ភ្នំពេញៈ ជាការបន្ថែមទៅលើអ្វីដែលរដ្ឋមន្ត្រីការបរទេសជប៉ុន ជំរុញឲ្យមានការជួបចរចារវាងបក្សកាន់អំណាច និងអតីតបក្សប្រឆាំងក្រោយការបោះឆ្នោត មន្ត្រីជាន់ខ្ពស់នៃស្ថានទូតជប៉ុនក៏បានបង្ហាញនូវការខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីធ្វើយ៉ាងណាជួយឲ្យមេដឹកនាំនយោបាយកម្ពុជា មិនទៅណាឆ្ងាយពីតុចរចាឡើយ ដោយវិលចុះវិលឡើង ភាគីចម្រូងចម្រាសនឹងត្រូវចូលអង្គុយសន្ទនាគ្នា រកដំណោះស្រាយនយោបាយ។
ទីប្រឹក្សានៃស្ថានទូតជប៉ុន ប្រចាំកម្ពុជាលោក Hironori Suzuki បានថ្លែងតាមសារអេឡិចត្រូនិកប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញ ថា ជប៉ុនមានជំនឿថា ប្រជាពលរដ្ឋកម្ពុជាអាចនឹងរួមគ្នា ដើម្បីបន្តការអភិវឌ្ឍជាតិឲ្យបានកាន់តែខ្លាំងក្លាថែមទៀតតាមការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យតាមរយៈការផ្តួចផ្តើមឲ្យមានកិច្ចសន្ទនានយោបាយ និងធ្វើយ៉ាងណាធានាឲ្យបាននូវសិទ្ធិ និងសេរីភាពរបស់ប្រជាពលរដ្ឋ។
លោក Hironori Suzuki បន្តថា៖ «យើងសង្ឃឹមថាពលរដ្ឋកម្ពុជាទាំងអស់នឹងរួបរួមគ្នាក្នុងការបន្តការអភិវឌ្ឍជាតិបានកាន់តែខ្លាំងដោយការលើកកម្ពស់ដំណើរការប្រជាធិបតេយ្យតាមរយៈការផ្តួចផ្តើមឲ្យមានកិច្ចសន្ទនានយោបាយ។ ជប៉ុននឹងខិតខំប្រឹងប្រែងដើម្បីសហការជាមួយកម្ពុជាក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន»។
កាលពីថ្ងៃទី ៤ ខែសីហាក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន នៅឯកិច្ចប្រជុំក្នុងប្រទេសសិង្ហបុរី លោក Taro Kono រដ្ឋមន្ត្រីការបរទេសជប៉ុនបានសម្តែងការខកចិត្តចំពោះលទ្ធផលនៃការបោះឆ្នោត កាលពីថ្ងៃទី ២៩ ខែកក្កដាកន្លងទៅនេះដោយសារមិនមានវត្តមានអតីតគណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំងដ៏ចម្បងចូលរួមប្រកួតប្រជែង។
ជាងនេះទៀតលោកក៏បានជំរុញឲ្យមានការចរចានយោបាយសម្រាប់គណបក្សប្រជាជនកម្ពុជា និងអតីតគណបក្សសង្គ្រោះជាតិ ដើម្បីរកដំណោះស្រាយនយោបាយ។
លោក Kono ក៏បានពន្យល់ថា ជប៉ុន បានភ្ជាប់នូវសារៈសំខាន់ចំពោះការបោះឆ្នោតកាលពីខែមុនដែលរៀបចំឡើងជារបៀបមួយ ដែលឆ្លុះបញ្ចាំងល្មមពីឆន្ទៈប្រជាជនកម្ពុជា និងបានផ្តល់នូវជំនួយ និងការណែនាំចាំបាច់។ ប៉ុន្តែការបោះឆ្នោត «មានចំណុចផ្សេងៗ ដែលគួរឲ្យសោកស្តាយដូចជាចំនួនដ៏ច្រើននៃសន្លឹកឆ្នោតមិនបានការនៅក្នុងការបោះឆ្នោត»។
