ការ​ផ្ទុះ​ឡើង និង​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩ អាច​ធ្វើ​ឱ្យ​សហគមន៍​ និង​សេដ្ឋកិច្ច​មាន​ការ​ផ្លាស់​ប្តូរ​ជា​សកល តាមរយៈ​ការ​អនុវត្ត​វិធានការ​គម្លាត​សង្គម ប៉ុន្តែ​សម្រាប់​ប្រទេស​ជិត​ខាង​ថៃ​ និង​កម្ពុជា ការ​ជំរុញ​​ទំនាក់ទំនង​ទ្វេភាគី​កាន់​តែ​ជិតស្និទ្ធ បាន​បង្ហាញ​នូវ​មធ្យោបាយ​វិជ្ជមាន​ឆ្ពោះ​ទៅ​កាន់​ពិភព​លោក​ដែល​​ពោរពេញ​ទៅ​ដោយ​ភាព​វឹកវរ!

អំឡុង​ពេល​ដែល​អ្វីៗ ក៏​មិន​ប្រាកដប្រជា​ទូទាំង​ពិភព​លោក ដោយសារ​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ ​១៩ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ជីវិត​រស់នៅ និង​អាជីវកម្ម​នៅ​ពាសពេញ​ពិភព​លោក​នោះ ប្រទេស​ថៃ​​ និង​កម្ពុជា​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង ​ដើម្បី​ពង្រឹង​ចំណង​ទ្វេភាគី​ឲ្យ​កាន់​តែ​រឹងមាំ ដែល​ផ្តល់​អត្ថប្រយោជន៍​ដល់​ប្រទេស​​ទាំង​ពីរ​។​

ដើម្បី​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​បន្ត​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូវីដ ​១៩ ​រដ្ឋាភិបាល​ថៃ​បាន​នាំ​ផ្លូវ​ដោយ​ការ​អភិវឌ្ឍ​នូវ​ធនធាន​សំខាន់ៗ និង​ផ្តល់​ជំនួយ​ហិរញ្ញប្បទាន​ដល់​កម្ពុជា ខណៈ​ពេល​ដែល​ប្រទេស​ទាំង​ពីរ​ប្រារព្ធ​ខួប​លើក​ទី៧០ ការ​បង្កើត​ទំនាក់ទំនង​ការ​ទូត​រវាង​កម្ពុជា​-​ថៃ​។

ទន្ទឹម​នឹង​នេះ​ដែរ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ទ្វេ​ភាគី និង​ទំនាក់ទំនង​ពាណិជ្ជកម្ម ក្រុមហ៊ុន​ថៃ​ និង​សមភាគី​របស់​ពួក​គេ ដែល​បាន​បង្កើត​អាជីវកម្ម​នៅ​ក្នុង​វិស័យ​ផ្សេងៗ​នៅ​ទូទាំង​ប្រទេស​កម្ពុជា បាន​ឆ្លើយ​តប​ជា​វិជ្ជមាន​ចំពោះ​ការ​អំពាវនាវ​របស់​រដ្ឋាភិបាល​ទាំង​ពីរ​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​​បណ្តាល​មកពី​ជំងឺ​កូវីដ ​១៩​។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងឯកអគ្គរាជទូតថៃ ឯកឧត្តម Panyrak Poolthup ចូលរួមទិវាបុណ្យជាតិថៃ ឆ្នាំ២០១៩។

ការ​គាំពារ​ពាណិជ្ជកម្ម​តាម​ព្រំដែន

ផល​ប៉ះពាល់​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ ​១៩ បាន​បង្ក​ជា​បញ្ហា​ប្រឈម​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ សម្រាប់​សហគមន៍​ទាំង​អស់​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ​។ ការ​រឹតបន្តឹង​ចំពោះ​ការ​ធ្វើ​ដំណើរ​ក្នុង​អំឡុង​ពេល​ផ្ទុះ​ឡើង​ដំបូង​នៃ​ជំងឺ​កូវីដ ​១៩ បាន​បង្ក​ភាព​លំបាក​យ៉ាង​ច្រើន​ដល់​ប្រជាជន​ក្នុង​ការ​ប្រកប​អាជីវកម្ម​​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ​។

ពាណិជ្ជកម្ម​ឆ្លង​ដែន ​គឺ​មាន​ទំហំ​ធំ​បំផុត​នៃ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ថៃ ​និង​កម្ពុជា ដែល​មាន​ប្រមាណ ៨០ ភាគរយ ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​។ ទោះបី​ជួប​ភាព​លំបាក​យ៉ាង​ណា​ក៏​ដោយ ក៏​ការ​ធ្វើ​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​ទាំង​ពីរ មិន​បាន​ធ្លាក់​ចុះ​​នោះ​ទេ ប៉ុន្តែ​នៅ​តែ​បន្ត​កើន​ឡើង ដោយ​ឈាន​ដល់ ២,៧៣ ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល ៥ ​ខែ ដើម​ឆ្នាំ​នេះ ពោល​គឺ​កើន​ឡើង ​២,២៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​មុន​។

