ភ្នំពេញៈ ជប៉ុន​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​មួយ​ដែរ​នៅ​រក្សា​ជំហរ​ស្ងៀមស្ងាត់​មិន​បញ្ចេញ​ការវាយតម្លៃ​អ្វី​ទៅ​លើ​លទ្ធផល​បោះឆ្នោត ដែល​គណបក្ស​កាន់​អំណាច​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ឈ្នះ​គ្រប់គ្រង​អាសនៈ​ទាំងអស់​នោះ​ទេ ស្របពេល​ដែល​ប្រទេស​មួយ​ចំនួន​បាន​ប្រតិកម្ម​រិះគន់​ជា​បន្តបន្ទាប់​ថា​ការបោះឆ្នោត​ថ្ងៃទី​ ២៩ ខែ​កក្កដា​នោះ​មិន​សេរី ត្រឹមត្រូវ ស្រប​តាម​ឆន្ទៈ​ប្រជាពលរដ្ឋ​។

ឆ្លើយតប​ទៅ​អ្នក​កាសែត​ក្នុង​សន្និសីទ​មួយ​កាលពី​ថ្ងៃទី​ ៣០ ខែ​កក្កដា​អំពី​ជំហរ​ជប៉ុន​ទៅ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​ដែល​គណបក្ស​ប្រជាជន​កម្ពុជា​ឈ្នះ​ទាំង​ស្រុង​កាន់កាប់​អាសនៈ​ទាំង​ ១២៥ ​របស់​រដ្ឋសភា នាយក​ខុទ្ទកាល័យ​នៃ​រដ្ឋាភិបាល​ជប៉ុន​លោក Yoshhide Suga តាមរយៈ​អ្នក​បកប្រែ​ថ្លែង​ថា ដោយសារ​ខ្លួន​មិន​បាន​បញ្ជូន​អ្នក​សង្កេតការណ៍​ទៅ​ចូលរួម​សង្កេត​ដំណើរការ​បោះឆ្នោត​នៅ​កម្ពុជា​នោះ ជប៉ុន​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​យើង​មិន​បាន​បញ្ជូន​អ្នក​ឃ្លាំមើល​ទៅ​ពិនិត្យ​ការបោះឆ្នោត ដូច្នេះ​ខ្ញុំ​មិន​ផ្តល់​អត្ថាធិប្បាយ​ណា​មួយ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា​នោះ​ទេ​»​។

ជប៉ុន​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ និង​ជា​ម្ចាស់​ជំនួយ​ដ៏សំខាន់​មួយ​ដែរ​សម្រាប់​កម្ពុជា ហើយ​ទោះបី​ជា​ជួយ​ឧបត្ថម្ភ​ទាំង​ថវិកា និង​សម្ភារ​សម្រាប់​ដំណើរការ​បោះឆ្នោត​របស់​ប្រទេស​មួយ​នេះ​ក្តី ក៏​ប៉ុន្តែ​បាន​ប្រកាស​មិន​បញ្ជូន​អ្នក​សង្កេតការណ៍​មក​ចូលរួម​សង្កេត​ការបោះឆ្នោត​ទេ ក្រោយពី​មាន​ការ​រិះគន់​ដំណើរការ​បោះឆ្នោត​នេះ​ពី​ប្រទេស​មួយ​ចំនួន​ដូចជា សហរដ្ឋអាមេរិក សហភាព​អឺរ៉ុប អូស្ត្រាលី​ថា​ការបោះឆ្នោត​នេះ​មិន​ស្រប​តាម​ការចង់​បាន​របស់​ប្រជាពលរដ្ឋ ខណៈ​អតីត​គណបក្ស​ប្រឆាំង​ត្រូវ​បាន​ផាត់​ចេញ​មិន​ឲ្យ​ចូលរួម​ប្រកួត​ប្រជែង​។

អ្នក​វិភាគ​នយោបាយ​លោក​ មាស នី លើក​ឡើង​ថា​ការរក្សា​ភាព​ស្ងៀមស្ងាត់​របស់​ប្រទេស​ជប៉ុន​មក​លើ​លទ្ធផល​នៃ​ការបោះឆ្នោត​នៅ​កម្ពុជា​នេះ​គឺ​អាច​ថា ជប៉ុន​ចង់​រក្សា​ជំហរ​នៅ​កណ្តាល​ក្នុង​ករណី​មាន​ការ​សម្របសម្រួល​នយោបាយ​ណា​មួយ ជប៉ុន ងាយ​នឹង​ហក់​ចូល​ជួយ​ដោះស្រាយ​វិបត្តិ​នយោបាយ​ក្រោយ​បោះឆ្នោត​។

