
ទិដ្ឋភាពទឹិកលិចផ្លូវនិងសកម្មភាពបូមលូបង្ហូរទឹកនៅសង្កាត់បឹងទំពុន រាជធានីភ្នំពេញនាពេលថ្មីៗនេះ។ ហេង ជីវ័ន
ភ្នំពេញៈ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) បានបន្ដផ្ដល់ជំនួយឥតសំណង់លើគម្រោងការពារទឹកជំនន់ និង កែលម្អប្រព័ន្ធប្រឡាយ លូបង្ហូទឹក ក្នុងរាជធានីភ្នំពេញ ជំហានទី ៤ ក្នុងទឹកប្រាក់ប្រមាណ ៣០ លានដុល្លារខណៈធនាគារអភិវឌ្ឍន៍អាស៊ី ADB ផ្ដល់ហិរញ្ញប្បទាន ២៥០ លានដុល្លារជួយលើគម្រោងធំចំនួន ៤ ដល់កម្ពុជា។
លោក សាយ ប៉ូរ៉ា មន្ដ្រីគម្រោងផ្នែកបរិស្ថាន ទឹកស្អាត-ទឹកស្អុយ និងកម្ចីរបស់ JICA បានថ្លែងប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ២៤ ខែតុលានេះ ថា តាមរយៈការស្នើគម្រោងពីកម្ពុជា រដ្ឋាភិបាលជប៉ុនបានសម្រេចចុះហត្ថលេខាយល់ព្រមផ្ដល់ជំនួយលើគម្រោងការពារទឹកជំនន់និងកែលម្អប្រព័ន្ធប្រឡាយលូ ក្នុងរាជធានីភ្នំពេញជំហានទី ៤ នេះ។
លោកបន្ដថា៖«គម្រោងនេះខាងរដ្ឋាភិបាលជប៉ុន បានចុះហត្ថលេខាយល់ព្រមរួចហើយ។ គម្រោងនេះបើតាមកាលបរិច្ឆេទត្រូវចំណាយពេលសាងសង់រយៈពេលបីឆ្នាំ។ បើអត់មានបញ្ហាអ្វីទេ ប្រហែល ២-៣ ខែទៀតគឺអាចដំណើរការគម្រោងនេះបានហើយ»។
បើតាមលោក បូរ៉ា ពេលនេះ JICA កំពុងដាក់ឲ្យដេញថ្លៃលើគម្រោងមួយនេះ។ លោកបញ្ជាក់ថា គម្រោងនេះជាជំនួយពីជប៉ុន ដូច្នេះ គឺជ្រើសរើសយកក្រុមហ៊ុនជប៉ុនជាអ្នកចុះមកសាងសង់ដែរ។
ការផ្ដល់ជំនួយនេះ បន្ទាប់ពីមានការស្នើពីរដ្ឋាភិបាលកម្ពុជាតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយមានលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ និង លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានទៅចូលរួមដល់ទីក្រុងតូក្យូប្រទេសជប៉ុនកន្លងទៅ។
លោក សាយ ប៉ូរ៉ា បានថ្លែងថា៖«គម្រោងជំហានទី៤នេះក៏ដូចគ្នា បន្ទាប់ពីមានការស្នើសុំពីរាជរដ្ឋាភិបាលកម្ពុជា និងមានការវាយតម្លៃពីរដ្ឋាភិបាលជប៉ុន ដោយមើលទៅលើលក្ខខណ្ឌជាច្រើនទើបរដ្ឋាភិបាលជប៉ុនយល់ព្រមផ្ដល់ជំនួយឲ្យកម្ពុជា»។
លោក សន ជ័យ នាយកប្រតិបត្ដិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមបានលើកឡើងថា ប្រទេសជប៉ុនជាម្ចាស់ជំនួយដែលចាស់ទុំមានរបៀបនៃការផ្ដល់ជំនួយបែបទន់ភ្លន់ប៉ុន្ដែរូបភាពនៃភាពទន់ភ្លន់បែបនេះអ្នកអនុវត្ដគម្រោង ប្រើប្រាស់ថវិកាជំនួយគួរគិតគូរពីគុណភាពនៃការសាងសង់ឲ្យបានល្អផងដែរ។
លោកថា៖«អ្នកចាយលុយហ្នឹង គួរគិតគូរពីគុណភាពដែរ កុំចាំតែគេប្រាប់។ កុំធ្វើអីឆាប់ខូច ធ្វើឲ្យយកតែរួចខ្លួន។ រឿងបទពិសោធអស់នេះ យើងធ្លាប់មានច្រើនមកហើយ ទាំងការធ្វើផ្លូវ និងលូនៅភ្នំពេញ និងតាមខេត្ដ»។
តាមសាលារាជធានីភ្នំពេញ គម្រោងនេះ រួមមាន ១-ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌទួលគោកប្រវែង ៨,២គីឡូម៉ែត្រ។
២-ដាក់បណ្តាញលូមេនៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញប្រវែង៤,៤គីឡូម៉ែត្រ។
៣-សាងសង់អាងស្តុកទឹកក្រោមដីនិងសាងសង់ស្ថានីយបូមទឹកនៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាCDC។
៤-ដំឡើងរបាមេកានិកស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយបូមទឹកចតុមុខនិងផ្សារចាស់ និង ទី ៥-ផ្តល់រថយន្តបូមទឹកចល័តចំនួន ២ គ្រឿងដល់រដ្ឋបាលរាជធានីភ្នំពេញផងដែរ។