នេះ ​គឺ​ជា​សមិទ្ធផល​ដ៏​គួរ​ឱ្យ​កត់​សម្គាល់ ដូច​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ​បាន​មាន​ប្រសាសន៍​ថា​៖ «​សារៈសំខាន់​នៃ​ពាណិជ្ជកម្ម​ឆ្លង​ដែន​រវាង​ប្រទេស​យើង​ទាំង​ពីរ គឺ​មិន​អាច​វាយ​តម្លៃ​ទាប​បាន​នោះ​ទេ គឺ​វា​បាន​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ​។ ទោះបី​ការ​ធ្វើដំណើរ​ចេញ​ចូល​របស់​ប្រជាជន និង​យានយន្ត​ត្រូវ​បាន​រឹត​បន្តឹង​ដោយសារ​តែ​ជំងឺ​កូវីដ ​១៩ ក៏​ដោយ ប៉ុន្តែ​សកម្មភាព​នៃ​ការ​នាំចេញ​នាំចូល​ទំនិញ​រវាង​ប្រទេស​ទាំង​ពីរ​នៅ​តែ​ដំណើរការ​ដូច​ធម្មតា​»​។

ឯកឧត្តម អ៊ុំ រាត្រី បាន​ថ្លែងថា​៖ «​មុន​ពេល​ការរីក​រាលដាល​ជំងឺ​កូវីដ ១៩ មាន​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង ​១ ​ថ្ងៃ​ចន្លោះ​ពី ​១ ម៉ឺន​នាក់ ​ទៅ ​១ ​ម៉ឺន​ប្រាំ​ពាន់​នាក់ បាន​ធ្វើ​ដំណើរ​ឆ្លងដែន​ចេញចូល​ប្រទេស​ថៃ តាម​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត ដូចជា​ទៅ​ប្រកប​របរ​រកស៊ី​លក់​ដូរ ទៅ​ស្វែងរក​ការងារ​នៅ​តាម​រោងចក្រ ឬ​កសិដ្ឋាន​នានា និង​មួយ​ចំនួន​ទៀត​ជា​អ្នក​ទេសចរ ដែល​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត និង​ពិនិត្យ​សុខភាព​នៅ​ប្រទេស​ថៃ​»​។

ដើម្បី​បន្ធូរបន្ថយ​ស្ថានភាព​នេះ អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ បាន​សហការ​គ្នា ដើម្បី​អនុញ្ញាត​ឲ្យ​អ្នក​ជំនួញ​ឆ្លង​ដែន​អាច​ឆ្លង​ចូល​តាម​ច្រកព្រំដែន​អន្តរជាតិ​ខ្លង​លឹក​-​ប៉ោយប៉ែត ចាប់​តាំង​ពី​ថ្ងៃទី ​១៥ ខែ​កក្កដា មក ដើម្បី​ទៅ​ប្រមូល​ទំនិញ និង​របស់​របរ​របស់​ពួក​គេ​នៅ​ក្នុង​ផ្សារ​រោង​ក្លឿ ព្រម​ទាំង​ជួយ​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ក្នុង ​១ ថ្ងៃ​ចំនួន ​៥០ ​គ្រឿង ក្នុង ​១ គ្រឿង ​មិន​លើស​ពី ​២​ នាក់ ក្នុង​រយៈពេល​ពីរ​បី​ម៉ោង ព្រមទាំង​តម្រូវ​ឲ្យ​​ពិនិត្យ​សុខភាព​ពី​មន្ត្រី​សុខាភិបាល​ទាំង​កម្ពុជា ​និង​ថៃ និង​ត្រូវ​បំពេញ​បែប​បទ​តាម​ទម្រង់​របស់​មន្ត្រី​ចត្តាឡីស័ក​នៃ​ភាគី​ទាំង​ពីរ​។

ការ​រឹត​បន្តឹង​ការ​ចេញចូល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​លំហូរ​ទំនិញ ប៉ុន្តែ​រដ្ឋាភិបាល​បាន​កាត់​បន្ថយ​ផល​ប៉ះពាល់​នៃ​ការ​បិទ​ព្រំដែន​នេះ ដោយ​ជួយ​សហគមន៍​នៅ​តាម​ព្រំដែន​ក្នុង​ការ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ក្នុង​ពេល​វេលា​ដ៏​លំបាក​នេះ ​និង​រក្សា​ទំនុក​ចិត្ត​របស់​អ្នក​ប្រើប្រាស់​ទំនិញ​នៅ​កម្ពុជា រួម​ទាំង​ស្រុក​នៅ​តាម​ព្រំដែន​ដូចជា​ ក្រុង​ប៉ោយប៉ែត​ជា​ដើម ដើម្បី​ផ្គត់ផ្គង់​ទំនិញ​ថៃ​ ដែល​មាន​គុណភាព​។

នៅ​ពេល​សាកសួរ​អំពី​វត្តមាន​របស់​ផ្សារ​ទំនើប Big C នៅក្នុង​ក្រុង​ប៉ោយប៉ែត ឯកឧត្តម អ៊ុំ រាត្រី បាន​មាន​ប្រសាសន៍​ថា​៖ «​ការ​មាន​អាជីវកម្ម​ថៃ​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ ជា​ពិសេស​​ក្នុង​ក្រុង​ប៉ោយប៉ែត បាន​រួម​ចំណែក​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា និង​បាន​ផ្តល់​នូវ​ទំនិញ​ និង​សេវាកម្ម​ដែល​មាន​គុណភាព និង​ស្តង់ដា​ខ្ពស់​»​។

