធិសេរីភាពសម្ដែងមតិ និងការជួបប្រជុំរបស់សង្គមស៊ីវិល ខណៈភាគីកម្ពុជាបកស្រាយថាជាការអនុវត្តច្បាប់។
កិច្ចសន្ទនាដែលបានធ្វើឡើងនៅស្នាក់ការគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជានេះ មានការចូលរួមពីលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងលោក ម៉ាសាតុ អូតាកា អគ្គនាយករងការិយាល័យគោលនយោបាយការបរទេស និងជាឯកអគ្គរាជទូតទទួលបន្ទុកកិច្ចការសហប្រជាជាតិនៃក្រសួងការបរទេសជប៉ុន និងស្ថាប័នពាក់ព័ន្ធ រួមមាន តំណាងពីក្រសួងមហាផ្ទៃ ក្រសួងការបរទេស ក្រសួងយុត្តិធម៌ ក្រសួងព័ត៌មាន ក្រសួងកិច្ចការនារី និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។
លោក កែវ រ៉េមី បានថ្លែងក្រោយពេលជំនួបបិទទ្វារនោះថា លោកបានប្រាប់ភាគីជប៉ុនអំពីគោលនយោបាយរបស់កម្ពុជាក្នុងការប្ដេជ្ញាដាច់ខាតក្នុងការការពារសន្តិភាព សន្តិសុខ ស្ថិរភាព ស្ថានការណ៍នយោបាយ និងសណ្ដាប់ធ្នាប់សង្គម។
លោកថា កិច្ចការទាំងអស់នេះហើយដែលធ្វើឲ្យកម្ពុជាមានកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧ ភាគរយ ហើយកំណើនសេដ្ឋកិច្ចនេះក៏ជាកត្តាជំរុញឲ្យកម្ពុជាឆ្លងផុតពីប្រទេសមានការអភិវឌ្ឍតិចតួចទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។
ទន្ទឹមនឹងនេះ លោក កែវ រ៉េមីបានឲ្យដឹងដែរថា ភាគីជប៉ុនបានលើកឡើងពីបញ្ហាសិទ្ធិមនុស្សនិងនយោបាយជាអ្វីដែលបានបកស្រាយអស់ហើយ។
លោកបានបញ្ជាក់ថា៖ «គាត់ (ជប៉ុន) លើកបាននិយាយពីការរំលាយបក្សសង្ក្រោះជាតិ ទាក់ទងនឹង កឹម សុខា ទាក់ទងនឹង កែម ឡី និងសិទ្ធិសេរីភាពសម្ដែងមតិ ទាក់ទងទៅនឹងការប្រជុំរបស់សង្គមស៊ីវិល។ល។ ប៉ុន្តែយើងបានបកស្រាយជម្រាបជូនគាត់ពីមូលហេតុដែលជាការអនុវត្តរបស់តុលាការ ឧទាហរណ៍ដូចករណីហូបនំបញ្ចុក»។
បើតាមលោក កែវ រ៉េមី ភាគីជប៉ុនបានទទួលយកអ្វីដែលលោកបានបកស្រាយ ព្រោះលោកមានហេតុផលត្រឹមត្រូវ។ ប៉ុន្តែលោកថា ជប៉ុនមានការលំបាកនៅពេលទទួលបានហេតុផលផ្សេងៗពាក់ព័ន្ធនឹងបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
ចំពោះបញ្ហាបក្សសង្គ្រោះជាតិនិងករណីលោក កឹម សុខា លោកថា វាគ្រាន់តែជាគណបក្សមួយប៉ុណ្ណោះ ហើយអវត្តមានគណបក្សនេះ ក្នុងការបោះឆ្នោតមិនប៉ះពាល់ដល់ប្រព័ន្ធសេរីពហុបក្សទេ ព្រោះមានគណបក្សនយោបាយ ២០ ផ្សេងទៀតបានចូលរួមការបោះឆ្នោត។
លោកថ្លែងថា៖ «ខ្ញុំជម្រាបគាត់ថា គប្បីជប៉ុនលើកទឹកចិត្តចំពោះទង្វើអ្វីដែលល្អសម្រាប់កម្ពុជា។ យើងក៏ទទួលស្គាល់ដែរ ចំពោះបញ្ហាអវិជ្ជមានខ្លះ យើងនឹងខិតខំប្រឹងប្រែងបន្តទៀត»។
លោកថ្លែងថា មិនមានការវាយតម្លៃអំពីបញ្ហាសិទ្ធិមនុស្សទេ ប៉ុន្តែជប៉ុនបានអបអរសាទរចំពោះវិធានការរបស់រដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់។