ទន្ទឹមនឹងជំនួយរបស់ជប៉ុននេះនៅថ្ងៃទី ២៤ ខែតុលានេះ ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា (ADB) ក៏បានផ្ដល់ហិរញ្ញប្បទាននូវទឹកប្រាក់ចំនួន ២៥០ លានដុល្លារដល់កម្ពុជាផងដែរដើម្បីអនុវត្តគម្រោងចំនួន ៤ បន្ទាប់ពីជំនួបរវាង ឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង លោកស្រី Sunniya Durrani-Jamal នាយិកា តំណាងធនាគារ ADB ប្រចាំកម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះ។
តាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅថ្ងៃទី ២៤ ខែតុលានេះ បានបញ្ជាក់ថាហិរញ្ញប្បទាននេះបានអនុវត្ដទៅគម្រោងចំនួន ៤ គឺ១៖ កម្មវិធីអភិវឌ្ឍន៍វិស័យអប់រំកម្រិតមធ្យមសិក្សាទុតិយភូមិជំហានទី ២ គ្រោងចំណាយថវិកាសរុបប្រមាណ ៥៣,៥០ លានដុល្លារអាមេរិកសម្រាប់អនុវត្តយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៤-២០១៨ និងការព្យាករតម្រូវការអភិវឌ្ឍន៍វិស័យអប់រំឆ្នាំ ២០២០ និង គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ ២០១៥-២០២០។
២៖ គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ គ្រោងចំណាយថវិកាសរុបប្រមាណ ៩៧,៧០ លានដុល្លារអាមរិក សម្រាប់ការអភិវឌ្ឍ និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ក្រុងអាទិភាពចំនួន ៣ (ក្រុងស្ទឹងសែន,ក្រុងសិរីសោភ័ណ និងក្រុងបាត់ដំបង) តាមរយៈការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ប្រព័ន្ធបណ្តាញលូ និងសាងសង់ទីលានចាក់សំរាម។ គម្រោងនេះក៏នឹងជួយពង្រឹងសមត្ថភាពស្ថាប័នពាក់ព័ន្ធ ដើម្បីផ្តល់សេវា និងកែលម្អគោលនយោបាយគ្រប់គ្រងកាកសំណល់រឹង, ទឹកកខ្វក់, បណ្តាញលូរំដោះទឹកភ្លៀងក្រុង និងបរិស្ថានប្រកបដោយនិរន្តរភាពផងដែរ។
៣៖ គម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី៤គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ៨៨,៥០ លានដុល្លារអាមេរិកសម្រាប់ការពង្រីកសេវាសាធារណៈនៅទីប្រជុំជនដែលនឹងជួយលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់តាមរយៈការអភិវឌ្ឍក្រុងរបៀងអាទិភាពចំនួន ៣ (ក្រុងកំពង់ចាម, ក្រចេះ និងស្ទឹងត្រែង ដែលជាក្រុងរបៀងនៃមហាអនុតំបន់មេគង្គ) ដោយរួមមាន៖ ការសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់, ការតភ្ជាប់ប្រព័ន្ធលូរំដោះទឹកដល់ប្រជាជន, ការសាងសង់ទីលានចាក់សំរាម និងការសាងសង់ស្ថានីយបូមទឹកកខ្វក់។
គម្រោងកែលម្អការគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២និងគម្រោងអភិវឌ្ឍន៍ទីក្រុងរបៀងនៃមហាអនុតំបន់មេគង្គជំហានទី៤នឹងចូលរួមអនុវត្ត៖ (១)ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ២០១៤-២០១៨ដែលផ្តោតលើការអភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍និងហេដ្ឋារចនាសម្ព័ន្ធទីក្រុងនិង (២) គោលនយោបាយជាតិស្តីពី វិស័យទឹកស្អាត និងអនាម័យរបស់រាជរដ្ឋាភិបាល។
៤ ៖គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍សម្រាប់កំណើនប្រកបដោយបរិយាប័ន្នក្នុងមហានុតំបន់មេគង្គជំហានទី២ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ៣០,៨៩ លានដុល្លារអាមេរិក ក្នុងគោលបំណងបង្កើនការទាក់ទាញទេសចរក្នុងខេត្តគោលដៅចំនួន២(ខេត្តកែបនិងខេត្តព្រះសីហនុ)ដោយផ្តោតលើការធ្វើឲ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងកសាងកំពង់ផែទេសចរណ៍ខ្នាតតូចចំនួន២, ការធ្វើឱ្យប្រសើរឡើងនូវអនាម័យទីក្រុង និងការកសាងសមត្ថភាពក្នុងការគ្រប់គ្រងកំណើនទេសចរប្រកបដោយចីរភាព៕