មើល​រំលង​ជំងឺ​កូវីដ ​១៩ ទាំង​រដ្ឋាភិបាល​ថៃ និង​កម្ពុជា ពេល​នេះ​កំពុង​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ខ្លួន ​ដើម្បី​ស្តារ​ឡើង​វិញ​ឱ្យ​កាន់​តែ​ប្រសើរ និង​រឹងមាំ ខណៈ​ពាណិជ្ជកម្ម​តាម​ព្រំដែន ​គឺ​ជា​ចំណុច​ដែល​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ជា​សំខាន់​។ ​ច្រក​ព្រំដែន​​អន្តរជាតិ​ជា​ច្រើន​ទៀត​កំពុង​ស្ថិត​​នៅ​ក្នុង​ការ​ពិភាក្សា​ ឬ​កំពុង​ដំណើរការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដូច​ច្រក​មួយ​នៅ​ស្រុក​ណងអៀន (​ខេត្ត​ស្រះកែវ​) ស្ទឹង​បត់ (​ខេត្ត​​បន្ទាយមានជ័យ ដែល​ប្រើ​រយៈពេល​ធ្វើ​ដំណើរ​ប្រហែល ​១៥ ​នាទី ពី​ក្រុង​ប៉ោយប៉ែត​)​។ កិច្ច​ខិតខំ​ប្រឹងប្រែង​នេះ គឺ​ដើម្បី​ជំរុញ​លំហូរ​ពាណិជ្ជកម្ម​តាម​ព្រំដែន និង​ស្រូប​យក​ចរាចរណ៍​ទំនិញ​ដែល​កំពុង​កើន​ឡើង​នៅ​ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែត​-​ខ្លង​លឹក​។

ការ​ជម្នះ​បញ្ហា​ប្រឈម

ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​បាន​រង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដោយសារ​ជំងឺ​កូវីដ ​១៩ ដែល​ធ្វើ​ឲ្យ​បាត់បង់​ប្រាក់​ចំណូល​ និង​ការងារ​យ៉ាង​ច្រើន​។

ទាំង​រដ្ឋាភិបាល​ថៃ​ និង​កម្ពុជា និង​វិស័យ​ឯកជន កំពុង​សហការ​គ្នា​ ដើម្បី​កាត់​បន្ថយ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ទៅ​លើ​ប្រជាពលរដ្ឋ​។

លោក Jirawuth Suwanna-Arj នាយក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​បង្ហាញ​នូវ​ជំនឿ​ចិត្ត​ថា បញ្ហា​ប្រឈម​នានា​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​កូវីដ ​១៩ ប្រាកដ​ជា​ជម្នះ​បាន​។

«​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ជា​ច្រើន​ដល់​សេដ្ឋកិច្ច​ទាំង​អស់​នៅ​ជុំវិញ​ពិភព​លោក​។ នៅ​ក្នុង​ប្រទេស​កម្ពុជា ប្រជាជន​ដែល​បម្រើ​ការងារ​នៅ​ក្នុង​វិស័យ​ជាច្រើន​ដូចជា​ រោងចក្រ​កាត់​ដេរ សំណង់ និង​ទេសចរណ៍ សុទ្ធ​តែ​ទទួល​រង​ផល​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ ដោយសារ​អាជីវកម្ម​​ភាគ​ច្រើន​ត្រូវ​បិទ​ទ្វារ និង​ត្រូវ​ពឹង​ផ្អែក​ទៅ​លើ​​វិធានការ​ជួយសង្គ្រោះ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល ដូច្នេះ​ធ្វើ​ឲ្យ​អំណាច​ទិញ​ធ្លាក់ចុះ​ទាប ខណៈ​ពួក​គេ​មិន​មាន​លុយ​ច្រើន​ដើម្បី​ចំណាយ​។

«​ទោះបី​វិធានការ​រឹត​បន្តឹង​ការ​បំផ្លាស់​ទី​រវាង​ប្រទេស​ទាំងពីរ បាន​បង្ក​ការលំបាក​ដល់​ប្រជាជន​ក្នុង​ការ​ធ្វើ​ដំណើរ​ទៅ​ប្រកប​ការងារ​ និង​អាជីវកម្ម​ក្តី ក៏​រដ្ឋាភិបាល​ទាំង​ពីរ កំពុង​ខិតខំ​ប្រឹងប្រែង​ជួយ​សម្រួល​ដល់​វិស័យ​ឯកជន​ក្នុង​អំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ ​១៩ ​នេះ ដូច្នេះ​អ្នក​ដែលមាន​តួនាទី និង​បំពេញ​ការងារ​នៅ​ផ្នែក​ផ្សេងៗ​នៃ​សេដ្ឋកិច្ច​ នឹង​ទទួលរង​ផលប៉ះពាល់​ស្រាល​ជាង​មុន​»​។

«​ចំពោះ​ខាង​យើង សកម្មភាព​ផ្សេងៗ ត្រូវ​បាន​រៀបចំ​ឡើង ​ដើម្បី​រក្សា​ទំនាក់ទំនង​ក្រុមហ៊ុន​ថៃ និង​ដៃគូ​​កម្ពុជា​ឲ្យ​ផ្សារភ្ជាប់​ទៅ​នឹង​កាលានុវត្តភាព​អាជីវកម្ម​សម្រាប់​ទំនិញ​ឧបភោគ បរិភោគ រួមមាន កម្មវិធី «ThaifexAnuga Asia ២០២០» ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ចាប់​ពី​ថ្ងៃទី ​២២ ដល់​ថ្ងៃ ២៧ ខែ​សីហា កម្មវិធី ​«Thai GROOVE Global Business GROOVE» ត្រូវ​បាន​រៀបចំ​ឡើង​ពីថ្ងៃ​ទី ​១៥ ដល់​ថ្ងៃ ១៧ ខែ​កញ្ញា និង​​កម្មវិធី «International Sport Economy» ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ថ្ងៃទី ​៤ ខែកញ្ញា​»​។​