លោក កែវ រ៉េមី ថ្លែងថា លោកស្វាគមន៍ និងថ្លែងអំណរគុណចំពោះជប៉ុនពីព្រោះជប៉ុន សរសេររបាយការណ៍អំពីបញ្ហាសិទ្ធិមនុស្សប្រកបដោយតុល្យភាព និងឆ្លុះបញ្ចាំងពីការពិតនៅកម្ពុជា។ ការសរសេរដោយតុល្យភាពនេះ ធ្វើឲ្យជប៉ុនមានការលំបាក ពីព្រោះត្រូវបញ្ចូលការលើកឡើងរបស់ក្រុមផ្សេងៗ ផ្នែកផ្សេងៗ ទាំងសង្គមស៊ីវិល ទាំងគណបក្សប្រឆាំង និងការសរសេរពីបណ្ដាប្រទេសផ្សេងៗទៀតនៅលោកខាងលិច។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិបានថ្លែងថា អ្វីដែលជប៉ុនលើកឡើងក៏ត្រូវអន្តរជាតិលើកឡើងផងដែរ។
លោកថា៖ «ការលើកឡើងនេះគឺដើម្បីឲ្យប្រទេសកម្ពុជាពិចារណា តាមខ្ញុំយល់ ប៉ុន្តែយើងឃើញកន្លងមក រដ្ឋាភិបាលមិនដែលទទួលយកអនុសាសន៍ឬការលើកឡើងរបស់ប្រទេសផ្សេងដែលមានក្ដីកង្វល់ទេ ច្រើនតែបដិសេធ ហើយថា យើងធ្វើតាមច្បាប់កម្ពុជា»។ «ខ្ញុំនៅតែយល់ថា មិនមានរឿងអីដែលយើងមិនអាចដោះស្រាយបានទេ។ កាលណាយើងចេះតែរុញប្រទេសមួយឲ្យជ្រៅទៅៗ វាអាចប៉ះពាល់ដល់ការលូតលាស់សេដ្ឋកិច្ច»។
លោកបានថ្លែងថា បើទោះបីជប៉ុនមានជំហរទន់ភ្លន់លើកម្ពុជាក៏ដោយ ក៏វាគ្រាន់តែជាភាសាការទូតប៉ុណ្ណោះ។ អ្នកនយោបាយកម្ពុជាគួរតែបន្ទន់ឥរិយាបថដាក់គ្នា ជជែកគ្នាដើម្បីដោះស្រាយបញ្ហា ជាជាងពឹងតែលើបរទេស។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាយល់ឃើញថា ចំណាប់អារម្មណ៍របស់ជប៉ុនលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាគួរឲ្យស្វាគមន៍ ប៉ុន្តែជំនួបនេះ គួរតែធ្វើឡើងដោយមានតម្លាភាពដោយមានការចូលរួមពីសហគមន៍ការពារសិទ្ធិមនុស្ស និងធ្វើឡើងជាទៀងទាត់។ លោកស្រីសង្ឃឹមផងដែរថា ជប៉ុនដែលជាភាគីហត្ថលេខីនៃកិច្ចព្រមព្រៀងទីក្រុងប៉ារីសនិងជាអ្នកសម្របសម្រួលសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប.ឆ្នាំ ២០១៨ នឹងចូលរួមបន្ថែមទៀតដល់ការកសាងសន្តិភាពនៅកម្ពុជា។
លោកស្រីថា៖ «ជប៉ុនត្រូវតែធ្វើឲ្យលើសពីការផ្ដល់ការគាំទ្រផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងធនធានមនុស្ស ហើយឈានដល់ការតស៊ូមតិសម្រាប់បញ្ចប់ការរំលោភសិទ្ធិមនុស្សនៅកម្ពុជា»។
លោក ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយបានថ្លែងថា នៅពេលនេះ ជប៉ុនអាចយល់ច្បាស់ហើយថា តើអនុវត្តច្បាប់នៅកម្ពុជាមានសង្គតិភាពជាមួយក្រឹត្យក្រមនឹងបទដ្ឋានអន្តរជាតិកម្រិតណា។
លោកបន្តថា ចំណេះដឹងនេះនឹងជួយឲ្យជប៉ុនបង្កើតគោលការណ៍សមស្របក្នុងការធ្វើឲ្យទំនាក់ទំនងដ៏លំបាកនាពេលបច្ចុប្បន្នមានភាពធម្មតារវាងកម្ពុជា និង EU ក៏ដូចជាសហរដ្ឋអាមេរិកអំពីការធ្លាក់ចុះនៃស្ថានការណ៍សិទ្ធិមនុស្សនៅកម្ពុជា៕