ជប៉ុន ដែលជាប្រទេសប្រជាធិបតេយ្យ និងបានផ្តល់ជំនួយច្រើនមួយដែរ សម្រាប់កម្ពុជាទាំងដំណើរការបោះឆ្នោត ហាក់ដូចបានបង្ហាញនូវជំហរក្រោយគេ បន្ទាប់ពីប្រទេសប្រជាធិបតេយ្យមួយចំនួន ដូចជា សហរដ្ឋអាមេរិក សហភាពអឺរ៉ុប កាណាដា អូស្ត្រាលី បារាំង អង់គ្លេស នូវែលសេឡង់ និង ប្រទេសអាល្លឺម៉ង់ បង្ហាញការមិនពេញចិត្ត និង រិះគន់ការបោះឆ្នោតដ៏ចម្រូងចម្រាសនេះ។
ពួកគេបានចាត់ទុកការបោះឆ្នោតនាថ្ងៃ ២៩ កក្កដា ថាជាការបោះឆ្នោតដែលមិនឆ្លុះបញ្ចាំងពីឆន្ទៈប្រជាពលរដ្ឋ និងជាការបោះឆ្នោត មិនសេរី ត្រឹមត្រូវ ស្របតាមច្បាប់ ដោយសារតែអតីតគណបក្សសង្គ្រោះជាតិ ដែលជាគូប្រជែងនយោបាយត្រូវបានផាត់ចេញមិនឲ្យចូលរួមប្រកួតក្នុងការបោះឆ្នោតនេះ។
ប៉ុន្តែលោក ឈឹម ផលវរុណ អុ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមិនបានចាត់ទុកការខកចិត្តរបស់ជប៉ុនចំពោះលទ្ធផលបោះឆ្នោតនោះសំខាន់ឡើយ ពីព្រោះលោកថា ជប៉ុនមិនមែនខកចិត្តចំពោះការបោះឆ្នោតទេ គ្រាន់តែខកចិត្តចំពោះលទ្ធផលបោះឆ្នោតហើយថា ឥរិយាបថ ជប៉ុនបែបនេះក៏មិនមានន័យថា ជប៉ុនចង់ឲ្យមានការចរចានោះដែរ។
លោក ឈឹម ផលវរុណ ថ្លែងថា៖ «គាត់ខកចិត្តរឿងលទ្ធផលបោះឆ្នោត មិនមែនខកចិត្តរឿងការបោះឆ្នោតទេ។ ២ ហ្នឹងខុសគ្នា ដូចយើងកីឡាអ៊ីចឹងអាមួយការរៀបចំកីឡាបាល់ទាត់វាល្អ ប៉ុន្តែលទ្ធផលធម្មតាម្នាក់ៗចង់បានលទ្ធផលអ៊ីចេះ ចង់បានលទ្ធផលអ៊ីចុះ វាអាចខកចិត្ត។ ខកចិត្តលទ្ធផលជារឿងធម្មតាទេ»។
លោក វរុណ បានបន្ថែមថាដោយសារប្រជាពលរដ្ឋខ្មែរបោះឆ្នោតឲ្យគណបក្សប្រជាជនកម្ពុជាជាង ៧៦ ភាគរយ ឯគណបក្សលំដាប់លេខ ២ បានតែ ៥ ភាគរយ វាខុសគ្នាឆ្ងាយ។ ដូច្នេះការរំពឹងរបស់ជប៉ុនក្នុងការបោះឆ្នោតនោះ វាខុសពីការរំពឹងរបស់ខ្លួនដែលចង់ឲ្យបក្សណាមួយឈ្នះ ហើយដល់តែលទ្ធផលខកចិត្តវាជារឿងធម្មតា។
ចំណែកការចង់ឲ្យមានការចរចាជាមួយអតីតបក្សប្រឆាំងលោកថា មិនមានគណបក្សប្រឆាំងណាដែលត្រូវបក្សកាន់អំណាច ចរចាជាមួយនោះទេ ហើយគណបក្សប្រឆាំងដែលលោកថា ងាប់ទៅហើយនោះក៏មិនអាចមានអ្នកណាជួយឲ្យមានឡើងវិញបានដែរ ព្រោះគណបក្សប្រជាជនកម្ពុជាត្រូវការធ្វើការអភិវឌ្ឍជាតិបន្តទៅមុខទៀត។
លោក ឈឹម ផលវរុន បានបញ្ជាក់ថា៖ «រឿងចរចា ការចរចាហ្នឹងក៏គេ [ជប៉ុន] ពុំដែលប្រាប់ឲ្យចំចរចាជាមួយអុ្នកណាដែរ ណាស់តែយើងនាំគ្នានិយាយទេ។ ការចរចាហ្នឹង ជាពិសេសសម្រាប់គណបក្សប្រជាជនកម្ពុជាមានវប្បធម៌នៃការសន្ទនា ការចរចាហ្នឹងមានតាំងពីណាពីណីមកនោះ មិនមែនទើបមានជំនាន់គណបក្សប្រឆាំងដែលងាប់ទៅហើយហ្នឹងទេ។ បើអត់មានការចរចាធ្វើម៉េចសង្គ្រាមប្រដាប់អាវុធជំនាន់ទសវត្សរ៍ទី ៨០ អាចបញ្ចប់បាន»៕