លោក Jirawuth ថ្លែង​ថា​៖ «​លើស​ពី​នេះ​ទៀត រដ្ឋាភិបាល​ថៃ​តាមរយៈ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃ​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​រៀបចំ​រួមគ្នា​ជាមួយ ផ្សារ​ទំនើប ម៉ាក្រូ ខេមបូឌា នូវ​ពិព័រណ៍ «​ផ្សព្វផ្សាយ​ម្ហូបអាហារ ​និង​ភេសជ្ជៈ​ថៃ​» នៅ​ផ្សារ ម៉ាក្រូ សែន​សុខ ចាប់​ពី​ថ្ងៃទី ២៩ ខែសីហា ដល់​ថ្ងៃទី ​៦ ខែកញ្ញា ខណៈ​ពិព័រណ៍​មួយ​ទៀត​ដែល​មាន​ឈ្មោះ​ថា​» Mini Thailand Week 2020» ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ផ្សារ ម៉ាក្រូ សៀមរាប ចាប់​ពី​ថ្ងៃទី ​៣ ដល់ទី ​៦ ខែកញ្ញា​»​។

លោក Jirawuth បន្ថែម​ថា​៖ «​តាមរយៈ​ការ​រៀបចំ​ព្រឹត្តិការណ៍​ទាំង​នេះ ក្រុមហ៊ុន​ថៃ​ អាច​ជួយ​ដៃគូ​កម្ពុជា​ឱ្យ​នៅ​ដំណើរការ ទោះបី​ជា​មាន​បញ្ហា​ប្រឈម​ផ្នែក​អាជីវកម្ម​ក្តី ដែល​អាច​ជួយ​សម្រាល​ប​ញ្ហា​លំបាក​ផ្នែក​ហិរញ្ញវត្ថុ​ដល់​អតិថិជន​កម្ពុជា​ចំពោះ​ថ្លៃ​ចំណាយ​នៃ​ការ​រស់នៅ​ក្នុង​ពេល​​បច្ចុប្បន្ន ដូច​ជា​ អាហារ​ថៃ និង​ផលិតផល​ថៃ​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ​ដែល​មាន​គុណភាព​ខ្ពស់​ និង​តម្លៃ​សមរម្យ​នៅតែ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​អ្នក​ប្រើប្រាស់​។

ទោះបីជា​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩ បាន​បង្កើត​នូវ​បរិយាកាស​មិន​ប្រាកដប្រជា​យ៉ាងណាក្តី ក៏​លោក Jirawuth នៅ​តែ​ជឿជាក់​ថា វត្តមាន​អាជីវកម្ម​ថៃ​នៅ​កម្ពុជា​ នឹង​បន្ត​កើន​ឡើង​ជាមួយ​នឹង​ការ​វិនិយោគ​បន្ថែម​នា​ពេល​អនាគត និង​បង្កើត​ការងារ​កាន់​តែ​ច្រើន​សម្រាប់​ប្រជាជន​កម្ពុជា​។

ទំនុកចិត្ត​នេះ​ផ្តើមចេញពី​ទំនាក់ទំនង​ទ្វេភាគី​ដ៏​កក់ក្តៅ វិសេសវិសាល និង​លក្ខណពិសេស​មានតែ​មួយ រវាង​ប្រទេស​ទាំង​ពីរ ដែល​មាន​អស់​រយៈពេល​ជាង ​៧ ​ទសវត្សរ៍​មក​ហើយ រួម​ជាមួយ​នឹង​ចក្ខុវិស័យ​វែង​ឆ្ងាយ​របស់​ក្រុមហ៊ុន​ថៃ​ធំៗ ចាប់​តាំង​ពី​ពួក​គេ​បាន​​​ចូល​មក​ដល់​ប្រទេស​កម្ពុជា​។ វា​ជា​​​ចក្ខុវិស័យ​ដូចគ្នា​របស់​អាជីវកម្ម​ទាំង​អស់​ដែល​ស្វែងរក​ប្រាក់​ចំណេញ ​និង​ការរីកចម្រើន ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ ពួក​គេ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ប្រជាជន​ និង​សហគមន៍​ដែល​ពួក​គេ​កំពុង​រស់នៅ​ និង​ធ្វើ​អាជីវកម្ម​ជាមួយ​។​

ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ​១៩ វិស័យ​ឯកជន​ថៃ​នៅ​កម្ពុជា​បាន​អនុវត្ត​យ៉ាង​ឆាប់រហ័ស​នូវ​វិធានការ​គម្លាត​សង្គម និង​នាំ​យក​បច្ចេកវិទ្យា​កាត់​បន្ថយ​ហានិភ័យ​ដោយបាន​អនុញ្ញាត​ឱ្យ​បុគ្គលិក​ និង​ដៃគូ​អាជីវកម្ម​ធ្វើ​ការ​ពី​ផ្ទះ ដោយ​ប្រើ​វិធីសាស្ត្រ​ត​ភ្ជាប់​តាម​រយៈ​ប្រព័ន្ធ​ឌីជីថល​។

