ភ្នំពេញៈ ជប៉ុនបានចាប់ផ្ដើម បើកឱកាសការងារដល់កម្ពុជា ឲ្យបញ្ជូនពលករ ដែលមានជំនាញ ឲ្យទៅធ្វើការងារផ្លូវការនៅប្រទេសជប៉ុនចាប់ពីខែមេសា ឆ្នាំ ២០១៩ តទៅ ខណៈដែលបច្ចុប្បន្ន មានកម្មសិក្សាការីកម្ពុជា ដែលកំពុងសិក្សាផងនិងធ្វើការផងនៅជប៉ុនមានប្រមាណ ៩ ០០០ នាក់។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់ជំនួបជាមួយ លោក Hidehisa HORiNOUCH ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា កាលពីព្រឹកថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ថា រដ្ឋាភិបាលជប៉ុន បានបើកឱកាស ចំពោះ ពលករកម្ពុជាដែលមានជំនាញខ្ពស់ ដើម្បីទៅធ្វើការងារនៅប្រទេស ជប៉ុន បន្ទាប់ពីប្រទេសជប៉ុនបានបង្កើតច្បាប់ថ្មីមួយទាក់ទងទៅនឹងការជ្រើសរើសបណ្ដុះបណ្ដាល និងទទួលយកពលករបរទេសទៅ ធ្វើការ។
លោកបញ្ជាក់ដូច្នេះថា៖ «ខ្ញុំបានជួបជាមួយនឹងឯកឧត្តមអគ្គរាជទូតជប៉ុន ហើយគាត់មកថ្ងៃនេះ ដើម្បីជូនដំណឹងជាផ្លូវការ មកខាងកម្ពុជាយើង ជាពិសេស ទាក់ទងទៅនឹងប្រព័ន្ធបញ្ជូនអ្នកបច្ចេកទេស និងកម្មករ ដែលមានជំនាញខ្ពស់ ទៅធ្វើការនៅប្រទេសជប៉ុនតាមកំណែទម្រង់ច្បាប់ថ្មីរបស់ជប៉ុន»។
លោកបន្ថែមថា វាជាឱកាសការងារថ្មីមួយ សម្រាប់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការបញ្ជូនពលករ ពេញសិទ្ធិ និង មានជំនាញទៅធ្វើការនៅប្រទេស ជប៉ុន ដោយសារពួកគេអាចស្វែងរកការងារដែលមានជំនាញខ្ពស់ និងទទួលបាន ប្រាក់ខែខ្ពស់។
លោកបានបន្ថែមថា វានឹងបំពេញតម្រូវការការខ្វះខាតកម្លាំងពលកម្មរបស់ប្រទេស ជប៉ុន ហើយនឹងលើកកម្ពស់ កិច្ចសហប្រតិបត្តិការ រវាងភាគីកម្ពុជា-ជប៉ុន ហើយថា ភាគីទាំង ២ បាននិងកំពុងតែពិភាក្សាគ្នា ដើម្បីឈានទៅការចុះហត្ថលេខានូវកិច្ចព្រមព្រៀងលើ ការជ្រើសរើសបណ្ដុះបណ្ដាល និងបញ្ជូនពលករកម្ពុជា ទៅធ្វើការនៅជប៉ុន ដែលអាចនឹងចាប់ផ្ដើមអនុវត្ដក្នុងខែមេសា ឆ្នាំ ២០១៩ ខាងមុខនេះ។
លោកបានបញ្ជាក់ដូច្នេះថា៖ «ដើម្បីអនុវត្តកិច្ចការនេះ គឺឯកឧត្តមអគ្គរាជទូតបានផ្តាំផ្ញើខ្ញុំថា ប្រព័ន្ធថ្មីនេះ នឹងចាប់អនុវត្ត ពីខែមេសា ឆ្នាំ ២០១៩ ហើយកន្លងមកនេះភាគីយើងទាំង ២ ក៏បានធ្វើការជាមួយគ្នា ដើម្បីរៀបចំនូវអនុស្សរណៈនៃការសហប្រតិបត្ដិការជាមួយគ្នា ទាក់ទិននឹងការជ្រើសរើសបណ្តុះបណ្តាល និងបញ្ជូនពលករទៅឯប្រទេសជប៉ុននេះ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបានថ្លែងគាំទ្រ ការបញ្ជូនពលករជំនាញកម្ពុជាទៅប្រទេស ជប៉ុន ដោយសារតែអាចជួយពង្រឹងសេដ្ឋកិច្ចប្រទេស កម្ពុជា ហើយជួយលើកកម្ពស់កម្រិតជីវភាព ពលករដែលទៅបំពេញការងារនៅប្រទេសជប៉ុន។
លោកបញ្ជាក់ដូច្នេះថា៖ «វាជាការរួមចំណែកច្រើនដល់កំណើនសេដ្ឋកិច្ចជាតិ ហើយនឹងធ្វើឲ្យប្រែប្រួលជីវភាព របស់ប្រជាពលរដ្ឋ ពលករចំណាកស្រុក នឹងជួយបណ្តុះបណ្តាលជំនាញដល់ពលករឲ្យមានជំនាញ និងជួយសេដ្ឋកិច្ចប្រជាពលរដ្ឋនៅមូលដ្ឋានបានច្រើនណាស់»។
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងមន្ត្រីស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។
កន្លងទៅថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងការងារ បានថ្លែងថា កន្លងមកប្រទេស កម្ពុជា បានបញ្ជូនតែកម្មសិក្សាការី គឺអ្នកដែលទៅសិក្សាផងនិងទៅធ្វើការផងតែប៉ុណ្ណោះឲ្យទៅប្រទេស ជប៉ុន ហើយថា បច្ចុប្បន្ននេះមានកម្មសិក្សាការី ដែលកំពុងសិក្សានិងធ្វើការនៅជប៉ុន មានប្រមាណជាង ៩ ពាន់នាក់៕