សៀមរាបៈ សាលាដំបូង​ខេត្ត​សៀមរាប​កាលពី​ថ្ងៃ​ម្សិលមិញ​បាន​ប្រកាស​សាលក្រម​លើ​ជនជាប់ចោទ​ជាតិ​ជប៉ុន​ ២ ​នាក់​ក្នុងនោះ​ឈ្មោះ NAKA KUKI RYUJI អាយុ ២៤ ឆ្នាំ ដោយ​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ ១៣ ​ឆ្នាំ និង​ឈ្មោះ ISHIDA REIMON អាយុ ២៤ ឆ្នាំ​ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ ១០ ​ឆ្នាំ ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ប្លន់ និង​សម្លាប់​ម្ចាស់​រថយន្តឈ្នួល​កាលពី​ថ្ងៃ​​ទី​ ១៧ ខែ​ មីនា​ ឆ្នាំ​ ២០១៩​។ នេះ​បើ​យោងតាម​លោក យិន ស្រាង អ្នកនាំពាក្យ​សាលា​ដំបូង​ខេត្ត​សៀមរាប​។

លោក ស្រាង ថ្លែង​ថា​ជនជាប់ចោទ​ទាំង​ ២ ​នាក់ ​ត្រូវ​សង​សំណង​ទៅ​ជនរងគ្រោះ​ដើមបណ្តឹង​រដ្ឋប្បវេណី​​ ១០០ ​លាន​រៀល ​ដែល​មាន​ចែង​ក្នុង​មាត្រា​ទី ១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។

លោក ដួង សុខា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​សៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ជនជាប់ចោទ​ទាំង​ ២ ​នាក់ ​បាន​សារភាព​ថា ពួកគេ​ពិតជា​បាន​ប្លន់​ និង​សម្លាប់​ម្ចាស់​រថយន្តឈ្នួល​មែន ។

លោក ទេព ពុំសែន អធិការ​ស្រុក​ពួក ខេត្ត​សៀមរាប​បាន​ឱ្យ​ដឹងថា​កាលពី​ចុងខែ ​មីនា​ ឆ្នាំ​ ២០១៩ ឈ្មោះ Sihida Reimon និង​ Naka Kuki Ryuji បាន​ជួល​រថយន្ត​ ១ ​គ្រឿង ​របស់​ជនរងគ្រោះ ហ៊ឹម ចាន់ ហើយ​ក៏​បានធ្វើ​សកម្មភាព​ប្លន់​ដោយ​អារក ជនរងគ្រោះ​នឹង​កាំបិត ។

ក្រោយ​ធ្វើ​សកម្មភាព​ប្លន់​ជនសង្ស័យ​ក៏បាន​ទម្លាក់​ជនរងគ្រោះ​ចោល​នៅ​លើ​ផ្លូវ ហើយ​ព្យាយាម​បើករថយន្ត​រត់គេច​ខ្លួន ។ ភ្លាមនោះ​សមត្ថកិច្ច​ស្រុក​ពួក​បាន​ទទួល​ដំណឹង​អំពី​ហេតុការណ៍​នេះ​ក៏​ដេញចាប់​ជនសង្ស័យ ក្រោយពី​បើករថយន្ត​ទៅបុក​គោយន្ត​ដឹកស្រូវ​ទៅមុខ​មិន​រួច ៕