នេះ​មិន​ត្រឹមតែ​ធានា​បាន​នូវ​និរន្តរភាព​អាជីវកម្ម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ជួយ​សង្គ្រោះ​ប្រជាជន​នៅ​ក្នុង​ប្រព័ន្ធ​អេកូ​អាជីវកម្ម​របស់​ពួក​គេ​គេច​ផុត​ពី​ហានិភ័យ​នៃ​ការ​ឆ្លង​មេរោគ​ផង​ដែរ ដើម្បី​ជួយ​ដល់​កិច្ច​ខិតខំ​​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​ទប់ស្កាត់​ការចម្លង​ជំងឺ​កូវីដ ​១៩​។ ដោយ​មើលឃើញ​ពី​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​កម្លាំង​ពលកម្ម​ក្នុង​ស្រុក​អាជីវកម្ម​ថៃ​នៅ​កម្ពុជា​ ក៏​នៅ​តែ​ផ្តល់​ការងារ​ដល់​បុគ្គលិក​កម្ពុជា ដោយ​មិន​មាន​របាយការណ៍​ស្តីពី​ការ​បញ្ឈប់​សូម្បី​តែ​បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​។

ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​សម្រាប់​បច្ចុប្បន្ន​ និង​អនាគត

ក្នុង​ពេល​ទីផ្សារ​ដែល​កំពុង​តែ​រីក​ចម្រើន​ពោរពេញ​ទៅ​ដោយ​ឱកាស ដែល​ទីផ្សារ​កម្ពុជា​មាន​ និង​បន្ត​ទាក់ទាញ​វិនិយោគិន​មក​ពី​គ្រប់​ទិសទី ក្នុង​នោះ​មាន​ទាំង​ប្រទេស​ថៃ​ ផង​ដែរ​។

អាជីវកម្ម​ថៃ​ មាន​នៅ​ក្នុង​វិស័យ​ផ្សេងៗ​ជាច្រើន តាំង​ពី​វិស័យ​ថាមពល សំណង់ កសិកម្ម បសុសត្វ លក់រាយ សុខភាព បដិសណ្ឋារកិច្ច និង​ធនាគារ ។​ល​។ បច្ចុប្បន្ន​វិស័យ​ជាច្រើន​បាន​ក្លាយជា​របាយការណ៍​ប្រើប្រាស់​ក្នុងផ្ទះ​ជា​មូលដ្ឋាន និង​មាន​តួនាទី​សំខាន់ ដើម្បី​បម្រើ​ដល់​អតិថិជន​កម្ពុជា ថែម​ទាំង​លើក​កម្ពស់​ជីវភាព​​រស់នៅ​របស់​ប្រជាជន​ផង​ដែរ​។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ពួក​គេ ​គឺ​ដើម្បី​បន្ត​រស់នៅ និង​ផ្សារភ្ជាប់​ជាមួយ​​ប្រជាជន​កម្ពុជា​ឆ្លងកាត់​ដំណើរ​ផ្សងព្រេង​ក្នុង​ការ​ប្រកប​ជំនួញ​ទាំង​លំបាក ​និង​ស្រួល ខណៈ​និរន្តរភាព​គឺជា​ចំណុច​សំខាន់​នៃ​កិច្ចការ​របស់​ពួកគេ​ និង​ក្លាយជា​ផ្នែក​មួយ​នៃ​ផ្នត់គំនិត​ស្នូល​របស់​ពួក​គេ​។​

ការិយាល័យ​តំណាង​ភី​ធី​ធី (PTT) ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ​១៩៩៥​។ ៥ ​ឆ្នាំ​ក្រោយ​មក ភី​ធី​ធី​ ​ខេម​បូ​ឌា ត្រូវ​បាន​បង្កើត​ឡើង ហើយ​ចាប់​តាំង​ពី​ពេល​នោះ​មក វា​បាន​ក្លាយជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​មួយ ដែល​បាន​គាំទ្រ​ដល់​របៀបរបប​រស់នៅ​បែប​ផ្សេងៗ របស់​ប្រជាជន​កម្ពុជា និង​បាន​នាំមក​នូវ​ការងារ​ក្នុង​​វិស័យ​ផ្សេង​ៗ​​ដល់​ប្រទេស​កម្ពុជា​។ ការ​បើកបរ​ក្នុង​ផ្លូវ​ឆ្ងាយ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ ប្រហែល​មិនមែន​ជា​រឿង​សប្បាយ​ប៉ុន្មាន​នោះ​ទេ ប៉ុន្តែ​ការ​ចុះ​ទៅ​ទស្សនា​ និង​សម្រាក​នៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ភី​ធី​ធី​នៅ​តាម​បណ្តោយ​ផ្លូវ​នោះ អាច​ជួយ​ឲ្យ​ពួក​គេ​មាន​ភាព​ស្រស់ស្រាយ​ជាង​មុន​។

មាន​ស្ថានីយប្រេង​ភី​ធី​ធី​ចំនួន ​៩៧ ​កន្លែង នៅ​ទូទាំង​ប្រទេស​កម្ពុជា ក្នុង​នោះ​ មាន​ហាង Jiffy Shops ចំនួន ​៥៦ ​ហាង និង​ហាង​កាហ្វេ​អាម៉ាហ្សូ​ន​ចំនួន​ ១៥៦ ​ហាង ដែល​អ្នក​បើកបរ​យានយន្ត​ និង​អ្នក​ដំណើរ​អាច​ឈប់​សម្រាក​បាន​យ៉ាង​មាន​ផាសុកភាព​មុន​ពេល​ត្រៀម​ធ្វើដំណើរ​បន្ត​ទៀត ដោយ​ពួក​គេ​អាច​ចាក់សាំង​ហើយ​អាច​ទិញ​របស់​របរ​ផ្សេងៗ​នៅ​ក្នុង​កន្លែង​តែ​មួយ​។ ការ​ចាក់សាំង និង​ការ​សម្រាក​ឲ្យ​មាន​អារម្មណ៍​ស្រស់ស្រាយ​នៅ​ស្ថានីយប្រេង​ភី​ធី​ធី មុន​នឹង​ចាប់​ផ្តើម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត អតិថិជន​មិន​ត្រឹមតែ​​ពេញចិត្ត​ជាមួយ​នឹង​សេវាកម្ម​ និង​ហាង​លក់​ទំនិញ​ដ៏​សម្បូរបែប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​បុគ្គលិក​ក្នុង​ស្រុក​របស់​​ភី​ធី​ធី ក៏​ថែម​ទាំង​អាច​បន្ត​លើក​ស្ទួយ​គុណភាព​ជីវិត​រស់នៅ​របស់​ក្រុម​គ្រួសារ​របស់​ពួក​គេ​ផង​ដែរ ដែល​ជា​ការ​ចូលរួម​ចំណែក​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​កាត់​បន្ថយ​ភាពក្រីក្រ​។

បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​កូវីដ ​១៩ អាជីវកម្ម​ឈាន​មុខ​របស់​ថៃ​នៅ​កម្ពុជា​បាន​កែប្រែ​ការ​គ្រប់គ្រង​​អាជីវកម្ម​របស់​ពួក​គេ​តាំង​ពី​ការ​កែប្រែ​ទម្រង់​ដំណើរការ​ការងារ និង​ការធានា​នូវ​សុវត្ថិភាព​នៅ​កន្លែង​ធ្វើ​ការ​​ ដើម្បី​កាត់​បន្ថយ​ហានិភ័យ​នៃ​ការឆ្លង​ជំងឺ​កូវីដ ​១៩ ដោយ​គោលដៅ​រួម​របស់​ក្រុមហ៊ុន​ធំៗ​ទាំង​នោះ គឺ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដល់​និយោជិត​របស់​ពួក​គេ​ក្នុង​គ្រា​មិន​ប្រាកដប្រជា​នេះ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់ និង​រក្សា​ទិសដៅ​ឆ្ពោះ​ទៅ​រក​អាជីវកម្ម​ប្រកប​ដោយ​និរន្តរភាព​។

លោក Ratchayut Kasemchaisiri នាយក​ក្រុមហ៊ុន Siam Cement Group (SCG) Cambodia ប្រចាំ​កម្ពុជា ដែលជា​ក្រុមហ៊ុន​ឈាន​មុខ​គេ​របស់​ថៃ និង​បាន​រួម​ចំណែក​ដល់​ការ​រីកចម្រើន​យ៉ាង​ឆាប់​រហ័ស​នៃ​វិស័យ​សំណង់​នៅ​កម្ពុជា គិត​ចាប់​តាំង​ពី​ឆ្នាំ ​១៩៩២ មក បាន​មាន​ប្រសាសន៍​ថា​៖ «​ចាប់​តាំង​ពី​ដំណាក់កាល​ដំបូង​នៃ​ការ​ផ្ទុះឡើង​នៃ​ជំងឺ​កូវីដ ​១៩ យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង ​ដើម្បី​ធានា​ថា ជន​គ្រប់គ្នា​នៅ​ក្នុង​ក្រុមហ៊ុន​របស់​យើង​មាន​សុវត្ថិភាព និង​គ្មាន​ហានិភ័យ​នៃ​ការ​ឆ្លង​ជំងឺ​។ យើង​ត្រូវ​ផ្លាស់ប្តូរ​របៀប​របប​ការ​គ្រប់គ្រង​អាជីវកម្ម​របស់​យើង​ដោយ​ប្តូរ​ពី​ការ​ធ្វើការ​នៅ​ក្នុង​ការិយាល័យ​ ទៅ​ធ្វើ​ការ​ពី​គ្រប់​ទី​កន្លែង​ដោយ​ប្រើប្រាស់​ការ​ទាក់ទង​គ្នា​តាម​ប្រព័ន្ធ​ឌីជីថល​។​

«​ទន្ទឹម​នឹង​ការ​ផ្លាស់ប្តូរ​របៀប​គ្រប់គ្រង​របស់​យើង គោលដៅ​របស់​យើង គឺ​ដើម្បី​បន្ត​ផលិតនូវ​ផលិតផល​ដែល​មាន​គុណភាព ដោយ​ផ្តោត​លើ «​សង្គម​​បៃតង​» និង «​សេដ្ឋកិច្ច​វិលជុំ​» យើង​ប្រើប្រាស់​វត្ថុធាតុ​ដើម​ដែល​មិន​ប៉ះពាល់​បរិស្ថាន និង​កាត់បន្ថយ​កាក​សំណល់ ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​»​។ ដូច្នេះ​ស្វ័យប្រវត្តិកម្ម​ និង​ទំនើបកម្ម​ឌីជីថល ត្រូវបាន​ដាក់​បញ្ចូល​ទៅ​ក្នុង​កិច្ចដំណើរការ​របស់​យើង ​ដើម្បី​ធានា​ឱ្យ​មាន​ប្រតិបត្តិការ​ដោយ​រលូន ក៏​ដូចជា​ការ​គ្រប់គ្រង​ប្រកប​ដោយ​ប្រសិទ្ធភាព​។ និយោជិត​ក្នុង​ស្រុក​ត្រូវ​បាន​បណ្តុះបណ្តាល​ជំនាញ​ថ្មី និង​ជំនាញ​បន្ថែម ដើម្បី​ឲ្យ​ឆ្លើយ​តប​ទៅ​នឹង​បរិបទ​ថ្មី ដែល​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​ក្នុង​អាជីព​របស់​ពួក​គេ​»​។