លោក​ថ្លែង​ថា​៖ «​ប៉ុន្តែ​គ្រាន់​តែ​ជប៉ុន​បាន​បដិសេធ មិន​បញ្ជូន​អ្នក​សង្កេតការណ៍​បោះឆ្នោត​ឲ្យ​មក​ចូលរួម​ហ្នឹង​អាហ្នឹង​វា​បាន​បង្ហាញ​ពី​ជំហរ​របស់​គេ ថា​គេ​មិន​ពេញចិត្ត​ [​អ្វី​] ​ដែល​កំពុង​កើត​មាន​នៅក្នុង​ស្រុក​យើង​រួច​ទៅ​ហើយ​»​។

លោក​ មាស នី បន្ត​ថា​៖ «​ខ្ញុំ​គិត​ថា​វា​នឹង​អាច​មាន​ការជជែក​គ្នា​ថែម​ទៀត នៅ​ក្នុង​ពេល​ប៉ុន្មាន​អាទិត្យ​ខាង​មុខ​នេះ​។ ក្រោយពី​មាន​សម្ពាធ​ពី​អន្តរជាតិ​មក​ផ្ទួនៗ ខ្ញុំ​គិត​ថា​អាច​នឹង​គេ​ជំរុញ​ឲ្យ​ជប៉ុន​បំពេញ​តួនាទី​ណា​មួយ​»​។

ការ​ថ្លែង​បែប​នេះ​លោក​សំដៅ​កាលពី​មុន​បោះឆ្នោត​នោះ ជប៉ុន​បាន​សាកល្បង​ម្តង​រួច​ទៅ​ហើយ ក៏​ប៉ុន្តែ​ត្រូវ​បាន​ទទួល​ការបដិសេធ​ពី​រដ្ឋាភិបាល​កម្ពុជា​។ កាលនោះ​ប្រតិកម្ម​ពី​អន្តរជាតិ​មិន​ទាន់​មាន​អ្វី​ឲ្យ​ច្បាស់លាស់​ធ្ងន់ៗ ដូច្នេះ​ធ្វើឲ្យ​ជប៉ុន​មិន​សូវ​មាន​ទឹកមាត់​ក្នុង​ការជជែក​ជាមួយ​រដ្ឋាភិបាល​។

លោក​បញ្ជាក់​ថា​៖ «​ប៉ុន្តែ​ក្រោយ​ការបោះឆ្នោត​នេះ យើង​នៅ​រង់ចាំ​មើល​មើល៍ ថា តើ​សម្ពាធ​គេ​នឹង​ធ្វើ​ហ្នឹង​វា​មាន​ទម្ងន់​ប៉ុនណា​ផ្តល់​ឲ្យ​ជប៉ុន​ហ្នឹង​មាន​ទឹក​មាត់ប្រៃ​ជាង​មុន​ទេ​? ក្នុង​ការ​មក​ជជែក​ជាមួយ​រដ្ឋាភិបាល​ខ្មែរ ដើម្បី​ទាញ​ឲ្យ​ខ្មែរ និង​ខ្មែរ​ចូល​មក​រួម​ដោះស្រាយ​បញ្ហា​វិវាទ​គ្នា​ឡើង​វិញ​»​។

លោក​ថា​បើ​ជប៉ុន​ព្យាយាម​ម្តង​ទៀត​ហើយ​មិន​មាន​លទ្ធភាព​រក​ដំណោះស្រាយ​ទេ​នោះ​ផ្លូវ​មាន​តែ​មួយ​គឺ​កម្ពុជា​ដើរ​ទៅ​រក​ការដឹកនាំ​មួយ​ដោយ​ឯកបក្ស ហើយ​យក​ម៉ូដែល​របស់​ចិន និង​វៀតណាម​មក​ដាក់​ក្នុង​ស្រុក​ខ្មែរ​ដែល​នេះ​ជា​គ្រោះថ្នាក់​សម្រាប់​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​។

ដោយឡែក​លោក​ យ៉ង សាំងកុមារ បេក្ខជន​នាយក​រដ្ឋមន្ត្រី​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (GDP) ដែល​ចូលរួម​ប្រកួត​ក្នុង​ការ​បោះឆ្នោត​មិន​ធ្វើ​អត្ថាធិប្បាយ​ស៊ីជម្រៅ​ទៅ​លើ​ជំហរ​ស្ងៀមស្ងាត់​របស់​ជប៉ុន​នោះ​ទេ បើ​ទោះបី​ជា​គណបក្ស​នេះ​កាលពី​ថ្ងៃ​ទី​ ៣១ ខែ​កក្កដា​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រិះគន់​លទ្ធផល​នៃ​ការបោះឆ្នោត​ដែល​បង្ហាញ​ពី​ការ​មិន​ពេញចិត្ត​របស់​ខ្លួន​ក៏ដោយ​។

លោក​ថ្លែង​ថា​៖ «​ព្រោះ​នេះ​ជា​រឿង​របស់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន​។ កាលណា​គេ​បញ្ជូន​អ្នកសង្កេតការណ៍​មក គេ​អាច​ឈរ​ទៅ​លើ​ការសង្កេតការណ៍​ហ្នឹង​គេ​អាច​ធ្វើការ​សន្និដ្ឋាន​»៕