ភ្នំពេញៈ គម្រោងធ្វើឲ្យប្រសើរឡើងវិញនូវកំណាត់ផ្លូវជាតិលេខ ១ ក្នុងតម្លៃ ២៥១ លានយ៉េន ប្រមាណជា ២,៣១ លានដុល្លារសហរដ្ឋអាមេរិក ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ផ្តល់មកកម្ពុជា នឹងត្រូវចាប់ផ្តើមអនុវត្តចាប់ពី ខែមិនា ឆ្នាំ២០១៥ ហើយគ្រោងអាចនឹងបញ្ចប់ក្នុងរយៈពេល ១ឆ្នាំ។
បន្ទាប់ពីពិធីចុះហត្ថលេខាលើសារលិខិតផ្តល់ជំនួយឥតសំណងសម្រាប់គម្រោងនៅក្រសួងការបរទេស កាលពីម្សិលមិញនេះ អ្នកនាំពាក្យក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក កុយ គួង បានថ្លែងឲ្យដឹងថា គម្រោងពង្រឹងគុណភាពផ្លូវនេះ គឺដើម្បីកែលម្អបន្ថែមនូវកំណាត់ផ្លូវទីប្រជុំជនតាមផ្លូវជាតិលេខ ១ គិតចាប់ពីគល់ស្ពានព្រះមុនីវង្សត្រើយខាងកើត ប្រវែង ៤៥០ ម៉ែត្រ។
លោកថ្លែងបន្តថា៖ «ថវិកា ២៥១ លានយ៉េននេះ គឺបន្ថែមលើដំណាក់កាល ទី៤ នៃគម្រោងដែលត្រូវបានចុះហត្ថលេខា នៅ ទីក្រុងតូក្យូ កាលពី ខែធ្នូ ឆ្នាំ២០១៣ មកម៉្លេះ ខណៈដែលដំណាក់កាល ទី១ ទី២ និង ទី៣ បានបញ្ចប់ជាស្ថាពរហើយ»។
លោក កុយ គួង បានបន្តថា បើតាមលោក ហោ ណាំហុង រដ្ឋមន្រ្តីក្រសួងការបរទេស ផ្លូវជាតិលេខ ១ នេះ ដែលអាស៊ានដាក់ឈ្មោះថា អាស៊ានហាយវ៉េ លេខ១ ក៏ជាច្រករបៀងសេដ្ឋកិច្ចខាងត្បូងនៅក្នុងតំបន់ដែរ...វានឹងជួយសម្រួលក្នុងការដឹកជញ្ជូនទំនិញ ក្នុងតំបន់ ដូចជាការដឹកជញ្ជូនរបស់ប្រជាជនកម្ពុជា និងប្រជាជនក្នុងតំបន់ ជាពិសេសដីគោកភ្ជាប់ពីកម្ពុជា ទៅ វៀតណាម រហូតទៅដល់ម៉ាឡេស៊ី និង ក្រុងសាំងហ្គាពួរ (សិង្ហបុរី)។
នៅក្នុងសុន្ទរកថា ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពរបស់ជប៉ុន ប្រចាំកម្ពុជា លោក គូម៉ាម៉ារ៉ុ យូជិ បានថ្លែងឲ្យដឹងដែរថា៖ «រដ្ឋាភិបាលជប៉ុន កំពុងផ្តល់ជំនួយឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជា... ស្ពានអ្នកលឿង ដែលឆ្លងកាត់ទន្លេមេគង្គ ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១ កំពុងត្រូវបានសាងសង់ដោយជំនួយឥតសំណងរបស់ ប្រទេសជប៉ុន ហើយលោកសង្ឃឹមថា សាងសង់នឹងរួចជាស្ថាពរនៅក្នុង ខែមីនា ឆ្នាំ២០១៥ ខាងមុននេះ។
លោកមានប្រសាសន៍ថា ដោយគិតទាំងស្ពានអ្នកលឿងផងនោះ ជំនួយឥតសំណងរដ្ឋាភិបាលជប៉ុនផ្តល់ដល់ជូន ប្រទេសកម្ពុជា សម្រាប់គម្រោងជួសជុលកែលម្អផ្លូវជាតិលេខ ១ មានទឹកប្រាក់សរុបទាំងអស់ប្រមាណជា ២២១ លានដុល្លារអាមេរិក៕