«​លើស​ពី​នេះ​ទៀត ក្នុង​នាម​ជា​ក្រុមហ៊ុន​ទទួល​ខុស​ត្រូវ​សង្គម​មួយ យើង​បាន​បំពេញ​ភារកិច្ច​ជួយ​ជ្រោមជ្រែង​សហគមន៍​។ ទោះបី​មាន ​ឬ​គ្មាន​ជំងឺ​កូវីដ ​១៩ ក្តី ក៏​ក្រុមហ៊ុន SCG Cambodia នៅតែ​បន្ត​ផ្តល់​សេវា​គ្លីនិក​ចល័ត ​ដើម្បី​លើក​កម្ពស់​សុខភាព​ប្រជាជន​កម្ពុជា​នៅ​ក្នុង​មូលដ្ឋាន​ដែរ »​។ អាហារូបករណ៍​ក៏​ត្រូវ​បាន​ផ្តល់​ជូន​ជា​រៀងរាល់​ឆ្នាំ​ក្រោម​កម្មវិធី «​ចែករំលែក​ក្តី​សុបិន​» ដើម្បី​ជួយ​ជ្រោមជ្រែង​ដល់​សិស្ស​និស្សិត​កម្ពុជា និង​លើក​ទឹក​ចិត្ត​ឱ្យ​ពួក​គេ​សម្រេច​ក្តី​សុបិន​របស់​ពួក​គេ​។ លោក Ratchayut បាន​បន្ថែម​ថា​៖ «​វា​ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​មាន​គោលបំណង​ជួយ​ប្រជាជន​កម្ពុជា លើក​កម្ពស់​គុណភាព​សុខភាព​ និង​ជីវិត​​រស់នៅ​របស់​ពួក​គេ​។ ប្រាកដ​ណាស់ គំនិត​ផ្តួចផ្តើម​របស់​ក្រុមហ៊ុន SCG Cambodia នឹង​ជួយ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស ក៏​ដូចជា​ ដើម្បី​កៀរគរ​កម្លាំង​យុវជន​ ដើម្បី​ស្ថាបនា​ប្រទេសជាតិ​»​។ សម្រាប់​ក្រុមហ៊ុន​ថៃ​ដ៏​ល្បីល្បាញ​មួយ​ផ្សេង​ទៀត គឺ​ក្រុមហ៊ុន C.P. Cambodia, ជា​ក្រុម-ហ៊ុន​មួយ​ដែល​បាន​អនុវត្ត​ប្រព័ន្ធ​សុវត្ថិភាព​ខាង​ជីវសាស្ត្រ​ជាច្រើន​ទសវត្សរ៍​មក​ហើយ បាន​ចូលរួម​ចំណែក​​យ៉ាង​ខ្លាំង​ក្នុងការ​ទប់ទល់​ជាមួយ​នឹង​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ​១៩​។

លោក​វេជ្ជបណ្ឌិត Poohrich Sinwat ប្រធាន​ផ្នែក​អភិវឌ្ឍន៍​យុទ្ធសាស្ត្រ ​និង​ទីផ្សារ​របស់​ក្រុមហ៊ុន C.P. Cambodia បាន​មាន​ប្រសាសន៍​ថា​៖ «​ផ្អែក​លើ​ចំណេះដឹង​ និង​បទពិសោធ​យ៉ាង​ទូលំទូលាយ​របស់​យើង​ក្នុងការ​អនុវត្ត​ប្រព័ន្ធ​សុវត្ថិភាព​ខាង​ជីវសាស្ត្រ​វិធី​មួយចំនួន​ដែល​យើង​បាន​អនុវត្ត​ចំពោះ​វិធាន​ការ​បង្ការ​ជំងឺ​កូវីដ ​១៩ រួមមាន ការ​រៀបចំ​ឱ្យមាន​បន្ទប់​បាញ់ថ្នាំ​សម្លាប់​មេរោគ ទីតាំង​សម្រាប់ធ្វើ​ចត្តាឡីស័ក​សម្រាប់​ភ្ញៀវ និង​ការ​ត្រួត​ពិនិត្យ​សុវត្ថិភាព​ដោយមាន​ការ​ប្រើប្រាស់​បច្ចេក​វិទ្យា​ជាច្រើន​»​។

នេះ​មិនមែន​ជា​លើក​ទី​១ ទេ ដែល​ក្រុមហ៊ុន C.P. Cambodia បាន​ទប់ទល់​ជាមួយ​នឹង​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ​ឆ្លង​។ តាមរយៈ​បទពិសោធ​កន្លង​មក​ក្នុង​ការ​ទប់ទល់​នឹង​ជំងឺ​ផ្តាសាយ​ជ្រូក​អាហ្វ្រិក (ASF) ដែល​កើត​លើ​សត្វ​ជ្រូក ក្រុមហ៊ុន C.P. Cambodia បាន​បង្ហាញ​ថា តាមរយៈ​ការ​ជួយ​ជ្រោមជ្រែង​ដល់​កសិករ ជាមួយ​នឹង​ការអប់រំ និង​ការ​បណ្តុះបណ្តាល​យ៉ាង​ស័ក្តិសម អំពី​ការ​ផ្តល់​អាទិភាព​ទៅ​លើ​ការ​គ្រប់គ្រង​ប្រព័ន្ធ​សុវត្ថិភាព​ខាង​ជីវវិទ្យា ផ្នែកអនាម័យ និង​ការ​ចាក់​វ៉ាក់សាំង ការ​រីក​រាលដាល​នៃ​ការឆ្លង​អាច​ត្រូវបាន​ទប់ស្កាត់​បាន​យ៉ាង​ជោគជ័យ​។

បន្ទាប់​ពី​នោះ កសិករ​បាន​ដើរ​តួនាទី​ជា​ដៃគូ​សំខាន់​របស់ C.P. Cambodia​។ ចក្ខុវិស័យ​របស់​ក្រុមហ៊ុន​គឺ «ផ្ទះបាយ​ពិភព​លោក​» ដែល​វត្ថុធាតុ​ដើម គ្រឿង​ផ្សំ និង​សាច់ ដែល​ត្រូវបាន​ប្រើប្រាស់​នៅ​ក្នុង​ផលិតផល​សម្រេច គឺ​ត្រូវ​តែ​មាន​សុវត្ថិភាព​ និង​មាន​គុណភាព​ខ្ពស់​បំផុត ស្រប​តាម​អាទិភាព​បច្ចុប្បន្ន​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុងការ​លើកកម្ពស់​វិស័យ​កសិកម្ម ដើម្បី​ធ្វើ​ពិពិធកម្ម​មូលដ្ឋាន​សេដ្ឋកិច្ច​របស់​ប្រទេស​។

«​យើង​មើល​ឃើញ​ពី​ទំនាក់ទំនង​ដ៏​រឹងមាំ​រវាង​កសិដ្ឋាន ក្រុមហ៊ុន​ផលិត និង​អតិថិជន​នៅ​កម្ពុជា​។ តាម​​ទស្សនៈ​របស់​អតិថិជន ពួក​គេ​ចង់​បាន​ផលិតផល​ និង​សេវាកម្ម​ដែល​មាន​គុណភាព​ខ្ពស់​នៅ​ក្នុង​បរិយាកាស​ដ៏​ល្អ​ប្រសើរ​ដែល​អាច​រកបាន​ងាយ​ស្រួល​តាមរយៈ​បណ្តាញ​លក់រាយ​ដ៏​ច្រើន ជា​ពិសេស​នៅ​តំបន់​ជនបទ ​ដែល​មិន​ទាន់មាន​ផ្សារ​ទំនើប​»​។

លោក Poohrich មាន​ប្រសាសន៍ថា​៖ «​ជាមួយ​នឹង​បណ្តាញ​ហាង 7-Eleven ដែល​រំពឹង​ថា​នឹង​ចាប់​ផ្តើម​ប្រតិបត្តិការ​នៅ​ឆ្នាំ ​២០២១ យើង​ជឿជាក់​ថា យើង​មាន​ភ្នាក់ងារ​ចែកចាយ​ដែល​អាច​បម្រើ​ដល់​អតិថិជន​របស់​យើង​នៅ​ទូទាំង​ប្រទេស​។ ទន្ទឹម​នឹង​នេះ​ដែរ វត្តមាន​ហាង​ទំនើប​ដែល​ត្រូវ​បាន​គេ​លើក​យក​មក​និយាយ​ច្រើន​គ្នា​នេះ នឹង​ផ្តល់​ឱកាស​ការងារ​ដល់​ប្រជាជន​កម្ពុជា​យ៉ាង​ច្រើន​នៅ​ពេល​វា​ពង្រីក​បណ្តាញ​ដ៏​ធំ​ទូលាយ​នៅ​ទូទាំង​ប្រទេស ដែល​នឹង​ជួយ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​គាំទ្រ​ដល់​ការ​ចែកចាយ​ប្រាក់​ចំណូល​»​។

កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ថៃ និង​កម្ពុជា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​នៅ​គ្រប់​កម្រិត រាប់​ចាប់​ពី​រដ្ឋាភិបាល​រហូត​ដល់​វិស័យ​ឯកជន នឹង​នៅ​តែ​បន្ត​ឥត​ឈប់ឈរ ហើយ​ថែមទាំង​ត្រូវ​ពង្រឹង​បន្ថែមទៀត​នៅ​គ្រប់​កម្រិត ទោះ​ស្ថិត​នៅក្នុង​វិបត្តិ​ជំងឺ​កូវីដ ​១៩ ​ក្តី​។

និមិត្តសញ្ញា​សម្រាប់​ទំនាក់​ទំនង​ការ​ទូត​រវាង​កម្ពុជា​-​ថៃ ខួប​លើក​ទី​ ៧០ បាន​បង្ហាញ​ពី​កា​ររីក​ចម្រើន​ និង​វិបុលភាព ដែល​អាច​សម្រេច​បាន​សម្រាប់​ប្រជាជាតិ​ទាំង​ពីរ តាមរយៈ​ការ​សហការ​គ្នា ដូច​នារីរបាំ​អប្សរា​ដែល​ស្លៀកពាក់​តាម​បែប​ខ្មែរ និងថៃ អម​ដោយ​ផ្កា​តំណាង​ប្រទេស​នីមួយៗ គឺ​ផ្កា​លឿង​រាជ និង​ផ្កា​​រំដួល​។ តាមរយៈ​ការ​សហការ​គ្នា ប្រទេស​ថៃ​ និង​កម្ពុជា​អាច​ជម្នះ​បញ្ហា​ប្រឈម​បច្ចុប្បន្ន​លើ​វិស័យ​សេដ្ឋកិច្ច​សង្គម និង​កាន់តែ​រីក​ចម្រើន​ថែម​ទៀត​នៅ​ក្នុង​ពេលវេលា​មិន​ប្រាកដប្រជា​នេះ​៕